មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ស្រុក​បក្ស​សម​រង្ស៊ី​និង​សិទ្ធិ​មនុស្ស​៥​នាក់​ត្រូវ​ដក​ចេញ​ពី​តំណែង

មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ និង​ស្រុក​សាមគ្គីមានជ័យ នៃ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ចំនួន ៥​រូប ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ដោយ​ចោទ​ថា បាន​ចូល​រួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ មន្ត្រី​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង មក​ពី​គណបក្ស សម រង្ស៊ី បាន​ហៅ​ការ​ផ្អាក​ប្រាក់​ខែ និង​ដក​តំណែង​មន្ត្រី​ក្រុម​ប្រឹក្សា​របស់​ខ្លួន​ថា គឺ​ជា​ការ​រំលោភ​លើ​សិទ្ធិ​សេរី​ភាព​ធ្វើ​នយោបាយ និង​ផ្ទុយ​ពី​ច្បាប់។

0:00 / 0:00

មន្ត្រី​ក្រុម​ប្រឹក្សា​ខេត្ត​នៃ​គណបក្ស សម រង្ស៊ី លោក ដួង ចិត្រា បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២២ សីហា ថា មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ខ្នារឆ្មារ ចំនួន ៣​រូប និង​មន្ត្រី​ក្រុម​ប្រឹក្សា​ស្រុក​សាមគ្គីមានជ័យ ចំនួន ២​រូប ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ជា​បន្តបន្ទាប់ ដោយសារ​មន្ត្រី​ក្រុម​ប្រឹក្សា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចោទ​ថា អ្នក​ទាំង ៥​នាក់​នោះ បាន​ចូល​រួម​ទៅ​ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ដួង ចិត្រា បន្ត​ថា មន្ត្រី​ក្រុម​ប្រឹក្សា​ទាំង ៥​រូប​នោះ គឺ​ពុំ​មាន​ឈ្មោះ​ផ្លូវ​ការ​ក្នុង​បញ្ជី​បេក្ខភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ៖ «ដោយសារ​លោក ជិន វិចិត្រ ហ្នឹង គាត់​បាន​និយាយ​ថា នៅ​ក្នុង​អង្គ​ប្រជុំ​ម្សិល​មិញ​ហ្នឹង គាត់​ថា​គេ​នឹង​បង្ខាំង​ប្រាក់​ខែ​គាត់​ទុក​សម្រាប់​ក្រុម​ប្រឹក្សា​ឃុំ​ទាំង​បី​រូប​ហ្នឹង ដោយ​គេ​អះអាង​ថា អ្នក​ទាំង​បី​រូប​ហ្នឹង​បាត់​សុពលភាព​ពី​សាមី​គណបក្ស​ដើម»

ជំទប់​ទី​២ ឃុំ​ខ្នារឆ្មារ មក​ពី​គណបក្ស សិទ្ធិ​មនុស្ស លោក ញ៉ែម សំណាង មាន​ប្រសាសន៍​ថា លោក និង​ក្រុម​ប្រឹក្សា ២​នាក់​ទៀត ត្រូវ​មន្ត្រី​ក្រុម​ប្រឹក្សា​ស្រុក លោក ជិន វិចិត្រ ប្រកាស​នៅ​ក្នុង​អង្គ​ប្រជុំ​ក្រុម​ប្រឹក្សា​ឃុំ នៅ​ថ្ងៃ​ទី​២១ ថា មន្ត្រី​ក្រុម​ប្រឹក្សា​មក​ពី​គណបក្ស សម រង្ស៊ី និង​សិទ្ធិ​មនុស្ស​ចំនួន ៣​រូប​ហ្នឹង ត្រូវ​ដក​តំណែង​ដោយសារ​តែ​បាន​ចូល​រួម​សកម្មភាព​នយោបាយ​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ៖ «គាត់​ថា​ក្រុម​ប្រឹក្សា​ស្រុក​សាមគ្គីមានជ័យ ពីរ​នាក់ គេ​បង្កក​ប្រាក់​ខែ គេ​អត់​ឲ្យ​ចូល​រួម​ប្រជុំ​នៅ​សាលា​ស្រុក​ផង។ អីចឹង នៅ​ក្នុង​ឃុំ​នេះ គឺ​ត្រៀម​ទៅ គាត់​ថា​ឲ្យ​ត្រៀម​រក​អ្នក​តំណាង​ទៅ ព្រោះ​ច្បាប់​ត្រូវ​តែ​ដក​ចេញ។ គេ​ថា​មាន​ពួក​ខ្ញុំ​បី​នាក់​ទៅ​មិន​តែ​ខ្ញុំ​បី​នាក់​ទេ មេ​ភូមិ​គ្រប់​ភូមិ ហើយ​ក្រុម​ប្រឹក្សា​ឃុំ មេ​ឃុំ​អី ក្រុម​ប្រឹក្សា​ស្រុក​ដែល​និយាយ​ជា​មួយ​ខ្ញុំ​ម្សិល​មិញ​ហ្នឹង ក៏​គាត់​ទៅ​ស្ដាប់​ដែរ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​ក្រុម​ប្រឹក្សា​ស្រុក​សាមគ្គីមានជ័យ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ជិន វិចិត្រ ពន្យល់​ថា យោង​តាម​ច្បាប់​គណបក្ស​នយោបាយ​ត្រង់​ជំពូក​ទី៣ មាត្រា​១៥ ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​មិន​អាច​ជា​សមាជិក​គណបក្ស​នយោបាយ​លើស​ពី​១ ក្នុង​ពេល​តែ​មួយ​បាន​ទេ៖ «នៅ​ពេល​ឃោសនា អ្នក​ទាំងអស់​នោះ​បាន​ចូល​រួម​ក្នុង​ការ​ឃោសនា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ បាន​បោះ​ផ្លាក​គណបក្ស​សង្គ្រោះ​ជាតិ ហ្នឹង​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន​ទៀត​ផង»

លោក​បញ្ជាក់​ថា ចំពោះ​មន្ត្រី​ក្រុម​ប្រឹក្សា​ទាំងអស់​នោះ មាន​ឈ្មោះ​ជា​បេក្ខជន ឬ​តួនាទី​អ្វី​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ លោក​មិន​បាន​ដឹង​ច្បាស់​នោះ​ទេ ប៉ុន្តែ​ការ​ប្រកែក​ថា​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គ្រាន់​តែ​ជា​ល្បិច​កល​របស់​គណបក្ស​ប្រឆាំង​ប៉ុណ្ណោះ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុក សំអឿន មាន​ប្រសាសន៍​ថា ការ​ផ្អាក​ប្រាក់​ខែ និង​ដក​តួនាទី​របស់​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ និង​ស្រុក​របស់​គណបក្ស​ប្រឆាំង ដោយ​គ្រាន់​តែ​មាន​សកម្មភាព​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ៖ «សកម្មភាព​វា​មាន​ជា​ស្អី​ហើយ ចុះ​បើ​ពួក​ហ្នឹង​មក​គាំទ្រ​គណបក្ស​កាន់​អំណាច​វិញ​ម៉េច​ដែរ យើង​កុំ​ប្រៀប​ធៀប​ជា​មួយ​ខាង​តំណាង​រាស្ត្រ ពីព្រោះ​ខាង​តំណាង​រាស្ត្រ​គាត់​ទៅ​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ដ្រ​ឲ្យ​គណបក្ស​មួយ​ផ្សេង ដូច្នេះ​យើង​ដក ឬ​បញ្ចប់​ពី​តំណែង អា​ហ្នឹង​វា​សមហេតុសមផល»

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់​ថា មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ខ្នារឆ្មារ ចំនួន ៣​រូប ដែល​ត្រូវ​បាន​គេ​ដក​តំណែង​នោះ គឺ​ទី​១ លោក គង់ សុន ជំទប់​ទី១ ទី​២ លោក ញ៉ែម សំណាង ជំទប់​ទី​២ និង​ទី​៣ លោក សោម សារ៉ាន់ ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ។ ចំណែក​មន្ត្រី​ក្រុម​ប្រឹក្សា​ស្រុក​សាមគ្គីមានជ័យ ចំនួន ២​រូប ក៏​ត្រូវ​បាន​គេ​ដក​ចេញ​ពី​តំណែង​ក្នុង​រូបភាព​ដូច​គ្នា​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។