កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​កម្លាំង​​យោធា​លេខ​៨៩​ខណៈ​ឡាវ​ទទួល​បាន​លេខ​១២៤

អង្គការ​ឃ្លាំមើល​កម្លាំង​យោធា​ក្នុង​ពិភពលោក (Global Fire Power) បាន​រក​ឃើញ​ថា កម្ពុជា​ ក្នុង​ឆ្នាំ​២០១៧ នេះ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​៨៩ ខណៈ​ប្រទេស​ឡាវ បាន​ចំណាត់​ថ្នាក់​លេខ​១២៤ ហើយ​វៀតណាម លេខ​១៦ ក្នុង​ចំណោម​ប្រទេស​​១៣៣ ក្នុង​ពិភពលោក។ ការ​វាយ​តម្លៃ​នេះ គឺ​ផ្អែក​ទៅ​លើ​កត្តា​ប្រជាជន និង​ភូមិសាស្ត្រ​នៃ​បណ្ដា​ប្រទេស​នីមួយៗ។

អង្គការ​ឃ្លាំមើល​កម្លាំង​កងទ័ព​ក្នុង​ពិភពលោក​មួយ​នេះ រក​ឃើញ​ថា កម្ពុជា​ មាន​កម្លាំង​ទ័ព​ជិត ២​សែន​នាក់ (១៩៥.០០០​នាក់) មាន​ទ័ព​សកម្ម​ចំនួន​ជាង ១​សែន​នាក់ (១២៥.០០០​នាក់) ហើយ​ទ័ព​បម្រុង​ចំនួន ៧​ម៉ឺន​នាក់។ ចំណែក​ប្រទេស​ឡាវ កងទ័ព​ជាង ១​សែន (១៣០.០០០​នាក់) មាន​ទ័ព​សកម្ម ៣​ម៉ឺន​នាក់ និង​ទ័ព​បម្រុង ១​សែន​នាក់។ កម្ពុជា​ មាន​យន្តហោះ​ដឹក​ជញ្ជូន ២១​គ្រឿង និង​មាន​ឧទ្ធម្ភាគចក្រ ១៧​គ្រឿង ចំណែក​ប្រទេស​ឡាវ មាន​យន្តហោះ​ដឹក​ជញ្ជូន ១៧​គ្រឿង និង​មាន​ឧទ្ធម្ភាគចក្រ ២២​គ្រឿង។

អង្គការ​នេះ​បង្ហាញ​ថា កម្ពុជា​ មាន​រថក្រោះ ៥៥០​គ្រឿង មាន​រថពាសដែក ៣០០​គ្រឿង និង​មាន​កាំភ្លើង​ផ្លោង ៦០០​គ្រឿង ចំណែក​ប្រទេស​​ឡាវ មាន​រថក្រោះ ៥៥​គ្រឿង មាន​រថពាសដែក ១៨៥​គ្រឿង និង​មាន​កាំភ្លើង​ផ្លោង ១៤៩​គ្រឿង។ កម្ពុជា​ មាន​កង​នាវា​ជើង​ទឹក ២៧​គ្រឿង មាន​នាវា​ល្បាត ២៦​គ្រឿង ហើយ​មាន​កញ្ចប់​ថវិកា​យោធា ១៩២​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ រី​ឯ​ប្រទេស​ឡាវ ឯ​ណោះ​មាន​កង​នាវា​ជើង​ទឹក ៣៦​គ្រឿង មាន​នាវា​ល្បាត ៦១​គ្រឿង និង​មាន​កញ្ចប់​ថវិកា​យោធា ១៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ការ​វាយតម្លៃ​ទាំង​នេះ​បង្ហាញ​ថា កម្ពុជា​ មាន​ទំហំ​ផ្ទៃ​ដី ១៨១.០៣៥​គីឡូ​ម៉ែត្រការ៉េ ដែល​មាន​ប្រជាជន​ជិត ១៦​លាន​នាក់ ចំណែក​ឡាវ មាន​ផ្ទៃដី​ទំហំ ២៣៧.៩៥៥​គីឡូ​ម៉ែត្រការ៉េ​ដែល​មាន​ប្រជាជន​ជាង ៧​លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។