ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជំរុញមន្ត្រីបក្សឲ្យពន្លឿនការផ្លាស់ប្ដូរស្លាកសញ្ញាគណបក្ស។ សេចក្តីណែនាំរបស់លោក កឹម សុខា ចុះថ្ងៃទី៤ សីហា ផ្ញើទៅកាន់ថ្នាក់ដឹកនាំគណបក្សរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌនៅទូទាំងប្រទេស ក្រៅតែពីស្នើពន្លឿនការផ្លាស់ប្ដូរស្លាកសញ្ញាគណបក្សឲ្យបានឆាប់រហ័ស លោក កឹម សុខា បញ្ជាក់ថា ក្នុងករណីដែលមិនទាន់មានគំរូស្លាកសញ្ញាគណបក្សថ្មីទៅជំនួស លោកស្នើឲ្យដោះចេញនូវស្លាកសញ្ញាគណបក្សចាស់ដែលមានរូបចាប់ដៃរវាងលោក និងលោក សម រង្ស៊ី ចេញ។
ការណែនាំរបស់លោក កឹម សុខា នេះ គឺក្រោយពីច្បាប់ស្ដីពីគណបក្សនយោបាយ ត្រូវបានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ធ្វើវិសោធនកម្មជាលើកទី២ ហើយត្រូវបានប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក សាយ ឈុំ ចុះហត្ថលេខាប្រកាសឲ្យប្រើកាលពីពេលថ្មីៗនេះ ក្នុងពេលដែលគ្មានវត្តមានរបស់ព្រះមហាក្សត្រ។
កាលពីខែមីនា ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យតំណាងរាស្ត្របក្សកាន់អំណាចធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយជាលើកទី១ ដោយហាមមិនឲ្យទណ្ឌិតធ្វើជាប្រធាន អនុប្រធាន និងជាសមាជិកគណៈកម្មការនាយកគណបក្សនោះ បានបង្ខំឲ្យលោក សម រង្ស៊ី លាលែងពីតំណែងប្រធានបក្សភ្លាមៗ។ ចំណែកវិសោធនកម្មលើកទី២ នេះ គឺហាមមិនឲ្យគណបក្សនយោបាយប្រើប្រាស់សារជាសំឡេង រូបភាព ឬសកម្មភាពរបស់ទណ្ឌិតសម្រាប់ផលប្រយោជន៍គណបក្សតែម្តង។
ការធ្វើវិសោធនកម្មជាលើកទី២ នេះ ត្រូវបានបក្សកាន់អំណាចប្រកាសដោយឥតលាក់លៀមថា គឺដើម្បីបញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី តែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។