សារព័ត៌មាន Asian Correspondent រាយការណ៍ថា មេដឹកនាំផ្ដាច់ការពីររូបនៅអាស៊ីអាគ្នេយ៍ ដែលល្បីឈ្មោះខាងរំលោភបំពានសិទ្ធិមនុស្ស តាមរយៈការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ និងបំផ្លាញប្រជាធិបតេយ្យ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតី ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់សន្តិភាពខុងជឺ សម្រាប់ឆ្នាំ២០១៧។
ការប្រកាសជ្រើសរើសលោក ហ៊ុន សែន ជាបេក្ខភាពម្នាក់សម្រាប់ទទួលបានពានរង្វាន់សន្តិភាព ខុងជឺុះដ៏ចម្រូងចម្រាសរបស់ប្រទេសចិនឆ្នាំ២០១៧នេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាល របស់លោកកំពុងទទួលរងនូវការរិះគន់ និងថ្កោលទោសឥតស្រាកស្រាន្តពីគ្រប់ទិសទី ក្រោយពីបានធ្វើយុទ្ធនាការរម្លាយគណបក្សប្រឆាំងបានសម្រេច និងគាស់រម្លើងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបង្កើនការធ្វើទុក្ខបុកម្នេញ មកលើក្រុមសំឡេងប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។
នៅមិនបានមួយខែ មុនការប្រកាសអំពីការជ្រើសរើសលោកឲ្យទទួលបានពានរង្វាន់សន្តិភាពនេះ លោក ហ៊ុន សែន ដែលជាអតីតកម្មាភិបាលខ្មែរក្រហម និងជាបុរសហិង្សានិយម ធ្លាប់បាននិយាយដោយមិនអល់អែកថា ប្រសិនបើលោកបានដឹងជាមុន អំពីផែនការរបស់គណបក្សសង្គ្រោះជាតិ ដែលលោកខ្លួនឯងចោទថា ជាការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលតាមរយៈរូបភាព «បដិវត្តពណ៌» នោះលោកនឹងបញ្ជាឲ្យក្រុមរបស់លោក សម្លាប់ក្រុមអ្នកប្រឆាំងទាំងអស់នោះ ចោលតាំងតែពីពេលដែលពួកគេបានដឹកនាំធ្វើបាតុកម្មនៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដែលមានរាប់សែននាក់ចូលរួម នៅកណ្ដាលក្រុងភ្នំពេញមកម្ល៉េះ។ លោក ហ៊ុន សែន បង្ហើបថា លោកទើបតែទទួលបានព័ត៌មានថា ក្រុមបក្សប្រឆាំងបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ ជាថ្ងៃផ្ដាច់ព្រាត់រំលំរដ្ឋាភិបាលរបស់លោក។ លោក ហ៊ុន សែន ថ្លែងក្នុងឋានៈជានាយករដ្ឋមន្ត្រីថា លោកស្ដាយណាស់ដែលលោក មិនបានសម្លាប់អ្នកទាំងនេះ។
នេះមិនមែនជាលើកទីមួយទេ ដែលមេដឹកនាំផ្ដាច់ការរូបនេះ និយាយថ្លែងជាសាធារណៈអួតអាងតែពីរឿងកាប់សម្លាប់ពូជសាសន៍ខ្មែរខ្លួនឯង ដោយមិនខ្មាសបរទេស នៅចំពោះមុខប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់នេះ ខណៈដែលលោកត្រូវបានគេមើលឃើញថា តែងតែឱនលំទោននៅចំពោះមុខបរទេសជាពិសេសប្រទេសវៀតណាម ដែលបានលើកបន្តុបលោកឲ្យឡើងកាន់អំណាច កាលពីដើមទសវត្សរ៍ទី៨០។ កាលពីមុនពេលបោះឆ្នោតឃុំ-សង្កាត់ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ លោក ហ៊ុន សែន ក៏ធ្លាប់ថ្លែងសារគំរាមជាច្រើនលើកច្រើនសាអំពីសង្គ្រាម អំពីរឿងក្ដារមឈូស និងថាលោកសុខចិត្តកម្ទេចក្រុមប្រឆាំង ១០០ ទៅ២០០ នាក់ ប្រសិនបើចាំបាច់ ដើម្បីការពារសន្តិភាពសម្រាប់ប្រជាជនរាប់លាននាក់។ «»
កាលពីពេលថ្មីៗនេះទៀតសោត លោក ហ៊ុន សែន ទើបបានបញ្ជាឲ្យមន្ត្រីក្រោមបង្គាប់របស់លោក បាញ់សម្លាប់ក្មួយប្រសាលោក បើហ៊ានដៃជាមួយសមត្ថកិច្ចក្នុងករណីបង្ក្រាបល្បែងជល់មាន់ ដែលករណីនេះត្រូវបានគេមើលឃើញថា ជាការបញ្ជាឲ្យសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា ដែលពុំអនុញ្ញាតឲ្យមានច្បាប់ប្រហារជីវិតនោះ។
ពានរង្វាន់ដែលពិភពលោកមិនសូវស្គាល់ និងឲ្យតម្លៃដ៏ចម្រូងចម្រាសនេះ អមជាមួយទឹកប្រាក់ ១ម៉ឺន ៥ពាន់ដុល្លារអាមេរិក ត្រូវបានប្រគល់ដោយស្ថាប័នឯកជនមួយ បង្កើតឡើងកាលពីឆ្នាំ២០១០។ ដំបូងឡើយ ពានរង្វាន់នេះត្រូវបានបង្កើតឡើង ដោយសមាគមសិល្បៈជនជាតិដើមភាគតិចចិន នៅប្រទេសចិន។ អតីតប្រធានសមាគមនេះ គឺលោក តាន់ ចាងលីវ (Tan Changliu) អះអាងថា ពានរង្វាន់នេះ បង្កើតមានឡើងដើម្បីលើកកម្ពស់សន្តិភាពពិភពលោក ស្របតាមទស្សនវិស័យរបស់ក្រុមប្រទេសលោកខាងកើត។ ក៏ប៉ុន្តែ ការរៀបចំកម្មវិធីប្រគល់ពានរង្វាន់នេះ ត្រូវបានបិទដោយក្រសួងវប្បធម៌ចិន បង្ខំឲ្យអ្នករៀបចំកម្មវិធីនេះ ត្រូវផ្លាស់ទីកន្លែងប្រគល់ពានរង្វាន់ទៅទីក្រុងហុងកុងវិញ។ សមាគមនេះ បានប្ដូរឈ្មោះមកជាមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីសន្តិភាពអន្តរជាតិរបស់ប្រទេសចិន ដោយបានប្រគល់ពានរង្វាន់សន្តិភាពនេះ ដល់អ្នកនយោបាយផ្ដាច់ការមួយចំនួននៅលើពិភពលោក ដែលមានទំនោរទៅរកក្រុងប៉េកាំង។
កាលពីឆ្នាំ២០១៥ អតីតប្រធានាធិបតីហ្ស៊ីមបាវ៉េ (Zimbabwe) លោក រ៉ូប៊ឺត ម៉ូហ្កាបេ (Robert Mugabe) ដែលទើបត្រូវបានទម្លាក់ចេញពីអំណាចដោយក្រុមយោធារបស់លោក ហើយត្រូវបានពិភពលោកចោទប្រកាន់ថា បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេលដឹកនាំប្រទេសរយៈពេល ៣៧ ឆ្នាំរបស់លោក។ ក្រុមអ្នករៀបចំប្រគល់ពានរង្វាន់នេះ បានលើកឡើងអំពីគុណសម្បត្តិរបស់លោក មូហ្កាបេ ក្នុងការចូលរួមចំណែកដល់សុខ សន្តិភាពក្នុងទ្វីបអាហ្វ្រិក។ ក៏ប៉ុន្តែ ការប្រគល់ពានរង្វាន់នេះ ទទួលរងនូវការរិះគន់ពីគ្រប់ទិសទីពីសហគមន៍អន្តរជាតិ។ លោក មូហ្កាបេ បានបដិសេធមិនទទួលយកពានរង្វាន់នេះ។
អតីតជ័យលាភីដទៃទៀតដែលទទួលពានរង្វាន់សន្តិភាព ខុងជឺ របស់ប្រទេសចិននេះ ក៏រួមមាន អតីតប្រធានាធិបតី ផ្ដាច់ការរបស់គុយបា លោក ហ្វីដែល កាស្រូ លោកប្រធានាធិបតីរុស្ស៊ី លោក វល្លាដឺមីរ ពូទីន និងជនជាតិចិនមួយចំនួនទៀត។ សារព័ត៌មាន NPR របស់អាមេរិក បានហៅពានរង្វាន់នេះថាជា ពានរង្វាន់សន្តិភាពដែលពុំមានអ្នកចង់បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។