លោក ហ៊ុន សែន ចង់​ចង​សម្ពន្ធភាព​​ជាមួយ​ក្រុម​អ្នកកាសែត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​ចង​សម្ពន្ធភាព​ជាមួយ​អ្នក​កាសែត ដែល​បញ្ជាក់​ថា លោក​ពេញ​ចិត្ត​សកម្មភាព​របស់​ក្រុម​អ្នក​សារព័ត៌មាន។ លោក ហ៊ុន សែន ថ្លែង​ដូច្នេះ ក្នុង​ពេល​លោក​ទទួល​ពានរង្វាន់ «សន្តិភាព និង​ការ​អភិវឌ្ឍ» ដែល​ផ្ដល់​ដោយ សហព័ន្ធ​អ្នកសារព័ត៌មាន​អាស៊ាន(Union Media ASEAN-UMA) នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ថ្ងៃទី២៩ ខែ​មីនា។

លោក ហ៊ុន សែន ក៏​មាន​គម្រោង​ណាត់​ជួប​អ្នកកាសែត​មួយ​ឆ្នាំ​ម្ដង ដើម្បី​ជជែក​គ្នា​ផង បរិភោគ​បាយ​ជុំ​គ្នា​ផង​ដែរ៖« វិធី​ល្អ​ជាង​គេ គឺ​ការ​ជួប​ជុំ​មាន​ទទួល​ទាន​អាហារ និង​រាំ​កម្សាន្ត​តែ​ម្តង​ទៅ អស់​លោក​លោកស្រី​មិន​បាច់​ព្រួយ​បារម្ភ​ទេ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន យើង​ខ្ញុំ​ពូកែ​រៀបចំ​ណាស់​រឿង​នេះ សុំ​ឯកឧត្តម ខៀវ កាញារីទ្ធ ពិនិត្យ​មើល​តើ​មាន​ប៉ុន្មាន​ដើម្បី​យើង​កំណត់ តើ​គួរ​ជួប​គ្នា​នៅ​ណា ជួប​គ្នា​ផង ជជែក​គ្នា​ផង សួរ​គ្នា​ផង​ទើប​ឆ្ងាញ់​បាយ »

លោក ហ៊ុន សែន ថែម ទាំង​អះអាង​ថា លោក​ជា​នាយករដ្ឋមន្ត្រី ដែល​ជួប​អ្នកកាសែត​ច្រើន​ជាង​គេ។ លោក រំពឹង​ថា ការ​ជួបជុំ​គ្នា​ជាមួយ​ក្រុម​អ្នកកាសែត​នេះ មិន​រង​ការ​ចោទ​ប្រកាន់ថា លោក​ទិញ​ទឹកចិត្ត​អ្នកកាសែត​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។