ប្រធានក្រុមភាគតិចនៅក្នុងរដ្ឋសភា លោក សម រង្ស៊ី និងលោក ស ខេង ប្រធានក្រុមភាគច្រើន បានជួបគ្នារយៈពេលជាងមួយម៉ោងនៅវិមានរដ្ឋសភា នៅល្ងាចថ្ងៃទី៤ តុលានេះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ឲ្យដឹងថា មេដឹកនាំគណបក្សទាំងពីរ លោក សម រង្ស៊ី និង លោក ស ខេង បានជួបពិភាក្សាគ្នាសម្ងាត់ចាប់ពីម៉ោង៥ដល់ម៉ោង៦ និង១៥នាទី ល្ងាចថ្ងៃនេះដើម្បីពិភាក្សាពីស្ថានការណ៍នយោបាយថ្មីៗ។
ទោះបីជាយ៉ាងនេះក្ដី លោក អេង ឆៃអ៊ាង មិនបានឲ្យដឹងលំអិតអំពីលទ្ធផល ជំនួបមេដឹកនាំទាំងពីរនេះទេដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថាការជួបគ្នានេះមេដឹកនាំទាំងពីរ បានឯកភាពរក្សាកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ដើម្បីអនុវត្តបន្តទៀត។
ការជួបគ្នានេះធ្វើឡើងភ្លាមៗបន្ទាប់ពីលោក សម រង្ស៊ី វិលត្រលប់ពីបរទេសវិញកាលពីយប់ថ្ងៃទី៣ តុលា។ លោក សម រង្ស៊ី ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា លោក នៅតែរក្សាវប្បធម៌សន្ទនា ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមានដ៏ចម្រូងចម្រាស់ រវាងគណបក្សជាប់ឆ្នោតទាំងពីរបន្តទៀត។
លោក សម រង្ស៊ី សំដែងសុទិដ្ឋិនិយមថាការប្រើប្រាស់វប្បធម៌សន្ទនានេះដើម្បីអាចឈានដល់ការដោះលែងសកម្មជនគណបក្សសង្រ្គោះជាតិ ចំនួន១៥នាក់កំពុងជាប់ឃុំនោះ។
ឆ្លើយតបនឹងការលើកឡើងពីការប្រើប្រាស់វប្បធម៌សន្ទនានេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យដឹងថាគណបក្សប្រជាជនកម្ពុជា ស្វាគមន៍និងនៅតែរក្សាវប្បធម៌សន្ទនាដើម្បីដោះស្រាយបញ្ហាជាមួយគណបក្សប្រឆាំង។ លោក សុខ ឥសាន អះអាងថាគណបក្សកាន់អំណាច បានប្រើវប្បធម៌សន្ទនានេះតាំងពីយូរមកហើយ។
លោក ជុន ច័ន្ទបុត្រ សម្ភាសលោក សុខ ឥសាន បន្ថែម អំពីផែនការនៃការជួបគ្នាម្ដងទៀតរបស់គណបក្សទាំង២៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។