សង្គម​ស៊ីវិល​រិះគន់​មន្ត្រី​ជាន់​ខ្ពស់​កង​យោធពល​ខេមរភូមិន្ទ​ដែល​ថា​យក​គំរូ​គ្រប់គ្រង​តាម​ហ៊ីត្លែរ

0:00 / 0:00

មន្ត្រី​បក្ស​ប្រឆាំង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល រិះគន់​មន្ត្រី​ជាន់​ខ្ពស់​កង​យោធពល​ខេមរភូមិន្ទ ដែល​យក​គំរូ​នៃ​ការ​រៀបចំ​រចនាសម្ព័ន្ធ​កង​កម្លាំង​ពី​បទពិសោធន៍​របស់ លោក អាល់ដូហ្វ ហ៊ីត្លែរ (Aldolf Hitler) និង​ពី​របៀប​គ្រប់គ្រង​កម្លាំង​របស់​វៀតណាម ថា​ពុំ​សមស្រប​នឹង​ស្ថានភាព​នៅ​កម្ពុជា។

ការ​លើក​ឡើង​នេះ បន្ទាប់​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អះអាង​ពី​ការ​រៀន​សូត្រ​តាម​មេ​ដឹក​នាំ​ផ្ដាច់​ការ​របស់​អាល្លឺម៉ង់ (Germany) ដ៏​ល្បី​ឈ្មោះ​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​កង​រាជ​អាវុធហត្ថ ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០១៤ កន្លង​ទៅ។ លោក​បញ្ជាក់​ដែរ​ថា កង​កម្លាំង​នៅ​ក្រោម​បទបញ្ជា​របស់​លោក បំពេញ​បេសកកម្ម​ការពារ​រដ្ឋធម្មនុញ្ញ នីតិរដ្ឋ និង​ប្រជាធិបតេយ្យ។

មន្ត្រី​បក្ស​ប្រឆាំង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ហៅ​ការ​រៀន​សូត្រ​ពី​របៀប​របប​គ្រប់គ្រង​កម្លាំង​ពី​មេ​ដឹក​នាំ​ផ្ដាច់​ការ និង​ពី​ប្រទេស​កុម្មុយនិស្ត ថា​មិន​សក្ដិសម​នឹង​យក​មក​អនុវត្ត​នៅ​កម្ពុជា ឡើយ និង​រឹត​តែ​មិន​សក្ដិសម​ទៅ​ទៀត​ដែល​ត្រូវ​គេ​ប្រើប្រាស់​ការពារ ឬ​ពង្រឹង​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ការ​រិះគន់​នេះ គឺ​បន្ទាប់​ពី លោក សៅ សុខា មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អះអាង​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ថា ការ​រៀបចំ​រចនា​សម្ព័ន្ធ​កង​កម្លាំង​រាជ​អាវុធហត្ថ​ចល័ត លោក​បាន​រៀន​សូត្រ​ពី​មិត្ត​សំខាន់​ពីរ គឺ​ពី​មេ​ដឹក​នាំ​ក្នុង​របប​ណាហ្ស៊ី (Nazi) របស់ លោក ហ៊ីត្លែរ និង​ប្រទេស​វៀតណាម។ លោក សៅ សុខា រំឭក​ថា កាល​នោះ មាន​ការ​រិះគន់​ចំពោះ​ការ​រៀបចំ​កម្លាំង​ចល័ត​របស់​លោក គឺ​មាន​ការ​រិះគន់ ប៉ុន្តែ​លោក​ថា លោក​បាន​រៀន​សូត្រ​ស្វែង​យល់​រួច​ហើយ៖ «ទី​មួយ​ខ្ញុំ​រៀន​តាម​ហ៊ីត្លែរ និយាយ​ឲ្យ​ត្រង់ ហ៊ីត្លែរ ក្រោយ​ពេល​អាល្លឺម៉ង់ ក្រោយ​សង្គ្រាម​លោក​លើក​ទី​១​មក គឺ​សហគមន៍​អន្តរជាតិ កាល​ហ្នឹង​អត់​មាន​អង្គការ​សហប្រជាជាតិ​ទេ គេ​អត់​ឲ្យ​មាន​កងទ័ព​លើស​ពី ១០​ម៉ឺន​នាក់​ទេ។ ហ៊ីត្លែរ ធ្វើ​ម៉េច? ណាហ្ស៊ី ធ្វើ​ម៉េច? ដើម្បី​រៀបចំ​កងទ័ព​ធ្វើ​សង្គ្រាម​លោក​លើក​ទី​២​បាន។ ទី​២ គឺ​ខ្ញុំ​រៀន​តាម​សង្គ្រាម​ឈ្លប​វៀតណាម តែ​ម្តង គឺ​យក​អា​តិច​វាយ​អា​ច្រើន ប៉ុន្តែ​តិច​វាយ​អា​ច្រើន​អត់​ឈ្នះ​ទេ បាន​តែ​សម្លាប់​គេ​ទេ បាន​តែ​បំផ្លាញ​គេ​ទេ តែ​បើ​ចង់​ឈ្នះ ត្រូវ​យក​អា​ច្រើន​វាយ​អា​ច្រើន​ដែរ យក​អា​ច្រើន​វាយ​អា​តិច​បាន​ឈ្នះ»

បើ​ទោះ​ជា​យ៉ាង​ណា លោក សៅ សុខា អះអាង​ថា បេសកកម្ម​របស់​ក្រុម​លោក គឺ​ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា លោក កឹម សុខា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ថា ជា​ប្រទេស​ប្រជាធិបតេយ្យ កម្ពុជា គួរ​តែ​អនុវត្ត​តាម​របៀប​របប​គ្រប់គ្រង​នៅ​តាម​ប្រទេស​ប្រជាធិបតេយ្យ មិន​គួរ​រៀន​សូត្រ​ពី​មេ​ដឹក​នាំ​របប​ផ្តាច់​ការ​ឡើយ។ លោក កឹម សុខា ក៏​បាន​លើក​ឡើង​ពី​ការ​បង្ក្រាប​ការ​តវ៉ា​ប្រឆាំង​លទ្ធផល​ឆ្នោត​នា​ពេល​កន្លង​ទៅ ថា​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ៖ «គោលការណ៍​ប្រជាធិបតេយ្យ នីតិរដ្ឋ ទោះ​បី​គេ​ការពារ​រដ្ឋធម្មនុញ្ញ គេ​ការពារ​សិទ្ធិ​សេរីភាព អធិបតេយ្យភាព​របស់​ប្រទេស​មួយ​ក៏ដោយ ក៏​គេ​មើល​ដែរ​កម្លាំង។ តើ​កម្លាំង​នៅ​ប្រទេស​ប្រជាធិបតេយ្យ​គេ​ប្រើ​កម្លាំង​ប៉ុន្មាន ប្រមាណ​នឹង​កម្លាំង​របស់​បាតុករ​ហ្នឹង ល្មម​ប៉ុណ្ណឹង ហើយ​គេ​ប្រើ​អត់​ឲ្យ​រហូត​ដល់​ស្លាប់​ដល់​អី​បាញ់​គ្មាន​រើស​មុខ​អ៊ីចឹង​ទេ។ គេ​មាន​របៀប​ប្រើ​របស់​គេ ហើយ​កម្លាំង​ដែល​រដ្ឋាភិបាល​ប្រើ​កន្លង​ទៅ បើ​ប្រៀបធៀប​នឹង​ចំនួន​បាតុករ គឺ​វា​លើស​លប់​ខ្លាំង​ណាស់»

ចំណែក​ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី ចរិយា មាន​ប្រសាសន៍​ដែរ​ថា លោក​មិន​មាន​ជំនឿ​ថា របៀប​ដែល លោក សៅ សុខា បាន​រៀន​សូត្រ​នោះ គឺ​អាច​យក​មក​អនុវត្ត​ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ​ឡើយ៖ «យក​របៀប​គ្រប់គ្រង របៀប​ដឹក​នាំ របៀប​បង្កើត​រចនាសម្ព័ន្ធ​តាម​របៀប​ផ្តាច់​ការ តាម​របៀប​ផាស៊ីស វា​មិន​អាច​បង្កើត​តាម​រូបមន្ត​ផាស៊ីស ហើយ​យើង​ប្រើ​ទៅ​ជា​ប្រជាធិបតេយ្យ​ទេ វា​អត់​អាច​ចឹង​ទេ។ ចឹង​ហើយ​បាន​យើង​ឃើញ​ជាក់ស្តែង​ហើយ​ថា ហ៊ាន​ឈរ​បាញ់​មនុស្ស​ស្រស់ៗ​នៅ​ទី​សាធារណៈ ដូចជា​នៅ​ផ្លូវ​វ៉េងស្រេង គឺ​ឈរ​បាញ់​ដោយ​ពុំ​មាន​ខ្លាច​ញញើត​អី​ទាំងអស់»

ចំណែក​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ មាន​ប្រសាសន៍​ថា ការ​បង្ក្រាប​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​នា​ពេល​កន្លង​ទៅ ជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ដែល​ផ្ទុយ​គ្នា​ស្រឡះ​ពី​ការ​អនុវត្ត​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ៖ «សម្រាប់​ខ្ញុំ​គួរ​តែ​សមត្ថកិច្ច​គួរ​ការពារ​ប្រជាពលរដ្ឋ​វិញ មិន​មែន​មក​បង្ក្រាប​បាញ់​សម្លាប់ ឬ​ប្រើ​អំពើ​ហិង្សា​ដាក់​ប្រជាពលរដ្ឋ​ទេ គឺ​ជា​អ្នក​ការពារ ជា​អ្នក​ការពារ​អ្នក​តវ៉ា គឺ​ជា​អ្នក​សម្រប​សម្រួល​ដើម្បី​ឲ្យ​យុត្តិធម៌​នៃ​ការ​តវ៉ា អាច​ទទួល​យក​បាន​ទាំង​សង​ខាង»

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ក៏​បាន​ស្នើ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ គួរ​តែ​រៀន​សូត្រ​តាម​បណ្ដា​មេ​ដឹក​នាំ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ ជា​ជាង​សម្លឹង​ទៅ​មើល​មេ​ដឹក​នាំ​ផ្ដាច់​ការ ឬ​ប្រទេស​កុម្មុយនីស្ត។

ទាក់ទង​ទៅ​នឹង​ការ​ប្រើ​ហិង្សា​វាយ​ដំ និង​បាញ់​ប្រហារ​ទៅ​លើ​កម្មករ​រោងចក្រ​នៅ​ផ្លូវ​វ៉េងស្រេង និង​កំបូល កាល​ពី​ខែ​មករា ឆ្នាំ​២០១៤ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៥​នាក់ របួស​ប្រមាណ ៤០​នាក់​នោះ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Suriya Subedi) បាន​ហៅ​ការ​ប្រើ​កម្លាំង​បង្ក្រាប​នោះ​ថា ជា​អំពើ​ខុស​ច្បាប់ និង​ជា​ការ​ប្រើ​កម្លាំង​មិន​សមាមាត្រ ពោល​គឺ​រដ្ឋាភិបាល​បាន​ប្រើ​កង​កម្លាំង​ច្រើន​លើសលប់ ដែល​មិន​ចាំបាច់​ដោយ​ប្រើ​អាវុធ​ប្រល័យ​ជីវិត នៅ​ខណៈ​កម្មករ​រោងចក្រ​ប្រើ​ត្រឹម​ដុំ​ថ្ម បន្ទាប់​ពី​អាជ្ញាធរ​ប្រើ​ហិង្សា​បង្ក្រាប​ទៅ​លើ​ពួក​គេ។ ការ​ប្រកាស​ប្រាប់​របស់ លោក សៅ សុខា ដែល​ថា លោក​បាន​ប្រើ​យុទ្ធសាស្ត្រ​របស់​មេ​ដឹក​នាំ​ផ្តាច់​ការ អាល់ដូហ្វ ហ៊ីត្លែរ ពេល​នេះ ទំនង​ជា​អាច​បញ្ជាក់​ទៅ​លើ​ការ​សន្និដ្ឋាន​របស់ លោក សុរិយា ស៊ូប៊ែឌី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។