មន្ត្រី​បក្ស​ប្រជាជន​ថា​អាច​នឹង​ដាក់​ពាក្យ​ប្ដឹង​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​នៅ​ដើម​ខែ​សីហា

រឿងរ៉ាវ​ចោទ​ប្រកាន់​ថា សមាជិក​ព្រឹទ្ធសភា​មក​ពី​បក្ស​ប្រឆាំង​ចោទ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្លាប់​បណ្ឌិត កែម ឡី នោះ អាច​នឹង​ចូល​ដល់​តុលាការ​នៅ​ដើម​ខែ​សីហា។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី នៅ​ល្ងាច​ថ្ងៃ​ទី​៣១ កក្កដា ថា ក្រុម​អ្នក​ច្បាប់​កំពុង​ពិនិត្យ​ខ្លឹមសារ​ច្បាប់​ប្ដឹង​អ្នកស្រី ថាក់ ឡានី ហើយ​អាច​នឹង​ចូល​ដាក់​ទៅ​តុលាការ​នៅ​ថ្ងៃ​ច័ន្ទ ឬ​ថ្ងៃ​អង្គារ ទី​២ ខែ​សីហា។ លោក​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​ថា អាជ្ញាធរ​បាន​បិទ​ច្រក​ចេញ​របស់​អ្នកស្រី​ហើយ​នោះ៖ «រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​មាន​វិធានការ​អី​ដែល​ប៉ះពាល់​សិទ្ធិ​សេរីភាព​របស់​លោក​ជំទាវ​ទេ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា លោក​ជំទាវ​បាន​ប្រកាស​ពី​ម្សិលមិញ​ហើយ តាម​ហ្វេសប៊ុក​របស់​គាត់ គាត់​មិន​ខ្លាច។ គាត់​មិន​ព្រួយ​បារម្ភ​អី។ អា​ហ្នឹង​ជា​ការ​ល្អ​ហើយ។ យើង​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ជាមួយ​គ្នា​ទៅ អា​ហ្នឹង​វា​ជា​ការ​យើង​កំពុង​តែ​នាំ​គ្នា​ពង្រឹង​នីតិរដ្ឋ​ហ្នឹង​ឯង។ លោក​ជំទាវ​ក៏​បាន​ប្រកាស​ដែរ​ថា លោក​ជំទាវ​មិន​បាន​និយាយ។ បើ​មិន​បាន​និយាយ អា​វា​មាន​បញ្ហា​អី។ អា​ហ្នឹង​វា​ស៊ី​សង​នៅ​ពេល​បណ្ដឹង​ទៅ​ដល់​តុលាការ តុលាការ​នឹង​ចាត់​នីតិវិធី​យ៉ាង​ម៉េច ? ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​តាម​នីតិវិធី​របស់​តុលាការ​ហ្នឹង។ បើ​សិន​ណា​អត់​ដូច​សាមីជន​គាត់​មាន​ប្រសាសន៍​ហ្នឹង អា​ហ្នឹង​អត់​មាន​បញ្ហា​អី​ទេ »

ការ​ប្ដឹង​ផ្ដល់​នេះ គឺ​បន្ទាប់​ពី​មាន​ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​អង្គភាព​ព័ត៌មាន ហ្វ្រែស ញូវ (Fresh News)ប្រកាស​ប្ដឹង​អ្នកស្រី ថាក់ ឡានី តាម​រយៈ​ឃ្លីប​វីដេអូ​ខ្លី​មួយ ដែល​អ្នកស្រី ថាក់ ឡានី ចោទ​ថា លោក ហ៊ុន សែន សម្លាប់​លោក កែម ឡី។

អ្នកស្រី ថាក់ ឡានី បាន​បដិសេធ​នៅ​ថ្ងៃ​ទី​៣០ កក្កដា ដោយ​អះអាង​ថា មាន​មនុស្ស​ជាង ៧០​នាក់​ ដែល​ចូលរួម​វេទិកា​ជាមួយ​អ្នកស្រី​នៅ​ខេត្ត​រតនគិរី ជា​សាក្សី។ អ្នកស្រី​ថា​មិន​បាន​និយាយ​ថា​លោក​នាយក​រដ្ឋមន្ត្រី​ជា​អ្នក​សម្លាប់​លោក កែម ឡី ទេ គឺ​និយាយ​ថា មាន​អ្នក​ដទៃ​មក​សម្លាប់។ អ្នកស្រី​បញ្ជាក់​ថា វីដេអូ​ឃ្លីប​ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ គឺ​ជា​ការ​កាត់​ត​សំឡេង​ដើម្បី​ទម្លាក់​កំហុស​លើ​អ្នកស្រី។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក សុខ ឥសាន ថ្លែង​ថា តាម​រយៈ​ឃ្លីប​វីដេអូ​នោះ​ជា​ការ​ពិត ប៉ុន្តែ​រឿង​ថា​កាត់​ត ឬ​យ៉ាង​ណា​នោះ លោក​មិន​ទាន់​អាច​កាត់​ស្មាន​បាន​ទេ រហូត​ទាល់​តែ​ក្រុម​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ។ លោក​ថា​ការ​ប្ដឹង​នេះ គឺ​តាម​រូបភាព និង​សំឡេង​ជាក់ស្ដែង ដែល​ប៉ះពាល់​កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហើយ​ធ្វើ​ឲ្យ​សាធារណជន​យល់​ច្រឡំ។ លោក​ក៏​កំពុង​រង់ចាំ​មើល​ភស្តុតាង​ដោះ​បន្ទុក​របស់​អ្នកស្រី ថាក់ ឡានី ចំពោះ​ការ​បដិសេធ​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។