សម្ព័ន្ធខ្មែរ-អាមេរិកាំង នឹងដឹកនាំបាតុករប្រមាណពី ៣០០នាក់ទៅ ៥០០នាក់ ធ្វើបាតុកម្មប្រឆាំងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាមេរិក និងអាស៊ាន នៅថ្ងៃទី១៥ ខែកុម្ភៈ ខាងមុខនេះ។
ប្រធានសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល បញ្ជាក់កាលពីថ្ងៃទី៣០ មករា ថា ក្រុមបាតុករទទួលបានការអនុញ្ញាតច្បាប់ពីសមត្ថកិច្ចទីក្រុងសាន់នីឡែន (Sunnyland) រដ្ឋកាលីហ្វ័រញ៉ា (California) រួចហើយ ដើម្បីអាចធ្វើបាតុកម្មក្បែរបរិវេណកិច្ចប្រជុំកំពូលរៀបចំឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) នៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ កុម្ភៈ។ លោកបន្តថា គោលបំណងនៃបាតុកម្មនេះ ដើម្បីទាមទារឲ្យ លោក ហ៊ុន សែន បញ្ឈប់ការរំលោភសិទ្ធិមនុស្ស និងដើម្បីស្នើឲ្យ លោក បារ៉ាក់ អូបាម៉ា ជំរុញឲ្យ លោក ហ៊ុន សែន អនុវត្តលទ្ធិប្រជាធិបតេយ្យ។ សំណើរបស់សម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ក៏ស្របទៅនឹងអង្គការសិទ្ធិមនុស្សអន្តរជាតិដែរ។
កាលពីថ្ងៃទី១៩ មករា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ក៏ស្នើប្រធានាធិបតីសហរដ្ឋអាមេរិក ផ្ដោតសំខាន់លើបញ្ហាសិទ្ធិមនុស្សក្នុងឱកាសកិច្ចប្រជុំ។ អង្គការនេះបញ្ជាក់ថា មេដឹកនាំអាស៊ានមួយចំនួន បានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ការធ្វើរដ្ឋប្រហារ និងឧក្រិដ្ឋកម្មសង្គ្រាម។ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ទទូចឲ្យ លោក បារ៉ាក់ អូបាម៉ា ត្រូវជជែកជាសាធារណៈនឹងមេដឹកនាំអាស៊ានទាំងនោះ ដើម្បីឲ្យដោះលែងអ្នកទោសនយោបាយ ទម្លាក់ចោលការចោទប្រកាន់នយោបាយ និងការធ្វើទុក្ខបុកម្នេញនយោបាយ ក្នុងនោះ លោក ហ៊ុន សែន គ្រប់គ្រងអំណាចអស់រយៈពេលជាង ៣០ឆ្នាំ ដោយប្រើប្រាស់អំពើហិង្សា ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញលើមន្ត្រីបក្សប្រឆាំង និងអនុញ្ញាតឲ្យមានអំពើពុករលួយ។
ទាក់ទងគម្រោងធ្វើបាតុកម្មប្រឆាំងវត្តមានរបស់ លោក ហ៊ុន សែន នេះដែរ លោក ទូច វិបុល អះអាងថា បាតុកម្មរៀបចំដោយខ្មែរ-អាមេរិកាំង មិនពាក់ព័ន្ធនឹងបញ្ហានយោបាយឡើយ។
គណបក្សសង្គ្រោះជាតិ ធ្លាប់ ចេញសេចក្តីប្រកាសថា ពុំមានគោលការណ៍ ឬផែនការឲ្យសមាជិកសមាជិកា និងអ្នកគាំទ្រនៅសហរដ្ឋអាមេរិក (United State) និងប្រទេសកាណាដា (Canada) រៀបចំធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់ លោក ហ៊ុន សែន ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។