រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះជនឆ្លៀតឱកាស ដែលបានបំផុសបំផុលនូវព័ត៌មានអកុសលមួយចំនួនពីគម្រោងធ្វើបាតុកម្ម ដែលបង្កឲ្យមានភាពវឹកវរ និងបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សេចក្ដីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា បានធ្វើការបំភ្លឺដល់សាធារណជន ជាពិសេសកម្មករ កម្មការិនីចំនួន ៥ចំណុចសំខាន់ៗ មានជាអាទិ៍ គឺទី១ ដំណោះស្រាយបញ្ហាពីភាពតានតឹងផ្នែកនយោបាយតែងតែកើតមានសម្រាប់នៅកម្ពុជា ក៏ដូចជានៅបណ្ដាប្រទេសផ្សេងៗលើសកលលោក ចំពោះជនឆ្លៀតឱកាសដែលបានផ្សព្វផ្សាយព័ត៌មានអកុសល សមត្ថកិច្ចកំពុងស្វែងរក ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ទី២ នៅក្រោយថ្ងៃបោះឆ្នោតថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ គ្រប់សកម្មភាពសង្គមបានដំណើរការជាប្រក្រតី។ ទី៣ សូមឲ្យកម្មករ កម្មការិនី អង្គការសហជីព និយោជកគ្រប់រោងចក្រសហគ្រាសទាំងអស់ រក្សានូវភាពនឹងន និងបន្តដំណើរការផលិតកម្មអាជីវកម្មជាធម្មតា ដើម្បីការងារ និងជីវភាព។ ទី៤ សូមអង្គការសហជីព និងនិយោជកគ្រប់រោងចក្រសហគ្រាស សហការគ្នាឲ្យបានល្អក្នុងការដោះស្រាយបញ្ហាលក្ខខណ្ឌការងារស្របតាមច្បាប់ និងបទបញ្ញត្តិជាធរមាន។ និងទី៥ រាជរដ្ឋាភិបាលនឹងរៀបចំឲ្យមានការពិភាក្សាដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ កម្មការិនី សម្រាប់ឆ្នាំ២០១៤ តាមរយៈយន្តការត្រីភាគី។
ទោះជាយ៉ាងណា ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី មានប្រសាសន៍ថា ការភ័យខ្លាចរបស់កម្មករ កម្មការិនី និងសាធារណជន គឺកើតចេញពីការគំរាមរបស់គណបក្សប្រជាជនកម្ពុជា ថានឹងមានសង្គ្រាម ឬភាពវឹកវរកើតឡើង ប្រសិនបើគណបក្សរបស់ខ្លួនចាញ់ឆ្នោត៖ «ហើយបើសិនបាតុកម្មកូដកម្មដោយសារសន្លឹកឆ្នោតមែន ខ្ញុំគិតថា វាមិនមែនតែនៅក្នុងក្រុងភ្នំពេញទេបាទ គឺនៅទូទាំងប្រទេស។ យើងមើលឃើញស្រុកកោះធំ និងស្រុកស្អាង មួយ គឺជាស្រុកគំរូមួយហើយដែលយើងឃើញថា មានការគាំទ្រ ដូច្នេះហើយបើសិនជាមានអីចឹងមែន គឺទូទាំងប្រទេសហើយបាទ»។
លោកបញ្ជាក់ថា រដ្ឋាភិបាល ឬក៏ក្រសួងសង្គមកិច្ច មិនគួរចេញសេចក្ដីជូនដំណឹងដល់កម្មករ កម្មការិនីបែបនេះទេ ពីព្រោះថានឹងពុំមានបាតុកម្ម ឬភាពវឹកវរអ្វីកើតឡើងនោះទេ ប្រសិនបើយល់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យហើយនោះ។ លោកបន្តថា ការចេញសេចក្ដីជូនដំណឹងរបស់ក្រសួងនាពេលនេះ គឺធ្វើឡើងមិនបានស៊ីជម្រៅ ព្រោះគណបក្សសង្គ្រោះជាតិ និងកម្មករកម្មការិនីទាំងអស់ពុំមានអ្វីតបត ឬធ្វើឲ្យមានភាពវឹកវរឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
