ក្រសួង​មហាផ្ទៃ​ព្រមាន​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង​និង​បិទ​អង្គការ​បន្ថែម​ទៀត

ដោយ មួង ណារ៉េត
2018-01-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូនស្រី​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​អំពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០១៧។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូនស្រី​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​អំពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០១៧។
Photo: RFA

ក្រសួង​មហាផ្ទៃ ព្រមាន​ចាប់​ខ្លួន​កូនស្រី​លោក កឹម សុខា និង​តំណាងរាស្ត្រ​បក្ស​ឆាំង​ផ្សេង​ទៀត​ដែល​កំពុង​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ក្រៅ​ប្រទេស និង​ព្រមាន​បិទ​អង្គការ​ណា​ដែល​ធ្វើ​យុទ្ធនាការ «ថ្ងៃ​អាទិត្យ​ពណ៌​ស» ទាមទារ​ដោះលែង​អ្នក​ទោស​មនសិការ។ រី​ឯ​អ្នក​វិភាគ​យល់​ថា ការ​ព្រមាន​ពី​ចំណាត់​ការ​ក្ដៅ​របស់​រដ្ឋាភិបាល​នៅ​ដើម​ឆ្នាំ​២០១៨ នេះ គឺ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កាន់​តែ​ផ្ដាច់ការ។

​ទោះបីជា​ឆ្នាំ​ចាស់​ផុត​ទៅ​ឈាន​ចូល​ឆ្នាំ​ថ្មី ២០១៨ ហើយ​ក្តី រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​មិន​អាច​កែប្រែ​ចិត្ត​គំនិត​ចាស់​របស់​ខ្លួន ពោល​គឺ​នៅ​ដើម​ឆ្នាំ​ថ្មី​នេះ រដ្ឋាភិបាល​នៅ​តែ​ក្តៅ​ក្រហាយ​ចងកម្ម​ចងពៀរ​ជាមួយ​បក្ស​ប្រឆាំង និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដដែល។

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ថ្លែង​ប្រាប់​កាសែត ភ្នំពេញ ប៉ុស្តិ៍ ថា  អាជ្ញាធរ​កម្ពុជា នឹង​រង់ចាំ​ចាប់​ខ្លួន​កញ្ញា កឹម មនោវិទ្យា កូនស្រី​លោក កឹម សុខា និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ផ្សេងៗ​ទៀត ដែល​កំពុង​ធ្វើ​នយោបាយ​នៅ​ក្រៅ​ប្រទេស ប្រសិនបើ​ពួកគាត់​ហ៊ាន​ជិះ​យន្តហោះ​ត្រឡប់​មក​ជាន់​ទឹក​ដី​កម្ពុជា​វិញ នៅ​ពេល​ណា​មួយ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ខៀវ សុភ័គ បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន នៅ​ថ្ងៃ​ទី​២ ខែ​មករា នេះ។

ការ​ព្រមាន​ចាប់​ខ្លួន​នេះ គឺ​ក្រោយ​ពី​កញ្ញា កឹម មនោវិទ្យា និង​តំណាងរាស្ត្រ​បក្ស​ឆាំង​មួយ​ចំនួន កាល​ពី​ចុង​ឆ្នាំ​២០១៧ បាន​ធ្វើ​យុទ្ធនាការ​អំពាវនាវ​ដល់​អង្គការ​សហប្រជាជាតិ ពិនិត្យ​មើល​ឡើង​វិញ​អំពី​សមាជិកភាព​របស់​កម្ពុជា ដោយ​ព្យួរ​អាសនៈ។ ជាមួយ​គ្នា​នោះ ពួកគេ​បាន​ប្រាប់​ទៅ​បរទេស​អោយ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា ដូចជា​បិទ​ទិដ្ឋាការ​មន្ត្រី​រដ្ឋាភិបាល មិន​ឲ្យ​ចូល​ទឹក​ដី​អាមេរិក និង​សហគមន៍​អឺរ៉ុប បង្កក​ទ្រព្យ​សម្បត្តិ និង​មិន​ឲ្យ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា ជាដើម។ ការ​អំពាវនាវ​របស់​ពួកគាត់​ដែល​បាន​សម្រេច​លទ្ធផល​បណ្ដើរៗ​នេះ គឺ​ដោយសារ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់​លោក កឹម សុខា ដាក់​គុក ហើយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បិទ​អង្គការ​របស់​អាមេរិក​មួយ​ចំនួន និង​បិទ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ជាដើម។

​លោក ខៀវ សុភ័គ ឲ្យ​ដឹង​ដែរ​ថា ចំពោះ​បុគ្គល​ចំនួន ១១៨​នាក់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​មិន​ឲ្យ​ធ្វើ​នយោបាយ ៥​ឆ្នាំ​នោះ គឺ​ក្រសួង​មហាផ្ទៃ នឹង​ស្នើ​ទៅ​តុលាការ​កំពូល ម្តង​ទៀត ដើម្បី​ហាមឃាត់​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ​បន្ថែម​ទៀត ដែល​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ រូប​នេះ​អះអាង​ថា ជា​សកម្មភាព​រឹង​ទទឹង និង​ខុស​ច្បាប់​កម្ពុជា។

​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា  ការ​ប្រតិកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​នេះ វា​ផ្ទុយ​ពី​ច្បាប់ និង​បង្ហាញ​ពី​ភាព​ផ្ដាច់ការ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់៖ «វិធានការ​កាន់តែ​ផ្ដាច់ការ​ទៅ​ៗ ។ជាប្រជាពលរដ្ឋ គេ​មាន​សិទ្ធិ​សេរីភាព​ធ្វើ​សកម្មភាព​នយោបាយ ប្រើប្រាស់​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ​របស់​គេ​ម្នាក់ៗ។ តាម​ពិត​ច្បាប់ កា​រំលាយ​គណបក្ស​ប្រឆាំង​នេះ គឺ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​រួច​ទៅ​ហើយ»។

អាស៊ីសេរី មិន​អាច​ទាក់ទង​កញ្ញា កឹម មនោវិទ្យា និង​អ្នកស្រី មូរ សុខហួរ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​មករា នេះ។

​ក្រៅ​ពី​ព្រមាន​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​នោះ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ក៏​បាន​ព្រមាន​នឹង​បិទ​អង្គការ​ណា​ដែល​ធ្វើ​សកម្មភាព​ផ្ទុយ​នឹង​លក្ខន្តិកៈ​ដែល​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ ស្រប​ពេល​ដែល​ថ្មីៗ​នេះ មាន​ក្រុម​សង្គម​ស៊ីវិល​ខ្លះ បាន​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​ថ្មី​ទៀត​ដែល​គេ​ហៅ​ថា «ថ្ងៃ​អាទិត្យ​ពណ៌​ស»។

លោក ខៀវ សុភ័គ អះអាង​ថា អាជ្ញាធរ​កំពុង​តាមដាន​សកម្មភាព​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល និង​កត់ត្រា​ទុក​សកម្មភាព​ទាំង​អស់​នោះ​ថែម​ទៀត​ផង។

​យុទ្ធនាការ «ថ្ងៃ​អាទិត្យ​ពណ៌​ស» គឺ​មាន​សកម្មជន​មួយ​ចំនួន​បាន​ស្លៀកពាក់​ពណ៌​ស និង​បង្ហោះ​សារ​លើ​ហ្វេសប៊ុក (Facebook) ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ រួម​មាន​លោក កឹម សុខា  ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី តំណាងរាស្ត្រ និង​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​បរិស្ថាន អ្នក​វិភាគ​នយោបាយ លោក គឹម សុខ និង​សកម្មជន​ដីធ្លី​អ្នកស្រី ទេព វន្នី ជាដើម។

​អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ថា យុទ្ធនាការ «ថ្ងៃ​អាទិត្យ​ពណ៌​ស» គឺ​មិន​ផ្ទុយ​ពី​ច្បាប់​នោះ​ឡើយ។ លោក​បន្ថែម​ថា បច្ចុប្បន្ន​នេះ គឺ​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​មើល​អំពី​បំណង​របស់​អ្នក​ទាមទារ​ឡើយ ប៉ុន្តែ​គេ​តែងតែ​ផ្ដោត​ថា ការ​ទាមទារ​ទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ និង​ក្រុម​សង្គម​ស៊ីវិល គឺ​ជា​ចលនា​នាំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល​ទៅ​វិញ៖ «គេ​អត់​បាន​គិត​ថា ជា​ការ​ទាមទារ​ក្នុង​គោលបំណង​ណាមួយ​ច្បាស់លាស់។នេះ​ហើយ​គឺ​ជា​រឿង​ពិត​ប្រាកដ​ដែល​យើង​មើល​ឃើញ។ នៅ​ក្នុង​ច្បាប់ ហើយ​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ គឺ​ជៀស​មិន​ផុត​នោះ​ទេ​ពី​អំពើ​ទាំងអស់​នេះ ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្គម​នេះ អាច​លើក​ឡើង​ទាមទារ​តាម​មធ្យោបាយ​ដែល​ខ្លួន​ចង់​ធ្វើ​តែ​ប្រកាន់​គោល​ការណ៍​សន្តិវិធី អហិង្សា ដែល​មធ្យោបាយ​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បា​ន»។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អង្គការ​សមាគម​ដទៃ​មួយ​ចំនួន​ទៀត មិន​ទាន់​ឃើញ​ចូលរួម​ធ្វើ​យុទ្ធនាការ «ថ្ងៃ​អាទិត្យ​ពណ៌​ស» នេះ​នៅ​ឡើយ​ទេ ដោយ​ពួកគេ​អះអាង​ថា បារម្ភ​ខ្លាច​ក្រសួង​មហាផ្ទៃ រក​លេស​បិទ​អង្គការ​នេះ​ចោល។

មាត្រា ១៩ នៃ​សេចក្ដី​ប្រកាស​ជា​សកល​អំពី​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ចែង​ថា មនុស្ស​ម្នាក់ៗ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​យោបល់។ សេរីភាព​នេះ​រួមមាន​សិទ្ធិ​បញ្ចេញ​មតិ​ដោយ​គ្មាន​ការ​រារាំង និង​សិទ្ធិ​ដើម្បី​ស្វែង​រក ទទួល និង​ផ្ដល់​ព័ត៌មាន និង​គំនិត​តាម​រយៈ​ផ្សព្វផ្សាយ​បែប​ណា​ក៏​បាន​ដោយ​មិន​គិត​ពី​ព្រំដែន។ ​រីឯ​មាត្រា ៤១ នៃ​រដ្ឋធម្មនុញ្ញ​វិញ​ចែង​ថា ពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះ​ពុម្ព​ផ្សាយ សេរីភាព​ខាង​ការ​ប្រជុំ។

​អ្នក​វិភាគ និង​សង្គម​ស៊ីវិល ស្នើ​អោយ​អ្នក​នយោបាយ ជាពិសេស​គណបក្ស​កាន់​អំណាច ចាប់​ផ្ដើម​ចរចា​ត្រូវរ៉ូវ​គ្នា និង​ដឹកនាំ​ប្រទេស​វិល​ទៅ​រក​របប​ប្រជាធិបតេយ្យ គោរព​រដ្ឋធម្មនុញ្ញ គោរព​សិទ្ធិមនុស្ស​ឡើង​វិញ ដើម្បី​ជា​កាដូ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ឆ្នាំ​ថ្មី ឆ្នាំ​សកល​នេះ  និង​ដើម្បី​បញ្ចៀស​ការ​រិះគន់ និង​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជាង​នេះ​ពី​សហគមន៍​អន្តរជាតិ។

កូនស្រី​លោក កឹម សុខា ប្រកាស​ចូល​រួម​ជាមួយ​ពលរដ្ឋ​ងើប​តវ៉ា​អហិង្សា​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព

កូនស្រី​ច្បង លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា ជាអគ្គនាយក​រង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា កញ្ញា​មិន​ខ្វល់​ទៅ​នឹង​ការ​ព្រមាន​របស់​ក្រសួង​មហាផ្ទៃ ចង់​ចាប់​ខ្លួន​របស់​កញ្ញា​នៅ​ពេល​វិល​ចូល​ស្រុក​វិញ​ឡើយ។ កញ្ញា កឹម មនោវិទ្យា ចាត់​ទុក​សកម្មភាព​របស់​រដ្ឋាភិបាល​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន​សព្វថ្ងៃ​នេះ ថា​កំពុង​តែ​ប្រព្រឹត្ត​ខុស​ច្បាប់​កាន់​តែ​ធ្ងន់ធ្ងរ​ដែល​ជា​ទង្វើ​របស់​មេដឹកនាំ​ផ្ដាច់ការ។

ទន្ទឹម​នឹង​នេះ កញ្ញា​អះអាង​ថា កញ្ញា​នឹង​ទៅ​ចូល​រួម​ជាមួយ​ប្រជាពលរដ្ឋ បើសិនជា​មាន​ការ​ងើប​តវ៉ា​ដោយ​អហិង្សា​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​ប្រសើរ​ឡើង​វិញ​ជាដើម។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក ទីន ហ្សាការីយ៉ា និង​កញ្ញា កឹម មនោវិទ្យា អំពី​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

the Cambodia and their people still living with fear, danger, scared ,the government like to bring some congressmen to jail and some one else human right support have to
follow up ; please ,the six powers governments .the United nations ,espacially the United states and China help the Cambodia and cambodians people to live with safety,justice ,hope and prosperity in their country.cambodians people like democratic free by vote for their daily vote every five years.

Jan 11, 2018 06:13 AM

អ្នក​អាន​អនាមិក

This evil Regime will not change their facist and communist DNA. We should nener request them any more, we demand. They are extremely scared to see what's going on in Iran now. One day the United Cambodian Force will be awaked and distroy this Devil for good!!!

Jan 02, 2018 04:35 PM

អ្នក​អាន​អនាមិក

- សហរដ្ឋអាមេរិក សហគមន៍អុឺរ៉ុប ដាក់ទណ្ឌកម្មបណ្តើរៗ ដើម្បីអោយ ស.ម ហ៑ុន សែន កែគំនិតអាក្រក់ចេញ
- ចាំតែ ស.ម ហ៑ុន សែន កែគំនិត ចាំដេកយល់សប្ត៏ទៅ លោកមហាអំណាច អាមេរិកអុើយ ! <" បើនិយាយលេងៗ របៀបការទូតនោះ ចាំតែ ហ៑ុន សែន ខ្លាចតើ !>"

Jan 02, 2018 11:38 AM

គេហទំព័រ​ទាំងមូល