វិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ ហៅកាត់ថា អ៊ិន.ឌី.អាយ (NDI) នៅព្រឹកថ្ងៃទី២២ ឧសភា ធ្វើវេទិកាប្រជាពលរដ្ឋជួបជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសមេឃុំនៅស្រុកសង្កែ ខេត្តបាត់ដំបង។ វេទិកានេះមានពលរដ្ឋចូលរួមជាង ៦០០នាក់ និងបានបញ្ចេញមតិសួរដេញដោលពីការអភិវឌ្ឍក្នុងមូលដ្ឋាន នៅពេលជាប់ឆ្នោតធ្វើជាមេឃុំនៅថ្ងៃខាងមុខ។
អ្នកចូលរួមក្នុងវេទិកាដែលរៀបចំឡើងនៅវត្តសុវណ្ណបុប្ផា ហៅវត្តស្លាក្រាម ឃុំវត្តតាមឹម ភាគច្រើនចាប់អារម្មណ៍ និងបានលើកដៃឡើងសួររយៈពេល ១នាទី ដើម្បីឲ្យតំណាងគណបក្សនយោបាយបកស្រាយភ្លាមៗតែម្ដង។
ពលរដ្ឋភាគច្រើនស្នើឲ្យបេក្ខជនឈរឈ្មោះបោះឆ្នោត ដោះស្រាយនៅពេលជាប់ធ្វើជាមេឃុំ មានដូចជាបញ្ហាតម្លៃកសិផលចុះថោក បញ្ហាគ្មានការងារធ្វើដែលនាំឲ្យពួកគាត់ចំណាកស្រុក និងសង់ផ្លូវនៅក្នុងមូលដ្ឋានឲ្យបានប្រសើរឡើង ជាដើម៖ « នៅភូមិ មួយចំនួន ក្នុងឃុំ វត្តតាមឹម មានការខ្វះខាតប្រព័ន្ធទឹកស្អាតដើម្បីប្រើប្រាស់ តើតំណាងគណបក្សទាំងអស់មាន គោលនយោបាយ បែបណា ដើម្បីដោះស្រាយ ? នៅពេល លោក ជាប់ឆ្នោត សម្រួល ធ្វើយ៉ាងណា ឲ្យផ្នែកកសិកម្ម និងផ្នែកផ្សេង រីកចម្រើន ទៅមុខ »។
គណបក្សនយោបាយដែលបានចូលរួមធ្វើជាវាគ្មិនមានគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ តំណាងគណបក្សនយោបាយបានឆ្លើយសំណួររបស់ពលរដ្ឋម្ដងម្នាក់ៗរយៈពេល ២នាទីដូចគ្នា ដោយម្នាក់ៗខំប្រឹងបង្ហាញគោលនយោបាយរបស់បក្សរៀងៗខ្លួន ដើម្បីឆ្លើយតបតាមសំណូមពររបស់ម្ចាស់ឆ្នោត។
ទោះជាយ៉ាងណា ពលរដ្ឋចាប់អារម្មណ៍ខ្លាំងទៅលើបេក្ខជនគណបក្សចំនួនពីរ គឺបក្សកាន់អំណាច និងបក្សប្រឆាំង ព្រោះបានឆ្លើយក្បោះក្បាយ និងមានហេតុផលប្រហាក់ប្រហែលគ្នា។
បេក្ខជនគណបក្សសង្គ្រោះជាតិ ឃុំវត្តតាមឹម លោក ណូ វិន លើកយកគោលនយោបាយថវិកា ៥០ម៉ឺនដុល្លារសម្រាប់ដោះស្រាយការអភិវឌ្ឍនៅក្នុងមូលដ្ឋាន បើសិនគណបក្សនេះឈ្នះឆ្នោតបានដឹកនាំរដ្ឋាភិបាល៖ « ដូច្នេះសូម បងប្អូន រួបរួមសាមគ្គី គ្នា ស្រឡាញ់គ្នាបម្រើផលប្រយោជន៍តែមួយ មិនប្រកាន់ បក្សពួក គឺបម្រើ ដោយស្មោះ និងតម្លាភាព ហើយបើឃើញ មេឃុំ សង្គ្រោះជាតិ ពុករលួយ និងអសមត្ថភាព ខ្ញុំនឹងចុះ ចេញពី តំណែង មេឃុំ »។
ចំណែកបេក្ខជនមកពីគណបក្សប្រជាជនកម្ពុជា លោក អ៊ិម ស្វាង មានប្រសាសន៍ថា លោកនឹងបន្តគោលនយោបាយការអភិវឌ្ឍផ្លូវ ប្រព័ន្ធធារាសាស្ត្រនៅក្នុងភូមិឲ្យមានការរីកចម្រើនទៅមុខទៀត៖ « អ៊ីចឹងគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា យើងបានខិតខំជំរុញការស្ដារប្រព័ន្ធ ធារាសាស្ត្រ ដោយបច្ចុប្បន្នយើងកំពុងស្ដារអូរមួយកំណាត់ ដើម្បីយកទឹកឲ្យពលរដ្ឋប្រើប្រាស់ និងរុញទឹកទៅបឹងខ្នា រ ។ ហើយយើងមានកម្មវិធីបម្រែបម្រួលអាកាសធាតុ ។ យើងនឹងលើកគម្រោង ស្ដារប្រឡាយទឹក ៣ខ្សែទៀត »។
ទោះជាយ៉ាងណា អ្នកចូលរួមខ្លះជជែកគ្នាហាក់មិនទាន់ជឿនឹងការឆ្លើយតបរបស់តំណាងគណបក្សនយោបាយទាំងអស់នោះទេ។
វេទិកានេះមានរយៈពេល ២ម៉ោង គឺចាប់ពីម៉ោង ៨ ដល់ម៉ោង ១០ព្រឹក ក្នុងគោលបំណងផ្ដោតទៅលើអនាគតរបស់ម្ចាស់ឆ្នោតក្នុងការអភិវឌ្ឍឃុំរបស់បេក្ខជនជាប់ឆ្នោតថ្មី និងផ្ដល់ឱកាសឲ្យគ្រប់គណបក្សនយោបាយ បានបង្ហាញពីគោលនយោបាយរៀងខ្លួន ដើម្បីឲ្យពលរដ្ឋសម្រេចចិត្តជ្រើសរើស។ វិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ អ៊ិន.ឌី.អាយ (NDI) នឹងមានរៀបចំវេទិកាសួរដេញដោលបេក្ខជនឈរឈ្មោះមេឃុំ ចៅសង្កាត់នៅខេត្តតាកែវ និងខេត្តក្រចេះ បន្តបន្ទាប់ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។