Opens in new windowគណបក្សប្រឆាំង និងមន្ត្រីរដ្ឋាភិបាលនៅតែមិនអាចបញ្ចប់ការខ្វែងគំនិតគ្នាជុំវិញបញ្ហាផែនទីបង្ហាញព្រំដែនរវាងកម្ពុជា-វៀតណាម បើទោះបីជាមានការផ្ទៀងផ្ទាត់ផែនទីរបស់រដ្ឋាភិបាលជាមួយផែនទី ដែលខ្ចីពីបរទេសជាច្រើនសាមកហើយក្ដី។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ទាមទារឲ្យគណបក្សនយោបាយ ជាពិសេសគណបក្សប្រឆាំង ល្មមឈប់កេងចំណេញនយោបាយតាមរយៈយកបញ្ហាព្រំដែនធ្វើជាលេសរបស់ខ្លួនតទៅទៀត។ ក៏ប៉ុន្តែគណបក្សប្រឆាំងវិញ នៅតែអះអាងថា នឹងនៅតែបន្តសកម្មភាព ហើយប្រកាន់ជំហរមិនកែប្រែសម្រាប់យុទ្ធនាការព្រំដែននេះឡើយ។
ទាំងអ្នកនយោបាយបក្សប្រឆាំងភាគីខាងរដ្ឋាភិបាល និងក្រុមអ្នកស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាម្ខាងៗ បន្តសងសឹកដាក់គ្នា និងរកចំណុចត្រូវរៀងខ្លួន ក្រោយបញ្ចប់ការផ្ទៀងផ្ទាត់ផែនទីដែលសាធារណរដ្ឋបារាំង ផ្ដល់ឲ្យតាមការស្នើសុំពីលោក ហ៊ុន សែន ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវជុំវិញការបោះបង្គោលព្រំដែនជាមួយវៀតណាមនេះ។
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបានប្រកាសភ្លាមៗ មិនអោយមានការសួរដេញដោយអ្វីឡើយក្រោយបិទបញ្ចប់ការពិនិត្យ និងផ្ទៀងផ្ទាត់ផែនទីរួច។ ក្នុងការថ្លែងសន្ទរកថាចុងក្រោយ លោក ហោ ណាំហុង បានដៀមដាមឲ្យគណបក្សប្រឆាំងថា ជាអ្នកដែលធ្វើព្យុះធ្វើភ្លៀងក្រោមហេតុផលដើម្បីតែចំណេញនយោបាយប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ប្រមុខការបរទេសកម្ពុជា រូបនេះទទូចឲ្យអ្នកនយោបាយបក្សប្រឆាំងល្មមឈប់ធ្វើយុទ្ធនាការបែបនេះតទៅដោយផ្ដោតតែទៅលើគោលនយោបាយរបស់ខ្លួនទៅបានហើយ។ លោកបន្តថា «បញ្ហាផែនទីគួរតែបញ្ចប់ត្រឹមប៉ុណ្ណេះ សូមបញ្ចប់ត្រឹមត្រូវប៉ុណ្ណេះ កុំឲ្យបក្សនយោបាយយកបញ្ហានេះទៅធ្វើយុទ្ធនាការញុះញង់។ យុទ្ធនាការញុះញង់ឲ្យប្រជាពលរដ្ឋខ្មែរប្រឆាំងរដ្ឋាភិបាល»។
ភាពចម្រូងចម្រាសលើបញ្ហាផែនទីនេះ កើតឡើងកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា នៅវិមានសន្តិភាព ក្នុងពេលរដ្ឋាភិបាលផ្ទៀងផ្ទាត់ផែនទីដែលស្នើសុំពីសាធារណរដ្ឋបារាំង។ ផែនទីដែលរដ្ឋាភិបាលកម្ពុជា ស្នើសុំពីបារាំង ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនេះមានចំនួន ២៦ផ្ទាំង ហើយត្រូវបានលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនអះអាងថា ផែនទីដែលកម្ពុជា សុំខ្ចីពីបារាំង នេះ គឺដូចគ្នានឹងផែនទីដែលកម្ពុជា កំពុងប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម សព្វថ្ងៃនេះដែរ។
បើទោះជាបែបណា ផែនទីដែលរដ្ឋាភិបាលបារាំង ផ្ដល់ឲ្យកម្ពុជា ខ្ចីដើម្បីផ្ទៀងផ្ទាត់នេះ ត្រូវសង្កេតឃើញថា មាន ២៥ផ្ទាំងជាប្រភេទខ្នាតបោន ១/១០០.០០០។ ដោយឡែក ១ផ្ទាំងក្នុងចំណោមនោះ គឺជាខ្នាត យូ.ធី.អឹម (UTM) ១/៥០.០០០ ដែលរដ្ឋាភិបាលបារាំង បញ្ជាក់ថា ខ្លួនរកមិនបានគ្រប់ចំនួនដូចការស្នើសុំរបស់កម្ពុជាទេ។ ហេតុនេះ មានតែជំនួស ១ផ្ទាំង ដែលមានខ្នាត យូ.ធី.អឹម ខ្នាត ១/៥០.០០០។
ភ្លាមៗក្រោយបញ្ចប់ការផ្ទៀងផ្ទាត់ដែលប្រើពេលជាង ៤ម៉ោង លោក អ៊ូ ច័ន្ទឫទ្ធិ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប្រកាសជំហរក្នុងពេលផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅខាងក្រៅបន្ទប់វិមានសន្តិភាពថា គណបក្សប្រឆាំងនឹងមិនបញ្ឈប់ត្រឹមការផ្ទៀងផ្ទាត់ផែនទីនេះទេ។ បន្ថែមពីលើនេះទៀត លោកអះអាងថា ក្រោយប្រមូលព័ត៌មានគ្រប់គ្រាន់ហើយ គណបក្សប្រឆាំងនឹងបញ្ជាក់ពីភាពត្រឹមត្រូវពិតប្រាកដនៃផែនទី ដែលមានភាពចម្រូងចម្រាសនេះ។ បើទោះជាបែបណា លោក អ៊ូ ច័ន្ទឫទ្ធិ អះអាងថា ការផ្ទៀងផ្ទាត់ផែនទីនេះ គឺនៅមានមន្ទិលសង្ស័យច្រើនទៀត ក៏ប៉ុន្តែដោយសារភាគីខាងរដ្ឋាភិបាលពុំបើកឲ្យមានការសួរដេញដោយ ហេតុនេះការផ្ទៀងផ្ទាត់ផែនទីនៅតែជាបញ្ហាប្រឈម និងមិនអាចរកចំណុចរួមបាន។ លោកបន្តថា «ខ្ញុំឥតអាចជម្រាបបានថាផ្ទៀងត្រឹមត្រូវទេ គណបក្សសង្គ្រោះជាតិ នៅពេលនេះក្នុងដំណាក់កាលប្រមូលព័ត៌មានផ្សេងៗ ដើម្បីយកទៅផ្ទៀងដោយឡែក។ យើងមិនទាន់បញ្ចប់ទេ យើងមិនទាន់ប្រកាសយើងទេ ដូចខ្ញុំជម្រាបដំណាក់កាលប្រមូលឯកសារ និងព័ត៌មានផ្សេងៗ»។
ជុំវិញរឿងនេះលោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវព្រំដែននៃរាជបណ្ឌិត្យសភាចំអកឲ្យគណបក្សប្រឆាំងថា គណបក្សនេះនៅជំពាក់ផែនទី ២ផ្ទាំងទៀតនៅឡើយផង បើមានសមត្ថភាពណាស់គួរស្វែងរកផែនទីដែលនៅខ្វះផ្ដល់ឲ្យរាជបណ្ឌិត្យសភា ឲ្យបានគ្រប់ចំនួនទៅតាមតម្រូវការជាក់ស្ដែងសិនមក។ ប្រើសំឡេងខ្លាំងៗ ប្រៀបដូចមេទាហានបញ្ជាកងទ័ពក្នុងសមរភូមិប្រយុទ្ធនោះ លោក សុខ ទូច ថ្លែងថា លោកស្ទើរតែអស់ជំនឿចំពោះគណបក្សប្រឆាំងដែលមិនអាចធ្វើបានតាមការអះអាងរបស់ខ្លួន។ លោកបន្តថា «រឿងគាត់មិនទទួលស្គាល់គាត់មានអីដែលបង្ហាញបញ្ជាក់។ លោកនៅចាំទេ មូលហេតុអីដែលខ្ញុំមិនទទួលស្គាល់គាត់ ពីព្រោះគាត់បាត់ពីរផ្ទាំង បើសិនជារដ្ឋាភិបាលបាត់ពីរផ្ទាំង ចោទថារដ្ឋាភិបាលចោរ។ ឥឡូវខ្លួនឯងបាត់ពីរផ្ទាំង មានន័យថាអ្នកឯងជាស្អី អ៊ីចឹងមានន័យអ្នកឯងចោរ អ្នកឯងក្បត់ជាតិ។ បើខ្ញុំយកផែនទីរបស់គណបក្សប្រឆាំងទៅផ្ទៀងផ្ទាត់ ខ្ញុំបាត់ទឹកដីកម្ពុជា អ្នកណាអ្នកក្បត់ជាតិ ខ្ញុំក៏ចូលរួមក្បត់ជាតិដែរ»។
អ្នកដែលចូលរួមការផ្ទៀងផ្ទាត់ផែនទីលើកទីពីរនេះ គឺមិនខុសពីដឹកគោឲ្យមើលទូរទស្សន៍នោះទេ ដោយហេតុថា ការដឹងខុស ឬត្រូវនៃផែនទីទៅបានគឺអាស្រ័យលើការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាល។ ទាំងមន្ត្រីមកគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសង្គ្រោះជាតិ និងមន្ត្រីរដ្ឋាភិបាលខ្លះផងដែលចូលរួម បានត្រឹមអង្គុយស្ងៀមនៅលើកៅអី ហើយរង់ចាំការបកស្រាយរបស់មន្ត្រីជំនាញរដ្ឋាភិបាលប៉ុណ្ណោះ។
សូមស្ដាប់បទសម្ភាសន៍របស់ លោក ជុន ច័ន្ទបុត្រ ជាមួយនឹង លោក អ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកណ្ដាល ជុំវិញការផ្ទៀងផ្ទាត់ផែនទីរបស់រដ្ឋាភិបាលបារាំង ឲ្យខ្ចី ជាមួយនឹងផែនទីរបស់រដ្ឋាភិបាលប្រើប្រាស់សព្វថ្ងៃ ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
