មន្ត្រីជាន់ខ្ពស់អង្គការសង្គមស៊ីវិល ដែលមានជំនាញផ្នែកកិច្ចការបោះឆ្នោត យល់ឃើញថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប គួរបង្កើតវិធានផ្ទៃក្នុងរបស់ស្ថាប័ន និង ក្រមសីលធម៌របស់ខ្លួនជាមុនសិន ដើម្បីឲ្យវាមានភាពប្រទាក់ក្រឡាគ្នា ទៅនឹងច្បាប់បោះឆ្នោតថ្មី ជាជាងលើកយកសំណុំរឿងមួយករណីៗ មកដោះស្រាយ។
ការថ្លែងរិះគន់របស់អង្គការមិនមែនរដ្ឋាភិបាលនៅពេលនេះ កើតមានឡើង បន្ទាប់ពីលោក រ៉ុង ឈុន ដែលជាសមាជិក នៃ គ.ជ.ប ថ្មី ត្រូវបានអង្គប្រជុំលើកមកពិភាក្សា ក្រោយពីលោកត្រូវបាន គ.ជ.ប រកឃើញថា មានកំហុស ព្រោះតែបានចូលរួមក្នុងសកម្មភាព ទិវាពលកម្មអន្តរជាតិ ហើយចាត់ទុកថា សកម្មភាពនោះ គឺជាសកម្មភាពនយោបាយ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល (Comfrel) ចាត់ទុកថា ការបកស្រាយណាមួយរបស់សមាជិក គ.ជ.ប ថ្មីដែលជាប់ពាក់ព័ន្ធទៅនឹងសំណុំរឿងរបស់លោក រ៉ុង ឈុន នោះថា គឺវាហាក់ផ្ទុយពីអ្វីដែលមានកំណត់ដោយច្បាប់បោះឆ្នោតថ្មី និងបទបញ្ជាផ្ទៃក្នុងនៃ គ.ជ.ប ថែមទៀតផង។
ប្រតិកម្មរបស់លោក គល់ បញ្ញា ដែលជានាយកប្រតិបត្តិរបស់អង្គការ ខុមហ្រ្វែល នៅពេលនេះ កើតមានឡើងបន្ទាប់ពី គ.ជ.ប បានកោះប្រជុំបន្ទាន់មួយ កាលពីព្រឹកថ្ងៃទី៤ ឧសភា នៅទីស្ដីការនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ជុំវិញសំណុំរឿងរបស់លោក រ៉ុង ឈុន។
អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហជីពផង លោក រ៉ុង ឈុន ត្រូវរងការស្ដីបន្ទោសពីប្រធាន គ.ជ.ប និងប្រឈមចំពោះការចោទប្រកាន់ពីគណបក្សប្រជាជនកម្ពុជា ភ្លាមថា កំពុងអនុវត្តខុសពីនីតិវិធីច្បាប់បោះឆ្នោតថ្មី និងធ្វើឲ្យបាត់បង់នូវឯករាជ្យភាពរបស់ គ.ជ.ប។ មូលហេតុនៃកំហុសនេះ ព្រោះរូបលោកបានចូលរួមសកម្មភាពកាលពីថ្ងៃទី១ ឧសភា សម្រាប់ទិវាពលកម្មអន្តរជាតិ ហើយសកម្មភាពទាំងនោះ លោក រ៉ុង ឈុន ត្រូវបានគេចាត់ទុកថា គឺបានចូលរួមទៅក្នុងសកម្មភាពនយោបាយទៅវិញ។
យ៉ាងណាលោក គល់ បញ្ញា អះអាងថា គ.ជ.ប មិនគួរលើកបញ្ហាមួយករណីៗ មកដោះស្រាយ តួយ៉ាងដូចសំណុំរឿងរបស់លោក រ៉ុង ឈុន នេះទេ។ បន្ថែមពីលើនេះ លោកថ្លែងថា ដើម្បីធ្វើឲ្យមានភាពសុក្រឹត និងយុត្តិធម៌ទៅបាន គឺចាំបាច់ណាស់ គ.ជ.ប ត្រូវមានបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងបទដ្ឋានគតិយុត្តិមួយជាន់ទៀតរបស់ខ្លួន ឲ្យស៊ីគ្នាទៅនឹងច្បាប់បោះឆ្នោតថ្មី ទើបអាចធានាពីភាពត្រឹមត្រូវ នៃការអនុវត្តគោលនយោបាយរបស់ខ្លួនបាន ។ លោកចាត់ទុកថា បើមិនដូច្នេះទេ ការបកស្រាយណាមួយ អំពីការចូលរួមសកម្មភាពនានា ដោយមិនប្រាកដនិយមនោះ នឹងបង្កើតជាមន្ទិលសង្ស័យទៅវិញ។
លោក គល់ បញ្ញា បន្តថា៖ «ទាំងអស់គ្នាគឺមិនអាចទៅធ្វើក្រៅច្បាប់ដែលយើងបានកំណត់។ ប៉ុន្តែខ្ញុំថាការកំណត់ត្រូវតែច្បាស់លាស់ កុំឲ្យស្អីទៅហៅថាសកម្មភាពគណបក្សនយោបាយ ដែល គ.ជ.ប ត្រូវតែហាមសមាជិកយើងចូលរួម។ យើងត្រូវកំណត់ឲ្យបានច្បាស់លាស់» ។
បើទោះជាបែបណា លោក គល់ បញ្ញា អះអាងថា សម្រាប់ច្បាប់បោះឆ្នោតថ្មីនេះ គឺពុំមានមាត្រាណាមួយ ដែលហាមឃាត់សម្រាប់សកម្មភាពមនុស្សធម៌នៅក្នុងសង្គមឡើយ ពោលគឺលើកលែងតែចូលរួម នៅក្នុងសកម្មភាពនយោបាយ ហើយបើសមាជិកនោះជាប្រធានអង្គការ សមាគមវិញ ត្រូវលាលែងពីតួនាទី ក្នុងន័យដើម្បីចៀសវាងទំនាស់ផលប្រយោជន៍ប៉ុណ្ណោះ។
ថ្លែងប្រាប់អ្នកកាសែត ក្រោយប្រជុំបិទទ្វារបានបញ្ចប់ ដែលប្រើពេលប្រមាណ ៣ម៉ោង លោក ហង្ស ពុទ្ធា មន្ត្រីនាំពាក្យ គ.ជ.ប ឲ្យដឹងថា កិច្ចប្រជុំកាលពីព្រឹកថ្ងៃទី៤ ឧសភា នោះគឺជាការប្រជុំ ដែលពុំមានដាក់កំហិតប្រឆាំងលើលោក រ៉ុង ឈុន ឬ ពិន័យអ្វីណាមួយទេ។ ក៏ប៉ុន្តែកិច្ចប្រជុំនោះ គឺជាការដាស់សតិអារម្មណ៍គ្រប់សមាជិកនៃ គ ជ ប ទាំងអស់ត្រូវធ្វើខ្លួនឲ្យមានភាពឯករាជ្យ ជាពិសេស ត្រូវចៀសវាងការចូលរួមនៅក្នុងសកម្មភាពរបស់គណបក្សនយោបាយ ដែលនាំឲ្យប៉ះពាល់ដល់ អព្យាក្រឹតភាពរបស់ គ.ជ.ប ប៉ុណ្ណោះ។
លោក ហង្ស ពុទ្ធា៖ «ករណីឯកឧត្ដម រ៉ុង ឈុន ឯកឧត្ដមប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកបានធ្វើការក្រើនរំលឹកចំពោះសមាជិក គ.ជ.ប ទាំងអស់ យកចិត្តទុកដាក់ក្នុងការធ្វើអ្វីមួយ គឺត្រូវតែមានការប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវសាធារណមតិលោកយល់ថាធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាព និងអព្យាក្រឹត្យភាពគ.ជ.ប» ។
ចំណែកលោក រ៉ុង ឈុន សមាជិក គ ជ ប ថ្មី កូតាមកពីគណបក្សសង្រ្គោះជាតិ អះអាងថា លោកនៅតែប្រកាន់ជំហរ ប្រសិនបើកិច្ចការដែលត្រូវចូលរួមនោះ សម្រាប់សកម្មភាពសង្គម ហើយកំណត់ដោយច្បាប់ និងវិធានផ្ទៃក្នុងនៃគ.ជ.ប ៖ «អ្វីវានៅតែដដែល បើសិនជាត្រូវថា ច្បាប់ត្រូវចង្អុលបង្ហាញថា មានច្បាប់ហាមឃាត់។ ដូចជាការចូលរួមជាមួយគណបក្សនយោបាយ ជាមួយអីសព្វបែបយ៉ាងអីហ្នឹងដែលច្បាប់ហាមឃាត់។ យើងត្រូវគោរពច្បាប់ទាំងអស់គ្នា ពីព្រោះពលរដ្ឋគ្រប់រូបមិនថាអ្នកណាមានឋានៈតួនាទីប៉ុណ្ណាទេ ត្រូវនៅក្រោមច្បាប់ទាំងអស់គ្នា» ។
ពុំមានមាត្រាណាមួយ នៃច្បាប់បោះឆ្នោតថ្មី ត្រូវហាមប្រាមសមាជិករបស់ខ្លួនក្នុងការចូលរួមសម្រាប់សកម្មភាពមនុស្សធម៌ទេ។ ក៏ប៉ុន្តែ មានមាត្រា ១៣ នៃច្បាប់ថ្មីនេះ កំណត់ថា ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវអនុវត្តតួនាទីរបស់ខ្លួនដោយមិនលម្អៀង ដោយឈរលើគោលការណ៍គោរពច្បាប់ដោយមិនទទួលការគាបសង្កត់ ការគំរាមកំហែង ការបំភិតបំភ័យ ឬការបង្គាប់បញ្ជាដោយផ្ទាល់ ឬដោយប្រយោលពីបុគ្គល ឬ ស្ថាប័នណាមួយឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។