គ.ជ.ប នឹង​ជ្រើស​រើស​អគ្គលេខាធិការ​និង​អគ្គលេខាធិការ​រង

0:00 / 0:00

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នឹង​ជ្រើស​រើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​សម្រាប់​ស្ថាប័ន​ខ្លួន។ តែ​ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ គ.ជ.ប មិន​ទាន់​បង្ហាញ​ឈ្មោះ​បុគ្គល​រូប​ណា​ដែល​ត្រូវ​ជ្រើស​តាំង​នៅ​ថ្ងៃ​ណា​នៅ​ឡើយ ខណៈ​ដែល​ការ​ជ្រើស​រើស​នេះ ត្រូវ​ការ​សំឡេង​ភាគ​ច្រើន​ដាច់ខាត ឬ ៥ ភាគ ៩ នៃ​សមាសភាព​សមាជិក គ.ជ.ប ទាំង ៩​រូប។

ទាក់ទង​ការ​ជ្រើស​រើស​តួនាទី​អគ្គលេខាធិការ​នេះ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត មាន​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា។

អ្នក​នាំ​ពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក​បណ្ឌិត ហង្ស ពុទ្ធា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ថា សមាជិក​ទាំង ៩​រូប​នៃ គ.ជ.ប នឹង​ជ្រើស​រើស​ផ្គូផ្គង​បេក្ខភាព​នានា ដើម្បី​ឲ្យ​សមស្រប​ធ្វើ​ជា​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​នៃ គ.ជ.ប។ តែ​ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​រូប​នេះ បដិសេធ​មិន​ពន្យល់​លម្អិត​ពី​ការ​ជ្រើស​រើស​នេះ​នៅ​ឡើយ​ទេ ដោយ​អះអាង​ថា ពេល​នេះ គ.ជ.ប មិន​ទាន់​ធ្វើ​ដល់​រឿង​ជ្រើស​រើស​អគ្គលេខាធិការ​នៅ​ឡើយ​ទេ៖ «យើង​មើល​ខ្លឹមសារ​ច្បាប់ ធ្វើ​ម៉េច​ឲ្យ​សំណើ​ភាគ​ច្រើន​ដាច់ខាត​នោះ ប្រធាន គ.ជ.ប ចឹង​ធ្វើ​ម៉េច​ឲ្យ​អ្នក​ទាំង ៩​រូប​នេះ អ្នក​យល់ព្រម ៥​រូប​គ្រប់គ្រាន់​ហើយ»

អនុក្រឹត្យ​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ចុះ​ថ្ងៃ​ទី​១០ ខែ​សីហា មាត្រា​៧ ចែង​ថា អគ្គលេខាធិការដ្ឋាន​នៃ គ.ជ.ប ដឹក​នាំ​ដោយ​អគ្គលេខាធិការ ១​រូប និង​អគ្គលេខាធិការ​រង​មួយ​ចំនួន​ជា​ជំនួយការ តាម​ការ​ចាំបាច់​ដែល​ត្រូវ​តែង​តាំង​ដោយ​ព្រះរាជក្រឹត្យ តាម​សំណើ​របស់​ប្រធាន គ.ជ.ប បន្ទាប់​ពី​បាន​យោបល់​យល់ស្រប​តាម​សំឡេង​ភាគ​ច្រើន​ដាច់ខាត​នៃ​សមាសភាព គ.ជ.ប ទាំង​មូល។

ទោះ​ជា​មិន​ទាន់​ដឹង​ថា គ.ជ.ប ជ្រើស​រើស​ឲ្យ​អ្នក​ណា​ធ្វើ​ជា​អគ្គលេខាធិការ ឬ​អគ្គលេខាធិការ​រង​នៃ​ស្ថាប័ន​នេះ ប៉ុន្តែ​អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម លោក កែម ឡី យល់​ថា លោក ទេព នីថា នឹង​នៅ​តែ​ធ្វើ​ជា​អគ្គលេខាធិការ​ដដែល ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​បាន​បុគ្គល​នេះ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​នៅ​តែ​មាន​ឥទ្ធិពល​លើ គ.ជ.ប ដដែល។ លោក កែម ឡី ថា បើ​មិន​ចង់​ឲ្យ​រឿង​នេះ​កើត​ឡើង លុះត្រា​ណា​ការ​ជ្រើស​រើស​នោះ​ត្រូវ​ធ្វើ​ឡើង​ដោយ​បើក​ចំហ​ឲ្យ​សាធារណជន​ទូទៅ​ចូលរួម និង​ត្រូវ​ជ្រើស​រើស​ដោយ​សំឡេង ២ ភាគ ៣៖ «ខ្ញុំ​គិត​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​បាន លោក ទេព នីថា គឺ​បាន​ហើយ បើ​ចង់​អ្នក​ផ្សេង គឺ​អ្នក​ផ្សេង»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី លោក ទេព នីថា ដែល​កំពុង​កាន់​តួនាទី​ជា​អគ្គលេខាធិការ​សព្វថ្ងៃ​នេះ​នៅ​ឡើយ​ទេ។ ចំណែក​អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បញ្ជាក់​ថា អ្នក​កាន់​តួនាទី​ក្បាល​ម៉ាស៊ីន​នៅ​ក្នុង​អគ្គលេខាធិការដ្ឋាន អាច​នឹង​មាន​មន្ត្រី​ដែល​ធ្វើ​ការងារ​នេះ​ស្រាប់។

ទាក់ទង​បញ្ហា​នេះ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) ស្នើ​ឲ្យ​មាន​ការ​កំណត់​លក្ខណៈ​សម្បត្តិ​ជាក់លាក់ និង​ដំណើរ​ការ​ជ្រើស​រើស ត្រូវ​ធ្វើ​ឡើង​ដោយ​បើក​ចំហ​ចំពោះ​តំណែង​អគ្គលេខាធិការ ឬ​អគ្គលេខាធិការ​រង។ លោក គល់ បញ្ញា បញ្ចេញ​ទស្សនៈ​ថា គ.ជ.ប ថ្មី គួរ​តែ​ជ្រើស​រើស​អគ្គលេខាធិការ​របស់​ខ្លួន​ជា​មនុស្ស​ថ្មី ដែល​មិន​មែន​ជា លោក ទេព នីថា៖ «គ.ជ.ប ថ្មី គេ​រើស​អ្នក​ប្រតិបត្តិ​ថ្មី​របស់​គេ​ហើយ ជាពិសេស​អគ្គលេខាធិការ​តែ​ម្តង»

អនុក្រឹត្យ​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​អគ្គលេខាធិការដ្ឋាន​នៃ គ.ជ.ប តម្រូវ​ឲ្យ​អគ្គលេខាធិការដ្ឋាន​នេះ​ធ្វើ​ជា​ជំនួយការ​របស់ គ.ជ.ប នៃ​ការ​បោះ​ឆ្នោត​សកល និង​អសកល ព្រម​ទាំង​មាន​ភារកិច្ច​អនុវត្ត​ច្បាប់​បោះ​ឆ្នោត បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត បទបញ្ជា​ផ្ទៃ​ក្នុង សេចក្តី​សម្រេច និង​សេចក្តី​ណែនាំ​នានា​របស់ គ.ជ.ប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។