ប្រទេស​ម្ចាស់​ជំនួយ​មួយ​ចំនួន​បារម្ភ​ពី​ការ​ប្រើ​ហិង្សា​បង្ក្រាប​កម្មករ​នៅ​កម្ពុជា

បន្ទាប់​ពី​មាន​អំពើ​ហិង្សា​នៅ​ប្រទេស​កម្ពុជា ដែល​សម្លាប់​បាតុករ ៤​នាក់ កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​ខ្លះ​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​អំពើ​ហិង្សា​នោះ និង​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​បក្ស​នយោបាយ​កម្ពុជា ជួប​ចរចា​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។

0:00 / 0:00

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ជប៉ុន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​មួយ នៅ​ថ្ងៃ​ទី​៨ មករា ស្ដីពី​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​បាតុករ និង​អាជ្ញាធរ​ក្នុង​ប្រទេស​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅ​ថ្ងៃ​ទី​៩ មករា បាន​សរសេរ​នៅ​ចំណុច​ទី​១ ថា ជប៉ុន ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​កម្លាំង​សន្តិសុខ និង​បាតុករ​ប៉ះ​ទង្គិច​គ្នា​ក្នុង​វិវាទ​ការងារ នៅ​ថ្ងៃ​ទី​៣ មករា ដែល​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់ និង​របួស​ជាច្រើន​នាក់។

ចំណុច​ទី​ពីរ ក្រសួង​ការ​បរទេស​ជប៉ុន លើក​ទឹក​ចិត្ត​ម្ដង​ទៀត​ដល់​គ្រប់​ភាគី​ទាំងអស់​ឱ្យ​ចៀសវាង​ការ​ប្រើប្រាស់​អំពើ​ហិង្សា ហើយ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។ ប្រទេស​ជប៉ុន សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ច​ពិភាក្សា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ពាក់ព័ន្ធ​នឹង​លទ្ធផល​បោះ​ឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​មុន​នេះ នឹង​ត្រូវ​បាន​បន្ត​ឡើង​វិញ​ឱ្យ​ទាន់​ពេល​វេលា ដើម្បី​ធ្វើ​ឱ្យ​ស្ថានការណ៍​មាន​ភាព​ប្រក្រតី​ឡើង​វិញ​ឱ្យ​បាន​ឆាប់។

ចំណុច​ទី​បី នៃ​សេចក្ដី​ថ្លែងការណ៍​បាន​សរសេរ​ថា ប្រទេស​ជប៉ុន នឹង​បន្ត​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ស្ថានការណ៍​ក្នុង​ប្រទេស​កម្ពុជា ដោយ​រួម​មាន​ទស្សនវិស័យ​ក្នុង​ការ​ធានា​សុវត្ថិភាព​របស់​ក្រុមហ៊ុន និង​ជនជាតិ​ជប៉ុន។

កាល​ពី​ថ្ងៃ​ទី​៣ មករា កង​កម្លាំង​សន្តិសុខ​ប្រដាប់​អាវុធ​រដ្ឋាភិបាល បើក​យុទ្ធនាការ​បង្ក្រាប​ក្រុម​បាតុករ​នៅ​តាម​ផ្លូវ​វ៉េងស្រេង ក្នុង​សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ ដោយ​បាញ់​សម្លាប់​បាតុករ ៤​នាក់ ហើយ​ជា​ច្រើន​នាក់​ទៀត​របួស និង​ចាប់​ខ្លួន។

មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ស្លាប់​បាតុករ​ទាំង​នោះ គឺ​នៅ​ថ្ងៃ​ទី​៤ មករា រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់ លោក ហ្វ្រែង វ៉លធើរ ស្តេនម៉េយើរ (Frank-Walter Steinmeier) បាន​រិះគន់ និង​ថ្កោលទោស​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​កម្ពុជា ដែល​បង្ក​សោកនាដកម្ម​ដោយ​វាយ និង​បាញ់​សម្លាប់​ក្រុម​កម្មករ​តវ៉ា ខណៈ​ដែល​ពួក​គេ​ងើប​ទាមទារ​សិទ្ធិ​របស់​គេ។ ការ​ថ្លែង​របស់​លោក គឺ​ធ្វើ​ឡើង​តាម​សារព័ត៌មាន​អនឡាញ​មួយ​ឈ្មោះ ស្ពីហ្គែល (Spiegel Online)។ លោក​បន្ត​ថា ការ​ឆ្លើយ​តប​ដោយ​កម្លាំង​របស់​កង​សន្តិសុខ គឺ​មិន​សមស្រប​ទេ ហើយ​ការ​ប្រើ​កម្លាំង ក៏​មិន​មែន​ជា​ចម្លើយ​សម្រាប់​ជម្លោះ​សេដ្ឋកិច្ច និង​សង្គម​ដែរ។ លោក ហ្វ្រែង ថ្លែង​ទៀត​ថា អ្នក​ដែល​ទទួល​ខុស​ត្រូវ ត្រូវ​តែ​គោរព​កាតព្វកិច្ច​អន្តរជាតិ និង​ទប់​កុំ​ប្រើ​អំពើ​ហិង្សា។ លោក​ថា ជម្លោះ​នៅ​ប្រទេស​កម្ពុជា ក៏​ទាក់ទង​នឹង​ប្រទេស​អាល្លឺម៉ង់ ដែរ។

នៅ​ថ្ងៃ​ទី​៤ មករា សហភាព​អឺរ៉ុប ក៏​បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ដែរ និង​សោកស្ដាយ​លើ​ការ​ប្រើប្រាស់​កម្លាំង​ហួស​ហេតុ និង​គ្មាន​សមាមាត្រ​ដោយ​កង​សន្តិសុខ ដែល​បណ្ដាល​ឱ្យ​ស្លាប់។ សហភាព​អឺរ៉ុប អំពាវនាវ​ដល់​ភាគី​ខ្វែង​គំនិត​គ្នា​ឱ្យ​ឈប់​ប្រើ​អំពើ​ហិង្សា និង​វិល​ទៅ​តុ​ចរចា រក​ដំណោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា។

កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៦ មករា សហរដ្ឋ​អាមេរិក បាន​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​នោះ។ មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា លោក សន ម៉ាឃីនតូស (SEAN McIntosh) ថ្លែង​ថា សហរដ្ឋ​អាមេរិក សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​បាត់​បង់​ជីវិត​ក្នុង​ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​រវាង​បាតុករ និង​កង​សន្តិសុខ កាល​ពី​សប្ដាហ៍​មុន​នេះ និង​ថ្កោលទោស​ទាំង​ស្រុង​ចំពោះ​ការ​ប្រើប្រាស់​មធ្យោបាយ​ហិង្សា​ដោះស្រាយ​បញ្ហា ហើយ​គូស​បញ្ជាក់​ថា កង​កម្លាំង​សន្តិសុខ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ទប់​ចិត្ត៖ «យើង​សុំ​ជំរុញ​រាជ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ពិចារណា​ឡើង​វិញ​អំពី​ជំហរ​របស់​ខ្លួន ហើយ​ជា​ថ្មី​ម្ដង​ទៀត យើង​សុំ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្រួល​ដល់​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដោយ​សន្តិវិធី នៃ​ការ​ជួប​ប្រជុំ ដូច​ដែល​អ្វី​ដែល​ប្រព្រឹត្ត​ទៅ​គួរ​ឱ្យ​សោក​សង្រេង​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ»

លោក សន ម៉ាឃីនតូស បញ្ជាក់​ថា ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​ប្រាស្រ័យ​ទាក់ទង​តំណាង​គ្រប់​ភាគី​នយោបាយ ឱ្យ​អនុវត្ត​ការ​ទប់​ចិត្ត​ឱ្យ​ខ្ពស់​បំផុត គោរព​នីតិរដ្ឋ។ ការ​តវ៉ា​ដោយ​សន្តិវិធី និង​ការ​សម្ដែង​មតិ​ដោយ​សេរី គឺ​ជា​ចំណុច​សំខាន់​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ជា​ដំណោះស្រាយ​នៃ​ការ​ចរចា។ លោក​ក៏​សុំ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​សហជីព​កម្មករ ធ្វើ​ការ​រួម​គ្នា​ដោះស្រាយ​បញ្ហា​របស់​កម្មករ។

ដោយ​ឡែក​ស្ថានទូត​មួយ​ចំនួន​ទៀត​ប្រចាំ​នៅ​ប្រទេស​កម្ពុជា យើង​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​អ្វី​ទេ ទាក់ទង​នឹង​អំពើ​ហិង្សា​នោះ ដោយ​ស្ថានទូត​ខ្លះ​មិន​ទាន់​បាន​ឆ្លើយ​តប​អ៊ីមែល និង​ខ្លះ​ទៀត មិន​អាច​ទាក់ទង​បាន។

ស្ថានទូត​ហ្វីលីពីន ឱ្យ​ដឹង​ថា ខ្លួន​មិន​មាន​ប្រតិកម្ម​ទេ ហើយ​នឹង​មិន​មាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អ្វី​ដែរ​ជុំវិញ​បញ្ហា​អំពើ​ហិង្សា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។