មេ​បក្ស​ប្រឆាំង​ប្រាប់​មន្ត្រី​ជាប់​ឆ្នោត​សហការ​ជាមួយ​មន្ត្រី​បក្ស​កាន់​អំណាច​ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន

0:00 / 0:00

ប្រមុខ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ណែនាំ​អនាគត​មេ​ឃុំ-ចៅ​សង្កាត់ និង​សមាជិក​ក្រុម​ប្រឹក្សា​របស់​ខ្លួន ឲ្យ​សហការ​ជាមួយ​មន្ត្រី​ឃុំ-សង្កាត់​ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធ្វើ​ការ​រួម​គ្នា​អភិវឌ្ឍ​មូលដ្ឋាន។ មេ​ដឹកនាំ​បក្ស​ប្រឆាំង​ថ្លែង​បែប​នេះ នៅ​ក្នុង “វេទិកា​ថ្លែង​អំណរ​គុណ​ម្ចាស់​ឆ្នោត” នៅ​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ព្រឹក​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៧។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ថា លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ បង្ហាញ​ពី​ជោគជ័យ​ថ្មី​មួយ​ទៀត​របស់​គណបក្ស​ប្រឆាំង ដែល​បាន​កើន​ឡើង​សំឡេង​គាំទ្រ​ពី​ប្រមាណ ៣០​ភាគរយ​កាល​ពី​ឆ្នាំ​២០១២ ទៅ ៤៥​ភាគរយ​នៅ​ឆ្នាំ​២០១៧។

លោក​បាន​ផ្ដាំ​ទៅ​មន្ត្រី​ឃុំ-សង្កាត់​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា​ត្រូវ​បោះ​ដៃ​ទៅ​រក​មន្ត្រី​ឃុំ-សង្កាត់​នៃ​គណបក្ស​កាន់​អំណាច​មុន ដើម្បី​សហការ និង​ធ្វើ​ការ​រួម​គ្នា​ឲ្យ​មាន​ប្រសិទ្ធភាព សម្រាប់​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ ដោយ​មិន​ត្រូវ​ប្រកាន់​បក្ខពួក​ឡើយ។ លោក កឹម សុខា ក៏​បាន​ផ្ដាំ​ទៅ​មន្ត្រី​ឃុំ-សង្កាត់​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ខិតខំ​អនុវត្ត​កម្មវិធី​នយោបាយ​ដែល​គណបក្ស​បាន​ដាក់​ចេញ៖ «គាត់​មាន​ពិសោធន៍​ចាស់ យើង​មាន​គំនិត​ល្អ​ថ្មីៗ រួម​គ្នា​គិត ​ធ្វើ​យ៉ាង​ណា​រក​វិធី​ណា​ដើម្បី​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​សុខ​សប្បាយ​ក្នុង​ភូមិ​ឃុំ​ទៅ ទោះ​ជា​អ្នក​បោះឆ្នោត​ឱ្យ​គណបក្ស​កាន់​អំណាច​ក៏​សប្បាយ អ្នក​បោះឆ្នោត​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​​ក៏​សប្បាយ​ ឱ្យ​តែ​អ្នក​ដឹកនាំ​រួម​គ្នា​បម្រើ​ប្រជាពលរដ្ឋ សប្បាយ​ទាំង​អស់​គ្នា ឈប់​ឈ្លោះ​គ្នា​ត​ទៅ​ទៀត​ទៅ​បងប្អូន»

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ថា នេះ​ជា​គំនិត​ល្អ ហើយ​បើ​សិន​ជា​អនុវត្ត​បាន​មែន​នោះ វា​នឹង​មិន​ធ្វើ​ឲ្យ​មាន​បញ្ហា​អ្វី​ស្មុគស្មាញ​ក្នុង​សង្គម​ដូច​ការ​បោះឆ្នោត​អាណត្តិ​មុនៗ​នោះ​ទេ។ ទោះ​បី​ជា​យ៉ាង​ណា លោក​មិន​ទាន់​ជឿជាក់​ទាំងស្រុង​លើ​ការ​ប្រកាស​របស់​មេ​ដឹកនាំ​បក្ស​ប្រឆាំង​នោះ​ទេ ដោយ​រង់ចាំ​មើល​ការ​អនុវត្ត​ជា​មុន​សិន៖ «ចំណុច​ទី​មួយ យើង​នៅ​មិន​ទាន់​ជឿ​ជាក់​ទាំង​ស្រុង​ទេ យើង​ត្រូវ​ស្ដាប់​ទ្រឹស្ដី​សិន​ ហើយ​យើង​ទៅ​ពិនិត្យ​មើល​សកម្មភាព​ការងារ​​ជាក់ស្ដែង​ថា តើ​មាន​ការ​អនុវត្ត​ដូច​ទ្រឹស្ដី​ដែល​បាន​និយាយ​ដែរ ឬ​អត់? ចំណុច​ទី​ពីរ​ខ្ញុំ​យល់​ថា ចង់​មិន​ចង់ អស់​លោក​ជា​មេឃុំ​ចៅ​សង្កាត់​របស់​គណបក្ស​សង្គ្រោះជាតិ ចាំបាច់​ត្រូវ​តែ​អនុវត្ត​ត្រឹម​ត្រូវ​តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់​ ដែល​មាន​ជា​ធរមាន​រួច​ហើយ»

ទន្ទឹម​នឹង​នេះ លោក សុខ ឥសាន បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​កែលំអ​ចំណុច​ខ្វះខាត​របស់​ខ្លួន ព្រម​ទាំង​ខិតខំ​បំពេញ​តាម​តម្រូវការ​របស់​ពលរដ្ឋ ដើម្បី​ដណ្ដើម​ជ័យជម្នះ​នៅ​ពេល​បោះឆ្នោត​ជាតិ​ខាង​មុខ។

ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ថា​ខ្លួន​ទទួល​បាន​សំឡេង​គាំទ្រ​ជាង ៥១​ភាគរយ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា​ខ្លួន​ទទួល​បាន​សំឡេង​គាំទ្រ ៤៦​ភាគរយ។ ចំណែក​ឯ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​វិញ វាយ​តម្លៃ​ជា​បឋម​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល ៤៨​ភាគរយ និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៤៥​ភាគរយ​នៃ​សំឡេង​ឆ្នោត​បាន​ការ​សរុប។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា និកហ្វិច (NICFEC) លោក សំ គន្ធាមី កត់​សម្គាល់​ថា វប្បធម៌​នៃ​ការ​ធ្វើ​ការ​រួម​គ្នា មិន​ទាន់​បាន​ចាក់​ឫស​ជ្រៅ​នៅ​កម្ពុជា ឡើយ ពោល​គឺ​មាន​តែ​ការ​រើសអើង​ផ្នែក​នយោបាយ។ លោក​បន្ត​ថា ពលរដ្ឋ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ឲ្យ​គណបក្ស​ណា​ក៏ដោយ គឺ​សុទ្ធតែ​ដើម្បី​ផល​ប្រយោជន៍​រួម ដូច្នេះ​ការ​ធ្វើ​ការ​រួម​គ្នា នឹង​អាច​ជួយ​ឲ្យ​ការ​អភិវឌ្ឍ​មូលដ្ឋាន​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​ឆាប់​រហ័ស៖ «គួរ​តែ​ប្ដូរ​ឆន្ទៈ​រើស​អើង​ហ្នឹង យើង​ធ្វើ​ការ​រួម​គ្នា​ទៅ​ដើម្បី​ផល​ប្រយោជន៍​សហគមន៍​ ឬ​ប្រទេស​ជាតិ​ជាមួយ​គ្នា។ សភា​ក៏​ដោយ គេ​ជួយ​គ្នា អ្នក​ថ្មី និង​អ្នក​ចាស់​ គេ​សហការ​គ្នា​ដើម្បី​រៀបចំ​អភិវឌ្ឍន៍​ប្រទេស​គេ»

ទន្ទឹម​នឹង​ការ​ផ្តាំ​ផ្ញើ​ឲ្យ​មន្ត្រី​ឃុំ-សង្កាត់​ជាប់​ឆ្នោត​ឲ្យ​ធ្វើ​ការ​រួម​គ្នា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏​បាន​ឆ្លើយតប​ចំពោះ​ការ​លើក​ឡើង​របស់​បក្ស​កាន់​អំណាច​ដែរ ដែល​ប្រៀប​ប្រដូច​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នេះ ថា​មាន​ចរិត​ដូច​ការ​បោះឆ្នោត​ជាតិ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ផ្ដួល​គណបក្ស​កាន់​អំណាច​បាន​នោះ គឺ​ជា​ការ​លើក​ឡើង​មួយ​ដែល​មិន​ត្រឹមត្រូវ។ លោក​ថា ការ​បោះឆ្នោត​ឃុំ-សង្កាត់​នេះ គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ចេញ​តែ​គោល​នយោបាយ​ថ្នាក់​មូលដ្ឋាន​ប៉ុណ្ណោះ មិន​ទាន់​បាន​បញ្ចេញ​គោល​នយោបាយ​ថ្នាក់​ជាតិ​នៅ​ឡើយ​ទេ។

លោក កឹម សុខា បញ្ជាក់​ថា គោល​នយោបាយ​ថ្នាក់​ជាតិ​សម្រាប់​ការ​ប្រកួត​ប្រជែង​ឆ្នាំ​២០១៨ រួម​មាន ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ឲ្យ​យុត្តិធម៌ ការ​លុប​បំបាត់​អំពើ​ពុក​រលួយ ការ​បង្កើត​ការងារ​ជួយ​ដល់​យុវជន និង​ការ​ស្វែងរក​ទីផ្សារ​កសិផល ជាដើម។ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​ទាំងនេះ លោក កឹម សុខា រំពឹង​ថា គណបក្ស​របស់​លោក​នឹង​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។