លោក ហ៊ុន សែន គំរាម​​​បោះ​ឆ្នោត​ទម្លាក់​​អនុប្រធាន​ទី​១​​រដ្ឋ​សភា

0:00 / 0:00

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គំរាម​ដក​តំណែង​អនុ​ប្រធាន​ទី​១​រដ្ឋ​សភា។ លោក ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្ដុប​តិចណូ នៅ​ភ្នំពេញ។

ការ​ថ្លែង​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ប្រសាសន៍​របស់​អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ថា នឹង​ប្រើប្រាស់​យន្តការ​សភា​ដើម្បី​ដក​ហូត​តំណែង​រដ្ឋមន្ត្រី​ណា​ដែល​ប្រព្រឹត្ត​ពុករលួយ។

នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រដូច​សម្ដី​របស់​អនុ​ប្រធាន​ទី​១​រដ្ឋ​សភា លោក កឹម សុខា ទៅ​នឹង​កាំភ្លើង​ធំ​ដែល​បាញ់​ផ្លោង​ដាក់​បន្ទាយ​ទេវតា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​​ស្នើ​ឲ្យ​បក្ស​ប្រឆាំង​ផ្អាក​បាញ់​សិន ដើម្បី​ទុក​ឱកាស​ឲ្យ​ពលរដ្ឋ​បាន​ដាក់​បិណ្ឌ​និង​ធ្វើ​បុណ្យ​ភ្ជុំ​ឲ្យ​បាន​ស្ងប់​ចិត្ត។ប៉ុន្តែ​បើ​បក្ស​ប្រឆាំង​នៅ​តែ​រឹង​ទទឹង​នោះ លោក​នឹង​តបត​វិញ​ដោយ​មិន​សំចៃ​​ដៃ​ឡើយ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា អនុ​ប្រធាន​ទី​១​រដ្ឋសភា ចូល​កាន់​តំណែង​មិន​បាន​ប៉ុន្មាន​ផង ក៏​ស្រាប់​តែ​ឡើង​ដៃ ហើយ​បាញ់​មិន​ឈប់។ លោក​បន្ត​ថា បើ​អនុប្រធាន​ទី​១​រដ្ឋ​សភា​នៅ​តែ​ប៉ុនប៉ង​បោះ​ឆ្នោត​ទម្លាក់​រដ្ឋមន្ត្រី​ណា​ម្នាក់​ចេញ​ពី​តំណែង​នោះ ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ​រួច​បោះឆ្នោត​ជ្រើសតាំង​អនុ​ប្រធាន​ទី​១​រដ្ឋ​សភា​ថ្មី​តែម្ដង៖ «អើ​បើ​ចង់​ទម្លាក់​រដ្ឋមន្ត្រី អ៊ីចឹងOk បាន យើង​ទម្លាក់​អនុ​ប្រធាន​រដ្ឋ​សភា​បាន​តើ! យើង​យក​ហេតុផល​មួយ​ចំនួន​ដែល​លោក​ឯង​ធ្វើ​មិន​ត្រឹមត្រូវ​ដាក់​សុំ​បោះឆ្នោត​ដាក់​មនុស្ស​ជំនួស​តែម្ដង។ ឯកឧត្ដម​ថា​ចុះ តែ​ល្មមៗ​បាន​ហើយ មិន​ទាន់​បាន​អី​ផង​ចង់​ទម្លាក់​នាយករដ្ឋមន្ត្រី ទម្លាក់​រដ្ឋមន្ត្រី បើ​អ៊ីចឹង​ទម្លាក់​មុន​ទៅ​វើយ ដាក់​ភូស​ទៅ»

លោក ហ៊ុន សែន ថែម​ទាំង​ឌឺ​ដង​ថា អ្នក​ខ្លះ​ធ្វើ​បុណ្យ​ពេល​ថ្ងៃ​ធ្វើ​បាប​ពេល​យប់ អ្នក​ខ្លះ​សូត្រ​ធម៌​កាមេ​ពេល​ថ្ងៃ យប់​ឡើង​ក៏​ប្រព្រឹត្ត​ខុស​ផ្លូវ​កាម​ផង​ក៏​មាន។

ចំណែក​អនុ​ប្រធាន​ទី​១​រដ្ឋ​សភា លោក កឹម សុខា វិញ​លើក​ឡើង​ថា ច្បាប់​គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​អាច​បោះឆ្នោត​ទម្លាក់​រូប​លោក​ចេញ​ពី​តំណែង​មែន ប៉ុន្តែ​លោក ហ៊ុន សែន ក៏​ត្រូវ​គិត​ផង​ថា ខ្លួន​ចង់​បន្ត​ការពារ​មន្ត្រី​ពុករលួយ​ឬ​យ៉ាង​ណា?

លោក កឹម សុខា រំលឹក​ថា ​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀងគ្នា​បញ្ចប់​ទំនាស់​នយោបាយ​ហើយ​រួមគ្នា​ដោះស្រាយ​បញ្ហា​​ជាតិ ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថា គណបក្ស​កាន់​អំណាច​អាច​ហាម​បក្ស​ប្រឆាំង​មិន​ឲ្យ​រិះគន់​​បាន​ទេ៖ «តើ​គាត់​ចង់​ការពារ​រដ្ឋមន្ត្រី​ពុករលួយ ឬ​យ៉ាង​ណា? បើ​សិន​រដ្ឋមន្ត្រី​គាត់​ល្អ គ្នា​គាត់​ក៏​មិន​បោះ​ឆ្នោត​ទម្លាក់​ដែរ អត់​ឲ្យ​យើង​រិះគន់​សោះ​ឬ​យ៉ាង​ម៉េច?ឲ្យ​យើង​ជា​បក្ស​ប្រឆាំង​ហើយ​មិន​រិះគន់​ហ្នឹង​វា​ទៅ​រួច​ឬ​ទេ? គាត់​គំរាម​ថា ចង់​ដក​ចង់​អី​នេះ ខ្ញុំ​អត់​មាន​ភ្ញាក់​ផ្អើល​អី​ទេ ព្រោះ​ខ្ញុំ​មុន​នឹង​សម្រេច​ចិត្ត​ចូល​ហ្នឹង ខ្ញុំ​ដឹង​ហើយ​ថា​មាន​បញ្ហា​ច្រើន​ណាស់»

កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា លោក កឹម សុខា មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​គាំទ្រ​ជាង ២០០​នាក់​នៅ​ខេត្ត​សៀមរាប ថា គណបក្ស​សង្គ្រោះ​ជាតិ រក​ឃើញ​ថា មន្ត្រី​ពុករលួយ​មួយ​ចំនួន​កំពុង​សម្ងំ​កាន់​តំណែង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។ លោក​បន្ត​ថា សភា​អាណត្តិ​ទី​៥​នេះ មិន​មែន​ត្រឹមតែ​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល ឬ​ក៏​រដ្ឋមន្ត្រី​មក​សាកសួរ ហើយ​បញ្ចប់​រឿង​នោះ​ទេ ប៉ុន្តែ​ចង់​មិន​ចង់ គឺ​អាច​បោះឆ្នោត​ទម្លាក់​មន្ត្រី​រដ្ឋាភិបាល ឬ​ក៏​រដ្ឋមន្ត្រី​ណា​មួយ​ចេញ​ពី​តំណែង​ទៀត​ផង បើ​រក​ឃើញ​ថា​មន្ត្រី​ទាំង​នោះ​ប្រព្រឹត្ត​ពុករលួយ។

​ទាក់ទង​នឹង​ការ​ដក​តំណែង​នេះ គណបក្ស​ប្រជាជន​អាច​ប្រើ​យន្តការ​ច្បាប់​និង​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា ដើម្បី​រុះរើ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​សភា​ស្រេច​តែ​ចិត្ត​បាន​គ្រប់​ពេល​វេលា ព្រោះ​ថា គណបក្ស​កាន់​អំណាច​នេះ​មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​សភា។ គណបក្ស​នេះ​កាន់​តំណែង​ប្រធាន​រដ្ឋ​សភា និង​មាន​សមាជិក​អចិន្ត្រៃយ៍​សភា​ភាគ​ច្រើន​ដាច់​ខាត​ទៀត។ ប៉ុន្តែ​បើសិនជា​មាន​ការ​ដក​តំណែង​អនុ​ប្រធាន​ទី​១​រដ្ឋ​សភា​ពី​បក្ស​ប្រឆាំង​មែន​នោះ បាន​ន័យ​ថា គណបក្ស​កាន់​អំណាច​រំលោភ​កិច្ច​ព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ហើយ​ប្រហែល​ជា​អាច​នាំ​ឲ្យ​មាន​ប្រទូសរ៉ាយ​នយោបាយ​ជា​ថ្មី​ទៀត​ផង។

​អ្នក​តាម​ដាន​បញ្ហា​នយោបាយ​មួយ​ចំនួន​កត់​សម្គាល់​ថា គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ព្រមាន​គណបក្ស​ប្រឆាំង​ម្តង​រួច​ហើយ កាល​ពី​ខែ​សីហា ក្នុង​ពេល​ដែល​បោះឆ្នោត​ទម្លាក់​អ្នកស្រី មូរ សុខហួរ និង​លោក យឹម សុវណ្ណ មិន​ឲ្យ​កាន់​តំណែង​ជា​ប្រធាន​គណៈកម្មការ​ទី​៨ និង​ទី​១០ នៃ​រដ្ឋ​សភា​នោះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​សន្យា​ថា លោក​នឹង​បោស​សម្អាត​មន្ត្រី​អាក្រក់​ចេញ​ពី​ជួរ​រដ្ឋាភិបាល និង​ចាត់​ទុក​គណបក្ស​ប្រឆាំង​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​មន្ត្រី​​ពុករលួយ​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។