គ.ជ.ប.អំពាវនាវ​ដល់​បក្ស​នយោបាយ​ត្រៀម​ចុះ​បញ្ជី​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​២

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ឲ្យ​ដឹង​ថា ពេល​វេលា​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស និង​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​២ នឹង​ចាប់​ផ្ដើម​នៅ​បំណាច់​ខែ​កុម្ភៈ នេះ។

0:00 / 0:00

មន្ត្រី គ.ជ.ប បាន​ស្នើ​ដល់​គ្រប់​គណបក្ស​នយោបាយ​ដែល​មាន​បំណង​ចូល​រួម​ប្រកួត​ប្រជែង ត្រូវ​ត្រៀម​ឯកសារ​ឲ្យ​បាន​គ្រប់​ចំនួន និង​ត្រូវ​មក​យក​គំរូ​ពាក្យ​ស្នើសុំ​ចុះ​បញ្ជី​នេះ​នៅ​ស្ថាប័ន​ពាក់ព័ន្ធ​របស់ គ.ជ.ប តាម​ម៉ោង​ធ្វើ​ការ។

សេចក្តី​ជូន​ដំណឹង​របស់ គ.ជ.ប បាន​បង្ហាញ​ថា កាល​បរិច្ឆេទ​នៃ​ការ​ទទួល​ពាក្យ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ចូល​រួម​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​ការ​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត និង​ក្រុង​ស្រុក​ខណ្ឌ​អាណត្តិ​ទី​២ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៤។

ផ្ដើម​ពី​បញ្ហា​នេះ មន្ត្រី គ.ជ.ប បាន​ស្នើ​ដល់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ ដែល​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ ហើយ​មាន​បំណង​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នេះ ឲ្យ​ត្រៀម​ឯកសារ​ឲ្យ​បាន​គ្រប់​ចំនួន​ជា​មុន។

មន្ត្រី គ.ជ.ប ឲ្យ​ដឹង​ថា តំណាង​គណបក្ស​នយោបាយ​ត្រូវ​ទៅ​យក​គំរូ​ពាក្យ​ស្នើសុំ​នៅ​ស្ថាប័ន​ពាក់ព័ន្ធ​របស់ គ.ជ.ប តាម​រាជធានី​ខេត្ត​នីមួយៗ។

​លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត ដើម្បី​​ការ​បោះ​ឆ្នោត​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា ឬ​ហៅ​កាត់ និកហ្វិច (Nicfec) បាន​ស្នើ​ដល់​​ស្ថាប័ន គ.ជ.ប ត្រូវ​រៀប​ចំ​ឲ្យ​មាន​លក្ខណៈ​លទ្ធិប្រជាធិបតេយ្យ និង​អនុវត្ត​ទៅ​តាម​ច្បាប់​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​ថា ការ​បោះ​ឆ្នោត​នេះ ជា​ការ​បោះ​ឆ្នោត​អសកល ហើយ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត មិន​មែន​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​នោះ​ទេ ប៉ុន្តែ​សមាសភាព​មក​ពី​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់៖ «ខ្ញុំ​សូម​លើក​ឡើង​ឲ្យ​ការ​បោះ​ឆ្នោត​ក្លាយ​ទៅ​ជា​ទម្លាប់​នៃ​សង្គម​ប្រជាធិបតេយ្យ ហើយ​ការ​បោះ​ឆ្នោត​ត្រូវ​តែ​មាន​ភាព​ល្អ​ត្រឹមត្រូវ និង​យុត្តិធម៌ ទើប​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ»

កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ក្រុម​ប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​២ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។ ការ​បោះ​ឆ្នោត​នេះ សម្រាប់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រៀម​លក្ខណៈ​រួច​រាល់​តែ​រៀងៗ​ខ្លួន។

លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​កុម្ភៈ ថា ចំពោះ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​២ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ខែ​ឧសភា ខាង​មុខ បក្ស​ខ្លួន​បាន​ត្រៀម​ឯកសារ​សម្រាប់​ចុះ​ឈ្មោះ​គណបក្ស និង​បេក្ខជន​រួច​ហើយ៖ «ដោយសារ​ការ​បោះ​ឆ្នោត​នេះ ជា​ការ​បោះ​ឆ្នោត​អសកល យើង​ចូល​រួម ហើយ​យើង​នៅ​តែ​ពិនិត្យ​ទាមទារ ដើម្បី​ឲ្យ​មាន​កំណែ​ទម្រង់​បោះ​ឆ្នោត​ដដែល»

ដូច​គ្នា​ដែរ លោក អ៊ក គីមហាន ប្រធាន​នាយកដ្ឋាន​បូក​សរុប​នៃ​ខុទ្ទកាល័យ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា គណបក្ស​ខ្លួន​ក៏​បាន​ត្រៀម​ឯកសារ ដើម្បី​ចុះ​បញ្ជី​គណបក្ស និង​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​២​រួច​ហើយ​ដែរ។ លោក​ប្ដេជ្ញា​ថា បក្ស​ប្រជាជន​កម្ពុជា នឹង​អនុវត្ត​ឲ្យ​ស្រប​តាម​ច្បាប់​បោះ​ឆ្នោត​ដែល​បាន​កំណត់៖ «គណបក្ស​ប្រជាជន​កម្ពុជា រស់​នៅ​ក្នុង​សង្គម​កម្ពុជា គឺ​ធ្វើ​ម៉េច​អនុវត្ត​ទៅ​តាម​ច្បាប់។ ទោះ​អ្នក​ណា ឬ​បក្ស​គេ​យល់​ម៉េច​យល់​ទៅ គេ​ចូល​រួម​បោះ​ឆ្នោត​ក៏​ចូល​ទៅ បើ​មិន​ចូល​ក៏​ហី​ទៅ មិន​ដឹង​ធ្វើ​ម៉េច​ដែរ អា​ហ្នឹង​រឿង​របស់​គេ»

​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា ត្រង់​មាត្រា​២ បាន​ចែង​ថា ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត និង​ក្រុង ស្រុក ខណ្ឌ មាន​អាណត្តិ ៥​ឆ្នាំ។ ហើយ​ថា ក្រុម​ប្រឹក្សា​នេះ​នឹង​ត្រូវ​ផុត​កំណត់​នៅ​​ពេល​ក្រុម​ប្រឹក្សា​ថ្មី​ចូល​មក​កាន់​​តំណែង។

ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត និង​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ លើក​ទី​១ បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០០៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។