អ្នកជំនាញកិច្ចការបោះឆ្នោតជប៉ុន ប្ដេជ្ញាជួយពិនិត្យនីតិវិធីនិងបច្ចេកទេសនៃការចុះឈ្មោះថ្មីរបស់អ្នកបោះឆ្នោតនៅកម្ពុជា។ ការប្ដេជ្ញានេះ ធ្វើឡើងបន្ទាប់ពីអ្នកជំនាញនោះ បានជួបពិភាក្សាការងារជាមួយគណៈកម្មការបច្ចេកទេស គ.ជ.ប កាលពីរសៀលថ្ងៃទី២០ ខែឧសភា។
ការត្រៀមលក្ខណៈរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងការរៀបចំបច្ចេកទេសនៃការចុះឈ្មោះបោះឆ្នោត និងនីតិវិធីចុះឈ្មោះបោះឆ្នោត គឺជាព័ត៌មានថ្មីដែលក្រុមអ្នកបច្ចេកទេសជប៉ុន ចង់ដឹងចង់ឮនៅក្នុងជំនួបទ្វេភាគីជាមួយគណៈកម្មការបច្ចេកទេស គ.ជ.ប នៅរសៀលថ្ងៃទី២០ ខែឧសភា។
លោក ខន កែវមនោ អនុប្រធានផ្នែកព័ត៌មានសាធារណៈ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបបិទទ្វារ ៣ម៉ោង នៅ គ.ជ.ប នោះថា ដើម្បីធានាអំពីសុក្រឹតភាពនៃការបោះឆ្នោតខាងមុខ ក្រុមអ្នកបច្ចេកទេសជប៉ុន ដែលរដ្ឋាភិបាលជប៉ុន បានបញ្ជូនមកនេះ ប្ដេជ្ញាជួយពិនិត្យមើលបច្ចេកទេស និងនីតិវិធីចុះឈ្មោះបោះឆ្នោត៖ «ជប៉ុនជួយពិនិត្យមើលទៅលើបទបញ្ជា និងនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត ព្រោះការបោះឆ្នោតឥឡូវនេះតាមប្រព័ន្ធថ្មី គឺប្រើប្រាស់ស្នាមមេដៃ និងរូបថត»។
គោលការណ៍ថ្មីនៃនីតិវិធីចុះឈ្មោះបោះឆ្នោតដែល គ.ជ.ប នឹងត្រូវអនុវត្តក្នុងពេលខាងមុខនេះ គឺការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ ដើម្បីអោយដំណើរការនេះបានលឿន និងមានប្រសិទ្ធភាពខ្ពស់។
យ៉ាងណាក៏ដោយ ប្រធានក្រុមការងារបច្ចេកទេសជប៉ុន លោក ធូមីហ្សាវ៉ា រីយ៉ូជិ (Tomizawa Ryuichi) មិនទាន់បញ្ជាក់បានភ្លាមៗទេថា តើ គ.ជ.ប ថ្មីនេះ នឹងមានឯករាជ្យភាពដែលធ្វើឲ្យការបោះឆ្នោតលើកក្រោយមានយុត្តិធម៌ និងតម្លាភាពប៉ុណ្ណានោះ? ទោះបីជាបែបនេះក្តី លោកថា បញ្ហានេះទុកអោយប្រជាពលរដ្ឋកម្ពុជា ជាអ្នកតាមដានចុះ។
កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ដដែលនេះ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានជួបពិភាក្សាជាមួយគណៈប្រតិភូសហគមន៍អឺរ៉ុប ដាច់ដោយឡែកមួយទៀត។ ក្នុងជំនួបនោះ មិនខុសពីជប៉ុន ឡើយ ពោលគឺសហគមន៍អឺរ៉ុប បានប្ដេជ្ញាថា នឹងជួយដល់ការរៀបចំបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ដែលនឹងចាប់ផ្ដើមធ្វើការនៅថ្ងៃខាងមុខនេះ និងផ្ដល់ការអប់រំដល់អ្នកបោះឆ្នោតផងដែរ។
នៅដំណាច់ឆ្នាំ២០១៥នេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតនឹងរៀបចំធ្វើការចុះបញ្ជីសាកល្បងតាមបច្ចេកទេសថ្មី ហើយនៅដើមឆ្នាំ២០១៦ ក៏នឹងចាប់ផ្ដើមរៀបចាំបញ្ជីបោះឆ្នោតថ្មីសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ នៅឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨។
នៅព្រឹកថ្ងៃទី២១ ខែឧសភា ក្រុមការងារបច្ចេកទេសជប៉ុន ដដែល គ្រោងជួបជាមួយសមាជិក គ.ជ.ប ទាំង ៩នាក់ និងបន្តជួបជាមួយអ្នកជំនាញកុំព្យូទ័ររបស់កម្ពុជា នៅ គ.ជ.ប នៅពេលរសៀល ប៉ុន្តែមិនទាន់បង្ហាញពីប្រធានបទពិភាក្សានៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។