អ្នកច្បាប់​ថា សភា​ទាំងមូល​នឹង​រលាយ​បើ​តុលាការ​រំលាយ​គណបក្ស​ប្រឆាំង

ដោយ ទីន ហ្សាការីយ៉ា
2017-10-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សមាជិក​រដ្ឋសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​អនុម័ត​ឲ្យ​តុលាការ​បន្ត​លើ​សំណុំ​រឿង​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​របស់​រដ្ឋសភា​នៅ​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១៧។
សមាជិក​រដ្ឋសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​អនុម័ត​ឲ្យ​តុលាការ​បន្ត​លើ​សំណុំ​រឿង​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​របស់​រដ្ឋសភា​នៅ​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១៧។
RFA/Rann Samnang

អ្នកច្បាប់ និង​អ្នកវិភាគ​នយោបាយ​ពន្យល់​ថា គណបក្ស​សង្គ្រោះជាតិ មិន​អាច​ត្រូវ​តុលាការ​រំលាយ​បានទេ ដោយសារ​រដ្ឋធម្មនុញ្ញ​បាន​ចែង​អំពី​អាណត្តិ​សភា​មាន​រយៈពេល​៥​ឆ្នាំ បើ​សិន​ជា តុលាការ​រំលាយ​គណបក្ស​ប្រឆាំង​ចោល​មែន គឺ​ស្ថាប័ន​សភា​ទាំងមូល​ក៏​រលាយ​ដែរ ហើយ​រដ្ឋាភិបាល​នឹង​ក្លាយ​ទៅជា​រដ្ឋាភិបាល​មិន​ស្របច្បាប់។

ការ​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​អ្នកច្បាប់​មើល​ឃើញ​ថា ជា​រឿង​មិន​សម​ហេតុផល និង​មិន​ត្រូវ​តាម​រដ្ឋធម្មនុញ្ញ។

ទាំង​អ្នកច្បាប់ និង​ឃ្លាំមើល​ការបោះឆ្នោត ពន្យល់​ថា គ្មាន​ច្បាប់​ណាមួយ​អាច​រំលាយ​គណបក្ស​ប្រឆាំង​បានទេ ហើយ​គណបក្ស​ចំនួន​ពីរ​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ ចង់​រំលាយ​គណបក្សប្រឆាំង​ដូច្នេះ គណបក្ស​ទាំងពីរ​នេះ គ្រាន់តែ​ជា​ឧបករណ៍​នយោបាយ ដែល​លោក ហ៊ុន សែន រៀបចំ​ឲ្យ​សំដែង​នៅមុន​ពេល ការប្រកួត​នៅ​លើ​សង្វៀន​នយោបាយ​ឆ្នាំ​២០១៨ មកដល់​តែប៉ុណ្ណោះ។

មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា មាន​ប្រសាសន៍​ថា ការ​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កំពូល​នេះ គ្មាន​ហេតុផល​អ្វី​ដែល​គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស ហ៊្វុនស៊ិនប៉ិច​ត្រូវ​ប្ដឹង​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​ផ្អាក​សកម្មភាព​ណាមួយ​របស់​គណបក្ស​នយោ បាយ​បាន​នោះ លុះ​ត្រា​ណា​តែ​ក្រសួងមហាផ្ទៃ។

ការ​លើក​ឡើង​របស់​អ្នកច្បាប់ និង​អ្នកឃ្លាំមើល​ការបោះឆ្នោត​បែបនេះ នៅ​បន្ទាប់ពី​គណបក្ស​យុវជន កម្ពុជា និង គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ដាក់​ពាក្យ​ប្ដឹង ទៅ​តុលាការ​កំពូល​ជា​បន្តបន្ទាប់ ដើម្បី​ស្នើសុំ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។

នៅ​ក្នុង​លិខិត​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ផ្ញើ​ជូន​ក្រសួងមហាផ្ទៃ ស្នើសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​៥ តុលា ដោយ​យោង​តាម​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី គណបក្ស​នយោបាយ។ នៅ​ក្នុង​លិខិត​របស់​សម្ដេច ក្រុមព្រះ ព្រះអង្គ​បាន​សរសេរ​រៀបរាប់​សរសើរ​លោក ហ៊ុន សែន និង​បាន​គាំទ្រ​ចំពោះ​ការចោទប្រកាន់ កឹម សុខា ថា​ក្បត់ជាតិ និង​ត្រូវរ៉ូវ​ជាមួយ​បរទេស មានបំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ។

ទោះបីជា​បែបនេះ​ក្ដី សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​តួអង្គ​មួយ​សំខាន់ នៅ​ពេល​នេះ ក្នុង​ការ​កម្ទេច​គណបក្ស​ប្រឆាំង នៅ​ក្រោយ​ពេល លោក ញឹក ប៊ុនឆៃ ដែល​ជា​សម​ភាគី របស់​ព្រះអង្គ​ត្រូវ​បាន​លោក ហ៊ុន សែន លែង​ត្រូវការ ហើយ​ចាប់​ដាក់គុក​នោះ។ សម្រាប់​បរិបទ​នៅ​ពេលនេះ​វិញ គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ធ្លាប់​ឈ្នះ​ការ​បោះឆ្នោត ហើយ​ទី​បញ្ចប់​គ្មាន ១អាសនៈ ផង​នៅ​ក្នុង​រដ្ឋសភា​នោះ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទំនងជា​ត្រូវ​ខំ​បង្គាប់​ចិត្ត​បក្ស​កាន់​អំណាច ដើម្បី​ទទួល​បាន​ផល​ខ្លះ អាច​បន្ត​ដំណើរ​នយោបាយ​ទៅ​មុខ​ទៀត​នៅ​ឆ្នាំ ២០១៨​ខាងមុខ។

នរណា​ក៏​ដឹង​ដែរ​ថា ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ទ្រង់​ហ៊ាន​ធ្វើ​អ្វីៗ​សព្វបែបយ៉ាង ដើម្បី​បន្ត​អំណាច របស់​ខ្លួន​សូម្បីតែ​សម្ព័ន្ធមិត្ត​ដែល​ធ្លាប់​ប្ដូរផ្ដាច់​និង​គ្នា ក៏​ព្រះអង្គ​ហ៊ាន​ក្បត់​ដែរ។ ឧទាហរណ៍​ដូចជា​នៅ​ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី៣ ឆ្នាំ​២០០៣ គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​ព្រះអង្គ មាន​ឱកាស​ម្ដងទៀត ក្នុង​ការ​ចាប់ដៃ​មួយ​គណបក្ស​សម រង្ស៊ី របស់​លោក សម រង្ស៊ី ដើម្បី​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ជិះ​សេះ​លែងដៃ បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​បាន។

គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​សម រង្ស៊ី ដែល​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នោះ បាន​បង្កើត​សម្ពន្ធភាព​ជាមួយគ្នា ឈ្មោះ​ថា សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ ដែល​ធ្វើ​ឲ្យ​ស្ថានភាព នយោបាយ​ជាប់​គាំង​ជិត​១​ឆ្នាំ។ នៅ​ទីបំផុត​ត្រូវ​បាន​គេ​មើល​ឃើញ​ថា សម្ដេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ ក្បត់​លោក សម រង្ស៊ី រត់​ទៅ​ចាប់ដៃ​ជាមួយ​លោក ហ៊ុន សែន ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ បែងចែក​អំណាច​គ្នា ដឹកនាំ​រដ្ឋាភិបាលចម្រុះ​ជាមួយគ្នា ដោយ​សម្ដេចក្រុមព្រះ ទ្រង់​ធ្វើជា​ប្រធាន​រដ្ឋសភា ទោះបីជា​ព្រះអង្គ​ធ្លាប់​បាន​ប្ដេជ្ញា​ជាមួយ​លោក​សម រង្ស៊ី ថា​មិន​ចាញ់​ល្បិចកល​លោក ហ៊ុន សែន ម្ដង​ទៀត​ក្ដី។

ទោះបីជា​នៅ​ពេល​នេះ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នៅ​ពេល​នេះ ហាក់​បី​ដូច​ជា​សកម្ម និង​ប្រឹងប្រែង​នៅ​លើ​ឆាក​នយោបាយ​ជាថ្មី​វិញទៀត​ក្ដី ក៏ប៉ុន្តែ​ការ​ប្រឹងប្រែង​នេះ ត្រូវ​បាន​អ្នកច្បាប់​មើល​ឃើញ​ថា នឹង​មិន​អាច​ទទួល​បាន​ដូច​បំណង​ឡើយ។

លោក មេធាវី ហុង គឹមសួន ពន្យល់​ថា ការ​ប្ដឹង​របស់​គណបក្ស​នយោបាយ​ទាំងពីរ ចង់​រំលាយ​គណ បក្ស​សង្គ្រោះជាតិ ដោយ​យោង​តាមច្បាប់​ស្ដី​ការ​ធ្វើ​វិសោធនកម្ម ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ មិន​អាច​ទៅ​រួច​ទេ ព្រោះ​ច្បាប់​នេះ​កើតឡើង​ក្រោយពេល លោក កឹម សុខា និយាយ​នៅ​ប្រទេស​អូស្ត្រាលី​អំពី​ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។

ម្យ៉ាងវិញទៀត លោក មេធាវី សេក សុភណ្ឌ បញ្ជាក់​ថា បើសិនជា​ការ​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដោយ​ហេតុផល​រដ្ឋាភិបាល​ចោទ​លោក កឹម សុខា ពី​បទ​ក្បត់ជាតិ​នេះ ក៏​មិន​អាច​ទៅ រួច​ដែរ ព្រោះ​លោក កឹម សុខា គ្រាន់តែ​ជា​ជន​ត្រូវ​ចោទ តុលាការ​មិនទាន់​ចោទប្រកាន់ ឬ​មិន​ទាន់​មាន​ទោស​នោះ​ទេ។

ទោះបីជា​យ៉ាងណាក៏ដោយ ការ​ចាប់ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​នេះ គឹ​មាន​ប្រតិកម្ម​ជាច្រើន ពី​សហគមន៍​ជាតិ និង​អន្តរជាតិ។ តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​របស់​សហរដ្ឋអាមេរិក កំពុង​ជំរុញ​ឲ្យ​រដ្ឋបាល​លោក ដូណាល់ ត្រាំ (Donald Trum) ដាក់​គំនាប​សេដ្ឋកិច្ច​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​តានតឹង​នៅ​កម្ពុជា។

លោក អាឡាន់ ឡូវែនថល (Alan Lowenthal) តំណាងរាស្ត្រ ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃទី៤ ខែ​តុលា ថា លោក ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​ផ្ដាច់ការ​កាន់តែ​ខ្លាំង​ឡើងៗ និង​កំពុង​ប្រឆាំង​ទៅ​នឹង​គោលការណ៍​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។ លោក​អះអាង​ថា ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា គឺជា​ជ្រើស​ដ៏​ល្អ​មួយ ប្រសិនបើ​លោក ហ៊ុន សែន មិន​ព្រម​ដោះលែង​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា មិន​បញ្ឈប់​ការ​គំរាមកំហែង និង​ធ្វើទុក្ខបុកម្នេញ​ដល់​តំណាងរាស្ត្រ​ផ្សេងទៀត​របស់​បក្ស​ប្រឆាំង មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ។

ចំពោះ​មន្ត្រី​ជាន់​អង្គការសហប្រជាជាតិ​វិញ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ការ​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ និង​បើក​ឲ្យ​មានការ​បោះឆ្នោត​ប្រកប ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ បើ​មិន​អ៊ីចឹង​ទេ សហភាព​អឺរ៉ុប​នឹង​មិន​ទទួលស្គាល់​រដ្ឋាភិបាល និង​ពិចារណា​លើ​ទីផ្សារ​របស់​កម្ពុជា​នៅ​សហគមន៍​អឺរ៉ុប​ជាដើម។

លោក យឿង សុធារ៉ា បន្ថែម​ថា បើសិនជា​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មែន​នោះ គឺ​ស្មើ នឹង​ការ​វាយ​គូរ​ប្រកួត​ឲ្យ​សន្លប់​នៅ​ពេល​ថ្ងៃ​ប្រកួត​មកដល់។ បើ​ដូច្នេះ​មែន ការបោះឆ្នោត​ឆ្នាំ​២០១៨ ខាងមុខ​គ្មាន​ន័យ​អ្វី​ទេ ហើយក៏​គ្មាន​អ្នកណា​ទទួលស្គាល់​ដែរ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរា បញ្ជាក់​ថា គណបក្ស​គ្មាន​សំឡេង​ក្នុង​រដ្ឋសភា ប្ដឹង​លោក​ចង់​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នេះ មិន​អាច​ទៅ​រួច​ឡើយ។ លោក​បញ្ជាក់​ថា បើ​តុលាការ ឬ​ក្រសួងមហាផ្ទៃ​ប្ដឹង​រំលាយ​គណបក្សប្រឆាំង​មែន មានន័យថា ស្ថាប័ន​សភា ក៏​រលាយ​ដែរ បើ​ដូច្នេះ​មែន​គឺ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។

រដ្ឋធម្មនុញ្ញ​មាត្រា​៧៨ ចែងថា នីតិ​របស់​រដ្ឋសភា​មាន​កំណត់​៥​ឆ្នាំ ហើយ​ត្រូវ​ផុត​កំណត់​នៅ​ពេល​ដែល​រដ្ឋសភា​ថ្មី​ស្បថ​ចូលកាន់​តំណែង។ រដ្ឋសភា​មិន​អាច​ត្រូវ​បាន​រំលាយ​មុន​ផុត​អាណត្តិ​បាន​ឡើយ វៀរលែងតែ​ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល ត្រូវ​បាន​ទម្លាក់​ពីរ​ដង​ក្នុង​រយៈពេល​១២​ខែ។

ក្រុម​អ្នក​ច្បាប់ រួម​ទាំង​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​របស់​សហរដ្ឋអាមេរិក បញ្ជាក់​ថា បើសិនជា​រដ្ឋាភិបាល ឬ​តុលាការ​នៅតែ​ចាត់ការ​បណ្ដឹង​នេះ​ទាំង​បំពាន​ច្បាប់​នោះ កម្ពុជា​នឹង​មិន​អាច ធ្វើដំណើរ​ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត ឆ្នាំ​២០១៨​ខាងមុខ តែ​ឯកឯង​បានទេ ព្រោះ​ប្រទេស​ក្រីក្រ​មួយ​នេះ នៅតែ​ត្រូវការ​កិច្ច​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ។ ម្យ៉ាងទៀត ប្រសិនបើ​លោក ហ៊ុន សែន ចង់​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន​មាន​ភាព​ស្របច្បាប់ នោះ​លោក ហ៊ុន សែន ត្រូវតែ​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​មាន​ការចូលរួម​ប្រកួតប្រជែង​គ្រប់​ភាគី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

unknown

ពី PP

អ្នកច្បាប់ និង ក្រុមប្រឹក្សាធម្មនុញ្ញ មួយណាធំជាង?មានតែក្រុមប្រឹក្សាធម្មនុញ្ញទេ ដែលមានសិទ្ធិថាខុស ឬ ត្រូវ។ សម្រាប់អ្នកច្បាប់ វាគ្រាន់តែជាទស្សនះរបស់កាត់តែប៉ុណ្ណោះ។

Oct 07, 2017 06:39 AM

បាយឡុក បាយឡ

ពី NANTES

តុលាការរំលាយគណបក្សប្រឆាំង ព្រោះ

តុលាការ គឺជាអាវុធមួយប្រភេទទៀត របស់ហ៊ុនសែន

ក្នុងការកៀបសង្កត់ កាប់សំលាប់ ។ល។

Oct 06, 2017 02:06 AM

 អក្សរខ្មែរ

ពី  អក្ខរាវិរុទ្ធ

 ពាក្យមួយដូចជាប្រើខុស "បង្គាប់ចិត្តបក្បកាន់អំណាច"គួរប្រើថា"ផ្គាប់ចិត្តបក្បកាន់អំណាច"ទើបត្រូវ។

Oct 06, 2017 12:58 AM

គេហទំព័រ​ទាំងមូល