
ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០១៧ ខាងមុខនេះ។ មុនពេលការបោះឆ្នោតមកដល់ សង្គមស៊ីវិលអំពាវនាវឲ្យកែសម្រួលចំណុចមួយចំនួន នៅក្នុងច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ សង្គមស៊ីវិលយល់ថា អនុវត្តនូវអនុសាសន៍ទាំងនេះ នឹងអាចជួយធានាដល់ការបោះឆ្នោតនាពេលខាងមុខ អាចប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត អឺរ៉ា (ERA) រៀបចំការពិភាក្សាមួយដែលមានការចូលរួមពីសង្គមស៊ីវិល តំណាងគណបក្សនយោបាយ និងក្រុមអ្នកច្បាប់ ដើម្បីជជែកពីវិសោធនកម្មនៃច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
កិច្ចពិភាក្សានេះ រកឃើញនូវចំណុចរួមមួយចំនួន ដែលភាគីពាក់ព័ន្ធផ្ដល់ជាអនុសាសន៍ក្នុងការធានាថា ការធ្វើវិសោធនកម្មច្បាប់នេះ អាចផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ និងគណបក្សនយោបាយដែលចូលរួមការបោះឆ្នោត។
លោកមេធាវី សេក សោភ័ណ សង្កត់ធ្ងន់ថា កំណែទម្រង់ប្រព័ន្ធចុះឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបោះឆ្នោតជាចំណុចគន្លឹះ ដើម្បីធានាការបោះឆ្នោតអាចប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ លោកបន្ថែមថា កន្លងមក នីតិវិធីនៃការចុះឈ្មោះបោះឆ្នោតមានភាពមិនសមស្របទៅតាមលក្ខណៈស្តង់ដារ។ លោកថា ការដែលឲ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ធ្វើជាមន្ត្រីចុះឈ្មោះអ្នកបោះឆ្នោត ខណៈពេលដែលពួកគាត់ជាតំណាងគណបក្សនយោបាយនៅតាមមូលដ្ឋាន វាអាចធ្វើឲ្យប៉ះពាល់ដល់អព្យាក្រឹតភាពនៃបញ្ជីឈ្មោះបោះឆ្នោត។
តំណាងគណបក្សសង្គ្រោះជាតិ លោក កែត ឃី ស្នើឲ្យទុករយៈពេល និងវិសាលភាពសកម្មភាពឃោសនានៅដដែល។ លោកថា គួរទុករយៈពេល ១៥ថ្ងៃដដែល ហើយមិនគួរកំណត់វិសាលភាពនៃការហែក្បួនឃោសនានោះដែរ ពោលគឺអាចឲ្យគណបក្សនយោបាយធ្វើការឃោសនាឆ្លងកាត់ពីឃុំ-សង្កាត់មួយទៅមួយបាន។
មិនមានតំណាងគណបក្សប្រជាជនកម្ពុជា ចូលរួមបញ្ចេញយោបល់ទៅលើការលើកឡើងនៅក្នុងកិច្ចពិភាក្សារបស់អឺរ៉ា នេះទេ ក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ធ្លាប់ផ្ដល់ជាអនុសាសន៍ថា មិនចាំបាច់មានគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ចូលរួមសម្របសម្រួលក្នុងពេលលើកស្លាកគណបក្សនយោបាយនោះទេ។
លោក កែម ឡី អ្នកស្រាវជ្រាវស្ដីពីការអភិវឌ្ឍសង្គម ស្នើថា គួរយកប្រព័ន្ធសមាមាត្រដើម្បីគណនាបែងចែកអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់។ លោកពន្យល់ថា រូបមន្តនេះអាចឲ្យគណបក្សតូចៗមានសំឡេងនៅតាមមូលដ្ឋាន។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោក យ៉េង វីរៈ យល់ស្របនឹងការលើកឡើងរបស់ លោក កែម ឡី។ លោកក៏បានផ្ដល់អនុសាសន៍ថា គួរមានការផ្ដន្ទាទោសករណីជនណាដែលព្យាយាមលួងលោមទិញទឹកចិត្ត គំរាមកំហែង និងបំភិតបំភ័យអ្នកបោះឆ្នោត។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល (COMFREL) និងជាតំណាងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតអឺរ៉ា យល់ថា ការកែទម្រង់ច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ មានសារសំខាន់ ដើម្បីធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ លោក គល់ បញ្ញា ក៏ស្នើដល់គណបក្សនយោបាយដាក់ឈ្មោះយុវជន និងស្ត្រី នៅក្នុងបញ្ជីបេក្ខជនឲ្យបានច្រើនផងដែរ ដើម្បីផ្តល់ឱកាសដល់យុវជនចូលរួមក្នុងសកម្មភាពនយោបាយឲ្យបានច្រើន និងបង្កើតឲ្យមានសមភាពយេនឌ័រនៅក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា យល់ថា អនុសាសន៍ទាំងនេះមានប្រយោជន៍សម្រាប់ធ្វើឲ្យច្បាប់នេះមានភាពល្អប្រសើរ៖ «យើងនឹងយកទៅពិចារណា។ ដូចការចុះឈ្មោះបោះឆ្នោតអីហ្នឹង គ.ជ.ប កំពុងរៀបចំចុះឈ្មោះសាកល្បងខាងមុខនេះហើយ។ ចឹង គេយកចិត្តទុកដាក់ហើយបញ្ហានេះ»។
នៅថ្ងៃទី៩ ខែតុលា ខាងមុខនេះ អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង និងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នឹងជួបពិភាក្សាគ្នាដើម្បីដោះស្រាយការខ្វែងគំនិតមួយចំនួនដែលនៅសេសសល់ ហើយក្នុងនោះក៏មានការខ្វែងគំនិតគ្នាលើច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។