មន្ត្រីក្រសួងយុត្តិធម៌ ព្រមានអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ឲ្យពិចារណាពីសកម្មភាពរបស់ខ្លួនក្នុងការអះអាងពីអ្នកទោសនយោបាយនៅកម្ពុជា។ មន្ត្រីរូបនេះបញ្ជាក់ថា អាជ្ញាធរអាចនឹងមានវិធានការចំពោះសកម្មភាពនេះ ប្រសិនបើរកឃើញថា អង្គការលីកាដូ ធ្វើខុសច្បាប់។
អង្គការសិទ្ធិមនុស្សលីកាដូ កាលពីថ្ងៃទី១៧ ខែឧសភា បានបង្កើតឲ្យមានទំព័រមួយតាមប្រព័ន្ធអ៊ីនធឺណិត (Internet) បង្ហាញព័ត៌មានពីអ្នកទោសនយោបាយនៅកម្ពុជា។ អ្នកច្បាប់បញ្ជាក់ថា កម្ពុជា ក៏មិនខុសពីប្រទេសដទៃជាច្រើនទៀតដែរ គឺពុំមានច្បាប់ដែលចែងពីអ្នកទោសនយោបាយឡើយ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព មិនបានបញ្ជាក់ឲ្យច្បាស់ទេថាអាចនឹងមានវិធានការបែបណាចំពោះអង្គការលីកាដូ នៅឡើយ។
លោក គឹម សន្តិភាព បន្តថា ជំហានដំបូងនេះ លោកចង់ឲ្យអង្គការលីកាដូ ពិចារណាពីអ្វីដែលអង្គការនេះបានធ្វើ៖ « ឲ្ យគាត់ពិនិត្យ មើលនៅ ក្នុង ក្រមព្រហ្មទណ្ឌ ព្រហ្មទណ្ឌពិសេសដទៃទៀតនៅក្នុងប្រទេសកម្ពុជា គឺពុំ មាន។ ចឹង អំពើ ណាមួយ ថា ជាបទ ល្មើសនយោបាយទេ គឺមានតែបទល្មើសព្រហ្មទណ្ឌ ។ ចឹងសូមឲ្យគាត់ពិនិត្យមើលឡើងវិញចំពោះរបាយការណ៍គាត់ ថាតើគាត់ឈរលើមូលដ្ឋានអី ? សូមឲ្យគាត់ពិនិត្យមើលតួនាទីភារកិច្ចរបស់គាត់ និងអ្វីដែលគាត់បានធ្វើហ្នឹង វាប្រាសចាកពីលក្ខន្តិកៈ និងច្បាប់ស្ដីពីអង្គការ និងសមាគមឬអត់ ? »។
អង្គការការពារសិទ្ធិមនុស្សលីកាដូ កាលពីថ្ងៃទី១៧ ខែឧសភា បញ្ជាក់ថា ចំនួនអ្នកទោសនយោបាយដែលបានជាប់ពន្ធនាគារមានការកើនឡើងខ្លាំង ចាប់តាំងពីខែឧសភា ឆ្នាំ២០១៥ មក នៅក្នុងរយៈពេលដែលអាជ្ញាធរកាន់តែប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំបិទសំឡេងមតិរិះគន់។
អង្គការលីកាដូ បង្កើតឲ្យមានទំព័រអ្នកទោសនយោបាយមួយនៅក្នុងគេហទំព័ររបស់អង្គការនេះ ដោយមានអាសយដ្ឋាន (http://www.licadho-cambodia.org/political_prisoners/?khmer) ដែលផ្ទុកនូវព័ត៌មាននៃអ្នកទោសនយោបាយដែលកំពុងជាប់ពន្ធនាគារ ថែមទាំងដាក់រូបថតអ្នកទាំងនោះទៀតផង។
សេចក្ដីថ្លែងការណ៍របស់អង្គការលីកាដូ បញ្ជាក់ទៀតថា ក្នុងចំណោមអ្នកទាំងអស់នោះ មនុស្សមួយចំនួន គឺជាអ្នកធ្វើយុទ្ធនាការផ្នែកបរិស្ថាន ព្រះសង្ឃ សិស្សនិស្សិត សកម្មជន សមាជិករដ្ឋសភា និងសមាជិកព្រឹទ្ធសភាមកពីគណបក្សជំទាស់ និងអ្នកធ្វើការងារផ្នែកសិទ្ធិមនុស្ស។ អ្នកទាំងអស់នោះត្រូវបានគេឃុំដោយផ្អែកលើបទល្មើសព្រហ្មទណ្ឌជាច្រើនខុសៗគ្នា ប៉ុន្តែជារួម ការជាប់ឃុំរបស់អ្នកទាំងនោះ បង្ហាញពីការរឹតបន្តឹងលើផ្នែកនយោបាយកាន់តែខ្លាំងឡើងៗក្នុងប្រទេសកម្ពុជា។
ទាក់ទិននឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រីបានថ្លែងជាច្រើនលើកច្រើនសាហើយថា នៅកម្ពុជា ពុំមានអ្នកទោសនយោបាយឡើយ គឺមានតែអ្នកនយោបាយដែលមានទោស។
ចំពោះអ្នកច្បាប់ គឺលោកមេធាវី ហុង គឹមសួន ពន្យល់ថា កម្ពុជា ក៏មិនខុសពីបណ្ដាប្រទេសជាច្រើនទៀត គឺមិនដែលមានច្បាប់ចែងនិយាយពីអ្នកទោសនយោបាយឡើយ។ បើទោះជាយ៉ាងណា លោកថា ក៏មិនមានច្បាប់ដែលចាត់ថាមានកំហុសដែរចំពោះការចាត់ទុកបុគ្គលណាជាអ្នកទោសនយោបាយ៖ « ឧបមាថាគាត់សរសេរអ៊ីចឹង តើវាខុសនឹងបទល្មើសអី ? បើខុស គឺទាល់តែមានបទដ្ឋានណែនាំរួចហើយថាមិនឲ្យប្រើពាក្យថាអ្នកទោសនយោបាយ។ បើ អ្នកណាសរសេរ ខុស វានឹង ខុសនឹង មាត្រានេះ ក្នុងច្បាប់នេះ អ៊ីចឹង ទៅ។ តែបើគាត់គ្រាន់តែអះអាងទទេដែរហ្នឹង យកច្បាប់អីមកដាក់ថាគេប្រើពាក្យហ្នឹង ។ ក្នុងប្រទេសនីមួយៗ គេអត់ប្រើទេ ក្នុងច្បាប់ហ្នឹងគេអត់ប្រើពាក្យអ្នកទោសនយោបាយទេ តែអ្វីដែលគេយល់ឃើញ គេថាអ្នកនោះជាអ្នកទោសនយោបាយ។ ចឹងបទល្មើសគេទាញយកមកដាក់តាមច្បាប់ព្រហ្មទណ្ឌ។ ចឹងគេចាប់ឃុំខ្លួនបាន បើថាឲ្យចែងថាជាបទល្មើសអត់មានទេ »។
លោក ហុង គឹមសួន បញ្ជាក់ថា បទដ្ឋានច្បាប់អន្តរជាតិក៏ពុំបានបញ្ជាក់ពីប្រភេទទោស ដែលចាត់ជាអ្នកទោសនយោបាយដែរ ប៉ុន្តែបានចែងពីនិយមន័យជាទូទៅចំពោះអ្នកទោសនយោបាយ ថាជាអ្នកដែលត្រូវចាប់ឃុំខ្លួនពាក់ព័ន្ធនឹងបញ្ហានយោបាយ នៅក្នុងពេលដែលនយោបាយក្នុងប្រទេសណាមួយមានភាពចម្រូងចម្រាស ឬមានភាពតានតឹង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។