ការរៀបចំការបោះឆ្នោតនៅឆ្នាំ២០១៧ របស់ គ.ជ.ប ត្រូវបានអ្នកសង្កេតការណ៍ និង គ.ជ.ប ខ្លួនឯងវាយតម្លៃថាមានភាពល្អប្រសើរឡើង ពិសេសគឺសុក្រឹតភាពនៃបញ្ជីអ្នកចុះឈ្មោះបោះឆ្នោត និងភាពអហិង្សានៅក្នុងអំឡុងពេលឃោសនា និងថ្ងៃបោះឆ្នោត។ ទោះបីជាយ៉ាងណា ទាំង គ.ជ.ប និងសង្គមស៊ីវិលយល់ថា គ.ជ.ប នៅមានចំណុចត្រូវពង្រឹងដើម្បីបង្កើនប្រសិទ្ធភាពការងារ និងភាពជឿទុកចិត្ត។
ខណៈក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ដែលត្រូវបានជ្រើសរើសដោយការបោះឆ្នោតកាលពីថ្ងៃទី៤ មិថុនា រៀបចំដោយ គ.ជ.ប កំពុងចាប់ផ្ដើមការងាររបស់ខ្លួននៅចុងសប្ដាហ៍នេះ គ.ជ.ប និងអ្នកពាក់ព័ន្ធ កំពុងសិក្សា និងពិនិត្យមើលលទ្ធផលការងាររបស់ខ្លួនក្នុងសន្និបាតបូកសរុបការងារ។
ពីខេត្តព្រះសីហនុ អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថា គ.ជ.ប លោក គួយ ប៊ុនរឿន នៅថ្ងៃទី១៦ កក្កដា ថ្លែងថា ការបោះឆ្នោតឃុំ-សង្កាត់បានប្រព្រឹត្តទៅដោយបរិយាកាសសន្តិភាព ស្ងប់ស្ងាត់ល្អ គ្មានអំពើហិង្សា ប្រកបដោយភាពរលូន តម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយបើប្រៀបធៀបទៅនឹងការបោះឆ្នោតរាល់ដង ការបោះឆ្នោតឆ្នាំ២០១៧ មានភាពកាន់តែប្រសើរឡើងទាំងលើទិដ្ឋភាពច្បាប់ ទាំងលើទិដ្ឋភាពបច្ចេកទេស។
លោក គួយ ប៊ុនរឿន មានប្រសាសន៍ពេលបើកសន្និបាតថា មានកត្តាសំខាន់ចំនួន៦ ដែលធ្វើឲ្យការរៀបចំការបោះឆ្នោតលើកនេះលេចធ្លោ។ លោកលើកឡើងថា សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ត្រូវបានកែលំអដោយទទួលយកការផ្តល់អនុសាសន៍ និងជជែកវែកញែកពីភាគីពាក់ព័ន្ធ។ មួយទៀតនោះ មន្ត្រីបម្រើការងាររៀបចំការបោះឆ្នោត ត្រូវបានជ្រើសរើសដោយប្រឡងប្រជែង និងត្រូវបានផ្តល់វគ្គបណ្តុះបណ្តាល ហើយពួកគេបានផ្តល់ការអប់រំដល់អ្នកបោះឆ្នោត និងសាធារណជនបានទូលំទូលាយតាមមធ្យោបាយចម្រុះ ព្រមទាំងផ្តល់ពេលស្មើគ្នាសម្រាប់គណបក្សនយោបាយដើម្បីផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ។
ដោយមិនលើកឡើងពីការពន្យារពេលម្តងហើយម្តងទៀតនៃការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត លោក ប៊ុនរឿន ពិនិត្យឃើញថា ការផ្សព្វផ្សាយលទ្ធផលបឋមនេះមានតម្លាភាពតាមរយៈការបញ្ជូនលទ្ធផលបឋមបោះឆ្នោត និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតពីថ្នាក់មូលដ្ឋាន មកកាន់ គ.ជ.ប ផ្ទាល់តែម្តង ហើយបានផ្សព្វផ្សាយទាំងលើវិទ្យុ ទូរទស្សន៍ វែបសាយ៍ (website) និងលើហ្វេសប៊ុក (Facebook)។
លោក គួយ ប៊ុនរឿន អះអាងថា ការដោះស្រាយបណ្ដឹងត្រូវបានអនុវត្តយន្តការដោះស្រាយតាមសមត្ថកិច្ចនៃថ្នាក់នីមួយៗ និងមន្ត្រីដោះស្រាយបណ្ដឹងមានជំនាញធ្វើការរឿងនេះ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ កាលពីថ្ងៃទី៤ មិថុនា មានគណបក្សនយោបាយចំនួន១២ ចូលរួមប្រកួតប្រជែងយកតំណែងមេឃុំ-សង្កាត់ចំនួន ១.៦៤៦ ហើយអត្រាអ្នកចេញទៅបោះឆ្នោតមានជាង ៩០% (៩០,៣៧%) ឬជាង ៧លាន ១សែននាក់ (៧.១០៧.៣៩៥នាក់) ក្នុងចំណោមអ្នកបានចុះឈ្មោះបោះឆ្នោតចំនួនប្រមាណ ៧លាន ៨សែននាក់ (៧.៨៦៥.០៣៣នាក់)។
សង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតក្នុងស្រុកមួយក្រុមដែលដាក់ឈ្មោះថា «បន្ទប់ស្ថានការណ៍» បានវាយតម្លៃថា បើទោះជាក្នុងរយៈពេលនៃការឃោសនារហូតដល់ការប្ដឹងរាប់សន្លឹកឆ្នោតឡើងវិញ មានភាពប្រសើរឡើង តែមិនទាន់ចាត់ទុកថាមានភាពត្រឹមត្រូវ និងយុត្តិធម៌ពេញលេញនៅឡើយ ដោយសារនៅខ្វះយុត្តិធម៌ និងមានការរឹតត្បិតសេរីភាពបញ្ចេញមតិ។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (NICFEC) លោក សំ គន្ធាមី ដែលជាអតីតសមាជិក «បន្ទប់ស្ថានការណ៍» ផ្តល់អនុសាសន៍ថា ការរៀបចំការបោះឆ្នោតរបស់ គ.ជ.ប នៅលើកក្រោយ នឹងកាន់តែប្រសើរ ប្រសិនបើ គ.ជ.ប ពង្រឹងការផ្សព្វផ្សាយព័ត៌មានឲ្យមានប្រសិទ្ធភាពស្ដីពីការបោះឆ្នោត ពិសេសនៅតាមតំបន់ដាច់ស្រយាល សម្របសម្រួលការសហការរបស់អាជ្ញាធរក្នុងកិច្ចការងារអប់រំផ្សព្វផ្សាយ ពង្រឹងភាពស្មើគ្នារបស់គណបក្សនយោបាយលើប្រព័ន្ធផ្សព្វផ្សាយឯកជន និងពង្រឹងសមត្ថភាពមន្ត្រីនៅថ្នាក់មូលដ្ឋានរបស់ខ្លួន៖ « អាណត្តិក្រោយនេះ ( សូម ) គ . ជ . ប បើកចំហកិច្ចសហប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធ ពិសេសជាមួយអង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិក្តី សូមបើកចំហឲ្យបានទូលាយជាងនេះទៀត ដើម្បីទទួលយកអនុសាសន៍ ឬយោបល់ពីមជ្ឈដ្ឋាននេះ។ ហើយ ( គ . ជ . ប គួរ ) ធ្វើទំនាក់ទំនងឲ្យបានជិតស្និទ្ធជាមួយអ្នកបោះឆ្នោត »។
សន្និបាតបូកសរុបការងាររបស់ គ.ជ.ប នឹងត្រូវបន្តរហូតដល់ថ្ងៃទី១៧ ខែកក្កដា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។