សមាជិក​សភា​បក្ស​កាន់​អំណាច​អនុម័ត​សេចក្ដី​ស្នើ​​វិសោធនកម្ម​ច្បាប់​ស្ដីពី​បក្ស​នយោបាយ

0:00 / 0:00

រដ្ឋសភា​បាន​បើក​សម័យប្រជុំ​វិសាមញ្ញ ដើម្បី​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ តាម​ការ​គ្រោង​ទុក ដោយ​មិន​មាន​វត្តមាន​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ឡើយ។ មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ រិះគន់​ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​នេះ ថា​ធ្វើ​ឡើង​ដើម្បី​រឹតត្បិត​សេរីភាព​ខាង​នយោបាយ​របស់​គណបក្ស​ប្រកួតប្រជែង និង​ជា​ការ​ដើរ​ផ្ទុយ​នឹង​លទ្ធិប្រជាធិបតេយ្យ។

សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​មាន ១១​ជំពូក និង ៥០​មាត្រា ត្រូវ​បាន​សមាជិក​សភា​ឯក​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៦៦​រូប លើក​ដៃ​គាំទ្រ​អនុម័ត ក្រោម​ការ​រិះគន់​ធ្ងន់ៗ​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តជាតិ។

តំណាង​ក្រុម​តំណាងរាស្ត្រ​ហត្ថលេខី និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ថ្លែង​ក្នុង​សម័យ​ប្រជុំ​វិសាមញ្ញ​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ឆ្នាំ​១៩៩៧ ជា​ច្បាប់​មូលដ្ឋាន​ដំបូង​ដែល​ពាក់ព័ន្ធ​ដល់​ការ​បោះឆ្នោត​ជា​សកល ឬ​អសកល នៅ​ក្នុង​ប្រទេស ហើយ​ពុំ​មាន​ចែង​នូវ​លក្ខខណ្ឌ​គ្រប់គ្រាន់​ស្រប​តាម​សភាពការណ៍​បច្ចុប្បន្ន​នៅ​កម្ពុជា ដូច្នេះ​ទាមទារ​ឱ្យ​មាន​ការ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ដែល​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ឃើញ​ថា មិន​បាន​ចែង និង​បង្កើត​ឱ្យ​មាន​បញ្ហា​លំបាក​ផ្សេងៗ​ក្នុង​ការ​អនុវត្ត។

​លោក ឈាង វុន ថ្លែង​បន្ថែម​ដូច្នេះ៖ «ក្រោយ​ពី​ច្បាប់​នេះ​ចូល​ជា​ធរមាន ក្រសួង​មហាផ្ទៃ មាន​លទ្ធភាព​គ្រប់​បែប​យ៉ាង​ដើម្បី​យក​ច្បាប់​នេះ​ទៅ​អនុវត្ត បោស​សម្អាត​គណបក្ស​នយោបាយ ដែល​មិន​បាន​បំពេញ​ភារកិច្ច តួនាទី និង​ការងារ​ទាំង​ឡាយ​ឱ្យ​សម​ជា​គណបក្ស​នយោបាយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា»

​ការ​ប្រជុំ​វិសាមញ្ញ​ដើម្បី​អនុម័ត​វិសោធនកម្ម​ច្បាប់​នេះ មិន​មាន​ការ​ចូលរួម​ពី​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ។

ប្រធាន​ក្រុម​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ថា ការ​សម្រេច​មិន​ចូលរួម​ប្រជុំ​នេះ ដោយសារ​ពួក​លោក​យល់​ឃើញ​ថា វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​នេះ ជា​ការ​គាប​សង្កត់​គណបក្ស​ប្រកួតប្រជែង មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ បង្ក​ឱ្យ​មាន​ការ​ប្រេះឆា​ជាតិ​ធ្ងន់ធ្ងរ និង​មិន​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ។

លោក សុន ឆ័យ៖ «ទី​មួយ គឺ​អាច​នឹង​រៀបចំ​ធ្វើ​ឡើង​ក្នុង​បំណង​ដើម្បី​ធ្វើ​ការ​គាបសង្កត់ ឬ​ក៏​រំខាន​ទៅ​ដល់​គណបក្ស​ប្រកួតប្រជែង ជា​ពិសេស​គណបក្ស​សង្គ្រោះ​ជាតិ ហ្នឹង​តែម្ដង។ ទី​ពីរ យើង​ឃើញ​ថា ការ​ធ្វើ​សេចក្ដី​ព្រាង​នេះ គឺ​មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ។ ទី​បី ច្បាប់​នេះ​បើ​ចេញ​ទៅ​អាច​នឹង​បង្ក​ឱ្យ​មាន​ការ​បែក​បាក់​ឯកភាព​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​អាច​បញ្ចេញ​ឆន្ទៈ​របស់​គេ​ក្នុង​ការ​គាំទ្រ​ក្រុម​នយោបាយ​ណា​មួយ​ទៅ​តាម​គោលការណ៍​ប្រជាធិបតេយ្យ ហើយ​ទី​បួន យើង​ឃើញ​ថា ការ​ធ្វើ​ច្បាប់​នេះ​មិន​ប្រជាធិបតេយ្យ​ទេ»

អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់​ថា រដ្ឋ​សភា​នឹង​បញ្ជូន​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​នេះ​ទៅ​ព្រឹទ្ធ​សភា​ដើម្បី​ពិនិត្យ មុន​នឹង​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​ពិនិត្យ ធម្មនុញ្ញភាព ហើយ​បញ្ជូន​បន្ត​ទៅ​ព្រះមហាក្សត្រ​ដើម្បី​ឡាយ​ព្រះហស្តលេខា។

លោក​បន្ត​ថា វិសោធនកម្ម​ច្បាប់​នេះ អាច​នឹង​មាន​ការ​កែប្រែ​ទៅ​ថ្ងៃ​មុខ​ទៀត បើ​សិន​ជា​គណបក្ស​ដែល​មាន​សំឡេង​ភាគ​ច្រើន​នៅ​រដ្ឋ​សភា ស្នើ​ឱ្យ​មាន​ការ​កែប្រែ ឬ​ចង់​លុប​ចោល​ច្បាប់​នេះ៖ «លើក​ក្រោយ បើ​សិន​ជា​ជាប់ មាន​ភាគ​ច្រើន​ផ្សេង​ទៀត គណបក្ស​ផ្សេង​ទៀត​ជាប់​ឆ្នោត គណបក្ស​នោះ​អាច​លុប​ច្បាប់​នេះ ធ្វើ​ច្បាប់​ថ្មី​ក៏​បាន​ដែរ។ ហ្នឹង​ហើយ​ប្រជាធិបតេយ្យ»។

អង្គការ​អន្តរជាតិ Human Rights Watch រិះគន់

ទាក់ទង​បញ្ហា​នេះ​ដែរ នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) បាន​រិះគន់​ធ្ងន់ៗ​ទៅ​លើ​ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​នេះ។ លោក​សរសេរ​តាម​សារ​អេឡិចត្រូនិក (E-mail) មក​កាន់​អ្នក​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ភ្លាមៗ​ក្រោយ​ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​នេះ​ថា ដំណើរ​ការ​នៃ​វិសោធនកម្ម​ច្បាប់​នេះ បង្ហាញ​ពី​ការ​ពង្រឹង​អំណាច​ផ្ដាច់ការ​ដែល​ស្ថិត​ក្រោម​កណ្ដាប់ដៃ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA

លោក ហ្វីល រ៉ូប៊ឺតសុន៖ «ថ្ងៃ​នេះ​នឹង​ត្រូវ​បាន​ចងចាំ​ថា​ជា​ថ្ងៃ​ជ័យជំនះ​នៃ​អំណាច​ផ្ដាច់ការ​ទៅ​លើ​សុបិន​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស អំពី​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការ​គោរព​សិទ្ធិមនុស្ស។ វា​មិន​មែន​ជា​ការ​និយាយ​បំផ្លើស​នោះ​ទេ​ដែល​ថា មាត្រា​ទាំង​ឡាយ​នៃ​វិសោធនកម្ម​ច្បាប់​នេះ​ប្រៀប​ដូច​ជា​កាំភ្លើង​​តម្រង់​​ចំ​បេះដូង​នៃ​គណបក្ស​ប្រឆាំង គ្រាន់​តែ​យើង​មិន​ដឹង​ថា ពេល​ណា និង​ផ្អែក​លើ​ហេតុផល​អ្វី ដែល​ការ​វាយ​ប្រហារ​ផ្នែក​នយោបាយ​នេះ​នឹង​កើត​ឡើង។ យុទ្ធសាស្ត្រ​សម្រាប់​ការ​បោះឆ្នោត​របស់​លោក ហ៊ុន សែន ច្បាស់​ណាស់​គឺ​កម្ចាត់​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​កម្ពុជា ដែល​នៅ​សេសសល់ ដោយ​ប្រើប្រាស់​ច្បាប់​នានា តួយ៉ាង​ដូចជា​ច្បាប់​នេះ​ជាដើម ដំណាលគ្នា​នឹង​ការ​បំបិទ​មាត់​អង្គការ​សង្គម​ស៊ីវិល​តាម​រយៈ​ការ​ចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិមនុស្ស និង​គំរាមកំហែង​លុប​ឈ្មោះ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត»

លោក ហ្វីល រ៉ូប៊ឺតសុន សរសេរ​បន្ត​ថា មេរៀន​បរាជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ស្ដែង​ឱ្យ​ឃើញ​ថា បើសិនជា​ពលរដ្ឋ​មិន​ចូល​ចិត្ត​លោក ហ៊ុន សែន អ៊ីចឹង​គឺ​មិនបាច់​ផ្ដល់​ជម្រើស​ឱ្យ​ពួកគេ​នោះ​ទេ។ លោក​បន្ត​ថា តាម​រយៈ​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​ដ៏​ទន់​ជ្រាយ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ក្លែងក្លាយ ប្រហែល​ជា​អាច​ប្រសើរ​ជាង​វៀតណាម តែ​ក៏​មិន​ប្រសើរ​ប៉ុន្មាន​ដែរ។

ក្រៅ​ពី​នេះ លោក ហ្វីល រ៉ូប៊ឺតសុន ថា ភាព​ស្ងៀមស្ងាត់​របស់​រដ្ឋាភិបាល​បរទេស និង​ម្ចាស់​ជំនួយ​ជុំវិញ​ការវិវឌ្ឍន៍​នេះ គឺ​ជា​ការ​បង្ខូច​ទឹកចិត្ត​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​បរាជ័យ​នៃ​គោលជំហរ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ពេល​ដែល​កំពុង​ប្រឈម​នឹង​ផែនការ​នៃ​លទ្ធិផ្ដាច់ការ៖ «ជា​ជាង​ការ​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​របស់​លោក ហ៊ុន សែន ទៅ​លើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ សហគមន៍​អន្តរជាតិ​ជា​រឿយៗ មើល​រំលង ឬ​លួង​ខ្លួន​ឯង ថា​ស្ថានភាព​នៅ​កម្ពុជា មិន​អាក្រក់​ណាស់​ណា​ទេ។ ផ្ទុយ​ពី​ការ​ទាមទារ​ចង់​បាន​របស់​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ប្រឆាំង​សេចក្ដី​ទាមទារ​ទាំង​អំបាលម៉ាន ប្រឆាំង​នឹង​ផែនការ​ទាំង​នេះ មិន​ត្រូវ​បាន​ឆ្លើយតប​នោះ​ទេ។ អស់​រយៈពេល​រាប់​សិប​ឆ្នាំ​មក​នេះ លោក ហ៊ុន សែន បាន​ច្រៀក​មូលដ្ឋាន​នៃ​ប្រជាធិបតេយ្យ​ជា​ចម្រៀកៗ ហើយ​ថ្ងៃ​នេះ​លោក​បាន​វាយ​ប្រហារ​ដល់​ចំណុច​កំពូល​ហើយ»

​មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ អំពាវនាវ​ដល់​ម្ចាស់​ជំនួយ និង​រដ្ឋាភិបាល​បរទេស ជួប​ប្រជុំ​គ្នា​ជា​បន្ទាន់​ដើម្បី​រក​ដំណោះស្រាយ​ជុំវិញ​បញ្ហា​នេះ ហើយ​ក៏​ដើម្បី​បង្កើត​យុទ្ធនាការ​សម្របសម្រួល​មួយ​ដើម្បី​ការពារ​សមាជិក​គណបក្ស​ប្រឆាំង និង​សកម្មជន​អង្គការ​សង្គម​ស៊ីវិល ពី​ការ​វាយ​ប្រហារ​ដោយ​ហិង្សា​ណា​មួយ​ដែល​អាច​នឹង​កើត​មាន​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។