មហាវិទ្យាល័យ ម៉ោនហូលយ៉ូក (Mount Holyoke) បានផ្ញើលិខិតមួយច្បាប់ទៅកាន់ឯកអគ្គរាជទូតខ្មែរ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក ដើម្បីជំទាស់ទៅនឹងការឃុំខ្លួន អ្នកស្រី មូរ សុខហួរ និងបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតបក្សសង្គ្រោះជាតិ ផ្សេងទៀត។
ប្រធានមហាវិទ្យាល័យ ម៉ោនហូលយ៉ូក អ្នកស្រី លីន ប៉ាស្កែរីឡា (Lynn Pasquerella) នៅថ្ងៃទី១៧ កក្កដា បានផ្ញើលិខិតមួយច្បាប់ទៅកាន់ឯកអគ្គរាជទូតខ្មែរ គឺលោក ហែម ហេង ដោយបានលើកពីគុណសម្បត្តិ អ្នកស្រី មូរ សុខហួរ ថាជានារីម្នាក់ធ្វើការលះបង់ខ្ពស់ បម្រើសង្គម និងពិភពលោក ដោយបានផ្ដល់ឱកាសដល់ពលរដ្ឋប្រុសស្រីទទួលបានសេវាចាំបាច់ ដើម្បីបង្ការអត្រាឆ្លងមេរោគអេដស៍ជំងឺអេដស៍ (HIV/AIDS) ការពារអំពើហិង្សាក្នុងគ្រួសារ រួមទាំងបានធ្វើការឲ្យមានការបើកចំហនៃដំណើរការលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានគេទទួលស្គាល់លើឆាកអន្តរជាតិ។
អ្នកស្រី លីន ប៉ាស្កែរីឡា ថា ថ្មីៗនេះ អ្នកស្រី មូរ សុខហួរ បានទៅទស្សនកិច្ចមហាវិទ្យាល័យ ម៉ោនហូលយ៉ូក ក្នុងការចូលរួមលើគម្រោងការងារសាធារណៈរបស់ស្ត្រី ទាក់ទងទៅនឹងស្នាដៃ និងការដឹកនាំលេចធ្លោរបស់ស្ត្រីលើពិភពលោក ដើម្បីយុត្តិធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលក្នុងនោះ អ្នកស្រី មូរ សុខហួរ បានដើរតួនាទីយ៉ាងសកម្មក្នុងនាមតំណាងឲ្យប្រទេសកម្ពុជា។
លិខិតដដែលសរសេរថា៖ «ខណៈកម្ពុជា ធ្វើការស្ដារឡើងវិញនូវបញ្ហាប្រឈមផ្សេងៗពីពេលថ្មីៗកន្លងមកនេះ ខ្ញុំសូមជំរុញឲ្យលោក និងរដ្ឋាភិបាលរបស់លោក យកឱកាសនៃបណ្ដឹងនេះ ដើម្បីបង្ហាញអំពីការប្ដេជ្ញាដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលនឹងបង្កើតជាមូលដ្ឋានគ្រឹះនៃការរីកចម្រើនរបស់ប្រទេសលោក»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
