កម្ពុជា​ស្នើ​ថៃ​ផ្ដល់​ទិដ្ឋាការ​ស្រប​ច្បាប់​ដល់​ពលករ​ខ្មែរ​ជិត​១ម៉ឺន​នាក់​កំពុង​ធ្វើ​ការ​នៅ​ថៃ

0:00 / 0:00

មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ឲ្យ​ដឹង​ថា មន្ត្រី​ទូត​កម្ពុជា កំពុង​ពិភាក្សា​ជាមួយ​ភាគី​ថៃ ដើម្បី​ស្នើ​ជួយ​សម្រួល​ដល់​ពលករ​ខ្មែរ​ដែល​នៅ​សេសសល់​ធ្វើ​ការងារ​ក្នុង​ប្រទេស​ថៃ ឲ្យ​ក្លាយ​ជា​ពលករ​ស្រប​ច្បាប់​នា​ថ្ងៃ​អនាគត។

សម្រាប់​មន្ត្រី​សមាគម​អាដហុក (adhoc) បាន​រិះគន់​ទំនាក់ទំនង​ការទូត​របស់​រដ្ឋាភិបាល​កម្ពុជា ជាមួយ​ថៃ ដែល​ឈាន​ដល់​ភាគី​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ទាំង​បង្ខំ​ពេល​នេះ។

មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ឲ្យ​ដឹង​ថា មន្ត្រី​ការទូត​កម្ពុជា កំពុង​ពិភាក្សា​ជាមួយ​ភាគី​រដ្ឋាភិបាល​ថៃ ដើម្បី​ស្នើ​ផ្តល់​ទិដ្ឋាការ​ការងារ​ជូន​ដល់​ពលករ​ខ្មែរ​ចំនួន ៨.៣៦០​នាក់ ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ បាន​បន្ត​ការងារ​នា​ថ្ងៃ​អនាគត។

លោក កុយ គួង មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ ទី​២០ ខែ​មិថុនា ថា កម្ពុជា បាន​ផ្ញើ​កំណត់​ទូត​ជា​បន្តបន្ទាប់​ជូន​ស្ថានទូត​ថៃ ប្រចាំ​កម្ពុជា ដើម្បី​ស្នើ​ឲ្យ​ថៃ ជួយ​ផ្តល់​ទិដ្ឋាការ​ការងារ​ដល់​ពលករ​ខ្មែរ​កំពុង​ធ្វើ​ការងារ​ក្នុង​ប្រទេស​ថៃ។

លោក​បន្ត​ថា តាម​រយៈ លោកស្រី អ៊ាត សោភា ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ គឺ​បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​មន្ត្រី​ក្រសួង​ការ​បរទេស​ថៃ លើ​ករណី​ថៃ បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា ជា​បន្តបន្ទាប់។ ក្នុង​នោះ កម្ពុជា បាន​ស្នើ​ដល់​ភាគី​ថៃ មុន​នឹង​បញ្ជូន​ពលករ​ខ្មែរ​ឲ្យ​វិល​មក​កម្ពុជា ត្រូវ​ផ្តល់​ដំណឹង​ជូន​រដ្ឋាភិបាល​កម្ពុជា ជា​មុន៖ «ពលករ​ដែល​ជ្រើស​រើស​ពី​ខ្មែរ​យើង​តាម​រយៈ​ក្រុមហ៊ុន​ស្រប​ច្បាប់ ហើយ​គេ​ដាក់​ទៅ​គេ​មាន​លិខិត​ឆ្លង​ដែន​ហើយ តែ​គេ​សុំ​ទិដ្ឋាការ​ការងារ​ពី​ស្ថានទូត​ថៃ»

រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​យោធា​ថៃ បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ចំណាក​ស្រុក​ធ្វើ​ការ​នៅ​ប្រទេស​ថៃ មាន​ចំនួន​ជាង ២​សែន​នាក់​ហើយ​ឲ្យ​វិល​មក​កម្ពុជា វិញ។

ទាក់ទង​បញ្ហា​នេះ សមាគម​អាដហុក មាន​រៀបចំ​សន្និសីទ​កាសែត​ស្តី​អំពី​សកម្មភាព​របស់​អាជ្ញាធរ​យោធា​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដោយ​បង្ខំ ឲ្យ​វិល​មក​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

លោក ចាន់ សុវ៉េត អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​អាដហុក ឲ្យ​ដឹង​ថា សន្និសីទ​នេះ​ដើម្បី​ផ្តល់​ឱកាស​ជូន​សាក្សី​ជា​ពលករ​ខ្មែរ​មួយ​ចំនួន​ដែល​ថៃ ចាប់​បញ្ជូន​ទាំង​បង្ខំ​ឲ្យ​បង្ហាញ​ពី​ស្ថានភាព​ជាក់ស្តែង និង​ទុក្ខ​លំបាក ដែល​ពួក​គេ​បាន​ជួប​ប្រទះ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បាន​រិះគន់​ទំនាក់ទំនង​ការទូត​របស់​រដ្ឋាភិបាល​កម្ពុជា ជាមួយ​ថៃ ថា​មាន​ភាព​កម្សោយ ទើប​ភាគី​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ទាំង​បង្ខំ​ឲ្យ​វិល​មក​កម្ពុជា ពេល​នេះ៖ «សង្គម​ស៊ីវិល​យើងៗ​មើល​ឃើញ​ភាព​ជាក់ស្តែង នៅ​តាម​ប្រជាពលរដ្ឋ​ដែល​ថៃ បាន​បង្ខំ​ឲ្យ​វិល​ត្រឡប់​មក​វិញ​នេះ គឺ​អាជ្ញាធរ​ថៃ គាត់​ធ្វើ​ឡើង​ហាក់​បី​អត់​បាន​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស​សាមី​ទេ។ ឧទាហរណ៍​ប្រទេស​កម្ពុជា ភូមា ប្រទេស​ឡាវ ក្តី គឺ​អត់​បាន​ទំនាក់ទំនង​ទេ។ ហើយ​បើ​សិន​ជា​គាត់​ចង់​បញ្ជូន​ពលករ​ខ្មែរ​ចំណាក​ស្រុក​ទាំងអស់​ហ្នឹង​មក​វិញ ក៏​គាត់​ត្រូវ​ធ្វើ​ទំនាក់ទំនង​ដើម្បី​ឲ្យ​ប្រទេស​សាមី​ត្រៀម​ខ្លួន​ទទួល»

ត្រង់​ចំណុច​នេះ លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បញ្ជាក់​ថា ករណី​នេះ កម្ពុជា បាន​ផ្ញើ​កំណត់​ទូត​ជា​បន្តបន្ទាប់​ទៅ​ស្ថានទូត​ថៃ ប្រចាំ​កម្ពុជា ដើម្បី​ស្នើសុំ​ឲ្យ​ថៃ ជួយ​សម្រួល​ដល់​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​ខុស​ច្បាប់ ឲ្យ​មាន​ទិដ្ឋាការ​ការងារ​ស្រប​ច្បាប់​នា​ថ្ងៃ​អនាគត។

អគ្គ​លេខាធិការ និង​ជា​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​ការ​បរទេស​ថៃ លោក ស៊ីហស័ក្តិ ភួងកេតកែវ (Sihasak Phuangketkeow) និង​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ អ្នកស្រី អ៊ាត សោភា ក្នុង​ជំនួប​ជុំវិញ​ការ​បញ្ជូន​ពលករ​ខ្មែរ​ពី​ថៃ មក​កម្ពុជា វិញ នា​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៤។
អគ្គ​លេខាធិការ និង​ជា​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​ការ​បរទេស​ថៃ លោក ស៊ីហស័ក្តិ ភួងកេតកែវ (Sihasak Phuangketkeow) និង​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ អ្នកស្រី អ៊ាត សោភា ក្នុង​ជំនួប​ជុំវិញ​ការ​បញ្ជូន​ពលករ​ខ្មែរ​ពី​ថៃ មក​កម្ពុជា វិញ នា​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៤។ (Photo Provided)

លោក​បន្ត​ថា ជា​ការ​ឆ្លើយ​តប​សំណើ​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ភាគី​ថៃ ឆ្លើយ​តប​ថា នឹង​បញ្ជា​ឲ្យ​ស្ថានទូត​ថៃ ប្រចាំ​កម្ពុជា ផ្តល់​ទិដ្ឋាការ​ការងារ​ដល់​ពលករ​ខ្មែរ​តាម​សំណើ​កម្ពុជា ឲ្យ​បាន​ឆាប់។ បន្ថែម​លើ​នេះ កម្ពុជា ក៏​បាន​សំណូមពរ​ឲ្យ​ភាគី​ថៃ ផ្តល់​ព័ត៌មាន​អំពី​ពេល​វេលា និង​ច្រក​ទ្វារ​ព្រំដែន​នានា ដែល​ថៃ ត្រៀម​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា មក​ស្ថានទូត​កម្ពុជា បាន​ដឹង​ជា​មុន ដើម្បី​ងាយ​ក្នុង​ការ​គ្រប់គ្រង និង​ជួយ​ដល់​ពលករ​ខ្មែរ​ចំណាក​ស្រុក​ខុស​ច្បាប់​ទាំង​នោះ។

ទាក់ទិន​បញ្ហា​នេះ​ដែរ សមាគម​អាដហុក នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​២០ ខែ​មិថុនា នេះ បាន​បើក​ធ្វើ​សន្និសីទ​កាសែត​ជា​ប្រញាប់​មួយ ជុំវិញ​ស្ថានភាព​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ចំណាក​ស្រុក​ឲ្យ​វិល​មក​កម្ពុជា ទាំង​តក់​ក្រហល់​ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដហុក លោក ចាន់ សុវ៉េត(ពី​ឆ្វេង) លោក ធន់ សារ៉ាយ លោក នី ចរិយា ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ទីស្នាក់ការ​សមាគម​អាដហុក កាល​ពី​ថ្ងៃ​ទី២០ ខែ​មិថុនា ឆ្នាំ​២០១៤។
មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដហុក លោក ចាន់ សុវ៉េត(ពី​ឆ្វេង) លោក ធន់ សារ៉ាយ លោក នី ចរិយា ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ទីស្នាក់ការ​សមាគម​អាដហុក កាល​ពី​ថ្ងៃ​ទី២០ ខែ​មិថុនា ឆ្នាំ​២០១៤។ (RFA/ Den Ayuthyea )

សន្និសីទ​កាសែត​ដែល​ដឹក​នាំ​ដោយ លោក ធន សារាយ ប្រធាន​សមាគម​អាដហុក បាន​សម្ដែង​ការ​ខក​ចិត្ត​ពី​របៀប​នៃ​ការ​បញ្ជូន​ពលករ​ចំណាក​ស្រុក​ខ្មែរ​ចេញ​ពី​ប្រទេស​ថៃ ដែល​ពុំ​មាន​លក្ខណៈ​ស៊ីវិល័យ អមនុស្សធម៌ នាំ​ឲ្យ​មាន​ការ​រំលោភ​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​របស់​ពលករ​ចំណាក​ស្រុក​ទាំង​នោះ។ សមាគម​អាដហុក បាន​ចាត់​ទុក​របៀប​នៃ​ការ​បណ្ដេញ​ពលករ​ចំណាក​ស្រុក​ពី​ប្រទេស​ថៃ ពេល​នេះ ថា​ធ្វើ​ឡើង​ដោយ​មាន​ការ​បំភិតបំភ័យ​ពី​អាជ្ញាធរ​យោធា​ថៃ ធ្វើ​ឲ្យ​មាន​ការ​តក់ស្លុត​ដល់​ពលករ​ខ្មែរ​ជាទូទៅ មាន​ដូចជា ពលករ​ខ្មែរ​ទាំង​នោះ​រង​នូវ​ការ​គំរាម​កំហែង បំបាក់​ស្មារតី បំភិត​បំភ័យ ធ្វើ​ទារុណកម្ម និង​ការ​ប្រើ​អំពើ​ហិង្សា​ផ្សេងៗ​ទៀត នាំ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ពលករ​កម្ពុជា មួយ​ចំនួន។ ហើយ​ថា ការ​បញ្ជូន​នេះ គឺ​ធ្វើ​ឡើង​ដូច​សត្វ​ធាតុ។ ជាង​នេះ សមាគម​អាដហុក ក៏​បាន​សម្ដែង​ការ​សោកស្ដាយ ដែល​ប្រទេស​ទាំង​១០ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ត្រៀម​ចូល​ជា សហគមន៍​តែ​មួយ និង​មាន​វាសនា​តែ​មួយ នៅ​ឆ្នាំ​២០១៥ ខាង​មុខ បែរ​ជា​មាន​រដ្ឋ​ដែល​ជា​សមាជិក​អាស៊ាន​មួយ បាន​រំលោភ​សិទ្ធិ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រជាជន​នៃ​រដ្ឋ​ផ្សេង​ទៀត នៃ​សហគមន៍​អាស៊ាន​បែប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។