រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ចោទប្រកាន់ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ១៦រូប ដែលកោះហៅលោកមកឆ្លើយបំភ្លឺនោះ ជាតំណាងរាស្ត្រគ្មានការទទួលខុសត្រូវ។ ប៉ុន្តែប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ឆ្លើយតបវិញថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯណោះទេដែលផ្គើន និងខ្វះការទទួលខុសត្រូវ ព្រោះក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតទៅប្រធានរដ្ឋសភា ស្នើផ្អាកការចូលខ្លួនបំភ្លឺទៅហើយ បែរជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅតែចូលខ្លួនទៅឆ្លើយបំភ្លឺ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ដែលកំពុងជាប់ពាក់ព័ន្ធរឿងលុយកខ្វក់នៅក្រៅប្រទេស បានថ្លែងនៅក្នុងកិច្ចប្រជុំសភា ជាពេលដែលលោកត្រូវមកបំភ្លឺនៅសភា ដោយបង្ហាញការភ្ញាក់ផ្អើលចំពោះអវត្តមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ លោក អង្គ វង្សវឌ្ឍានា ដែលអះអាងថាជាអ្នកមានការទទួលខុសត្រូវ យល់ព្រមឆ្លើយសំណួរទោះបីគ្មានអ្នកសួរ៖ « អវត្តមានទាំងគ្មានការទទួលខុសត្រូវនេះ បង្ហាញថា តំណាងរាស្ត្រទាំង ១៦ របស់គណបក្សសង្គ្រោះជាតិ មិនឲ្យតម្លៃលើសំណួររបស់ខ្លួនឯងផង ហើយគាត់មិនគោរពស្ថាប័នរដ្ឋសភា និងរដ្ឋធម្មនុញ្ញ ប៉ុន្តែក្នុងនាមខ្ញុំជាសមាជិកទទួលខុសត្រូវចំពោះរដ្ឋសភា សូមបន្តទទួលខុសត្រូវរបស់ខ្លួន និងឆ្លើយសំណួរទាំងនោះ » ។
នៅក្នុងកិច្ចប្រជុំសភា ថ្ងៃទី៩ ខែមិថុនា គ្មានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា រូបណា ចោទសួរទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទេ។ ប៉ុន្តែតំណាងរាស្ត្រពីររូបនៃគណបក្សប្រជាជនកម្ពុជា ដែលសម្បូរវោរហាស័ព្ទនៅក្នុងកិច្ចប្រជុំសភា គឺលោក ឈាង វុន និងលោក ជាម យៀប បានយកពេលយ៉ាងច្រើននៃកិច្ចប្រជុំនោះ វាយប្រហារលើលោក កឹម សុខា ដែលមិនមែនជាប្រធានបទនៃកិច្ចប្រជុំ។
ទាក់ទងអវត្តមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នោះដែរ លោក ឈាង វុន បានផ្ដាំផ្ញើទៅតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថា តាមច្បាប់ គ្មានទេការស្នើសុំផ្អាកការកោះហៅមន្ត្រីរដ្ឋាភិបាល មានតែសុំដកការកោះហៅ៖ « ខ្ញុំ បានស្នើទៅអគ្គលេខាធិការសភាឯកឧត្តម ឡេង ប៉េងឡុង ប្រាប់ទៅតំណាងរាស្ត្របក្សសង្គ្រោះជាតិ ឲ្យគាត់វិញទៅ ថាគាត់សុំដក មិនមែនស្នើផ្អាកទេ នៅក្នុងច្បាប់ដូចអត់មានពាក្យថា សុំផ្អាកទេ»។
ប៉ុន្តែប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ស៊ុន ឆ័យ បញ្ជាក់ថា សំណើសុំផ្អាកមានន័យស្មើនឹងការដកលិខិត។
បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ប្រការ ៣៣ថ្មីចែងថា តំណាងរាស្ត្រដែលបានតាំងសំណួរចំពោះរដ្ឋមន្ត្រីណាមួយ អាចសុំដកលិខិតតាំងសំណួររបស់ខ្លួនចេញបាន។
លោក ស៊ុន ឆ័យ ដែលជាតំណាងរាស្ត្រមួយរូបបានចុះហត្ថលេខាលើលិខិតកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មកឆ្លើយបំភ្លឺ ប្រាប់ទៅលោក អង្គ វង្សវឌ្ឍានា វិញថា ការមកបំភ្លឺនៅរដ្ឋសភានៅពេលនេះ គឺជាការមកឆ្លើយបំភ្លឺខ្វះការទទួលខុសត្រូវ និងផ្គើនលើស្ថាប័នរដ្ឋសភា៖ « ដោយសារយើងមានធុរៈ យើងមានបញ្ជា ហើយយើងសុំឲ្យផ្អាកសិន ប៉ុន្តែគាត់ ( រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ) នៅតែមក ហ្នឹងហើយផ្គើន ដែលជាការបំពានខ្វះការទទួលខុសត្រូវ»។
ក្រោយចប់ប្រជុំសភា លោក អង្គ វង្សវឌ្ឍានា បដិសេធមិនឆ្លើយសំណួររបស់ក្រុមអ្នកសារព័ត៌មានឡើយ ទោះមានការចោទសួរយ៉ាងណាក្តី។ ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏មិនមានអ្វីថ្លែងលើសរដ្ឋមន្ត្រីរបស់ខ្លួនដែរ។
កាលពីខែឧសភា កន្លងទៅ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតមួយច្បាប់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យចាត់តាំងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មកឆ្លើយបំភ្លឺផ្ទាល់មាត់នៅរដ្ឋសភា ជុំវិញការចាប់ឃុំខ្លួនអ្នកតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិ និងការជះឥទ្ធិពលនយោបាយលើស្ថាប័នតុលាការ ជាដើម។
កាលពីថ្ងៃទី៣ ខែមិថុនា ក្រុមតំណាងរាស្ត្រគណបក្សនេះ បានផ្ញើលិខិតទៅប្រធានរដ្ឋសភាវិញថា ស្នើផ្អាកការចូលខ្លួនបំភ្លឺរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ សំណើនេះ ខណៈសមត្ថកិច្ចប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា និងមានការចោទប្រកាន់នានាលើមន្ត្រី និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ តំណាងរាស្ត្រគណបក្សនេះប្រកាសថា មិនអាចទៅបំពេញការងារនៅរដ្ឋសភាបានទេក្នុងបរិយាកាសបែបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។