អ្នកស្រី មូរ សុខហួរ និង​លោក យឹម សុវណ្ណ មិន​ជាប់​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា

0:00 / 0:00

រដ្ឋសភា បញ្ចប់​កិច្ច​ប្រជុំ​វិសាមញ្ញ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាសភាព​គណៈកម្មការ​ជំនាញ​រដ្ឋសភា​រួច​ហើយ នៅ​ថ្ងៃ​ទី​២៧ សីហា។ ក៏ប៉ុន្តែ មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ មើល​មុខ​គ្នា​មិន​ត្រង់​ឡើយ ដោយសារ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​នាក់ ត្រូវ​សមាជិក​សភា​បោះ​ឆ្នោត​ទម្លាក់ មិន​ឲ្យ​កាន់​តំណែង​ជា​ប្រធាន​គណៈកម្មការ​ទី​៨ និង​ទី​១០​នៃ​រដ្ឋសភា។

ដំណើរ​ការ​ប្រជុំ​វិសាមញ្ញ​សភា​ថ្ងៃ​ទី​២៧ ខែ​សីហា ដើម្បី​ជ្រើស​រើស​សមាសភាព​គណៈកម្មការ​ជំនាញ​ដែល​នៅ​សល់​នេះ បាន​បញ្ចប់​នៅ​ម៉ោង​ជាង​ពីរ​រសៀល។ មនុស្ស​សំខាន់ៗ​ពីរ​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​អ្នកស្រី មូរ សុខហួរ និង​លោក យឹម សុវណ្ណ មិន​ត្រូវ​បាន​សមាជិក​សភា​បោះ​ឆ្នោត​គាំទ្រ​នោះ​ឡើយ។ សំឡេង​ឆ្នោត​ដែល​គាំទ្រ អ្នកស្រី មូរ សុខហួរ និង​លោក យឹម សុវណ្ណ មាន​ចំនួន ៥៦​សំឡេង ស្មើ​គ្នា​ក្នុង​ចំណោម​សមាជិក​សភា ១២២​រូប​ដែល​បាន​ចូលរួម​ប្រជុំ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី ចាត់​ទុក​ថា ការ​បោះ​ឆ្នោត​នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ឆន្ទៈ​នយោបាយ​របស់​គណបក្ស​ទាំង​ពីរ។ លោក​បន្ត​ថា អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ភាគ​ច្រើន​បាន​បោះ​ឆ្នោត​គាំទ្រ​សមាសភាព​បេក្ខភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​តំណាង​រាស្ត្រ​ឈ្មោះ​ល្បី ពីរ​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ បែរ​ជា​មិន​ជាប់​ឆ្នោត​ទៅ​វិញ។ លោក​បញ្ជាក់​ថា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប សុទ្ធ​តែ​បោះ​ឆ្នោត​គាំទ្រ​បេក្ខភាព លោក យឹម សុវណ្ណ និង​អ្នកស្រី មូរ សុខហួរ។ ទោះ​ជា​បែប​ណា លោក សម រង្ស៉ី នៅ​តែ​ប្ដេជ្ញា​ចិត្ត​ទាំង​មុខ​ស្ងួត​ថា លោក​ចង់​ឲ្យ​ដំណើរ​ការ​រដ្ឋសភា​ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន៖ «សួរ​ខាង​គណបក្ស​ប្រជាជន​ទៅ ព្រោះ​សំឡេង​របស់​គណបក្ស​ប្រជាជន​ប្រហាក់​ប្រហែល​នឹង​សំឡេង​មិន​គាំទ្រ តើ​លទ្ធផល​សរុប​អាច​ទទួល​យក​បាន​ឬ​អត់ អាច​ឲ្យ​សភា​ចេញ​ឲ្យ​ឆាប់ ធ្វើ​ច្បាប់​ឲ្យ​ឆាប់ សូម្បី​តែ​ច្បាប់​កំពូល​រដ្ឋធម្មនុញ្ញ ក៏​ត្រូវ​ធ្វើ​វិសោធនកម្ម​ឲ្យ​បាន​ឆាប់​ដែរ»

អ្នកស្រី មូរ សុខហួរ ដែល​ធ្លាប់​ប្ដឹង​ផ្តល់​គ្នា​ឡើង​តុលាការ​ជាមួយ លោក ហ៊ុន សែន នោះ ឈរ​ឈ្មោះ​ជា​ប្រធាន​គណៈកម្មការ​ទី​៨ ទទួល​បន្ទុក​សុខាភិបាល និង​សង្គម​កិច្ច កិច្ចការ​នារី​នៃ​រដ្ឋសភា។ ចំណែក លោក យឹម សុវណ្ណ ឈរ​ឈ្មោះ​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​ទី​១០ ទទួល​បន្ទុក​អង្កេត និង​ប្រឆាំង​អំពើ​ពុក​រលួយ។ អ្នកស្រី មូរ សុខហួរ ត្រូវ​បាន​សភា​ពេញ​អង្គ​បោះ​ឆ្នោត​មិន​ទុក​ចិត្ត​មុន លោក យឹម សុវណ្ណ។

បន្ទាប់​ពី​ប្រធាន​រដ្ឋសភា​ប្រកាស​លទ្ធផល​រួច លោក សម រង្ស៉ី បាន​ទៅ​លើក​ទឹក​ចិត្ត អ្នកស្រី មូរ សុខហួរ។ បន្ទាប់​មក​ទៀត ទាំង លោក សម រង្ស៉ី និង​លោក កឹម សុខា បាន​ទៅ​ជជែក​ឆ្ការដៃ​ឆ្ការ​ជើង​ជាមួយ លោក ហ៊ុន សែន។ ជជែក​គ្នា​ចប់ លោក សម រង្ស៉ី បាន​ហៅ​មន្ត្រី​ធំៗ​ក្នុង​បក្ស​របស់​ខ្លួន ទៅ​ប្រជុំ​គ្នា​នៅ​បន្ទប់​ដាច់​ដោយ​ឡែក​មួយ​សន្ទុះ ទើប​ចូល​ប្រជុំ​សភា​បន្ត​ទៀត។ ពេល​ចូល​ដល់​ក្នុង​សភា ក៏​សួរ​នាំ លោក ហ៊ុន សែន ជា​ថ្មី លោក ហ៊ុន សែន ក៏​ទំនង​ជា​បកស្រាយ​ជា​ថ្មី​ទៀត​ដែរ។ លុះ​ដល់​ពេល​បោះ​ឆ្នោត​ជ្រើស​រើស​គណៈកម្មការ​ទី​១០ លទ្ធផល គឺ​លោក យឹម សុវណ្ណ ធ្លាក់​ទៀត កាន់​តែ​ធ្វើ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ល្វីង​មុខ។ ជំនួប​ជជែក​គ្នា​ក្រៅ​ផ្លូវ​ការ​រវាង​មេ​ដឹក​នាំ​ទាំង​ពីរ ក៏​កើត​ឡើង​ជា​ថ្មី​ទៀត។ ម្តង​នេះ រដ្ឋសភា​បាន​សម្រេច​សម្រាក ១៥​នាទី។ បន្ទាប់​មក លោក ហ៊ុន សែន ក៏​រុញ​ឲ្យ​សមាជិក​គណៈកម្មការ​ទី​៨ និង​ទី​១០ បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ដោយ​ខ្លួន​ឯង។ គណៈកម្មការ​ទាំង​ពីរ​នេះ មាន​សមាជិក​តែ ៨​នាក់ ក៏​បាន​សម្រេច​បោះ​ឆ្នោត​ទាំង​មិន​ទាន់​មាន​នីតិវិធី។ លទ្ធផល​ចុង​ក្រោយ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង អ្នកស្រី កែ សុវណ្ណរតន៍ ត្រូវ​ជ្រើស​រើស​ជា​ប្រធាន​គណៈកម្មការ​ជំនួស អ្នកស្រី មូរ សុខហួរ។ ចំណែក លោក ហូរ វ៉ាន់ ត្រូវ​ជ្រើស​រើស​ជា​ប្រធាន​គណៈកម្មការ​ជំនួស លោក យឹម សុវណ្ណ។ នៅ​ពេល​ដែល​ប្រជុំ​សភា​ចប់ លោក ហ៊ុន សែន ដើរ​គេច​អ្នក​កាសែត ដោយ​បង្គាប់​អង្គរក្ស​ឲ្យ​យក​ឡាន​ទៅ​ទទួល​លោក​នៅ​ទ្វារ​ខាង​ត្បូង​រដ្ឋសភា។

តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​កិច្ច​ប្រជុំ​វិសាមញ្ញ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាសភាព​គណៈកម្មការ​ជំនាញ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៤។
តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​កិច្ច​ប្រជុំ​វិសាមញ្ញ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាសភាព​គណៈកម្មការ​ជំនាញ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៤។

លោក ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ថា លោក​សន្យា​ថា លោក​នឹង​បបួល​តំណាង​រាស្ត្រ​របស់​ខ្លួន​ឲ្យ​គាំទ្រ​បេក្ខភាព​គណបក្ស​ប្រឆាំង។ ប៉ុន្តែ​ពេល​បោះ​ឆ្នោត​ជាក់ស្តែង មិន​ដូច​ការ​សន្យា​របស់ លោក ហ៊ុន សែន ទេ គឺ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ទាំង ៦៦​នាក់ មិន​បាន​យល់​ព្រម​តាម​ការ​សន្យា​របស់ លោក ហ៊ុន សែន ឡើយ។ បើ​សិន​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធ​តែ​គាំទ្រ​សមាសភាព អ្នកស្រី មូរ សុខហួរ និង​លោក យឹម សុវណ្ណ មែន​នោះ មាន​ន័យ​ថា មាន​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា តែ​ម្នាក់​ប៉ុណ្ណោះ ដែល​បោះ​ឆ្នោត​គាំទ្រ​អ្នក​ទាំង​ពីរ។ ឧទាហរណ៍​ថា បើ លោក ហ៊ុន សែន បោះ​ឆ្នោត​ឲ្យ​នោះ លោក ស ខេង និង​លោក ហេង សំរិន សុទ្ធ​តែ​បោះ​ឆ្នោត​ជំទាស់​បេក្ខភាព​ទាំង​ពីរ​នេះ។ តើ លោក ស ខេង និង​លោក ហេង សំរិន គោរព​តាម​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី​២២ ខែ​កក្កដា ឬ​អត់?

តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច លោក ឈាង វុន បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​រៀបចំ​ក្បួន​ធ្វើ​ស៊ី​បក្ស​ប្រឆាំង​ទេ។ លោក​បន្ត​ថា ការ​បោះ​ឆ្នោត​ទុក​ចិត្ត ឬ​មិន​ទុក​ចិត្ត វា​ជា​សិទ្ធិ​របស់​អ្នក​តំណាង​រាស្ត្រ​ម្នាក់ៗ៖ «មិន​មែន​តែ​គណបក្ស​ប្រជាជន មិន​ពេញ​ចិត្ត​ទេ ក្នុង​ហ្នឹង​មាន​គ្នា​គាត់​ដែរ មាន​គណបក្ស​សង្គ្រោះ​ជាតិ ដែរ។ ខ្ញុំ​មាន​ទៅ​ឆែក​អី​របស់​បស់​គេ។ ចំពោះ​ខ្ញុំ ខ្ញុំ​បោះ​ឲ្យ​តើ! (តើ​មួយ​សន្លឹក​ហ្នឹង​របស់​ឯកឧត្តម ឬ​ម៉េច?) អត់​ទេៗ»

ចំណែក​ឯ លោក យឹម សុវណ្ណ វិញ​បញ្ជាក់​ថា លោក​មិន​ខ្វល់​នឹង​ការ​ជាប់​ជា​ប្រធាន​គណៈកម្មការ​ជំនាញ ឬ​អត់​ទេ ប៉ុន្តែ​លោក​នៅ​តែ​បំពេញ​តួនាទី​ជា​អ្នក​តំណាង​រាស្ត្រ ដើម្បី​បម្រើ​ប្រយោជន៍​ជាតិ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា នេះ​ជា​មេរៀន​របស់​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា ឆ្លៀត​យក​ចន្លោះ​ប្រហោង​នៃ​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី​២២ ខែ​កក្កដា និង​ចន្លោះ​ប្រហោង​នៃ​ច្បាប់ យក​មក​ព្រមាន​មន្ត្រី​បក្ស​ប្រឆាំង។

កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា មាន ៧​ចំណុច។ ចំណុច​មួយ​ចែង​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​កាន់​តំណែង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា និង​កាន់​ការ​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ចំនួន​៥ ប៉ុន្តែ​មិន​បញ្ជាក់​ពី​សមាសភាព​ពិត​ប្រាកដ​ទេ។ អ្នក​កាន់​តួនាទី​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា នឹង​អាច​ទទួល​បាន​រថយន្ត​ពី​រដ្ឋសភា និង​អាច​ជ្រើស​រើស​បុគ្គលិក​បំពេញ​ការងារ​បាន​ច្រើន​ជាង​សមាជិក​ធម្មតា ព្រម​ទាំង​មាន​ផល​ប្រយោជន៍​ផ្នែក​រដ្ឋបាល​ដទៃ​ទៀត។

រដ្ឋសភា​មិន​ទាន់​កំណត់​ថ្ងៃ​ប្រជុំ​ជា​ថ្មី​នៅ​ឡើយ ហើយ​កិច្ច​ប្រជុំ​ជា​ថ្មី​នោះ នឹង​មាន​របៀបវារៈ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​គណៈកម្មការ​ទី​៨ និង​ទី​១០ ជំនួស​កន្លែង លោក យឹម សុវណ្ណ និង​អ្នកស្រី មូរ សុខហួរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។