គ.ជ.ប.ប្រកាស​ពិនិត្យ​និង​ផ្ទៀងផ្ទាត់​លទ្ធផល​បោះ​ឆ្នោត​ចាប់​ពី​ថ្ងៃ​៣​សីហា

ក្រុម​ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី១ ខែ​សីហា ដល់​ក្រុម​អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ ថា ក្រុម​ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់​នៃ គ.ជ.ប នឹង​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៥ ចាប់​ពី​ថ្ងៃ​ទី៣ ខែ​សីហា។

0:00 / 0:00

អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ថា ការ​ត្រួត​ពិនិត្យ​លទ្ធផល​បោះ​ឆ្នោត​នោះ​ជា​យន្តការ​ចាស់​របស់ គ.ជ.ប ហើយ​យន្តការ​នេះ​ទំនង​ធ្វើ​ឡើង​ដោយ​គ្មាន​ប្រសិទ្ធភាព។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១ ខែ​សីហា ថា ដើម្បី​ឆ្លើយ​តប​នឹង​យន្តការ​ត្រួត​ពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​បោះ​ឆ្នោត គ.ជ.ប នឹង​ទទួល​យក​រាល់​របាយការណ៍​ស្ដីពី​ភាព​មិន​ប្រក្រតី​យក​មក​ដោះស្រាយ។

នៅ​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ប្រជាពលរដ្ឋ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន​កើត​ឡើង រួម​មាន​ជាអាទិ៍ ទឹក​ខ្មៅ​លុប​លាង​ជ្រះ មាន​ជនជាតិ​វៀតណាម ទៅ​បោះ​ឆ្នោត មាន​ការ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ច្រើន​ឲ្យ​ទៅ​បោះ​ឆ្នោត ការ​បាត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត ការ​យក​មនុស្ស​ពី​កន្លែង​ផ្សេង​ទៅ​បោះ​ឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត​មិន​មាន​តម្លាភាព​ជាដើម។

លោក ទេព នីថា បញ្ជាក់​ថា គណបក្ស​នយោបាយ​ដែល​ចូលរួម​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ អាច​បញ្ជូន​របាយការណ៍​ពី​ភាព​មិន​ប្រក្រតី​ទាំង​នោះ​ទៅ​គណៈកម្មការ​រាជធានី-ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត ឬ​ក៏​យក​មក​ដាក់​នៅ គ.ជ.ប តែ​ម្តង ដើម្បី​ឲ្យ គ.ជ.ប ពិនិត្យ និង​សម្រេច​ដោះស្រាយ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល៖ «ឧទាហរណ៍​ថា គាត់​មាន​បញ្ហា​អី​មាន​កញ្ចប់​សន្លឹក​ឆ្នោត​ពី​ឃុំ​ណា​ច្បាស់​លាស់​ពី​ខេត្ត​ណា គាត់​ដាក់​មក គ.ជ.ប នឹង​ពិនិត្យ​មើល​ថា ត្រូវ​បើក​មើល​យ៉ាង​ម៉េច អ៊ីចឹង​ហើយ​មើល​ទាំងអស់​គ្នា​តែ​ម្តង នេះ​ជា​នីតិវិធី​ដែល​យើង​អនុវត្ត​ស្រប​តាម​នីតិវិធី​ដែល គ.ជ.ប ធ្វើ​ក្នុង​ការ​ត្រួត​ពិនិត្យ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​តាម​រាជធានី​ខេត្ត ក៏​ដូច​ជា​ដោះស្រាយ​បណ្ដឹង​ដែរ»

តាម​គម្រោង ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​លទ្ធផល​បោះ​ឆ្នោត​នោះ គឺ​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី៣ ខែ​សីហា ហើយ​នឹង​ត្រូវ​បញ្ចប់​ឲ្យ​បាន​មុន​ថ្ងៃ​ចេញ​លទ្ធផល​បណ្តោះ​អាសន្ន គឺ​នៅ​ថ្ងៃ​ទី១០ ខែ​សីហា។ ក្នុង​ករណី​ពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​បោះ​ឆ្នោត​មិន​ទាន់​ទេ​នោះ គ.ជ.ប អាច​ពន្យារ​ពេល​នៃ​ការ​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន។

ទាក់ទង​ការ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​បោះ​ឆ្នោត​របស់ គ.ជ.ប នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ យល់​ថា​ជា​សញ្ញាណ​មួយ​ល្អ​ប្រសើរ។ ប៉ុន្តែ គ.ជ.ប ក៏​ត្រូវ​មាន​យន្តការ​ថ្មី​ទៀត ដោយ​ចូលរួម​សហការ​បង្កើត​គណៈកម្មការ​ថ្មី​មួយ ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត៖ «បញ្ហា​នៅ​តែ​ស្មុគស្មាញ​ជានិច្ច​កាល អ៊ីចឹង​ហើយ​បាន​យើង​មាន​គណៈកម្មការ​ថ្មី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី ហើយ​យក​ដំណោះស្រាយ​ចាត់​វិធាន​ការ​សមស្រប ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ប្រជារាស្ត្រ​ខ្មែរ កែ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឲ្យ​ស្រប​នឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ គឺ គ.ជ.ប អាច​មាន​ជា​យោបល់​ចូលរួម ប៉ុន្តែ​យើង​មិន​រំពឹង​លើ គ.ជ.ប ទេ»

ក្រុម​តាម​ដាន​ការ​បោះ​ឆ្នោត​ដែល​គេ​ហៅ​ថា បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដែល​មាន​អង្គការ​សង្គម​ស៊ីវិល​ជាង ៣០ ចូលរួម បាន​ប្រជុំ​គ្នា​នៅ​រសៀល​ថ្ងៃ​ទី១ ខែ​សីហា ពាក់ព័ន្ធ​នឹង​ការ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​បោះ​ឆ្នោត។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា និចហ្វិក (NICFEC) លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា សមាជិក​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ប្រកាន់​ជំហរ​ធ្វើ​ការ​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។ លោក​បន្ត​ថា មន្ត្រី​ស៊ើប​អង្កេត​ចំនួន ២៥​នាក់ នឹង​ចុះ​ទៅ​គោល​ដៅ​ខេត្ត​ចំនួន​៧ ដែល​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន​ជាង​គេ ហើយ​ការ​ស្រាវជ្រាវ​នោះ​ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់ ១៥​ថ្ងៃ។ លោក​បញ្ជាក់​ថា ចំពោះ​លទ្ធផល​រក​ឃើញ​នឹង​ត្រូវ​វាយ​តម្លៃ​ថា​ភាព​មិន​ប្រក្រតី​ទាំង​នោះ ជះ​ឥទ្ធិពល​ទៅ​ដល់​សំឡេង​ឆ្នោត និង​អាសនៈ​សភា​ដែរ​ឬ​ទេ?៖ «អ្វី​ដែល​យើង​ចុះ ២៥​នាក់​ហ្នឹង គឺ​យើង​ត្រូវ​រក​ឲ្យ​ស៊ី​ជម្រៅ​នូវ​ភាព​មិន​ប្រក្រតី ដែល​បាន​ទទួល​របាយការណ៍​មក»

យ៉ាង​ណា គ.ជ.ប មិន​ទាន់​បាន​កំណត់​បែង​ចែក​ចំនួន​អាសនៈ​ដែល​គណបក្ស​នយោបាយ​ត្រូវ​ទទួល​បាន​នៅ​ឡើយ​ទេ។ កាល​ពី​ថ្ងៃ​ទី២៨ កក្កដា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា គណបក្ស​ខ្លួន​ឈ្នះ​ដោយ​បាន​ទទួល​អាសនៈ​ចំនួន​៦៨ ក្នុង​រដ្ឋសភា ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៥​អាសនៈ។ ប៉ុន្តែ​ក្រោយ​មក ខាង​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ប្រកាស​ថា​គណបក្ស​ខ្លួន​ឈ្នះ​បាន​ចំនួន ៦៣​អាសនៈ​ដែរ។ មក​ទល់​ពេល​នេះ មិន​ទាន់​មាន​លទ្ធផល​ការ​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​ដែល​ត្រូវ​ប្រកាស​ដោយ គ.ជ.ប នៅ​ឡើយ។

គ.ជ.ប បាន​ចេញ​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​រហូត​ជាង ៣​លាន ២​សែន​សំឡេង (៣.២២៧.៧២៩​សំឡេង) គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​ជាង ២​លាន ៩​សែន​សំឡេង (២.៩៤១.១៣៣​សំឡេង) គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួល​បាន​ជាង ២​សែន ៤​ម៉ឺន​សំឡេង (២៤១.៨៦៦​សំឡេង)។ ក្រៅ​ពី​នោះ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួល​បាន​ជិត ៧​ម៉ឺន​សំឡេង (៦៩.៦៦៧​សំឡេង)។ គណបក្ស​ខ្មែរ​ឈប់​ក្រ ទទួល​បាន​ជាង ៤​ម៉ឺន​សំឡេង (៤៣.៣១២​សំឡេង)។ គណបក្ស​សញ្ជាតិ​កម្ពុជា ៣៧.៩៦៣​សំឡេង និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ៣៤.៥៦៩​សំឡេង ហើយ​គណបក្ស​ដែល​បាន​សំឡេង​តិច​ជាង​គេ គឺ​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ទទួល​បាន​ជិត ២​ម៉ឺន​សំឡេង (១៩.៨៧១​សំឡេង)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។