ក្រសួងវប្បធម៌ បានបដិសេធសំណើរបស់គណបក្សសង្គ្រោះជាតិ ធ្វើពិធីបង្សុកូលរាប់បាត្រឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហមនៅឯសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលគ្រោងនឹងធ្វើនៅថ្ងៃទី១៧ មេសា។
លិខិតអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងវប្បធម៌ លោក ចំរើន វ៉ាន់ថា ផ្ញើជូនគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៧ មេសា សរសេរថា ក្រសួងវប្បធម៌ បដិសេធសំណើគណបក្សដោយសារតែរាល់ការរៀបចំប្រារព្ធពិធីផ្សេងៗ ដែលមានលក្ខណៈប្រមូលផ្តុំមហាជន ត្រូវស្នើសុំការអនុញ្ញាតពីអាជ្ញាធរដែនដីជាមុនសិន។
ប្រធានស្តីទីក្រុមការងារគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ លោក ហូរ វ៉ាន់ នៅថ្ងៃអង្គារ នេះ មានប្រសាសន៍ថា ក្រោយពីក្រសួងវប្បធម៌ បដិសេធគម្រោងពិធីបង្សុកូលរាប់បាត្រនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង គណបក្សបានស្នើសុំសាលារាជធានីរៀបចំពិធីបង្សុកូលរាប់បាត្រ នៅឯសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក នៅព្រឹកថ្ងៃទី១៧ មេសា ដែលមានមនុស្សចូលរួមប្រមាណ ៧០០នាក់។ គណបក្សនឹងរៀបចំបង្សុកូលរាប់បាត្រ ប្រគេនព្រះសង្ឃចំនួន ៥០អង្គ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នឹងចូលរួមក្នុងពិធីនោះដែរ៖ «ប្រជាពលរដ្ឋដែលបានស្លាប់ទៅ អត់មានអត្តសញ្ញាណទាំងអស់ ដែលយើងត្រូវការធ្វើរួមមួយ ដើម្បីឲ្យអ្នកបាត់បង់ជីវិត»។
មន្ត្រីសាលារាជធានីភ្នំពេញ អះអាងថា បានទទួលលិខិតរបស់គណបក្សសង្គ្រោះជាតិ ហើយ ប៉ុន្តែមិនទាន់បានសម្រេចលើសំណើនេះនៅឡើយ ប៉ុន្តែ លោក ហូរ វ៉ាន់ មានសង្ឃឹមថា សាលារាជធានីនឹងអនុញ្ញាត ដោយសារគណបក្សធ្លាប់ប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
