តួនាទី​របស់​ព្រះមហាក្សត្រ​នៅ​ពេល​សង្គម​ជួប​វិបត្តិ​នយោបាយ

ស្ថានភាព​ជាប់​គាំង​នយោបាយ​មិន​ទាន់​រក​ដំណោះស្រាយ​ឃើញ​នៅ​ឡើយ​រវាង​គណបក្ស​ទាំង​ពីរ បន្ទាប់​ពី​មាន​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​យ៉ាង​ចាស់​ដៃ​កន្លង​មក។ ទោះ​បី​ជា​គណបក្ស​ទាំង​ពីរ​ហាក់​ចង់​បើក​ផ្លូវ​ឲ្យ​មាន​ការ​ចរចា​គ្នា​ឡើង​វិញ​ក្ដី ប៉ុន្តែ​មក​ទល់​ពេល​នេះ​មិន​មាន​តម្រុយ​អំពី​ការ​ចរចា​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ស្ថានភាព​នយោបាយ​អាច​នឹង​តឹងតែង​ទៅ​វិញ នៅ​ពេល​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​កំពុង​ជាប់​បណ្ដឹង​នយោបាយ​នេះ។

0:00 / 0:00

ក្រុម​អ្នក​ច្បាប់ និង​អ្នក​វិភាគ​នយោបាយ​បាន​លើក​ឡើង​ថា នៅ​ក្នុង​ដំណាក់​កាល​នេះ គណបក្ស​នយោបាយ​ទាំង​ពីរ​ត្រូវ​តែ​យាង​ព្រះមហាក្សត្រ​ឲ្យ​ធ្វើ​ជា​ព្រះរាជ​តួនាទី​ជា​អាជ្ញា​កណ្ដាល ក្នុង​ការ​បើក​កិច្ច​ចរចា​រក​ដំណោះស្រាយ​នយោបាយ​ឡើង​វិញ។

ស្ថានភាព​នយោបាយ​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស​រហូត​ដល់​មាន​ការ​បង្ក្រាប​ខ្លាំង​ក្លា​ទៅ​លើ​ក្រុម​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​កម្មករ​កន្លង​មក​នេះ ស្ថាប័ន​ព្រះមហាក្សត្រ​ហាក់​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ស្ងៀមស្ងាត់​នៅ​ឡើយ។

នៅ​ក្នុង​បរិបទ​នយោបាយ​ជាប់​គាំង​បាន​អូស​បន្លាយ​ពេល​ជាច្រើន​ខែ​មក​ហើយ​នេះ ក្រុម​អ្នក​ច្បាប់ និង​អ្នក​វិភាគ​នយោបាយ បាន​លើក​ឡើង​ថា ព្រះមហាក្សត្រ​មាន​ព្រះរាជ​តួនាទី​ដ៏​ខ្ពង់ខ្ពស់​ជា​អាជ្ញា​កណ្ដាល និង​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ជា​ច្បាប់​កំពូល​របស់​កម្ពុជា នោះ គឺ​ព្រះមហាក្សត្រ​ព្រះអង្គ​ត្រូវ​បំពេញ​ព្រះរាជ​តួនាទី កោះ​ហៅ​តំណាង​គណបក្ស​ទាំង​ពីរ​ឲ្យ​ចូល​តុ​ចរចា​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នេះ។

អតីត​ព្រះ​លេខា​ផ្ទាល់​ព្រះ​មហា​វីរក្សត្រ ព្រះ​បរម​កោដ្ឋ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​ព្រះរាជ​បន្ទូល​ថា ព្រះអង្គ​មិន​បាន​ស្នើ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​យាង​ព្រះអង្គ​ឲ្យ​កោះ​ហៅ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ជួប​ចរចា​រក​ដំណោះស្រាយ​នយោបាយ​នោះ​ទេ ដោយ​ព្រះអង្គ​ទុក​ឲ្យ​ព្រះមហាក្សត្រ​សម្រេច​ព្រះទ័យ​ដោយ​អង្គ​ឯង។ ប៉ុន្តែ ក្នុង​ស្ថានភាព​កាន់​តែ​តឹងតែង និង​មាន​អំពើ​ហិង្សា​ដោយ​ការ​បង្ហូរ​ឈាម​នេះ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​ព្រះរាជ​បន្ទូល​ថា ព្រះមហាក្សត្រ​ត្រូវ​មាន​ភារកិច្ច​បំពេញ​ព្រះរាជ​តួនាទី​របស់​ព្រះអង្គ៖ «ការ​វាស់​ស្ថានការណ៍​ប្រទេស​ជាតិ​យើង ប្រសិន​ជា​កើត​បញ្ហា​ធំ គួរ​ណា​ព្រះករុណា​ព្រះមហាក្សត្រ កោះ​ប្រជុំ​គណបក្ស​ទាំង​ពីរ ដើម្បី​រក​ដំណោះស្រាយ»

ទាក់ទង​នឹង​បញ្ហា​នេះ មុន​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន និង​បណ្ឌិត​បី​រូប​បាន​ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​យាង​ព្រះអង្គ​កោះ​ហៅ​តំណាង​គណបក្ស​ទាំង​ពីរ​មក​ជួប​គ្នា​ចរចា​រក​ដំណោះស្រាយ​នយោបាយ​នេះ។

បន្ថែម​ពី​លើ​នេះ បណ្ឌិត​ទាំង​បី​រូប​រួម​មាន លោក​បណ្ឌិត ឡៅ ម៉ុងហៃ លោក​បណ្ឌិត សុខ ទូច និង​លោក​បណ្ឌិត កែម ឡី ក៏​បាន​ដាក់​លិខិត​ទៅ​មេ​ដឹក​នាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ដែរ គឺ​ដាក់​ទៅ លោក ហ៊ុន សែន ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ដាក់​ទៅ លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ យាង​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង គង់​ជា​ព្រះ​រាជាធិបតី និង​ជា​អាជ្ញា​កណ្ដាល​ក្នុង​ការ​ចរចា​រវាង​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ដ៏​ជ្រាលជ្រៅ​នេះ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា នៅ​ក្នុង​កាលៈទេសៈ​នេះ ព្រះមហាក្សត្រ​ត្រូវ​បំពេញ​ព្រះរាជ​តួនាទី​របស់​ព្រះអង្គ​ដូច​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ព្រះមហាក្សត្រ​មាន​ព្រះរាជ​តួនាទី​កោះ​ហៅ​តំណាង​គណបក្ស​នយោបាយ​ជា​ដាច់​ខាត ដើម្បី​ដោះស្រាយ​ភាព​ទាល់ច្រក​នយោបាយ​នេះ៖ «ព្រះអង្គ​បាន​ដើរ​រួច​ម្ដង​រួច​ហើយ​កាល​ពី​បោះ​ឆ្នោត​ហើយ ជាប់​គាំង ព្រះអង្គ​ហៅ​គណបក្ស​ទាំង​ពីរ​ចូល តែ​ឥឡូវ​នេះ​ព្រះអង្គ​ហៅ​គណបក្ស​ពីរ សួរ​ថា តើ​ឥឡូវ​នេះ​ស្ថានការណ៍​ដល់​ណា​ហើយ ព្រោះ​ព្រះរាជ​ឆត្រ​របស់​ព្រះអង្គ​ត្រូវ​តែ​ជា​ម្លប់​ដ៏​ត្រជាក់​គ្រប​ដណ្ដប់​នៃ​ប្រទេស​កម្ពុជា ទាំង​មូល ព្រោះ​មនុស្ស​ពីរ​នាក់​សុំ​ដេក​កណ្ដាល រក​អ្នក​កណ្ដាល​អត់​មាន​ទេ អ្នក​កណ្ដាល​មាន​តែ​ព្រះមហាក្សត្រ​ទេ»

លោក​បណ្ឌិត សុខ ទូច បាន​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​នៅ​ក្នុង​ដំណាក់​កាល​នេះ អ្នក​នយោបាយ​មិន​ត្រូវ​គ្នា​ទេ លោក​ព្រួយ​បារម្ភ​ខ្លាច​ខ្មែរ​បែក​បាក់​គ្នា ដោយសារ​ការ​លាប​ពណ៌​ឲ្យ​គ្នា និង​បែង​ចែក​បក្ខពួក ពីព្រោះ​ថា ប្រវត្តិសាស្ត្រ​កម្ពុជា បាន​បន្សល់​ទុក​ជា​មេរៀន​ស្រាប់​ចំពោះ​ការ​បែង​ចែក​បក្ខពួក និង​រើសអើង​គ្នា​នេះ៖ «យើង​ឃើញ​កូន​គេ​ហូរ​ឈាម យើង​អត់​ស្រក់​ទឹក​ភ្នែក​ទេ តែ​បើ​កូន​យើង​ស្លាប់​វិញ យើង​ស្រក់​ទឹក​ភ្នែក តើ​ឈាម​ខ្មែរ​ជា​ឈាម​អ្នក​ណា? ខ្ញុំ​សូម​លើក​ពី​ផ្ទាំង​ប្រវត្តិសាស្ត្រ​ពីរ​រូបភាព សម័យ​បែង​ចែក​គ្នា កម្ពុជា​ក្រោម កម្ពុជា​កណ្ដាល កម្ពុជា​លើ ក្រោយ​មក​ទៀត​សម័យ​ចេនឡា​ដី​ទឹក និង​ចេនឡា​ដី​គោក»

ទាក់ទង​នឹង​បញ្ហា​នេះ គណបក្ស​នយោបាយ​ទាំង​ពីរ​ហាក់​បន្ទន់​ឥរិយាបថ​ចង់​ងាក​មក​រក​តុ​ចរចា​វិញ។ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​៧ មករា ទាំង​ប្រធាន និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី និង​លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​ចរចា​ដដែល។ ក៏ប៉ុន្តែ ក៏​ចរចា​ទៅ​បាន​នោះ លុះត្រា​ណា​ធ្វើ​ឡើង​ដោយ​យុត្តិធម៌ និង​គ្មាន​ការ​គាប​សង្កត់៖ «យើង​សុំ​ឲ្យ​ដោះ​លែង​អ្នក​ដែល​ចាប់​ដាក់​គុក​ឲ្យ​អស់​សិន សុំ​កុំ​ចោទ​ប្រកាន់​មេ​ដឹក​នាំ​គណបក្ស​នយោបាយ និង​សហជីព និង​បើក​សិទ្ធិ​សេរីភាព​ឲ្យ​កម្មករ​ធ្វើ​បាតុកម្ម​តែ​ប៉ុណ្ណឹង យើង​អាច​និយាយ​គ្នា​បាន​ហើយ»

ទាក់ទង​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អ្នក​ដឹក​នាំ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ចរចា​កន្លង​មក លោក ព្រំ សុខា មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ វិល​មក​រក​តុ​ចរចា​វិញ​ដែរ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ និង​ជៀសវាង​នូវ​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​បន្ត​ទៀត៖ «ព្រោះ​ឥឡូវ​ខ្ញុំ​ក៏​ត្រៀម​ខ្លួន​ដែរ ពេល​មួយ​គណបក្ស​ប្រគល់​ភារកិច្ច​ឲ្យ ថា​ឥឡូវ​ចាប់​ផ្ដើម​ជួប​គ្នា​ក្រុម​ការងារ យើង​ខ្ញុំ​ចាប់​ផ្ដើម​ទៅ​ទៀត​ហើយ»

ជម្លោះ​នយោបាយ​នៅ​កម្ពុជា ក្រោយ​ពេល​បោះ​ឆ្នោត​នេះ មិន​មែន​ជា​លើក​ទី​១​ទេ កម្ពុជា បាន​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​ជា​ថ្មី​ម្ដង​ទៀត​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ នេះ។ នៅ​ក្នុង​កាលៈទេសៈ​នេះ ប្រជាពលរដ្ឋ សិស្ស​និស្សិត​ទាំងអស់ បាន​រំលឹក​ពី​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ ព្រះ​បរម​កោដ្ឋ ព្រះអង្គ​ធ្លាប់​បាន​បំពេញ​ព្រះរាជ​តួនាទី​ជាច្រើន​ជូន​ជាតិ ពិសេស​ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​តួនាទី​យ៉ាង​សកម្ម​នៅ​ពេល​កម្ពុជា ជួប​វិបត្តិ​នយោបាយ​ដូច​នេះ។

នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ជា​លើក​ដំបូង ដែល​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​១៩៩៣ ដែល​រៀប​ចំ​ដោយ​អង្គការ​សហប្រជាជាតិ ឬ​ហៅ​ថា អ៊ុនតាក់ (UNTAC) នោះ កាល​ណោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ទទួល​ជ័យជម្នះ ក៏ប៉ុន្តែ លោក ហ៊ុន សែន ដែល​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មិន​ទទួល​ស្គាល់​លទ្ធផល​នេះ​ទេ ដោយ​ចោទ​ប្រកាន់​ថា លទ្ធផល​បោះ​ឆ្នោត​នេះ​មិន​ត្រឹមត្រូវ រហូត​ដល់​ចង់​បង្កើត​តំបន់​អបគមន៍​បែង​ចែក​កម្ពុជា ជា​ពីរ​ទៀត។

ក៏ប៉ុន្តែ នៅ​ក្នុង​ស្ថានភាព​ជាប់​គាំង​នយោបាយ​តឹងតែង និង​បាន​អូស​បន្លាយ​ពេល​ប្រមាណ ១​ឆ្នាំ ព្រះ​បរម​រតនៈ​កោដ្ឋ នរោត្តម សីហនុ ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​តួនាទី​របស់​ព្រះអង្គ ធ្វើ​ការ​ផ្សះផ្សា​បើក​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដឹក​នាំ​ដោយ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ដោយ លោក ហ៊ុន សែន ជួប​ចរចា​គ្នា រហូត​ដល់​ចេញ​រូបមន្ត​នាយក​រដ្ឋមន្ត្រី​ពីរ គឺ​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ជា​នាយក​រដ្ឋមន្ត្រី​ទី​១ និង​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ទី​២។ ទោះ​បី​ជា​រូបមន្ត​នេះ​មិន​ធ្លាប់​មាន​នាយក​រដ្ឋមន្ត្រី​នៅ​លើ​សាកលលោក​ក្ដី ក៏ប៉ុន្តែ​ដើម្បី​បញ្ចប់​វិបត្តិ​នោះ ភាគី​ទាំង​ពីរ​បាន​យល់ព្រម ពិសេស គឺ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ។

ងាក​មក​ស្ថានភាព​ជាប់​គាំង​នយោបាយ​លើក​នេះ​វិញ មិន​ខុស​ពី​លើក​មុន​ដែរ ក្រុម​អ្នក​ច្បាប់ អ្នក​វិភាគ​នយោបាយ និង​ក្រុម​យុវជន ចង់​ឲ្យ​ព្រះមហាក្សត្រ សម្ដេច​ព្រះ​នរោត្តម សីហមុនី យាង​ធ្វើ​ជា​អាជ្ញា​កណ្ដាល​ដូច​ដែល​អតីត​ព្រះ​មហា​វីរក្សត្រ ព្រះ​បរម​រតនៈ​កោដ្ឋ នរោត្តម សីហនុ ដែល​ជា​ព្រះ​បិតា​របស់​ព្រះអង្គ​ដែរ។

និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឈ្មោះ ចាន់ សុផៃ មាន​ប្រសាសន៍​ថា ក្នុង​នាម​លោក​ជា​យុវជន និង​ជា​និស្សិត​ផង​នោះ លោក​មិន​ចង់​ឲ្យ​កម្ពុជា ជួប​វិបត្តិ​នយោបាយ និង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ដូច​បច្ចុប្បន្ន​នេះ​ទេ ពីព្រោះ​ថា ការ​ជាប់​គាំង​នយោបាយ​នេះ គឺ​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ដល់​សង្គម​កម្ពុជា ទាំង​មូល៖ «នយោបាយ​ឈ្លោះ​គ្នា​គ្មាន​លក្ខណៈ​អី​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ទេ និង​ធ្វើ​ឲ្យ​ខូចខាត​សង្គម។ ទី​ពីរ ធ្វើ​ឲ្យ​ប៉ះពាល់​យុវជន​គ្មាន​ការ​គិត​អី​វែង​ឆ្ងាយ គឺ​ធ្វើ​ឲ្យ​បាក់​ស្បាត​តែ​ម្ដង»

ស្រប​ពេល​នេះ​ដែរ សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​បាន​ចេញ​ព្រះរាជសារ​ថ្វាយ​ព្រះមហាក្សត្រ នរោត្តម សីហមុនី ដើម្បី​យាង​ព្រះអង្គ​ក្នុង​ការ​សម្រប​សម្រួល​នយោបាយ​នេះ​ដែរ។ នៅ​ក្នុង​ព្រះរាជសារ​នោះ មាន​ខ្លឹមសារ​ថា នៅ​ក្នុង​កាលៈទេសៈ​នៃ​អាយុ​ជីវិត​ជាតិ​នេះ មាន​តែ​ព្រះ​បរម​រាជ​តម្រិះ​របស់​ព្រះមហាក្សត្រ ជា​ទី​សក្ការៈ​នៃ​ប្រជានុរាស្ត្រ​កូន​ចៅ​ទាំងអស់​គ្នា​ទេ ទើប​អាច​ធ្វើ​ឲ្យ​មាន​ការ​សម្រប​សម្រួល ឬ​ការ​ចរចា​នយោបាយ​មួយ​សម្រាប់​រក្សា​បាន​នូវ​ស្ថិរភាព និង​សន្តិភាព​ជាតិ កត្តា​ចម្បង​នៃ​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ​ខ្មែរ ដែល​មាន​ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គ​កំពុង​គង់​ជា​និមិត្តរូប និង​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ជាតិ​ទាំងមូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។