"សេចក្ដី​ព្រាង​ច្បាប់​ដែល​សភា​អាមេរិក​ទើប​អនុម័ត​នឹង​ឈាន​ដល់​ការ​កាត់​ជំនួយ​ដល់​កម្ពុជា"

0:00 / 0:00

អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង សាទរ​ចំពោះ​ការ​អនុម័ត​ជំហាន​ដំបូង​នូវ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​អនុ​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​សភា​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក បាន​អនុម័ត​ជា​ឯកច្ឆន្ទ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ សមាជិក​សភា​ពី​ខាង​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា ចាត់​ទុក​សេចក្ដី​ព្រាង​ច្បាប់​នេះ​ថា មិន​ប៉ះពាល់​អ្វី​ដល់​ដំណើរការ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​ឡើយ។

អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង ចាត់​ទុក​ថា ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​លេខ H.RES 728 ស្ដីពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺ​ជា​ការ​បញ្ជាក់​ជំហរ​មួយ​ថា សហរដ្ឋ​អាមេរិក មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង និង​យកចិត្តទុកដាក់​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​រំលោភ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​កំពុង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ។

ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង លោក ទូច វិបុល បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ក្រុម​របស់​លោក​បាន​ជំរុញ​ផ្ដល់​យោបល់ និង​តាក់តែង​ឡើង​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឡើង។ លោក​បន្ត​ថា សេចក្ដី​ព្រាង​ច្បាប់​មាន​សារសំខាន់​ណាស់​ដែល​សភា​អាមេរិកាំង ត្រូវ​ប្រើប្រាស់​យន្តការ​ជាច្រើន ដូច​ការ​បង្កើត​ក្រុម​ទំនាក់ទំនង​ដើម្បី​កម្ពុជា ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស សម្រាប់​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើង​វិញ ហើយ​ជំរុញ​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី។

លោក ទូច វិបុល៖ «ជាពិសេស​គឺ​ការ​ធានា​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សុខ​សន្តិភាព​នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​ទទួល​បាន​លទ្ធផល ហើយ​ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី​គាត់​នៅ​ក្រាញ​អំណាច​មិន​ព្រម​ចុះ​ចេញ​ពី​អំណាច​គំរាមកំហែង ហើយ​ទៅ​បង្កើត​តំបន់​អបគមន៍​នានា​នោះ។ អ៊ីចឹង​ក្រុម​ទំនាក់ទំនង​កម្ពុជា នេះ​នឹង​មាន​លទ្ធភាព​ប្រើប្រាស់​កងកម្លាំង​សន្តិសុខ​អន្តរជាតិ​ទប់ស្កាត់​អំពើ​ភេរវកម្ម​របស់​លោក​នាយករដ្ឋមន្ត្រី»

​មន្ត្រី​រដ្ឋសភា​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​ដាក់​ទៅ​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​ក្នុង​សភា​ធំ​របស់​សហរដ្ឋអាមេរិក ដើម្បី​អនុម័ត មុន​បញ្ជូន​ទៅ​ដល់​ដៃ​ព្រឹទ្ធ​សភា នៅ​ពេល​ខាង​មុខ។

សេចក្ដី​ព្រាង​ច្បាប់​នេះ បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​សមាជិក​សភា​តំណាងរាស្ត្រ​អាមេរិក លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) និង​លោក ស្ទីវ ឆាបុត (Stev Chhabot) សហប្រធាន​គណៈកម្មាធិការ​សភា​នៃ​ក្រុម​អ្នក​ពិនិត្យ​តាមដាន​ស្ថានការណ៍​នៅ​កម្ពុជា។

សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ថ្កោលទោស​គ្រប់​ទម្រង់​នៃ​ការ​ប្រើ​អំពើ​ហិង្សា​ខាង​ផ្នែក​នយោបាយ ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស ដែល​កំពុង​កើត​មាន​ឡើង​នៅ​កម្ពុជា ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស នយោបាយ គោរព​សេរីភាព​ខាង​សារព័ត៌មាន សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ ការ​ធ្វើ​បាតុកម្ម ការ​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល និង​គាំទ្រ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ឆ្នាំ​២០១៧ និង​២០១៨ ដោយ​មាន​ការ​ចូល​រួម​សង្កេតការណ៍​ពី​សហគមន៍​អន្តរជាតិ។

ទោះជា​យ៉ាង​ណា​ក៏ដោយ សមាជិកសភា​ពី​ខាង​បក្ស​កាន់​អំណាច​នៅ​កម្ពុជា មិន​ស្វាគមន៍​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឡើយ ហើយ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​មិន​អាច​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា បាន​ឡើយ។

តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន អះអាង​ថា កម្ពុជា​កំពុង​មាន​ការ​គោរព​សិទ្ធិ និង​លទ្ធិប្រជាធិបតេយ្យ​ដ៏​ល្អ​ផូរផង់ ហើយ​ថា សេចក្ដី​ព្រាង​ច្បាប់​របស់​សភា​សហរដ្ឋអាមេរិក នេះ​គ្មាន​អំណាច ឬ​ឥទ្ធិពល​អ្វី​លើ​កម្ពុជា នោះ​ឡើយ៖ «អ្វី​ដែល​សំខាន់​គឺ​ត្រូវ​គិត​ថា កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ ហ្នឹង​ទី​១ ហើយ​ទី​២ ខ្ញុំ​មិន​យល់​ថា តើ​សភា​អាមេរិកាំង គាត់​អនុម័ត​ច្បាប់​ហ្នឹង អាច​យក​មក​អនុវត្ត​នៅ​កម្ពុជា ឬ​អត់? យើង​ដឹង​ហើយ​ថា កន្លង​មក អាមេរិកាំង​មិនមែន​តែ​អនុម័ត​ច្បាប់​ស្ដីពី​កម្ពុជា ទេ គឺ​មាន​ច្បាប់​ជា​ច្រើន​ក្នុង​លោក ពីព្រោះ​គាត់​យល់​ថា គាត់​នេះ​ជា​ប្រទេស​ដែល​អាច​ចង្អុល​ឲ្យ​គេ​ធ្វើ​នេះ ធ្វើ​នោះ​បាន។ ដូច្នេះ​គណៈកម្មការ​នេះ​គួរ​រៀន​សូត្រ​ពី​កម្ពុជា ឲ្យ​បាន​ច្រើន​ថែម​ទៀត»

​បើ​ពិត​ដូច​ការ​អះអាង​របស់​លោក ឈាង វុន មែន​នោះ ប្រហែល​កម្ពុជា លែង​ត្រូវការ​ជំនួយ​ទាំង​ផ្នែក​សង្គម បរិស្ថាន សុខភាព អប់រំ និង​ការ​លើកលែង​ពន្ធ​ផ្នែក​នាំ​ចេញ​សម្លៀក​បំពាក់​ទៅ​លក់​នៅ​ទីផ្សារ​ក្នុង​សហរដ្ឋអាមេរិក នោះ​ហើយ​មើល​ទៅ។

សមាជិក​សភា​ពី​ខាង​គណបក្ស​សាធារណៈ​រដ្ឋនិយម លោក ដេណា រ៉ូរ៉ាបាកឃើរ (Dana Rohrabacher) បាន​ថ្លែង​នៅ​ក្នុង​ពេល​កំពុង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ពុធ​ថា លោក​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទាំង​ស្រុង ហើយ​សេចក្ដី​ព្រាង​ច្បាប់​នេះ​គួរ​ដាក់​ឈ្មោះ​ថា "ហ៊ុន សែន ដល់​ពេល​ចុះ​ចេញ​ពី​អំណាច​ហើយ"៖ «ខ្ញុំ​សង្ឃឹម​ថា សារ​នេះ​នឹង​បាន​ឮ​ដល់​លោក ហ៊ុន សែន ដែល​ខ្ញុំ​និយាយ​ថា ហ៊ុន សែន ដល់​ពេល​ដែល​ត្រូវ​ទៅ​ហើយ។ ដល់​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​សេរីភាព​ពិតប្រាកដ ហើយ​បញ្ចប់​រដ្ឋាភិបាល​ពុករលួយ​ដែល​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​នៃ​ក្រុម​គ្រួសារ និង​បក្សពួក​របស់​ខ្លួន។ ខ្ញុំ​សូម​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទាំង​ស្រុង»

​លោក​បន្ត​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ គឺ​ជា​ការ​រំលឹក​ភាព​ឈឺ​ចាប់​របស់​ពលរដ្ឋ​ខ្មែរ ហើយ​ដែល​សហរដ្ឋអាមេរិក មិន​ត្រូវ​ព្រងើយកន្តើយ​ចំពោះ​ទុក្ខ​លំបាក និង​ភាព​ងាយ​រងគ្រោះ​របស់​ពួកគេ​នោះ​ទេ។

​សង្គម​ស៊ីវិល​ក្នុង​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ប្រសិនបើ​សេចក្ដី​ព្រាង​ច្បាប់​របស់​សហរដ្ឋអាមេរិក ចូល​ជា​ធរមាន​នោះ វា​នឹង​អាច​ឲ្យ​នាំ​មាន​ការ​កាត់​ផ្ដាច់​ជំនួយ​របស់​អាមេរិក ដល់​កម្ពុជា ហើយ​ពេល​នោះ​ជា​ពេល​ដែល​កម្ពុជា អាច​ជួប​វិបត្តិ​សង្គម ភាព​វឹកវរ និង​ចលាចល​សង្គម​ដោយសារ​មនុស្ស​អាច​បាត់បង់​ការងារ​ជា​ច្រើន ជាពិសេស​គឺ​កម្មករ កម្មការិនី​នៃ​រោងចក្រ​កាត់ដេរ​តែម្ដង។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ប្រសិនបើ​សហរដ្ឋអាមេរិក កាត់​ផ្ដាច់​ជំនួយ​ពី​កម្ពុជា មែន​នោះ អាមេរិក​ក៏​នឹង​ប្រាប់​ទៅ​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដទៃ​ទៀត​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ លោក​បារម្ភ​ថា ប្រជាពលរដ្ឋ​គឺ​ជា​អ្នករងគ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ​ពី​ការ​កាត់ផ្ដាច់​ជំនួយ​ទាំង​នេះ៖ «ហើយ​យើង​មិន​ដឹង​ថា តើ​ប្រសិនបើ​ជំនួយ​នៅ​កម្ពុជា ត្រូវ​បាន​កាត់​ផ្ដាច់​ពី​អាមេរិក និង​ពី​បណ្ដា​ប្រទេស​ដទៃ​ទៀត​វា​មិន​ដឹង​ថា នឹង​អាច​មាន​អ្វី​កើត​ឡើង​ហួស​ពី​ការ​ស្មាន»

​ស្ថានភាព​របស់​កម្ពុជា ក្នុង​បរិបទ​នយោបាយ​របស់​សហរដ្ឋ​អាមេរិក នៅ​ពេល​នេះ​ហាក់​ដូចជា​ស្ថិត​ក្នុង​ស្ថានភាព​ចុះ​ទឹក​ក្រពើ​ឡើង​លើ​ខ្លា ខណៈ​ស្ថាប័ន​រដ្ឋសភា​កំពុង​ធ្វើ​ច្បាប់​គំរាម​គាបសង្កត់​អំណាច​របស់​មេដឹកនាំ​ខ្មែរ ចំណែក​ពី​ខាង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ឯណោះ​វិញ ក៏​កំពុង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ទៀត​ដើម្បី​រឹតត្បិត​កុំ​ឲ្យ​មាន​ការ​ប្រើប្រាស់​ថវិកា​ជាតិ​របស់​អាមេរិក ចំនួន ៧០​លាន​ដុល្លារ​ជា​ជំនួយ​ទៅ​កម្ពុជា ផង​ដែរ។

​កាល​ពី​ដើម​ខែ​មិថុនា សភា​សហភាព​អឺរ៉ុប ក៏​បាន​គំរាម​បង្កក​ជំនួយ​កម្ពុជា ហើយ​ឈាន​ទៅ​រក​ការ​កាត់​ផ្ដាច់​ជំនួយ​ដល់​កម្ពុជា តែម្ដង ប្រសិនបើ​កម្ពុជា មិន​ព្រម​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ និង​ស្ថានការណ៍​គោរព​សិទ្ធិមនុស្ស​វិល​មក​រក​ភាព​ដើម​វិញ​នោះ។

សហភាព​អឺរ៉ុប ជា​ម្ចាស់​ជំនួយ​អភិវឌ្ឍន៍​ធំ​បំផុត​របស់​កម្ពុជា ចាប់​ពី​ឆ្នាំ​១៩៩២ មក។ ជំនួយ​សរុប​ពី​សហភាព​អឺរ៉ុប ស្មើ​នឹង​ប្រមាណ ២២% នៃ​ជំនួយ​អភិវឌ្ឍន៍​សរុប​របស់​បរទេស​ដល់​កម្ពុជា ក្នុង​នោះ​ជំនួយ​ឥត​សំណង​ក្នុង​មួយ​ឆ្នាំៗ​ដែល​កម្ពុជា ទទួល​បាន​ពី​សហភាព​អឺរ៉ុប មាន​ទឹក​ប្រាក់​ជា​មធ្យម​ពី ១៣០​លាន ទៅ ១៥០​លាន​ដុល្លារ​អាមេរិក ផ្ដោត​លើ​វិស័យ​នានា រួម​មាន​សុខាភិបាល​អប់រំ កសិកម្ម អភិបាលកិច្ច​ល្អ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

​ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-អាមេរិកាំង លោក ទូច វិបុល ព្រមាន​ថា ក្រុម​របស់​លោក​នឹង​ជំរុញ​ឲ្យ​មាន​ការ​ដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ទៅ​លើ​ក្រុម​ពាណិជ្ជករ​ដែល​នៅ​ជុំវិញ​ក្រុម​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ពុករលួយ ការ​រំលោភ​សិទ្ធិមនុស្ស​តាម​រយៈ​ការ​បង្ខំ​ឲ្យ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន និង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ទាំង​ឡាយ​របស់​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។