អតីតមេឃុំ និងបច្ចុប្បន្ន គឺជាជំទប់ទី២ នៅតាមឃុំមួយចំនួនក្នុងស្រុកជុំគិរី ខេត្តកំពត ប្រាប់ថា ការដែលពួកគេមិនប្រគល់បន្ទប់មេឃុំឲ្យទៅមេឃុំទើបចូលកាន់តំណែង ដោយសារតែមេឃុំថ្មីមិនបានទាមទារសោបន្ទប់ពីពួកគេ។ សង្គមស៊ីវិលយល់ថា ទោះមេឃុំថ្មីមិនទាមទារសោបន្ទប់ក៏ដោយ អ្នកចាញ់ឆ្នោតត្រូវប្រគល់សោ និងបន្ទប់ឲ្យអ្នកឈ្នះឆ្នោត ព្រោះជំទប់ទី២ ច្បាប់មិនបានតម្រូវឲ្យមានបន្ទប់ធ្វើការផ្ទាល់ខ្លួនក្នុងសាលាឃុំនោះទេ។
អតីតមេឃុំអាណត្តិទី៣ និងបច្ចុប្បន្នគឺជាជំទប់ទី២ នៃឃុំស្នាយអញ្ជិត ស្រុកជុំគិរី មកពីគណបក្សប្រជាជនកម្ពុជា លោក ង៉ែត តេន យល់ថា បន្ទប់ធ្វើការមិនសំខាន់នោះទេសម្រាប់លោកជាជំទប់ទី២ តែការដែលលោកមិនបានប្រគល់សោ និងបន្ទប់ឲ្យទៅមេឃុំថ្មីឈ្នះឆ្នោតមកពីគណបក្សប្រឆាំង ដោយសារលោកមេឃុំថ្មីមិនបានទាមទារបន្ទប់ ឬកូនសោពីលោកនោះទេ។
លោកប្រាប់ថា ខ្វះអីបន្ទប់នៅក្នុងសាលាឃុំ ប្រសិនបើមេឃុំថ្មីទាមទារសោពីលោកពេលណា លោករើចេញពីបន្ទប់មេឃុំចាស់ភ្លាម ហើយលោកនឹងទៅរកបន្ទប់មួយទៀតនៅក្នុងសាលាឃុំសម្រាប់ធ្វើការ៖ « តាំងពីប្រកាសសុពលភាពមក មេឃុំថ្មីអត់ដែលចូលក្នុងបន្ទប់ទេ គឺធ្វើការក្រៅទាំងអស់គ្នា ហើយគាត់ទាមទារថ្ងៃណា ខ្ញុំឲ្យថ្ងៃហ្នឹង មានទាស់អី ! អត់មានទាស់ទេរឿងបន្ទប់ បើគាត់យកអានេះ ខ្ញុំយកអានោះ បើគាត់យកអានោះ ខ្ញុំយកអានេះ មានទាស់អី ! ដូចមិនបញ្ហាទេ ព្រោះអត់ដែលចូលក្នុងបន្ទប់សោះតាំងពីប្រកាសសុពលភាពមកកន្លះខែមក ធ្វើខាងក្រៅទាំងអស់គ្នាហ្នឹង បើគាត់ចង់ទាមទារបន្ទប់យកទៅ អត់បញ្ហារឿងបន្ទប់ អត់មានសម្ភារៈអីសំខាន់ មានតែទូមួយនៅហ្នឹង មានតុមួយ កៅអីមួយហ្នឹងទេ អត់មានអីទេ ទូមួយសម្រាប់ដាក់ឯកសារ តាមពិតឯកសារនៅស្មៀនទាំងអស់ មានតែអត្រានុកូលដ្ឋាន សំបុត្រស្នាក់នៅ នៅនឹងស្មៀនទាំងអស់ តែយើងយកចេញមកកុំឲ្យទើសកន្លែងស្មៀនពេក កុំអីត្រូវនៅស្មៀនទាំងអស់។ តាមពិតទៅ ក្រុមប្រឹក្សាឃុំ មេឃុំ មានតែកាតាបមួយហ្នឹងសម្រាប់ដាក់ឯកសារ ទាមទារអីឲ្យអត់បញ្ហាទេរឿងបន្ទប់ »។
នៅក្នុងស្រុកជុំគិរី ខេត្តកំពត មានឃុំទាំងអស់ចំនួន៧។ លទ្ធផលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ បង្ហាញថា គណបក្សប្រឆាំងបានឈ្នះតំណែងជាមេឃុំ និងជំទប់ទី១ ទាំង ៧ឃុំ ឯគណបក្សប្រជាជនកម្ពុជា ទទួលបានតំណែងជាជំទប់ទី២ គ្រប់ឃុំ។
ក្រោយការប្រកាសសុពលភាពកាលពីថ្ងៃទី៧ ខែកក្កដា ដោយតំណាងក្រសួងមហាផ្ទៃ មេឃុំទើបទទួលតំណែងថ្មីទាំង ៧ឃុំនៃស្រុកជុំគិរី បានចោទជំទប់ទី២ របស់ខ្លួនថា មិនព្រមឲ្យបន្ទប់ធ្វើការទៅមេឃុំឈ្នះឆ្នោត។ មេឃុំទើបជាប់ឆ្នោតអះអាងថា ពួកគាត់ពិបាកក្នុងការធ្វើលិខិតស្នាមឲ្យពលរដ្ឋ ព្រោះតែលិខិតស្នាមចាស់ៗនៅក្នុងបន្ទប់ជំទប់ទី២ និងជាអតីតមេឃុំមកពីគណបក្សប្រជាជនកម្ពុជា កំពុងតែកាន់កាប់ ហើយមេឃុំជាប់ឆ្នោតថ្មីគ្មានបន្ទប់ធ្វើការ ត្រូវធ្វើការលើតុវែងសាធារណៈក្នុងសាលាឃុំ ឬក្រោមដើមឈើក្នុងបរិវេណសាលាឃុំ ជាដើម។
មេឃុំស្នាយអញ្ជិត លោក គយ រុន ដែលទើបប្រកាសសុពលភាពចូលកាន់តំណែង បញ្ជាក់ថា លោកពិតជាមិនដែលបានទាមទារសោបន្ទប់ពីអតីតមេឃុំពិតមែន។ លោកថា ការដែលលោកមិនទាមទារ ដោយសារលោកមិនចង់ឃើញវិវាទកើតឡើង។ ចំពោះថាតើអតីតមេឃុំឲ្យបន្ទប់ធ្វើការចាស់ទៅលោកធ្វើការ ឬអត់នោះ លោកថាមិនសំខាន់ទេ ប៉ុន្តែលោកពិបាកទុកដាក់ឯកសារសម្រាប់មេឃុំណាស់ នៅពេលដែលលោកមិនមានបន្ទប់ធ្វើការផ្ទាល់ខ្លួនក្នុងនាមជាមេឃុំ៖ « ស្មៀនគាត់ថាបន្ទប់ពីរហ្នឹងរើសយកមួយណាក៏យកទៅ ហើយខ្ញុំបានសួរថា បន្ទប់ ( មេឃុំ ) នេះយ៉ាងម៉េចដែរ ? ស្មៀនថាបន្ទប់មួយហ្នឹងនៅមួយអន្លើសិន ឬមួយក៏ឲ្យទៅជំទប់ទី២ គាត់អ្នកកាន់កាប់ ហើយខ្ញុំក៏មិនមាត់មិនកអីដែរ តាមឋានានុក្រមទៅ បើយើងជជែកវែកញែកក៏មិនបានប្រយោជន៍អីដែរ មានតែសហការគ្នាទៅមុខទៀត ដើម្បីយើងអភិវឌ្ឍភូមិឃុំរបស់យើង។ ខ្ញុំគិតចឹង អត់មានទាមទារអីទេ ស្រេចតែច្បាប់ទៅចុះ »។
ចំណែកអនុប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំស្រុកជុំគិរី និងជាសមាជិកក្រុមប្រឹក្សាស្រុកជុំគិរី លោក ស៊ិន វណ្ណា ប្រាប់ថា ក្រោយការប្រកាសសុពលភាពមួយសប្ដាហ៍មកនេះ មេឃុំទាំង៧ នៅមិនទាន់មានបន្ទប់ធ្វើការនោះទេ។ លោកថា មេឃុំថ្មីទាំង ៧ឃុំនៃគណបក្សសង្គ្រោះជាតិ នៅតែពិបាកធ្វើការជាមួយស្មៀនឃុំ ដោយលោកមើលឃើញថាស្មៀនឃុំបានរក្សាទម្លាប់ចាស់ គឺដើរចោលកន្លែងធ្វើការ ឬចូលធ្វើការយឺតម៉ោង ចេញធ្វើការលឿន ដោយមិនគោរពម៉ោងធ្វើការដែលរដ្ឋបានកំណត់៖ « គឺមេឃុំទាំង៧ យើងអត់ទាន់បានបន្ទប់របស់មេឃុំអាណត្តិចាស់ធ្វើការទេ។ គាត់នៅកិបសោទុក។ គាត់ឲ្យយើងមេឃុំដែលជាប់ឆ្នោតថ្មីហ្នឹង រកកន្លែងយើងធ្វើការខ្លួនឯង។ គាត់អត់ទាន់បើកទ្វារឲ្យទេ នៅទាំងអស់។ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាស្រុក ក្នុងនាមជាអនុប្រធានគណបក្សសង្គ្រោះជាតិ នៅស្រុកជុំគិរី ខ្ញុំសំណូមពរ ជាពិសេសថ្នាក់ស្រុក ថ្នាក់ខេត្ត មេត្តាជួយអន្តរាគមន៍ឲ្យមេឃុំដែលជាប់ឆ្នោតថ្មី ដើម្បីមានឱកាសបម្រើប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ជាពិសេសលិខិតឯកសារ »។
ចំណែកអភិបាលស្រុកជុំគិរី អ្នកស្រី គឹម សុធារី ប្រាប់អាស៊ីសេរីថា ចំពោះបញ្ហាការទាស់ទែងគ្នា ឬការមិនព្រមប្រគល់បន្ទប់មេឃុំចាស់ឲ្យទៅមេឃុំថ្មីធ្វើការ អ្នកស្រីមិនទាន់បានដឹងនោះទេ ដោយសារតែមិនទាន់មានខាងណារាយការណ៍ ឬប្ដឹងទៅថ្នាក់ស្រុកនោះទេ។ អភិបាលស្រុកជុំគិរី រូបនេះបញ្ជាក់ថា នៅមានបន្ទប់ពីរផ្សេងទៀតសម្រាប់ឲ្យមេឃុំរៀបចំធ្វើការ៖ « ខ្ញុំចង់សួរដែរ ចង់សួរថាបន្ទប់វាមាន ៤បន្ទប់ ចុះបើបន្ទប់ ២ទំនេរ ម៉េចបានអត់ធ្វើការ ? ឥឡូវខ្ញុំឆ្ងល់ថា បន្ទប់ ២ទំនេរម៉េចបានអត់ធ្វើការ ? ខ្ញុំអត់មានអ្នកណាប្ដឹងខ្ញុំរឿងផង។ មិនបាច់តាមស្រេចចិត្តគាត់ទេ បន្ទប់មាន ២ថ្មីទៀត រៀបចំធ្វើទៅ បន្ទប់នោះ ( ចាស់ ) គាត់មានអីវ៉ាន់នៅក្នុងហ្នឹងហើយ បន្ទប់មានពីរ។ កាលពីមុនគេជាប់មួយយូរមកហើយ គេដែលដណ្ដើមបន្ទប់គ្នាមកពីណា ? ទើបយើងជាប់ថ្មីមកដណ្ដើមថ្មីអី។ ខ្ញុំអត់មាននរណាប្ដឹងមកខ្ញុំទេ។ បន្ទប់ពីរថ្មីចែស បន្ទប់ពីរនៅទំនេរម៉ង អត់មានអ្នកណាធ្វើការទេ បន្ទប់ពីរហ្នឹងយើងរៀបចំនៅទៅ ម៉េចបន្ទប់មុនហ្នឹងមានអី »។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តកំពត លោក យន់ ផល្លី នៅតែយល់ថា អ្នកដែលចាញ់ឆ្នោតគួរតែប្រគល់សោ និងបន្ទប់ធ្វើការទៅអ្នកឈ្នះឆ្នោត ព្រោះក្នុងសាលាឃុំមានបន្ទប់ធ្វើការតែ ៤បន្ទប់ គឺបន្ទប់ប្រធានក្រុមប្រឹក្សាឃុំ ឬមេឃុំមួយបន្ទប់ បន្ទប់ក្រុមប្រឹក្សាឃុំ បន្ទប់ស្មៀន និងបន្ទប់សម្រាប់គណនេយ្យករ ដូច្នេះជំទប់ទី១ និងទី២ គឺធ្វើការរួមគ្នានៅក្នុងបន្ទប់ក្រុមប្រឹក្សា៖ « ក្នុងករណីនេះមិនបាច់ចាំប្រធានក្រុមប្រឹក្សា ឬក៏មេឃុំ ឬក៏ចៅសង្កាត់ដែលជាប់ថ្មី គាត់ទាមទារទេ ត្រូវតែប្រគល់ឲ្យគេដោយស្វ័យប្រវត្តិ ព្រោះកាតព្វកិច្ចអ្នកឯង គឺត្រូវប្រគល់ឲ្យគេ អត់មានអ្នកឯង ( មេឃុំចាញ់ឆ្នោត ) រក្សាទុកដោយខ្លួនឯង មិនបាច់មេឃុំថ្មីមកទាមទារទេ ត្រូវតែប្រគល់ឲ្យគេដោយអូតូម៉ាទិច ( ស្វ័យប្រវត្តិ ) តែម្ដង »។
សង្គមស៊ីវិលយល់ថា បើទោះជាមេឃុំមិនទាមទារសោ ឬបន្ទប់ធ្វើការក៏ដោយ អ្នកដែលចាញ់ឆ្នោតក៏គួរតែប្រគល់សោ និងបន្ទប់ធ្វើការឲ្យមេឃុំដែរ ដើម្បីជាការបង្ហាញរូបភាពដ៏ល្អ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។