ជប៉ុន​នឹង​បង្កើន​ទំនាក់​ទំនង​លើ​វិស័យ​អប់រំ និង​សុខាភិបាល​ជាមួយ​កម្ពុជា

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo ABE) នឹង​មក​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា ឱ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ស៊ីនហ្សូ អាបេ នឹង​ចូល​គាល់​ព្រះមហាក្សត្រ និង​ជួប​ពិភាក្សា​ជាមួយ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

បន្ទាប់​មក លោក​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន​ពីរ គឺ​ទី​១ កិច្ច​ព្រមព្រៀង​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ជប៉ុន ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អប់រំ និង​បណ្ដុះ​បណ្ដាល​ក្នុង​វិស័យ​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ និង​ទី​២ គឺ​អនុស្សរណៈ​ស្ដីពី​សហប្រតិបត្តិការ​រវាង​ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​សុខាភិបាល ការងារ និង​សុខុមាលភាព​ជប៉ុន។

លោក ស៊ីនហ្សូ អាបេ ក៏​នឹង​ចូល​រួម​សន្និសីទ​ស្ដីពី​សេវា​សុខភាព និង​វេជ្ជសាស្ត្រ ហើយ​ទស្សនា​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក។

ដំណើរ​ទស្សនកិច្ច​របស់ លោក ស៊ីនហ្សូ អាបេ គឺ​ជា​ការ​ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​កម្ពុជា និង​ជប៉ុន នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ចុង​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។