សំណើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ត្រូវ​បាន​បញ្ជូន​ទៅ​គណៈកម្មការ​ជំនាញ

0:00 / 0:00

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ បើក​កិច្ច​ប្រជុំ​លើ​របៀបវារៈ​ពីរ​សំខាន់ គឺ​ការ​ពិនិត្យ​លើ​សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មន្ត្រី​រាជការ​នៃ​ក្រុម​នីតិប្បញ្ញត្តិ និង​ការ​ពិនិត្យ​លើ​សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នៅ​តែ​ជា​បញ្ហា​ខ្វែង​គំនិត​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

តំណាងរាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​សម្រេច​បញ្ជូន​សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទៅ​គណៈកម្មការ​ទី​៦ ដើម្បី​សិក្សា និង​ឈាន​ដល់​ការ​សម្រេច​ក្នុង​ការ​ប្រជុំ​សភា​ពេញ​អង្គ​នា​ពេល​ខាង​មុខ។

លោក ឈាង វុន សង្កត់​ធ្ងន់​ថា វិសោធនកម្ម​ច្បាប់​នេះ​ពឹង​ផ្អែក​លើ​ការ​សិក្សា​របស់​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ហើយ​បើ​ធ្វើ​រួច​ពេល​ណា ច្បាប់​នេះ​នឹង​ត្រូវ​អនុម័ត​ភ្លាមៗ​តែ​ម្តង«សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា​ហ្នឹង ៦៨ ទៅ​ហើយ មិន​បាច់​ចូល ( ប្រជុំ​សភា ) ក៏​គេ​ធ្វើ​ចេញ​ដែរ។ គណបក្ស​ឈ្នះ​ឆ្នោត គេ​ធ្វើ​អ៊ីចឹង គេ​ដឹង​ថា​គេ​មាន​សំឡេង​អាច​អនុម័ត​ច្បាប់​បាន ហើយ​ការពិត​រឿង​ថា​គាត់​ចង់​មក​ខ្ទប់​គណបក្ស​ប្រជា​ជន​កម្ពុជា ខ្ទប់​មិន​ជាប់​ទេ ព្រោះ​លទ្ធិប្រជាធិបតេយ្យ​បើក​ចំហ​ឲ្យ​យើង​បោះឆ្នោត ៥០​ភាគរយ​បូក​១។ យើង​មាន ៦៨​កៅអី យើង​អាច​ធ្វើ​បាន​ទៅ​តាម​ច្បាប់​របស់​យើង»។

សមាជិក​សភា​គណបក្ស​កាន់​អំណាច​រូប​នេះ បញ្ជាក់​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ឆ្នាំ​១៩៩៧ នោះ មិន​ស្រប​នឹង​ស្ថានភាព​សង្គម​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ​ទេ។ លោក​ថា វិសោធនកម្ម​ច្បាប់​នេះ​មិន​មាន​គោល​បំណង​រឹតត្បិត​ដល់​គណបក្ស​ប្រឆាំង​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ការ​គាំទ្រ​នីតិរដ្ឋ​របប​ប្រជាធិបតេយ្យ និង​រាជបល្ល័ង្ក។

ទោះ​បី​ជា​យ៉ាង​ណា តំណាងរាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែង​ថា វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ មិន​មាន​ភាព​ចាំបាច់​នោះ​ទេ ពីព្រោះ​ច្បាប់​បោះឆ្នោត​បាន​ចែង​រួច​ហើយ​ថា ទណ្ឌិត​មិន​មាន​សិទ្ធិ​ចុះ​ឈ្មោះ ឈរ​ឈ្មោះ និង​បោះឆ្នោត។

លោក​បន្ត​ថា វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ ពាក់ព័ន្ធ​ទៅ​នឹង​គណបក្ស​នយោបាយ មេ​ដឹកនាំ​នយោបាយ និង​ប្រព័ន្ធ​តុលាការ ដូចនេះ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​មាន​ការ​ពន្យារ ឬ​លើក​ពេល​ធ្វើ​វិសោធនកម្ម​ដើម្បី​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បាន​ចូលរួម​ពិភាក្សា និង​ពិគ្រោះ​យោបល់ មិន​មែន​ធ្វើ​ឡើង​ជា​លក្ខណៈ​ឯកតោ​ភាគី​តាម​ការ​ចង់​បាន​របស់​គណបក្ស​កាន់​អំណាច​នោះ​ទេ«ជា​ការពិត លោក​មាន​សិទ្ធិ​ធ្វើ​សេចក្តី​ព្រាង​ដាក់​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដាក់​ទៅ​គណៈកម្មការ​ទី​៦ យក​ទៅ​សិក្សា ហើយ​ដាក់​ជូន​សភា​ពេញ​អង្គ ព្រោះ​គាត់​ជា​សំឡេង​ភាគច្រើន ក៏ប៉ុន្តែ​សំឡេង​ភាគច្រើន​ក៏ដោយ តែ​កាលណា​ជា​ច្បាប់ គឺ​សម្រាប់​គណបក្ស​នយោបាយ​ទាំងអស់​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ។ ដូច្នេះ​ត្រូវ​បើក​ទ្វារ​ជជែក​ជាមួយ​គណបក្ស​នយោបាយ​ទាំងអស់ ថា​តើ​ចំណុច​ណា​ខ្លះ​គួរ​សិក្សា​កែលំអ បំពេញ​បន្ថែម ដើម្បី​ជា​លក្ខណៈ​ច្បាប់​មួយ​ដែល​មាន​ទំនុក​ចិត្ត និង​ការ​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នៃ​គណបក្ស​នយោបាយ»។

កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា លើ​សំណើ​វិសោធនកម្ម​ច្បាប់ ស្ដីពី​គណបក្ស​នយោបាយ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Cheu Sideth
កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា លើ​សំណើ​វិសោធនកម្ម​ច្បាប់ ស្ដីពី​គណបក្ស​នយោបាយ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Cheu Sideth (RFA/Cheu Sideth)

ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ត្រូវ​បាន​អនុម័ត​កាល​ពី​ឆ្នាំ​១៩៩៧។ ច្បាប់​នេះ​មាន ១១​ជំពូក ចែក​ជា ៤៥​មាត្រា។ មាត្រា​ចំនួន​២៧ នៃ​ច្បាប់​នេះ នឹង​ត្រូវ​ធ្វើ​វិសោធនកម្ម ហើយ​នឹង​បន្ថែម​មាត្រា​ថ្មី​ចំនួន ៥ ទៀត សរុប​ចំនួន ៥០​មាត្រា។

មាត្រា​ថ្មី និង​មាត្រា​ដែល​ត្រូវ​ធ្វើ​វិសោធនកម្ម​មួយ​ចំនួន ហាក់​មាន​ការ​រឹត​បន្តឹង​ដល់​គណបក្ស​នយោបាយ។ ឧទាហរណ៍​មាត្រា​១៨​ថ្មី ដែល​ចែង​ថា ប្រធាន និង​អនុប្រធាន​នៃ​គណបក្ស​នយោបាយ និង​សមាសភាព​នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​អង្គការ​សមមូល​នឹង​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​នយោបាយ មិន​ត្រូវ​ជា​បុគ្គល​ដែល​ជា​ទណ្ឌិត​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម ដោយ​គ្មាន​ការ​ព្យួរ​ទោស​ឡើយ។ បុគ្គល ឬ​សមាសភាព​ទាំងនេះ ត្រូវ​បាត់បង់​នូវ​តួនាទី​របស់​ខ្លួន​ក្នុង​ករណី​សាមី​ខ្លួន​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម​ដោយ​គ្មាន​ការ​ព្យួរ​ទោស លើកលែង​តែ​ទោស​ទាំងនោះ​ត្រូវ​បាន​លើកលែង​ពី​ព្រះមហាក្សត្រ។

មាត្រា​២៩​ថ្មី ដែល​ចែង​ថា គណបក្ស​នយោបាយ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ទទួល​វិភាគទាន ទោះ​តាម​រូបភាព​ណា​ក៏ដោយ​ពី​ស្ថាប័ន​បរទេស ក្រុមហ៊ុន​បរទេស ជន​បរទេស ឬ​អង្គការ​ដែល​មាន​ប្រភព​ហិរញ្ញប្បទាន​ពី​បរទេស។

មាត្រា​៤៥​ថ្មី ចែង​ថា ក្នុង​ករណី​ដែល​គណបក្ស​នយោបាយ​ត្រូវ​បាន​រំលាយ តុលាការ​អាច​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​នយោបាយ​នោះ​សម្រាប់​រយៈពេល ៥​ឆ្នាំ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (NICFEC) លោក សំ គន្ធាមី មិន​ឯកភាព​នឹង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ឡើយ។ លោក​ថា នេះ​ជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​គណបក្ស​នយោបាយ ហើយ​ថា​ហាក់​ដូចជា​ធ្វើ​ឡើង​ក្នុង​គោល​បំណង​វាយ​បំបាក់​គណបក្ស​ប្រឆាំង ជា​ជាង​ការ​គិត​អំពី​ការ​បង្កើត​បរិយាកាស​នយោបាយ​ល្អ​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ពេល​ខាង​មុខ«វា​ដាក់​បន្ទុក​ទៅ​បក្ស​ផ្សេងៗ​ច្រើន​ពេក។ យើង​ចង់​ឲ្យ​គណបក្ស​ទាំងអស់​មាន​សេរីភាព​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​ខ្លួន​ឲ្យ​បាន​ទូលំទូលាយ។ សម្រាប់​ទស្សនៈ​របស់​ខ្ញុំ គឺ ( ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ) មិន​ហួស​សម័យ​ទេ។ ច្បាប់​កាលណា​បើក​ទូលាយ​ឲ្យ​សិទ្ធិ​គ្រប់គ្រាន់​ទៅ​គណបក្ស​នយោបាយ​ក្នុង​ការ​ធ្វើ​សកម្មភាព​មិន​ហួស​ទេ ខ្លាច​តែ​រឹតត្បិត​ទេ​ដែល​ហួស ហើយ​វា​ខុស​ទៅ​នឹង​គោលការណ៍​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌»។

សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​របស់​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​នេះ ធ្វើ​ឡើង​ក្រោយ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចង់​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​ដែល​អាច​ឈាន​ដល់​ការ​ហាមឃាត់​មិន​ឲ្យ​អ្នក​នយោបាយ​មាន​ទោស​ធ្វើ​ជា​ប្រធាន និង​អនុប្រធាន​បក្ស ឬ​រហូត​ឈាន​ដល់​ការ​រំលាយ​គណបក្ស​ចោល​តែ​ម្តង។ ការ​ចង់​កែប្រែ​ច្បាប់​របស់​លោក ហ៊ុន សែន ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ចេតនា​របស់​បក្ស​កាន់​អំណាច​ក្នុង​ការ​រារាំង​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស និង​កំពុង​ជាប់​បណ្ដឹង​ជាច្រើន​នៅ​តុលាការ​នោះ ពី​ការ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ។

អ្នក​វិភាគ​មើល​ឃើញ​ថា ការ​ដែល​លោក សម រង្ស៊ី លាលែង​ពី​តួនាទី​ជា​ប្រធាន​បក្ស​ប្រឆាំង​កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​ដោយសារ​តែ​រឿង​ការ​កែប្រែ​ច្បាប់​នេះ​ដែរ។

ទោះ​ជា​យ៉ាង​ណា លោក សំ គន្ធាមី ស្នើ​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​ចាប់​អារម្មណ៍ និង​បញ្ចេញ​មតិ​យោបល់​ជុំវិញ​រឿង​វិសោធនកម្ម​ច្បាប់​នេះ ពីព្រោះ​វា​អាច​នឹង​ប៉ះពាល់​ដល់​គណបក្ស​នយោបាយ​របស់​ពួក​គេ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។