អ្នក​វិភាគ៖ បដិវត្តន៍​ព្យុះ​ប្រជាធិបតេយ្យ​អាច​ផ្ទុះ​ឡើង​បើ​មាន​ហិង្សា​ក្នុង​បាតុកម្ម

កីឡាករ​តែង​ទាមទារ​យុត្តិធម៌​ក្នុង​ការ​ប្រកួត ហើយ​យុត្តិធម៌​នេះ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​កម្រិត​នៃ​អព្យាក្រឹត្យ​ភាព​របស់​អាជ្ញា​កណ្ដាល។ ដោយសារ​តែ​អាជ្ញា​កណ្ដាល​ក្នុង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ត្រូវ​បាន​ទស្សនិកជន​ជាច្រើន​មើល​ឃើញ​ថា​លម្អៀង វប្បធម៌​ឡាំ​ប៉ា​តែង​តែ​កើត​មាន​ក្រោយ​ពេល​សម្រេច​លទ្ធផល។

0:00 / 0:00

ប្រសិន​បើ​ភាព​មិន​ប្រក្រតី​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​ចប់​ស្រេច​បាច់​មុន​ពេល​ចូល​សង្វៀន ទំនង​ជា​មិន​មាន​កីឡាករ​ណា​ហ៊ាន​ទាត់​ចោល​លទ្ធផល​នោះ​ឡើយ។ ចុះ​បើ​ការ​មិន​ទទួល​យក​លទ្ធផល​នាំ​ទៅ​ដល់​ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ តើ​នឹង​មាន​អ្វី​កើត​ឡើង?

ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ នេះ ការ​ដែល​គណបក្ស​ប្រឆាំង​មិន​ទទួល​យក​លទ្ធផល បាន​នាំ​ទៅ​ដល់​ដំណាក់​កាល​មួយ គឺ​គណបក្ស​នេះ​ស្នើសុំ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ត្រួត​ពិនិត្យ​ការ​បោះ​ឆ្នោត​ឡើង​វិញ។ ប៉ុន្តែ គ.ជ.ប ដែល​ជា​អាជ្ញា​កណ្ដាល បាន​បដិសេធ​មិន​ធ្វើ​តាម ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថា នឹង​ដឹក​នាំ​អ្នក​គាំទ្រ​របស់​ខ្លួន​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ប្រសិន​បើ​មិន​មាន​ដំណោះស្រាយ។

ដោយសារ​ប្រជាពលរដ្ឋ​ធ្លាប់​មើល​ឃើញ​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​រដ្ឋាភិបាល ក្នុង​ការ​តវ៉ា​មួយ​ចំនួន​កន្លង​មក ពួក​គាត់​កំពុង​ភ័យ​ខ្លាច​ថា អាច​នឹង​មាន​អំពើ​ហិង្សា​កើត​ឡើង ប្រសិន​បើ​បាតុកម្ម​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ មាន​លក្ខណៈ​ខ្លាំងក្លា ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​បង្ខំ​ចិត្ត​ជ្រើស​យក​កម្លាំង​បាយ​ធ្វើ​ជា​មធ្យោបាយ​បង្ក្រាប​ចលនា​បាតុកម្ម​នោះ។ បើ​សិន​ជា​ឈាន​ដល់​ដំណាក់​កាល​នោះ​ពិត​ប្រាកដ​មែន អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា រឿង​ធំ​មួយ​នឹង​កើត​ឡើង។

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច បាន​គាំទ្រ​ឲ្យ​មាន​ការ​សិក្សា​លើ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ភាគី​ទាំង​ឡាយ​ទទួល​យក​លទ្ធផល​ដោយ​ស្ងប់​ចិត្ត។ បើ​មិន​ដូច្នោះ​ទេ អ្នក​នយោបាយ​អាច​ដោះស្រាយ​តាម​វិធី​មួយ​ទៀត គឺ​ការ​ចែក​ស្ថាប័ន​គ្នា​ដឹក​នាំ មាន​ន័យ​ថា មាន​គណបក្ស​មួយ​ដឹក​នាំ​រដ្ឋាភិបាល គណបក្ស​មួយ​ទៀត​ដឹក​នាំ​សភា ឬ​ជ្រើស​យក​វិធី​មួយ​ទៀត គឺ​ដឹក​នាំ​រដ្ឋាភិបាល​ជា​មួយ​គ្នា ហើយ​យក​គោល​នយោបាយ​របស់​គណបក្ស​ទាំង​ពីរ​មក​អនុវត្ត ដោយ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​ឃ្លាំ​មើល​ការ​អនុវត្ត​របស់​ភាគី​ទាំង​ពីរ​វិញ។ ក៏ប៉ុន្តែ បើ​វិធី​ទាំង​ពីរ​នេះ​មិន​មែន​ជា​ជម្រើស​ដែល​ពួក​គេ​ចង់​បាន​ទេ ជម្រើស​ចុង​ក្រោយ គឺ​ប្រាកដ​ជា​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង។

លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​រដ្ឋាភិបាល​ចាំ​ផ្ទះ​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​សន្ទុះ​នៃ​ការ​តវ៉ា រហូត​ឈាន​ដល់​ការ​បង្ហូរ​ឈាម​នោះ នឹង​មាន​បដិវត្តន៍​មួយ​ដែល​លោក​ឲ្យ​ឈ្មោះ​ថា "បដិវត្តន៍​ព្យុះ​ប្រជាធិបតេយ្យ"៖ «បើ​សិន​ជា​ករណី​រាជ​រដ្ឋាភិបាល​ប្រើប្រាស់​កម្លាំង ហើយ​មិន​ទទួល​ស្គាល់ ប្រើប្រាស់​កម្លាំង​ទៅ​លើ​ជន​បាតុកម្ម ហើយ​មិន​មាន​ដំណោះស្រាយ ខ្ញុំ​ជឿជាក់​ថា ការ​បង្ហូរ​ឈាម​នេះ​នឹង​ក្លាយ​ទៅ​ជា​បដិវត្តន៍​ថ្មី នេះ​គេ​ហៅ​ថា បដិវត្តន៍​ព្យុះ​នៃ​ប្រជាធិបតេយ្យ»

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក កែម ឡី យល់​ឃើញ​ថា អំពើ​ហិង្សា​អាច​បញ្ចៀស​បាន អាស្រ័យ​លើ​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍ និង​ស្មារតី​របស់​គណបក្ស​ធំៗ​ទាំង​ពីរ​នេះ ក្នុង​ការ​គិតគូរ​ពី​សុខ​ទុក្ខ​របស់​រាស្ត្រ៖ «ការ​តវ៉ា​វា​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ហើយ​ថា តើ​រដ្ឋាភិបាល​មាន​សមត្ថភាព​គ្រប់គ្រង​បាតុកម្ម កូដកម្ម​ហ្នឹង​ដែរ​ឬ​ក៏​យ៉ាង​ណា? អា​ហ្នឹង​វា​ជា​រឿង​មួយ ហើយ​ខ្ញុំ​គិត​ថា ខ្មែរ​យើង​ទាំង​គណបក្ស​ប្រជាជន ទាំង​គណបក្ស​ប្រឆាំង បើ​គាត់​តម្កល់​ផល​ប្រយោជន៍​រួម ផល​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ខ្ញុំ​គិត​ថា អត់​មាន​បញ្ហា​អី​ដែល​ថា​ដោះស្រាយ​មិន​ចេញ​ទេ។ ហើយ​មួយ​ទៀត បើ​សិន​ជា​ការ​បោះ​ឆ្នោត​ហ្នឹង​យុត្តិធម៌ ត្រឹមត្រូវ មាន​តម្លាភាព គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ក៏​មិន​មាន​អ្វី​ដែល​ត្រូវ​ប្រកែក​បង្កើត​គណៈកម្មការ​បន្ត​ទៀត ដើម្បី​តាម​ដាន​ត្រួត​ពិនិត្យ​ស្រាវជ្រាវ​មើល​ដែរ»

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ចង់​ឲ្យ​មាន​បាតុកម្ម​កើត​ឡើង​នោះ​ទេ តែ​បើ​សិន​ជា​សំណើ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​ត្រូវ​បាន​ទាត់​ចោល នោះ​ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​អាច​ជា​ជម្រើស​ចុង​ក្រោយ៖ «យើង​ចង់​ចៀស​វាង​ណាស់​ការ​ដែល​ធ្វើ​បាតុកម្ម ឬ​ការ​ធ្វើ​កូដកម្ម​នេះ។ យើង​ចង់​ចៀស​វាង​រឿង​ហ្នឹង។ យើង​ចង់​ឲ្យ​ភាគី​ទាំងអស់​មក​អង្គុយ​នៅ​លើ​តុ ដើម្បី​ចរចា​រក​វិធី​ដោះស្រាយ។ នេះ​ជា​គោល​បំណង​ធំ​របស់​យើង»

លោក ឈាង វុន សមាជិក​សភា​នីតិកាល​ទី៤ និង​ជា​បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​បាត់ដំបង របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មាន​តួនាទី​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម ព្រោះ​រដ្ឋាភិបាល​បច្ចុប្បន្ន​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់៖ «រដ្ឋាភិបាល​មិន​ទាន់​ចប់​ពី​តួនាទី​របស់​ខ្លួន​នៅ​ពេល​ដែល​មិន​ទាន់​បង្កើត​សភា​ថ្មី។ លោក​មាន​ភារកិច្ច​ការពារ​សន្តិសុខ​សង្គម សណ្ដាប់​ធ្នាប់​សង្គម ហើយ​និង​អចិន្ត្រៃយ៍​ភាព​នៃ​រដ្ឋ។ រដ្ឋាភិបាល​សព្វថ្ងៃ​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែល​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​អាណត្តិ​ទី​៤។ លោក​មាន​សិទ្ធិ​គ្រប់​យ៉ាង​ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់​ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ»

ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​ធ្វើ​បាតុកម្ម​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​អាច​ហាម​ឃាត់​ប្រជាពលរដ្ឋ​មិន​អោយ​ធ្វើ​បាតុកម្ម​ក្រោម​ហេតុផល​ថា ដើម្បី​ចៀស​វាង​អំពើ​ហិង្សា​នោះ​ឡើយ។ បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ គឺ​អព្យាក្រឹត្យ​ភាព​របស់​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​មាន​ភារកិច្ច​រក្សា​សន្តិសុខ សណ្ដាប់​ធ្នាប់​របស់​សង្គម​ជាតិ៖ «បញ្ហា​រាល់​ថ្ងៃ​នេះ ដោយសារ​ទាហាន ហើយ​និង​ប៉ូលិស​ហ្នឹង គាត់​បក្ស​ពេក។ បើ​សិន​ជា​គាត់​អត់​គិត​បក្ស​ទេ ជា​ទូទៅ គាត់​អាច​ថែ​រក្សា​បញ្ហា​បាតុកម្ម​បាន ហើយ​មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ ប្រសិន​បើ​ការ​ធ្វើ​បាតុកម្ម​ហ្នឹង​ដោយ​សម្រប​សម្រួល​ច្រើន​ទៅ អា​ហ្នឹង​ខ្ញុំ​មើល​ទៅ​អាច​ចៀស​វាង​នូវ​អំពើ​ហិង្សា​បាន​បាទ»

លោក អ៊ូ វីរៈ បាន​បន្ថែម​ទៀត​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​គណបក្ស​ប្រជាជន​កម្ពុជា គួរ​យល់​ព្រម​ក្នុង​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៅ​ពេល​បោះ​ឆ្នោត​ឡើង​វិញ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។