មន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យដឹងថា គ.ជ.ប ចុះឈ្មោះសាកល្បងជាលើកដំបូងរបស់ខ្លួនតាមប្រព័ន្ធកុំព្យូទ័រ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់រយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ វិច្ឆិកា នេះតទៅ។
ដោយឡែកអង្គការសង្គមស៊ីវិលដែលធ្វើការឃ្លាំមើលការបោះឆ្នោតវិញ ធ្លាប់បានរិះគន់ថា បើទោះជាកម្ពុជា រៀបចំធ្វើកំណែទម្រង់ដូចនេះក៏ដោយចុះ ក៏គេមានជំនឿតិចតួចនៅឡើយថា ការបោះឆ្នោតលើកនេះអាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ។
មន្ត្រីរៀបចំការបោះឆ្នោតបានអះអាងថា បញ្ជីឈ្មោះសាកល្បងនេះនឹងក្លាយជាទិន្នន័យដ៏សុក្រឹតមួយ ដែលពុំអាចមានអ្នកណាលួចកែ ឬបន្លំបាន ជាពិសេសការបោះឆ្នោតតាមប្រព័ន្ធទំនើបនេះ វានឹងកាត់បន្ថយបាននូវភាពចម្រូងចម្រាសសម្រាប់ការបោះឆ្នោតអាណត្តិក្រោយ។
មន្ត្រី គ.ជ.ប និយាយថា ការចុះឈ្មោះសាកល្បងដែលបម្រើឲ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ នឹងរៀបចំឡើងនៅទូទាំង ២៥រាជធានី-ក្រុង ដែលត្រូវចាប់អនុវត្តពីថ្ងៃទី១ ដល់ថ្ងៃទី១៥ វិច្ឆិកា ទើបបិទបញ្ចប់។
អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក គួយ ប៊ុនរឿន ឲ្យដឹងតាមការចុះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់ លោក សម រង្ស៊ី នៅថ្ងៃទី១ វិច្ឆិកា ថា ប្រព័ន្ធបោះឆ្នោតលើកនេះ គឺអាចធានាបាននូវសុក្រឹតភាពសម្រាប់បម្រើឲ្យការបោះឆ្នោតលើកនេះ។ លោកយល់ឃើញថា ការបោះឆ្នោតតាមប្រព័ន្ធទំនើប គឺបច្ចេកវិទ្យាកុំព្យូទ័រនៅក្នុងអាណត្តិនេះ វានឹងលុបបំបាត់បានឈ្មោះស្ទួន និងអ្នកលួចបោះជំនួសជាដើម ដែលបញ្ហានេះបានបង្កផលពិបាក ៤អាណត្តិមកហើយ។ លោកបន្តថា «អ្នកដែលបានបំពេញកាតព្វកិច្ចលក្ខខណ្ឌនៃច្បាប់ ត្រូវតែមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ទីពីរ គុណភាព បានន័យថា តម្លៃនៃបញ្ជីបោះឆ្នោត នៅពេលបោះឆ្នោត គឺអាចវាយតម្លៃលទ្ធផលនៃការបោះឆ្នោត»។
ការចុះឈ្មោះបោះឆ្នោតជាផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងចាប់ផ្ដើមពីខែមីនា ឆ្នាំ២០១៦ តទៅ។ ចំណែកការចុះឈ្មោះសាកល្បងដែលមានរយៈពេល ១៥ថ្ងៃនេះ នឹងមិនបម្រើឲ្យការដាក់ចូលទៅក្នុងបញ្ជីឈ្មោះជាផ្លូវការទេ ពោលគឺធ្វើឡើងដើម្បីធ្វើការសាកល្បងទៅលើប្រព័ន្ធបោះឆ្នោត មុននឹងឈានដល់ការបោះឆ្នោតជាផ្លូវការដូចការគ្រោងទុក។
ប្រទេសកម្ពុជា នឹងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់អាណត្តិទី៤ ចាប់ផ្ដើមក្នុងឆ្នាំ២០១៧។ ដោយឡែកការបោះឆ្នោតជាតិអាណត្តិទី៦ នឹងរៀបចំនៅឆ្នាំ២០១៨។
ច្បាប់បោះឆ្នោតថ្មីមាត្រា៤៦ ចែងថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណជាតិខ្មែរ ព្រមទាំងមានលក្ខខណ្ឌដូចជា មានសញ្ជាតិខ្មែរ មានអាយុ ១៨ឆ្នាំឡើង មានទីលំនៅដែលសាមីខ្លួនត្រូវបោះឆ្នោតជាដើម។ ដោយឡែកមាត្រា៤៩ វិញ កំណត់ថា គ.ជ.ប ត្រូវចេញបទបញ្ជា និងនីតិវិធីដើម្បីឲ្យប្រជាពលរដ្ឋដែលពុំមានលំនៅឋានច្បាស់លាស់ ឬចាកចេញពីលំនៅឋានទៅស្នាក់នៅកន្លែងផ្សេងទៀតក្នុងប្រទេសកម្ពុជា អាចចុះឈ្មោះបោះឆ្នោតនៅការិយាល័យបោះឆ្នោតក្នុងឃុំ-សង្កាត់ ដែលសាមីខ្លួនមានទីសំណាក់នៅក្នុងឃុំ-សង្កាត់នោះ។
ជុំវិញការបោះឆ្នោតនេះដែរ មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការឃ្លាំមើលការបោះឆ្នោត ធ្លាប់បានរិះគន់ថា បើទោះជាកម្ពុជា បានឈានមួយកម្រិត គឺបោះឆ្នោតតាមបែបប្រព័ន្ធទំនើបក៏ដោយចុះ ក៏គេនៅតែពុំទាន់អាចជឿទុកចិត្តបានថា ការបោះឆ្នោតពិតជាប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ក្នុងកម្រិតណាមួយដែរ។
បើទោះជាយ៉ាងណា មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា អះអាងថា ដោយសារនេះទើបជាបទពិសោធន៍លើកដំបូងសម្រាប់កំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា ក៏ប៉ុន្តែលោកនៅតែមានជំនឿថា ការបោះឆ្នោតតាមបែបទំនើបនេះ ពិតជាអាចបម្រើឲ្យការបោះឆ្នោតសេរី និងជឿទុកចិត្តបាន។ លោកបន្តថា «ចាប់ផ្ដើមដំបូងនេះ គ.ជ.ប មិនទាន់មានព័ត៌មានអ្វីដែលមិនប្រក្រតី ឬក៏បញ្ហាបច្ចេកទេសកើតឡើង នៅក្នុងដំណើរបញ្ជីឈ្មោះសាកល្បងនេះនៅឡើយទេ។ អ្វីដែលជាការរំពឹងទុកនោះ គឺ គ.ជ.ប អាចនឹងទទួលបានការចុះឈ្មោះផ្លូវការនៅទូទាំងប្រទេស ហើយនិងផលិតបាននូវបញ្ជីបោះឆ្នោតថ្មីមួយ»។
ការចុះឈ្មោះបោះឆ្នោតជាផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់តាមប្រព័ន្ធកុំព្យូទ័រ គ.ជ.ប នឹងចាប់អនុវត្តចន្លោះពីខែមីនា ដល់ខែឧសភា ឆ្នាំ២០១៦ ខាងមុខ។ នេះ ជាការបោះឆ្នោតលើកដំបូងរបស់កម្ពុជា ដែលរៀបចំឡើងតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបក្នុងរយៈពេលប្រមាណ ៣០ឆ្នាំកន្លងទៅនេះ ដែលក្រោយពីការបោះឆ្នោត ភាគីគណបក្សចាញ់ឆ្នោតតែងតែចោទប្រកាន់អំពីការលួចបន្លំសន្លឹកឆ្នោត ដែល គ.ជ.ប ចាស់ ត្រូវបានគណបក្សប្រឆាំងចោទប្រកាន់ថា មាននិន្នាការលម្អៀងទៅខាងគណបក្សប្រជាជនកម្ពុជា ដូចជាការបោះឆ្នោតអាណត្តិទី៤ កាលពីឆ្នាំ២០១៣ ធ្វើឲ្យជាប់គាំងនយោបាយអស់រយៈពេល ១ឆ្នាំ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។