គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងដោះស្រាយឲ្យចប់រាល់បណ្ដឹងទាំងអស់ត្រឹមថ្ងៃទី២៤ ខែមិថុនា ហើយនៅថ្ងៃទី២៥ ខែមិថុនា គឺជាថ្ងៃប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។ ការប្រកាសលទ្ធផលផ្លូវការគឺជាការបិទផ្លូវតវ៉ា។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យដឹងថា គ.ជ.ប បានដោះស្រាយបណ្ដឹងជំទាស់របស់គណបក្សនយោបាយរួចរាល់អស់ហើយ នៅសល់តែបណ្ដឹងទាក់ទងទោសទណ្ឌតែប៉ុណ្ណោះ។
លោក ហង្ស ពុទ្ធា ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពីស្ថានភាពរបស់អ្នកសារព័ត៌មានក្រោយការបោះឆ្នោត និងការបញ្ជ្រាបព័ត៌មានបែបសន្តិភាពនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ថា គ.ជ.ប នឹងបង្វែរបណ្ដឹងទាក់ទងនឹងរឿងក្ដីព្រហ្មទណ្ឌឲ្យទៅម្ចាស់បណ្ដឹងវិញ។ គ.ជ.ប ដោះស្រាយតែបណ្ដឹងទាក់ទងនឹងច្បាប់បោះឆ្នោតតែប៉ុណ្ណោះ៖ «មកដល់ថ្ងៃនេះ គឺនៅសល់តែបណ្ដឹងដែល គ.ជ.ប ស៊ើបអង្កេតគឺបណ្ដឹងប្ដឹងផ្ដល់ឲ្យដាក់ទោសទណ្ឌទេ ឯបណ្ដឹងឲ្យរាប់សន្លឹកឆ្នោតគឺបិទបញ្ចប់ហើយ»។
គ.ជ.ប បានបិទបញ្ចប់កាលបរិច្ឆេទសម្រាប់ទទួលពាក្យបណ្ដឹងពីគណបក្សនយោបាយកាលថ្ងៃទី១៩ ខែមិថុនា ទាក់ទងនឹងការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា។ គិតត្រឹមថ្ងៃបិទបញ្ចប់ទទួលពាក្យបណ្ដឹង គ.ជ.ប នៅសល់បណ្ដឹងពាក់ព័ន្ធនឹងការផ្ដន្ទាទោសចំនួន ១៨បណ្ដឹង ខណៈដែល គ.ជ.ប បានចារបដិសេធមិនដោះស្រាយបណ្ដឹងចំនួន ២២ របស់គណបក្សសង្គ្រោះជាតិ ១០បណ្ដឹង របស់គណបក្សប្រជាជនកម្ពុជា និង១បណ្ដឹង ជាបណ្ដឹងរបស់ពលរដ្ឋដែលបានប្ដឹងទៅ គ.ជ.ប។ ការបដិសេធរាប់ឡើងវិញ ដោយសារ គ.ជ.ប បញ្ជាក់ថា បណ្ដឹងទាំងនោះត្រូវបានថ្លោះសិទ្ធិ ឬហៅថា ផុតកាលកំណត់របស់ច្បាប់។
ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតគណបក្សសង្គ្រោះជាតិ អ្នកស្រី ម៉េង សុភារី បញ្ជាក់ថា សម្រាប់គណបក្សប្រឆាំងមិនអស់ចិត្ត និងមិនអាចទទួលយកទេ ព្រោះតែ គ.ជ.ប បានច្រានចោលបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ។ ប៉ុន្តែអ្នកស្រី ម៉េង សុភារី ប្រាប់ថា ដោយសារច្បាប់តម្រូវឲ្យបិទផ្លូវតវ៉ា ដូច្នេះគណបក្សសង្គ្រោះជាតិ ព្រមទទួលយកទាំងមិនអស់ចិត្ត។ អ្នកទទួលខុសត្រូវលើកិច្ចការបោះឆ្នោតរបស់គណបក្សប្រឆាំងរូបនេះអះអាងថា ប្រសិនបើ គ.ជ.ប ព្រមរាប់សន្លឹកឆ្នោតឡើងវិញនូវបណ្ដឹងជាង ៣០ របស់គណបក្សសង្គ្រោះជាតិនោះ ទោះចាញ់ក៏គណបក្សប្រឆាំងព្រមទទួលយកដោយអស់ចិត្តដែរ៖ «ប្រជាពលរដ្ឋខ្មែរទាំងអស់មានសិទ្ធិបោះឆ្នោតជ្រើសរើសដល់ពេលគាត់មកបោះឆ្នោតបែរជាអត់រាប់សំឡេងគាត់ចូល ដែលជាការបោះបង់ចោលនូវឆន្ទគាំទ្រនយោបាយរបស់គាត់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ»។
ចំណែកគណបក្សប្រជាជនកម្ពុជា តាមរយៈអ្នកនាំពាក្យ លោក សុខ ឥសាន ប្រាប់ថា គណបក្សកាន់អំណាចប្រគល់សិទ្ធិសម្រេចឲ្យ គ.ជ.ប ហើយបើទោះជា គ.ជ.ប សម្រេចរាប់សន្លឹកឆ្នោត ឬមិនរាប់ឡើងវិញតាមការស្នើរបស់បក្សកាន់អំណាចក៏ដោយ សម្រាប់គណបក្សកាន់អំណាចនឹងទទួលយកការសម្រេចរបស់ គ.ជ.ប ដោយផ្អែកទៅលើច្បាប់ដែលបានចែង៖ «យើងជាអ្នកបង្កើត គ.ជ.ប អ៊ីចឹងយើងប្រគល់តួនាទី ភារកិច្ចសិទ្ធិអំណាចជូនគាត់ហើយ អ៊ីចឹងទេរាល់បញ្ហាជាលទ្ធផលការងាររបស់គាត់ គឺយើងឯកភាពទៅតាមហ្នឹង»។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់ថា បណ្ដឹងដែលប្ដឹងជំទាស់មិនត្រូវបាន គ.ជ.ប រាប់ឡើងវិញតាមសំណើ ដោយសារតែបណ្ដឹងទាំងនោះខ្លះកម្រិតលម្អៀងខ្ពស់ពេក លើសពី ០,៥% បើទោះជារាប់ឡើងវិញ ក៏គណបក្សដែលចាញ់មិនអាចឈ្នះបានដែរ។ បណ្ដឹងខ្លះត្រូវបានរាប់ឡើងវិញតាមឋានានុក្រម គ.ជ.ប រួចហើយ ដោយមិនមានបញ្ហា បណ្ដឹងខ្លះជាបណ្ដឹងថ្លោះសិទ្ធិ បានប្ដឹងរំលងថ្នាក់ខេត្តជាដើម និងខ្លះទៀតគឺជាបណ្ដឹងលក្ខណៈឯកជន ឬជាការគុំកួនគ្នា ហើយឆ្លៀតឱកាសយកវេទិកាបោះឆ្នោតប្ដឹងគ្នាទៅ គ.ជ.ប។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅថា និកហ្វិច (NICFEC) លោក សំ គន្ធាមី មើលឃើញថា ការដោះស្រាយបណ្ដឹងរបស់ គ.ជ.ប កន្លងមកមានបណ្ដឹងខ្លះមិនមានតម្លាភាព និងបណ្ដឹងខ្លះទៀត មិនត្រូវបានដោះស្រាយ។ តែទោះយ៉ាងណា លោកថា អាចទទួលបាន តែស្នើឲ្យ គ.ជ.ប គួរតែកុំបដិសេធការរាប់សន្លឹកឆ្នោតឡើងវិញតាមការចង់បានរបស់គណបក្សនយោបាយ ព្រោះដើម្បីឲ្យមានភាពអស់ចិត្តពីខាងគណបក្សនយោបាយ៖ «គួរតែរាប់ទាំងអស់ទៅបណ្ដឹងហ្នឹងចាត់ការទាំងអស់ទៅ រាប់ឡើងវិញ ដើម្បីឲ្យភាគីទាំងសងខាងហ្នឹងអស់ចិត្តរៀងខ្លួនហើយ»។
បើទោះជាយ៉ាងណា លោក ហង្ស ពុទ្ធា ប្រាប់ថា បណ្ដឹងសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ នៅអាណត្តិ គ.ជ.ប ថ្មីនេះ បានថយចុះពីជាងពាន់បណ្ដឹងមកត្រឹមតែជាង ៣០០បណ្ដឹង។ អ្នកនាំពាក្យថា ក្រោយ ១៤ថ្ងៃនៃការប្រកាសលទ្ធផលផ្លូវការ គ្រប់ឃុំ-សង្កាត់ទាំងអស់នឹងត្រូវធ្វើពិធីផ្ទេរតំណែងមេឃុំ ចៅសង្កាត់ ហើយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងត្រូវបោះឆ្នោតអសកលជ្រើសតាំងព្រឹទ្ធសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។