សភា​គ្រោង​សម្ពោធ​សៀវភៅ​ស្ដីពី​សេវាកម្ម​សំខាន់ៗ​សម្រាប់​តំណាងរាស្ត្រ​នៅ​ថ្ងៃ​៤ កញ្ញា

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

រដ្ឋសភា​នឹង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​សៀវភៅ​ស្ដីពី "សេវាកម្ម​សំខាន់ៗ​សម្រាប់​តំណាងរាស្ត្រ​នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ។ ក៏​ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​កិច្ចការ​លើ​ប្រព័ន្ធ​បោះឆ្នោត​ពុំ​មាន​ជំនឿ​ទាល់​តែ​សោះ​ថា សៀវភៅ​ដែល​រដ្ឋសភា​គ្រោង​នឹង​សម្ពោធ​នេះ អាច​បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ​ពិត​ប្រាកដ​របស់​តំណាងរាស្ត្រ​បាន​នោះ​ទេ។

សៀវភៅ​ដែល​សភា​ដាក់​សម្ពោធ​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ខាង​មុខ​នេះ ត្រូវ​បាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​យល់​ឃើញ​ថា នឹង​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​ឡើយ ដូច​សេចក្ដី​លម្អិត​ដែល​រដ្ឋសភា​ប្រកាស​ថា សៀវភៅ​នេះ​នឹង​​ផ្ដល់​ភាព​ងាយស្រួល​ដល់​តំណាងរាស្ត្រ​សម្រាប់​ប្រតិបត្តិការ​របស់​ខ្លួន​នោះ។

ការ​រិះគន់​របស់​អង្គការ​ក្រៅ​ពី​រដ្ឋាភិបាល​ដែល​ឃ្លាំមើល​ដំណើរ​រដ្ឋសភា​នេះ ស្រប​ពេល​អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ថា សភា​នឹង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​សៀវភៅ​ស្ដីពី​សេវាកម្ម​សំខាន់ៗ​សម្រាប់​តំណាង​រាស្ត្រ នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ខាង​មុខ​នេះ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​បន្ត​ថា សៀវភៅ​សភា​នេះ​នឹង​ផ្ដល់​លទ្ធភាព​ងាយ​ស្រួល​ដល់​តំណាងរាស្ត្រ​ដើម្បី​ទទួល​បាន​សេវា​គាំពារ​សំខាន់ៗ ពី​មន្ត្រី​ជំនាញ​នៃ​អគ្គលេខាធិការដ្ឋាន​របស់​រដ្ឋសភា។ លើស​ពី​នេះ​ទៀត នឹង​ផ្ដល់​នូវ​ព័ត៌មាន​ត្រឹមត្រូវ​ជូន​តំណាងរាស្ត្រ អំពី​ទិដ្ឋភាព​ច្បាប់ និង​រចនាសម្ព័ន្ធ​សេវាកម្ម​រដ្ឋបាល​ផ្ទៃ​ក្នុង​រដ្ឋសភា។

អង្គការ​មិន​មែន​រដ្ឋាភិបាល​យល់​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ហាក់​ដើរ​បញ្ច្រាស​ទិស។ រាល់​ការ​ចាប់​ខ្លួន ឬ​ឃុំ​ខ្លួន​តំណាងរាស្ត្រ ត្រូវ​ដក​ហូត​អភ័យ​ឯកសិទ្ធិ​ដោយ​មាន​គាំទ្រ​ពី​សមាជិក​សភា ២ ភាគ ៣ ជា​មុន​សិន ទើប​ផ្តល់​លទ្ធភាព​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន។ ក៏ប៉ុន្តែ ការ​អនុវត្ត​ជាក់ស្ដែង​នេះ​វិញ ហាក់​មិន​ដូច្នេះ​ឡើយ គឺ​ចាប់​ខ្លួន​សិន​ទើប​អនុវត្ត​តាម​ច្បាប់​ជា​ក្រោយ។

ពាក់ព័ន្ធ​រឿង​នេះ លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) អះអាង​ថា លោក​ពុំ​មាន​ជំនឿ​ទាល់​តែ​សោះ​ចំពោះ​សៀវភៅ​នេះ​ ថា​នឹង​អាច​ជួយ​ជំរុញ​ឲ្យ​មាន​ដំណើរ​ល្អ​សម្រាប់​កំណែ​ទម្រង់​របស់​រដ្ឋសភា។ ម្យ៉ាង​វិញ​ទៀត តំណាងរាស្ត្រ ជាពិសេស​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង នឹង​មិន​ទទួល​បាន​ផល​ចំណេញ​ពេញលេញ​ពី​សៀវភៅ​នេះ​ប៉ុន្មាន​ទេ។ លោក​បន្ត​ថា «ការ​សន្និដ្ឋាន​របស់​ខ្ញុំ​បច្ចុប្បន្ន​នេះ នៅ​តែ​ជួប​ការ​លំបាក​មិន​មែន​ដូច​ពាក្យ​លើក​ឡើង​ថា ផ្ដល់​ភាព​ងាយ​ស្រួល​អី​ទេ សូម្បី​តែ​បន្តិច​ទៀត លោក​អាច​សាកសួរ​តំណាង​រាស្ត្រ ជាពិសេស​គណបក្ស​ប្រឆាំង ក៏​នៅ​មាន​ការ​ត្អូញត្អែរ​ដែរ។ ខ្ញុំ​ឥត​មាន​ជំនឿ​ថា​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ជូន​ដល់​តំណាង​រាស្ត្រ»

សៀវភៅ​ស្ដីពី​សេវាកម្ម​សំខាន់ៗ សម្រាប់​តំណាងរាស្ត្រ​ដែល​រដ្ឋសភា​គ្រោង​នឹង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ​នេះ មាន​ពីរ​ភាសា គឺ​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស។

ចំណែក​លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ហាក់​ស្ទាក់ស្ទើរ​មិន​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​ទេ ដោយ​លោក​អះអាង​ថា ពុំ​ទាន់​ទទួល​បាន​សេចក្ដី​លម្អិត​ណា​មួយ​របស់​សៀវភៅ​នេះ​នៅ​ឡើយ។ ហេតុ​នេះ​លោក​ថ្លែង​ថា វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​ផ្ដល់​យោបល់​ថា​ខុស ឬ​ក៏​​ត្រូវ​នោះ។ លោក​បន្ត​ថា «មិន​ទាន់​ឃើញ​សៀវភៅ​ហ្នឹង ធ្វើ​ម៉េច​ខ្ញុំ​ធ្វើ​អត្ថាធិប្បាយ​កើត? មិន​ដឹង​ថា​តើ​គេ​ផ្ដល់​សេវា​អ្វី​ខ្លះ? សេវា​សំខាន់ៗ​ហ្នឹង​ស្អី​ខ្លះ​ទៅ?»

បើ​ទោះ​ជា​បែប​ណា អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​រិះគន់​ដំណើរ​ការ​របស់​រដ្ឋ​សភា​ថា ពុំ​ដែល​សហការ ឬ​មាន​ភាព​យឺតយ៉ាវ​តែម្ដង រាល់​ពេល​ស្នើ​សុំ​ឈ្មោះ តួនាទី និង​ប្រវត្តិ​នៃ​ការ​សិក្សា​ជាដើម ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​របស់​តំណាងរាស្ត្រ​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ជាពិសេស​ភាព​ស្មុគស្មាញ​ទាំង​នេះ ជា​ញឹកញយ​កើត​ឡើង​ចំពោះ​គណបក្ស​កាន់​អំណាច។ ក៏ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ដោយ​លើក​ឡើង​ថា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​ដែល​បោះបង់​កិច្ចសហការ​ណា​មួយ​រាល់​ពេល​ស្នើ​សុំ​ពី​សង្គម​ការ​សង្គម​ស៊ីវិល​ម្ដង​ណា​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។