រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឲ្យដឹងនៅថ្ងៃទី១៤ កញ្ញា ថា កម្ពុជា យល់ព្រមទៅទទួលយកពលរដ្ឋខ្មែរដែលបានប្រព្រឹត្តខុសច្បាប់អាមេរិកនោះឡើងវិញហើយ ក្រោយពីអ្នកទាំងនោះបានអនុវត្តទោសរួចរាល់នៅសហរដ្ឋអាមេរិក។ សង្គមស៊ីវិលយល់ថា ករណីនេះជាការបង្ហាញឲ្យឃើញថា កម្ពុជា នៅតែមានទំនាក់ទំនងផ្នែកច្បាប់ជាមួយសហរដ្ឋអាមេរិក ហើយនេះក៏ជាការដាស់តឿនពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក កុំឲ្យប្រព្រឹត្តខុសច្បាប់ បើមិនដូច្នេះទេ នឹងត្រូវបញ្ជូនមករស់នៅក្នុងប្រទេសកម្ពុជា។
មួយថ្ងៃក្រោយពីទទួលទណ្ឌកម្មពីសហរដ្ឋអាមេរិក ចំពោះការសម្រេចផ្អាកផ្តល់ទិដ្ឋាការដល់មន្ត្រីក្រសួងការបរទេសកម្ពុជា ចាប់ពីថ្នាក់អគ្គនាយករហូតដល់រដ្ឋមន្ត្រី និងសាច់ញាតិរបស់អ្នកទាំងនោះ នៅថ្ងៃទី១៤ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ក្នុងពិធីថ្លែងបាឋកថាស្ដីពីការយល់ដឹងពីស្ថានការណ៍ពិភពលោកបច្ចុប្បន្ន និងការរៀបចំនយោបាយការបរទេសរបស់កម្ពុជា នៅសាលាភូមិន្ទរដ្ឋបាល ថាកម្ពុជា នឹងចាប់ផ្តើមអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីទទួលយកជនជាតិខ្មែរដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋនៅអាមេរិក ត្រឡប់មកកម្ពុជា វិញ។
លោករដ្ឋមន្ត្រី ប្រាក់ សុខុន បន្តទៀតថា កម្ពុជា មានមន្ត្រីក្រសួងមហាផ្ទៃ ដែលទទួលបន្ទុករឿងនេះត្រៀមខ្លួនរួចជាស្រេចដើម្បីសម្ភាសពលរដ្ឋខ្មែរចំនួន ២៦នាក់ ដែលរង់ចាំសម្ភាសក្នុងគោលបំណងចង់ដឹងថា អ្នកទាំងនោះជាពលរដ្ឋខ្មែរ ឬមិនមែន។ ជាងនេះទៀត ប្រមុខការទូតកម្ពុជា រូបនេះឲ្យដឹងទៀតថា លោកក៏ធ្លាប់ស្នើទៅសហរដ្ឋអាមេរិក ឲ្យមានការយោគយល់មុនបញ្ជូនអ្នកទាំងនោះមក គួរបណ្តុះបណ្តាលជំនាញ និងស្នើសុំគោលការណ៍ស្ម័គ្រចិត្តដែលមិនមែនជាការចាប់បង្ខំ ប៉ុន្តែសហរដ្ឋអាមេរិក ទាត់ចោលរាល់សំណើរបស់លោក៖ « ចឹងយើងឃើញថាទៅមុខមិនរួចទេ ចឹងយើងបញ្ជាក់អះអាងថា ដើម្បីកុំឲ្យរអាក់រអួលកម្មវិធីហ្នឹង យើងប្រកាសថាយើងមានមន្ត្រីក្រសួងមហាផ្ទៃ ដែលត្រៀមខ្លួនជាស្រេចដើម្បីទៅសម្ភាស ២៦នាក់ដែលកំពុងរង់ចាំ យើងមិនដែលបដិសេធទេព្រោះចង់ថាជាខ្មែរមែនអត់ កន្លងមកមានអ្នកខ្លះជាវៀតណាម ជាឡាវ »។
លោក ប្រាក់ សុខុន ឲ្យដឹងថា ការអនុវត្តអនុស្សរណៈរវាងកម្ពុជា និងសហរដ្ឋអាមេរិក ស្ដីពីការបញ្ជូនពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក មកកម្ពុជា ដែលអនុវត្តតាំងពីឆ្នាំ២០០២ ក្នុងនោះពលរដ្ឋខ្មែរ ២០នាក់បានស្លាប់ ហើយ ៤នាក់ក្នុងចំណោមនោះស្លាប់ដោយធ្វើអត្តឃាតនៅពេលដឹងថាខ្លួនត្រូវបញ្ជូនឲ្យមករស់នៅប្រទេសកម្ពុជា។
ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យអាស៊ីសេរីដឹងថា របាយការណ៍ចុងក្រោយដែលលោកទទួលបាន គឺមានពលរដ្ឋខ្មែរចំនួន ៣៦នាក់ដែលមន្ត្រីកម្ពុជា នឹងត្រូវសម្ភាស មុននឹងបញ្ជូនមកកម្ពុជា។ លោកឲ្យដឹងទៀតថា ក្នុងរយៈពេលជាង ៥ឆ្នាំមក កន្លងទៅ កម្ពុជា ទទួលបានពលរដ្ឋខ្មែរមកទឹកដីកំណើតជាង ៥៦០នាក់។ ទាក់ទងការអនុវត្តអនុស្សរណៈឡើងវិញនេះ លោក ខៀវ សុភ័គ អះអាងថា កម្ពុជា មានមន្ត្រីរបស់ខ្លួនស្រាប់ដើម្បីធ្វើការងារនេះ ព្រោះកម្ពុជា មិនដែលថាឈប់ទទួលពលរដ្ឋទាំងនោះទេ គ្រាន់តែសុំផ្អាកសិនប៉ុណ្ណោះ៖ « អ្នកទាំងនោះជាអ្នកដែលបានទទួលទោសរួចហើយ ហើយយើងចាត់គណៈប្រតិភូទៅជួបសម្ភាសផ្ទាល់មកវិញ យើងវាយតម្លៃថាខ្មែរ ឬមិនមែនខ្មែរ »។
សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣ ខែកញ្ញា សម្រេចដាក់ទណ្ឌកម្មមិនផ្ដល់ទិដ្ឋាការធ្វើដំណើរប្រភេទ B1/B2 ដល់មន្ត្រីការទូតកំពូលនៃក្រសួងការបរទេសកម្ពុជា និងក្រុមគ្រួសាររបស់អ្នកទាំងនោះ។ ការសម្រេចដូចនេះ ព្រោះកម្ពុជា ខកខានមិនព្រមទទួលយក ឬព្យាយាមពន្យារពេលការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួនដែលត្រូវសហរដ្ឋអាមេរិក ចាប់បញ្ជូនមកវិញ ដោយសារតែពួកគេបានប្រព្រឹត្តល្មើសច្បាប់។ ចំណាត់ការរបស់សហរដ្ឋអាមេរិក ដូចនេះ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទប្រកាន់សហរដ្ឋអាមេរិក ថាជាបាតដៃទី៣ និងជាអ្នកស្ថិតនៅពីក្រោយនៃនយោបាយបដិវត្តន៍ពណ៌របស់បក្សប្រឆាំង។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ថា ករណីនេះបង្ហាញថា កម្ពុជា នៅតែទំនាក់ទំនងផ្នែកច្បាប់ជាមួយសហរដ្ឋអាមេរិក និងជាការដាស់តឿនពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក កុំឲ្យប្រព្រឹត្តខុសច្បាប់ បើមិនដូច្នេះទេ នឹងត្រូវបញ្ជូនមករស់នៅក្នុងប្រទេសកម្ពុជា។ ជាងនេះទៅទៀត មន្ត្រីសិទ្ធិមនុស្សរូបនេះយល់ថា រដ្ឋាភិបាលគួរទទួលយកពលរដ្ឋរបស់ខ្លួនដោយភាពកក់ក្តៅ ដូចដែលកាលទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី៖ « យើងចង់ឲ្យកម្ពុជា និងសហរដ្ឋអាមេរិក បន្តសហប្រតិបត្តិការបន្តទៀត ជាពិសេសទៅលើករណីរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ »។
ទាក់ទងការលើកឡើងរបស់សង្គមដូចនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ថា រដ្ឋាភិបាលជួយស្វែងរកសាច់ញាតិអ្នកទាំងនោះដែលមានស្រាប់នៅប្រទេសកម្ពុជា ហើយរដ្ឋាភិបាលក៏សម្របសម្រួលក្នុងការស្វែងរកការងារធ្វើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។