Opens in new windowស្ថានទូតបារាំង ប្រចាំកម្ពុជា បញ្ជូនជំនាញការផ្នែកព័ត៌មានវិទ្យា លោក ហាមឺឌី (Hamidi) មកធ្វើការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់រយៈពេលមួយសប្ដាហ៍ក្នុងខែតុលា នេះ។
លោក ហាមឺឌី នឹងធ្វើការជាមួយ គ.ជ.ប សម្រាប់ការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ដើម្បីទប់ស្កាត់ការចុះឈ្មោះឲ្យអ្នកដែលមិនមានសិទ្ធិចុះឈ្មោះបោះឆ្នោត ទប់ស្កាត់ការចុះឈ្មោះស្ទួន និងធានាឲ្យអ្នកមានសិទ្ធិបោះឆ្នោតមានលទ្ធភាពចុះឈ្មោះបោះឆ្នោត។
ថ្លែងនៅក្នុងជំនួបជាមួយតំណាងស្ថានទូតបារាំង និងសហភាពអឺរ៉ុប នៅរសៀលថ្ងៃទី៦ តុលា លោក គួយ ប៊ុនរឿន បញ្ជាក់ថា បញ្ជីបោះឆ្នោតត្រូវមានតម្លាភាព គុណភាព និងសុវត្ថិភាពនៃទិន្នន័យអ្នកបោះឆ្នោត ដែលចំណុចទាំងនេះត្រូវរៀបចំគ្រប់គ្រងតាមប្រព័ន្ធកុំព្យូទ័រ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
មកទល់នឹងពេលនេះ គ.ជ.ប បានទទួលជំនាញការបរទេស ៣រូបហើយ ដើម្បីជួយកែទម្រង់ការបោះឆ្នោត។ ជំនាញការទាំងនោះ មកពីប្រទេសជប៉ុន ចំនួន ២រូប និងបារាំង ១រូប ហើយនៅថ្ងៃទី១៨ តុលា ខាងមុខ ជំនាញការម្នាក់ទៀតមកពីសហភាពអឺរ៉ុប ក៏នឹងមកដល់កម្ពុជា ដែរ ដើម្បីធ្វើការងារផ្នែកបច្ចេកទេសជាមួយ គ.ជ.ប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
