បក្ស​សង្គ្រោះ​ជាតិ​បដិសេធ​ពាក្យ​ចចាមអារ៉ាម​លើ​បណ្ដាញ​ហ្វេសប៊ុក

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) គេ​សង្កេត​ឃើញ​មាន​ឯកសារ​មួយ​ចំនួន​ដែល​មាន​ទម្រង់​ជា​សេចក្ដី​ប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​មន្ត្រី​រាជការ កម្មករ និង​មនុស្ស​ចាស់​ដែល​មាន​អាយុ​ចាប់​ពី ៦៥​ឆ្នាំ​ឡើង ធ្វើ​ប្រវត្តិ​រូប​របស់​ខ្លួន ដើម្បី​បើក​លុយ​ដែល​គណបក្ស​នោះ​បាន​សន្យា​ថា​នឹង​ផ្ដល់​ឲ្យ បើ​សិន​ឈ្នះ​ឆ្នោត។ ប៉ុន្តែ ការ​ចេញ​សេចក្ដី​ប្រកាស​ទាំង​នោះ​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​ថា មិន​មែន​ជា​ឯកសារ​ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​ខ្លួន​នោះ​ទេ។

0:00 / 0:00

ថ្វី​បើ​ចំណុច​គោល​នយោបាយ​ចម្បង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ចំណុច​ទាក់ទាញ​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ​ក៏​ដោយ ក៏​អាច​មាន​គេ​យក​ចំណុច​ទាក់ទាញ​ទាំង​នោះ​មក​ក្រឡុក​បក្ស​នេះ​បាន​ដែរ។

ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ​ដែល​មាន​វិធាន​ការ​បន្ទាន់ ៧​ចំណុច ក្នុង​នោះ​មាន​ដូច​ជា ការ​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ​ឲ្យ​បាន​យ៉ាង​តិច ៦០​ម៉ឺន​រៀល​ក្នុង​១​ខែ មន្ត្រី​រាជការ​ទទួល​បាន​ប្រាក់​ខែ​យ៉ាង​តិច ១​លាន​រៀល និង​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​មនុស្ស​ចាស់ ៤​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ជា​ដើម ហើយ​គណបក្ស​នេះ​ថែម​ទាំង​បាន​សន្យា​ទៀត​ថា ខ្លួន​នឹង​អនុវត្ត​គោល​នយោបាយ​ដែល​បាន​ដាក់​ចេញ​ឲ្យ​ខាង​តែ​បាន បើ​សិន​ឈ្នះ​ឆ្នោត។

ប៉ុន្តែ ថ្មីៗ​នេះ ខណៈ​ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ​មិន​ទាន់​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​នៅ​ឡើយ​ផង មាន​ពាក្យ​ចចាមអារ៉ាម និង​លិខិត​អនាមិក​មួយ​ចំនួន ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ប្រើ​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ដល់​មន្ត្រី​រាជការ កម្មករ និង​មនុស្ស​ចាស់​ដែល​មាន​អាយុ​លើស​ពី ៦៥​ឆ្នាំ ឲ្យ​បំពេញ​ប្រវត្តិរូប​ដើម្បី​បើក​ថវិកា​ដែល​គណបក្ស​នេះ​បាន​សន្យា​ថា​នឹង​ផ្ដល់​ជូន តាម​ការ​ឃោសនា​របស់​ខ្លួន​កន្លង​មក ព្រោះ​ការ​បោះ​ឆ្នោត​បាន​បញ្ចប់​ហើយ។

សំឡេង៖ «គណបក្ស​សង្គ្រោះ​ជាតិ សូម​អញ្ជើញ​អ៊ំ​ប្រុស​អ៊ំ​ស្រី ដែល​មាន​អាយុ​ចាប់​ពី ៦០​ឆ្នាំ មេត្តា​ទៅ​បើក​ប្រាក់​ឧបត្ថម្ភ ៤​ម៉ឺន​រៀល​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​គ្រប់​បណ្ដា​រាជធានី​ខេត្ត។ កម្មករ​កម្មការិនី សូម​ទៅ​ជួប​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បើក​ប្រាក់​ខែ​ឧបត្ថម្ភ ១៥០​ដុល្លារ។ មន្ត្រី​រាជការ​ទាំងអស់ សូម​អញ្ជើញ​ទៅ​បើក​ប្រាក់​ខែ​បន្ថែម​បង្គ្រប់ ១​លាន​រៀល​ក្នុង​មួយ​ខែ​ពី​ស្នាក់​ការ​បក្ស​សង្គ្រោះ​ជាតិ។ នេះ គឺ​ជា​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​សន្យា​មុន​ការ​បោះ​ឆ្នោត។ ដូច្នេះ សូម​បង​ប្អូន​ប្រជាពលរដ្ឋ​ជ្រាប​ជា​ព័ត៌មាន។ សូម​ទំនាក់​ទំនង​មក​គ្រប់​សាខា​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ។ ភ្នំពេញ ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៣ ហត្ថលេខា សម រង្ស៊ី»

ក្រៅ​ពី​សំឡេង​នេះ នៅ​មាន​លិខិត​ស្នាម​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​បាន​គេ​ក្លែង​បន្លំ ដោយ​មាន​រូប​សញ្ញា និង​ត្រា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ទាំង​ហត្ថលេខា​របស់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​លើ​លិខិត​ស្នាម​ទាំង​នោះ​ទៀត​ផង។

បន្ទាប់​ពី​មាន​ការ​ផ្សព្វផ្សាយ​ឯកសារ និង​សំឡេង​ក្លែង​បន្លំ​ទាំង​នោះ​មក គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​បដិសេធ​ចោល ដោយ​ចាត់​ទុក​ថា វា​គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម និង​ជា​លិខិត​អនាមិក​ដែល​មាន​ចេតនា​បំពុល​បរិយាកាស​សង្គម​ប៉ុណ្ណោះ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា រាល់​លិខិត​ស្នាម ឬ​ឯកសារ​ផ្លូវ​ការ​ទាំងអស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​វិទ្យុ ក្នុង​កម្ម​វិធី​សំឡេង​សង្គ្រោះ​ជាតិ គេហទំព័រ​របស់​គណបក្ស និង​ទំព័រ​ហេ្វសប៊ុក របស់​គណបក្ស​សង្គ្រោះ​ជាតិ តែ​ប៉ុណ្ណោះ។

ចាប់​តាំង​ពី​មុន​ការ​បោះ​ឆ្នោត​បាន​ចាប់​ផ្ដើម ទង្វើ​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក មួយ​ចំនួន​ក្នុង​ការ​ក្លែង​ព័ត៌មាន ឬ​បង្ក​ជា​ពាក្យ​ចចាមអារ៉ាម​ផ្សេងៗ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ប្រឆាំង​គ្នា​តាម​គ្រប់​រូប​ភាព រវាង​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​ធំ​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ដៃគូ​ប្រជែង​ដ៏​ស្វិតស្វាញ​ក្នុង​ការ​បោះ​ឆ្នោត។

ចំណុច​ទាក់ទាញ​របស់​គណបក្ស​ប្រឆាំង ដែល​សន្យា​ថា​នឹង​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ មន្ត្រី​រាជការ និង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ចាស់​ជរា​នេះ ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ចាត់​ទុក​ថា ជា​ការ​សន្យា​ដែល​អាច​អនុវត្ត​បាន​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា បច្ចុប្បន្ន។ លោក កែម ឡី បាន​មាន​ប្រសាសន៍​ថា បើ​រដ្ឋាភិបាល​បច្ចុប្បន្ន​អាច​កាត់​បន្ថយ​ការ​ចំណាយ​ដែល​មិន​ចាំ​បាច់​បាន រដ្ឋាភិបាល​នេះ​ក៏​អាច​យក​គោល​នយោបាយ​ដំឡើង​ប្រាក់​ខែ និង​ប្រាក់​ឧបត្ថម្ភ​ទាំង​នេះ​ទៅ​អនុវត្ត​បាន​ដែរ។

ចំពោះ​ការ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ​ឲ្យ​បាន​យ៉ាង​តិច ១៥០​ដុល្លារ លោក កែម ឡី យល់​ឃើញ​ថា គោល​នយោបាយ​នេះ​នឹង​អាច​ជួយ​លើក​ស្ទួយ​ជីវភាព​គ្រួសារ​ទាំង​មូល​របស់​ប្រជាពលរដ្ឋ​ជាច្រើន ហើយ​តាម​ការ​សិក្សា​របស់​លោក ពួក​គេ​នឹង​អាច​រួច​ផុត​ពី​បន្ទាត់​នៃ​ភាព​ក្រីក្រ​ក្នុង​រយៈពេល ៥​ឆ្នាំ៖ «គោល​នយោបាយ​ហ្នឹង​សំខាន់​ណាស់ យើង​គិត​មើល ប្រជាពលរដ្ឋ​អ្នក​កម្មករ​មិន​តិច​ជាង ៧៥​ម៉ឺន​នាក់​ទេ បើ​សិន​ជា​គាត់​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ហ្នឹង​គ្រប់គ្រាន់ ហើយ​គាត់​អាច​សល់ គាត់​អាច​ចិញ្ចឹម​សមាជិក​គ្រួសារ ដូច​ជា​យាយ​តា​ចាស់ ឬ​ក៏​កូន​នៅ​ក្នុង​បន្ទុក​ហ្នឹង​បន្ត​ទៅ​ទៀត»

ការ​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​ឲ្យ​បាន​យ៉ាង​តិច ២៥០​ដុល្លារ ក៏​នឹង​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ជាច្រើន​ដល់​ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ និង​អាច​ពង្រឹង​គុណភាព​សេវា​សាធារណៈ​ឲ្យ​បាន​ប្រសើរ​ឡើង​ផង​ដែរ នេះ​បើ​តាម​ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​រូប​នេះ។

លោក កែម ឡី បាន​បន្ថែម​ថា ប្រសិន​បើ​រដ្ឋាភិបាល​អាច​ផ្ដល់​សេវា​អប់រំ និង​សុខភាព​ដែល​មាន​គុណភាព​ប្រសើរ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ នឹង​អាច​ជួយ​សម្រាល​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ពិសេស​ជន​ចាស់​ជរា​ប្រមាណ ៦០​ម៉ឺន​នាក់ នៅ​ទូទាំង​ប្រទេស​ដែល​កំពុង​រស់​ក្នុង​ភាព​ក្រីក្រ។

ទោះ​បី​យ៉ាង​នេះ​ក្ដី រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កន្លង​មក តែង​រិះ​គន់​គោល​នយោបាយ​ដំឡើង​ប្រាក់​ខែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចាត់​ទុក​ថា វា​គ្រាន់​តែ​ជា​ការ​សន្យា​ខ្យល់​តែ​ប៉ុណ្ណោះ ហើយ​គណបក្ស​កាន់​អំណាច​នេះ​បាន​អះអាង​ថា លក្ខខណ្ឌ​សេដ្ឋកិច្ច​កម្ពុជា បច្ចុប្បន្ន មិន​អាច​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ និង​កម្មករ​ក្នុង​កម្រិត​ដែល​គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​នោះ​ឡើយ។

ទាក់ទង​នឹង​គោល​នយោបាយ​ជួយ​ជន​ចាស់​ជរា ថ្វី​បើ​រដ្ឋាភិបាល​មិន​ទាន់​មាន​គោល​នយោបាយ​ណា​មួយ​ឧបត្ថម្ភ​ថវិកា​ប្រចាំ​ខែ​ដល់​ចាស់​ជរា​ក៏​ពិត​មែន តែ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ក្រោម​ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​អង្គការ​អន្តរជាតិ​មួយ​ចំនួន ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​នេះ បាន​បង្កើត​គណៈកម្មាធិការ​ថ្នាក់​ជាតិ​មួយ ដើម្បី​រៀបចំ​បង្កើត​គោល​នយោបាយ​លើក​ស្ទួយ​មនុស្ស​ចាស់​ចាប់​តាំង​ពី​ឆ្នាំ​២០០៣ មក​ម្ល៉េះ។

ការ​អង្កេត​ក្នុង​ឆ្នាំ​២០០៧ ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​នេះ សហការ​ជាមួយ​អង្គការ​អន្តរជាតិ ហេភ អេច្ច អ៊ីនធឺណេហ្សិនណល (HelpAge International) ព្រម​ទាំង​អង្គការ យូ.អិន.អេហ្វ.ភី.អេ ប្រចាំ​នៅ​កម្ពុជា (UNFPA Cambodia) បាន​រក​ឃើញ​ថា កម្ពុជា មាន​សមាគម​មនុស្ស​ចាស់​ប្រមាណ ៣៣១​កន្លែង​នៅ​ទូទាំង​ប្រទេស ដែល​ភាគ​ច្រើន​ប្រមូល​ផ្ដុំ​នៅ​ភាគ​ពាយព្យ។

របាយការណ៍​ឆ្នាំ​២០១២ ស្តី​ពី​ភាព​ចាស់​ជរា​នៅ​កម្ពុជា របស់​អង្គការ យូ.អិន.អេហ្វ.ភី.អេ ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​ថា ដល់​ពេល​ដែល​កម្ពុជា ត្រូវ​បង្កើត​គោល​នយោបាយ​ជាក់​លាក់​សម្រាប់​មនុស្ស​ចាស់​ហើយ ខណៈ​ដែល​កម្ពុជា ជា​ប្រទេស​ហត្ថលេខី​ក្នុង​ផែន​ការ​សកម្មភាព​អន្តរជាតិ​ទីក្រុង​ម៉ាឌ្រីត ស្ដី​ពី​ភាព​ចាស់​ជរា​ដែល​បាន​អនុម័ត​នៅ​ក្នុង​មហា​សន្និបាត​ពិភពលោក​លើក​ទី​២ ស្ដីពី​ភាព​ចាស់​ជរា កាល​ពី​ខែ​មេសា ឆ្នាំ​២០១២។

ទាក់ទង​នឹង​គោល​នយោបាយ​សង្គម​កិច្ច​ទាំង​នេះ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី យល់​ឃើញ​ថា បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត​មែន រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​នេះ គួរ​ធ្វើ​កំណែ​ទម្រង់​ឲ្យ​បាន​ស៊ី​ជម្រៅ បើ​មិន​ដូច្នោះ​ទេ ប្រទេស​កម្ពុជា នឹង​គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ជា​ដុំ​កំភួន​ទេ៖ «បើ​សិន​ជា​គណបក្ស​ប្រជាជន គាត់​ជាប់​ឆ្នោត​មែន ហើយ​គាត់​មិន​ធ្វើ​កំណែ​ទម្រង់​គ្រប់​វិស័យ​ស៊ី​ជម្រៅ ហើយ​គាត់​មិន​បាន​ដំឡើង​ប្រាក់​បៀវត្សរ៍​គ្រប់​គ្រាន់​សម្រាប់​មន្ត្រី​រាជការ ប៉ូលិស ទាហាន ទេ គាត់​មិន​បាន​វិនិយោគ​ខ្លាំង​ទៅ​ជួយ​សង្គមកិច្ច​ទេ គឺ​មិន​មាន​ការ​ប្រែប្រួល​ធំ​ទេ ហើយ​គាត់​បាត់​បង់​នូវ​ការ​គាំទ្រ​បន្ថែម​ទៀត​យ៉ាង​ខ្លាំង»

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​ថា បើ​សិន​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​អនុវត្ត​តាម​ការ​សន្យា​ទេ ជំហរ​របស់​គណបក្ស​នេះ គឺ​ការ​លាលែង​ពី​តំណែង៖ «គោល​នយោបាយ​ដែល​យើង​បាន​ជម្រាប​ជូន​ប្រជាពលរដ្ឋ ជា​គោល​នយោបាយ​នៃ​រដ្ឋាភិបាល​សង្គ្រោះ​ជាតិ មាន​ន័យ​ថា គណបក្ស​សង្គ្រោះ​ជាតិ កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី។ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ទាល់​តែ​បាន ហើយ​បើ​ធ្វើ​មិន​បាន ពាក្យ​សន្យា​របស់​យើង គឺ​ចុះ​ចេញ​ពី​តំណែង»

ទោះ​បី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​សន្យា​ថា​នឹង​អនុវត្ត​គោល​នយោបាយ​របស់​ខ្លួន​ឲ្យ​ខាង​តែ​បាន​ក៏ដោយ ក៏​លទ្ធផល​បឋម និង​មិន​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត។ តែ​គណបក្ស​ប្រឆាំង​នេះ​មិន​ទាន់​ទទួល​ស្គាល់​លទ្ធផល​នោះ​ទេ ហើយ​បាន​ស្នើ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ព្រោះ​គណបក្ស​នេះ​ជឿ​ជាក់​ថា ជ័យ​ជម្នះ​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៨ កក្កដា កន្លង​ទៅ ជា​របស់​គណបក្ស​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។