រដ្ឋសភា​បោះឆ្នោត​ផ្លាស់ប្ដូរ​សមាសភាព​រដ្ឋមន្ត្រី​រដ្ឋាភិបាល​ដូច​ការ​គ្រោង​ទុក

0:00 / 0:00

រដ្ឋសភា សម្រេច​បោះឆ្នោត​ផ្លាស់ប្ដូរ​សមាសភាព​រដ្ឋមន្ត្រី​តាម​សំណើ​របស់​រដ្ឋាភិបាល​ដូច​ការ​គ្រោង​ទុក ក្នុង​កិច្ច​ប្រជុំ​ថ្ងៃ​ទី​៤ ខែ​មេសា ព្រឹក​មិញ​នេះ។ ការ​បោះឆ្នោត​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​រដ្ឋាភិបាល​នេះ មាន​សំឡេង​គាំទ្រ ៧០​សំឡេង​លើ ១០៧​សំឡេង។ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា ការ​ផ្លាស់ប្ដូរ​នៅ​ពេល​នេះ មិន​បាន​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​សង្គម​ជាតិ​នោះ​ទេ គ្រាន់​តែ​ជា​ការ​ផ្លាស់ប្ដូរ​កន្លែង​ការងារ​មន្ត្រី​រដ្ឋាភិបាល​ប៉ុណ្ណោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​នៃ​គណបក្ស​កាន់​អំណាច អះអាង​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​នោះ​ថា ការ​រុះរើ​គណៈរដ្ឋមន្ត្រី​នៅ​ពេល​នេះ គឺ​ធ្វើ​ទៅ​តាម​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ តែ​លោក​ក៏​អរគុណ​ដល់​បក្ស​ប្រឆាំង ដែល​ភាគ​ច្រើន​មិន​បោះឆ្នោត​គាំទ្រ​ចំពោះ​ការ​រុះរើ​នេះ៖ «ខ្ញុំ​សូម​យក​ឱកាស​នេះ​ថ្លែង​អំណរគុណ​ចំពោះ​សមាជិក សមាជិកា​គណបក្ស​សង្រ្គោះជាតិ ដែល​បាន​លើក​ឡើង​ថា នឹង​មិន​បោះ​ឆ្នោត​គាំទ្រ​នោះ​ទេ សូម​អរគុណ​ណាស់! ព្រោះ​ថា គណបក្ស​ប្រជាជន មិន​ត្រូវ​ការ​សំឡេង​របស់​អស់​លោក​អ្នក​នោះ​ទេ ហើយ​ថា បើ​បោះ​ឆ្នោត​នាំ​តែ​គណបក្ស​ប្រជាជន ជំពាក់​គុណ​របស់​ឯកឧត្ដម លោក​ជំទាវ អ៊ីចឹង​សូម​មេត្តា​កុំ​បោះ​ឆ្នោត​អោយ​សោះ»

ជា​លទ្ធផល​ក្នុង​ការ​បោះឆ្នោត​ចំពោះ​ការ​រុះរើ​នេះ មាន​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ តែ ២​រូប​ទេ​បាន​បោះឆ្នោត​គាំទ្រ ខណៈ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មាន​តែ ៦៨​សំឡេង។ ភ្លាមៗ​នោះ លោក ហ៊ុន សែន បង្ហាញ​ទឹក​មុខ​ញញឹមញញែម​ដើរ​ចេញ​ពី​កៅអី និង​បាន​យក​ទូរស័ព្ទ​របស់​លោក​មក​ថត​លទ្ធផល​បោះឆ្នោត។

សមាសភាព​គណៈរដ្ឋមន្ត្រី​ដែល​រដ្ឋាភិបាល​ទើប​ស្នើ​ឲ្យ​រុះរើ​ថ្មីៗ​នេះ និង​ត្រូវ​បាន​សភា​អនុម័ត​នោះ រួម​មាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ លោក គាត ឈន់ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក អ៊ឹម ឈុនលឹម ត្រូវ​បញ្ចប់​មុខងារ​តាម​សំណើ​សាមី​ជន ប៉ុន្តែ​បាន​ឈរ​ឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ តែ​រក្សា​មុខងារ​ឲ្យ លោក ហោ ណាំហុង ជា​ឧបនាយករដ្ឋមន្ត្រី​ដដែល។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ប្រាក់ សុខុន ត្រូវ​តែង​តាំង​ជា​ទេសរដ្ឋមន្ត្រី និង​ប្ដូរ​ទៅ​កាន់​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវ​ដំឡើង​ឋានៈ​ជា​ទេសរដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ត្រូវ​តែង​តាំង​ជា​ទេសរដ្ឋមន្ត្រី និង​ប្ដូរ​ទៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ជំនួស លោក ត្រាំ អ៊ីវតឹក ដែល​ប្ដូរ​ទៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ វិញ។

មួយ​វិញ​ទៀត រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ជា សុផារ៉ា ត្រូវ​តែង​តាំង​ជា​ទេសរដ្ឋមន្ត្រី និង​ប្ដូរ​ទៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ វិញ​ម្ដង។

អតីត​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ហ៊ឹម ឆែម តែង​តាំង​ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ជំនួស លោក មិន ឃិន ដែល​ត្រូវ​តែង​តាំង​ជា​ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក អ៊ុក រ៉ាប៊ុន ប្ដូរ​ទៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ដោយ​ដាក់​រដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក វេង សាខុន ជំនួស​មក​វិញ។

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ត្រូវ​តែង​តាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។ អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក អ៊ឹម សួស្តី តែង​តាំង​ជា​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស។

ក្នុង​នោះ​ដែរ អភិបាល​ខេត្ត​មួយ​ចំនួន ត្រូវ​ប្ដូរ​ការងារ​មក​ធ្វើ​ជា​រដ្ឋលេខាធិការ​នៅ​តាម​ក្រសួង​នានា។

ដោយឡែក​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ថា ការ​ផ្លាស់ប្ដូរ​សមាសភាព​រដ្ឋាភិបាល​នៅ​ពេល​នេះ ផ្តល់​ផល​ប្រយោជន៍​សង្គម​ទាំង​មូល​តិចតួច​ណាស់។ លោក​បន្ត​ថា អ្វី​ដែល​លោក​យល់​ថា ជា​ចំណុច​វិជ្ជមាន គឺ​គ្រាន់​តែ​កាត់​ផ្តាច់​គ្រួសារ​និយម​នៅ​ក្នុង​ក្រសួង​ប៉ុណ្ណោះ ព្រោះ​ថា រដ្ឋមន្ត្រី​ភាគ​ច្រើន​ធ្វើ​ឲ្យ​ក្រសួង​របស់​ខ្លួន​ក្លាយ​ជា​ក្រសួង​គ្រួសារ​និយម៖«វា​មាន​ផល​វិជ្ជមាន​ខ្លះ​ដែរ តិច​តួច​ដែរ ដោយសារ​តែ​រដ្ឋមន្ត្រី​ខ្លះ​នៅ​ក្នុង​ក្រសួង​២០ ៣០​ឆ្នាំ ២០​ប្លាយ​ឆ្នាំ គាត់​យក​គ្រួសារ​គាត់ បង​ប្អូន​គាត់​ទៅ​ដាក់​ពេញ​តែ​ហ្នឹង​ទៅ ទៅ​ជា​កន្លែង​រក​ស៊ី​របស់​គ្រួសារ​ដល់​ពេល​ដូរ​ទៅ វា​អាច​នឹង​មាន​ការ​កែប្រែ អ្នក​ថ្មី​មក​ទៅ វា​អាច​នឹង​ល្អ​បន្តិចបន្តួច​ដែរ»
ពាក់ព័ន្ធ​នឹង​ការ​អនុម័ត​ចំពោះ​ការ​ដោះដូរ​រដ្ឋមន្ត្រី​ជា​ផ្លូវ​ការ​នេះ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ យល់​ឃើញ​ថា ការ​អនុវត្ត​នេះ​អាច​មាន​ប្រសិទ្ធភាព​ខ្លះ និង​អត់​ប្រសិទ្ធភាព​ខ្លះ តែ​លោក​ក៏​សាទរ​ដែរ ព្រោះ​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដែល​គណបក្ស​កាន់​អំណាច​រយៈពេល​ជាង ៣០​ឆ្នាំ​មក​នេះ ដោះដូរ​រដ្ឋមន្ត្រី​ខ្លួន​ឯង​នៅ​ពាក់​កណ្ដាល​អាណត្តិ។ ការ​ដោះដូរ​នេះ​ជា​ការ​បង្ហាញ​ពី​ភាព​អសកម្ម​ការងារ​របស់​ពួក​គេ៖«រដ្ឋមន្ត្រី​មួយ​ចំនួន​មិន​បាន​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​មាន​ចូលនិវត្តន៍»

ទោះ​បី​ជា លោក ហ៊ុន សែន ថ្លែង​ថា ការ​ផ្លាស់ប្ដូរ និង​បំពេញ​បន្ថែម​សមាសភាព​រដ្ឋាភិបាល​របស់​ជា​ការ​ចង់​បាន​របស់​ពលរដ្ឋ ប៉ុន្តែ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​ថា កំណែ​ទម្រង់​នៅ​ពេល​នេះ គ្រាន់​តែ​ជា​ការ​ប្ដូរ​កន្លែង​ការងារ​មន្ត្រី​របស់​លោក និង​ជា​រូបភាព​នយោបាយ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។