តំណាងប្រជាពលរដ្ឋមកពីខេត្តក្រុងចំនួន៧ បានទាមទារឲ្យគណបក្សនយោបាយដែលនឹងទទួលជ័យជម្នះក្រោយការបោះឆ្នោតថ្ងៃទី២៨ កក្កដា នេះ យកបញ្ហាទុក្ខកង្វល់របស់ពួកគាត់នៅតាមសហគមន៍ រាប់បញ្ចូលទៅក្នុងកម្មវិធីគោលនយោបាយជាតិរបស់ខ្លួនដើម្បីដោះស្រាយ។
ពលរដ្ឋនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង លោកស្រី ពេញ អាត ថ្លែងថា សំណើរបស់ពួកគាត់ដែលបានដាក់ជូនតំណាងគណបក្សនយោបាយ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសង្គ្រោះជាតិ នឹងអាចទទួលបានដំណោះស្រាយ។ លោកស្រីព្រមានថា បើសិនគណបក្សនយោបាយដែលទទួលបានជោគជ័យក្នុងអាណត្តិនៃការបោះឆ្នោតក្រោយថ្ងៃទី២៨ កក្កដា ខាងមុខនេះ ហើយមិនទទួលបានចម្លើយណាមួយទេនោះ ពួកគាត់នឹងតស៊ូមតិដោយអហិង្សាបន្តទៀត ប្រឆាំងនឹងភាពព្រងើយកន្តើយចំពោះចំណាត់ការរបស់រដ្ឋាភិបាលនោះ៖ «ចាស់យើងសង្ឃឹមខ្លះៗដែរថា រដ្ឋាភិបាលបានបញ្ជូនសាររបស់យើង ដែលយើងបានទាមទារហ្នឹងយកទៅថ្នាក់លើ។ ហើយមួយទៀត បើសិនតែថាការដោះស្រាយហ្នឹងមិនមានការដោះស្រាយ ពួកខ្ញុំនឹងត្រៀមធ្វើអ្វីមួយទៀត ដើម្បីជំរុញការដោះស្រាយហ្នឹងមានប្រសិទ្ធភាព»។
ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ក្រោយពីបញ្ចប់សន្និសីទកាសែត ដែលបានបង្ហាញអំពីលទ្ធផលសមាជប្រជាជនកម្ពុជា នៅថ្ងៃទី២៧ មិថុនា លោក ជា សុភ័ក្ត ដែលជាបណ្ដាញកសិករ និងធម្មជាតិ មកពីខេត្តកំពង់ស្ពឺ និយាយថា សំណើដែលបានដាក់ជូនគណបក្សនយោបាយសំខាន់ៗក្រោយពីធ្វើសមាជរួច ដើម្បីជំរុញឲ្យគណបក្សនយោបាយទាំងនោះ ធ្វើសេចក្ដីសម្រេចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពនោះ រួមទាំងផ្នែកដីធ្លី សិទ្ធិស្ត្រី ការបណ្ដេញចេញ និងក្ដីកង្វល់របស់កសិករជាដើម៖ «អ្វីដែលជាការទាមទាររបស់យើងហ្នឹង ខាងគណបក្សទាំងអស់ហ្នឹងលោកទទួលយក។ ហើយលោកបានសន្យាមុខមហាជនទាំងអស់ ដែលជាអង្គសមាជ ក៏ដូចជាលាយលក្ខណ៍អក្សរចុះហត្ថលេខាថា គាត់ហ្នឹងបានទទួលយក លើកលែងតែគណបក្សប្រជាជនមួយទេ គាត់លើកយកទៅពិភាក្សា រវាងគណបក្សនៅថ្នាក់ជាតិ»។
លោក ឈាង វុន អ្នកតំណាងរាស្ត្ររបស់គណបក្សកាន់អំណាច បដិសេធថា លោកពុំបានដឹងសមាជប្រជាជនកម្ពុជា នេះ ថាធ្វើឡើងនៅពេលណានោះទេ៖ «ធ្វើអីៗធ្វើអី ពូអត់ដឹងផង អត់ដឹងទេ សួរគេអ្នកដឹងទៅណា។ ពូអត់ដឹងផង អរគុណហើយ»។
ចំណែកលោក យ៉ែម បុញ្ញឫទ្ធិ អគ្គលេខាធិការរងនៃគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា បក្សប្រឆាំងមួយនេះនឹងពិនិត្យមើលរាល់កម្មវិធីនយោបាយក្រោយការឈ្នះឆ្នោត ដោយរួមទាំងសំណូមពររបស់ពលរដ្ឋថែមទៀត៖ «ត្រូវពិនិត្យមើលសើរើឡើងវិញរាល់កិច្ចសន្យាណាដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រយោជន៍ប្រទេសជាតិយើង»។
កន្លងទៅ គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ចាត់ទុកថា សមាជជាតិគឺជាផ្នែកមួយស្របតាមបែបប្រជាធិបតេយ្យ និងពុំអាចខ្វះបាន។
ទោះជាបែបណា តំណាងសហគមន៍មកពីភូមិភាគឧត្តរ និរតី និងភូមិភាគពាយព្យ អះអាងថា តំណាងគណបក្សនយោបាយដែលពិបាកទាក់ទង និងកម្រចូលរួមក្នុងវេទិកាសាធារណៈ ដែលរៀបចំដោយអង្គការសង្គមស៊ីវិលនោះ គឺគណបក្សប្រជាជនកម្ពុជា។
លោក ហេង សុជាតិ ជាសកម្មជនសង្គម និងសកម្មភាពប្រជាជនដើម្បីការផ្លាស់ប្ដូរ គិតថា ការព្យាយាមកាត់ផ្ដាច់សមាជជាតិ គឺជាការបញ្ចប់ទៅនៃសេរីភាពសម្ដែងមតិ និងការចូលរួមជាសាធារណៈ ដូចដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់កំពូលរបស់អង្គការសហប្រជាជាតិ៖ «នេះគឺជាសញ្ញាមួយដែលយើងផ្ញើសារជូនថ្នាក់ដឹកនាំថា ប្រជាពលរដ្ឋគ្រប់រូបដែលចូលរួមក្នុងសមាជនេះ គឺត្រូវការសមាជ។ អ៊ីចឹង ផ្ញើសារថា រដ្ឋាភិបាលអាណត្តិទីប្រាំមិនអាចលុបមាត្រានៅក្នុងរដ្ឋធម្មនុញ្ញដែលចែងអំពីការរៀបចំសមាជទេ។ ហើយផ្ញើសារបន្តទៀតថា រដ្ឋាភិបាលអាណត្តិទីប្រាំ ត្រូវតែរៀបចំសមាជឲ្យបានរៀងរាល់ឆ្នាំ»។
សេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ មិថុនា របស់សមាជប្រជាជនកម្ពុជា ដែលរៀបចំដោយបណ្ដាញពហុវិស័យ បណ្ដុំដោយសហគមន៍ច្រើនជាង៣០ នៅទូទាំងប្រទេស បញ្ជាក់ថា សមាជប្រជាជនកម្ពុជា នេះ បានក្លាយជាលំហាត់មួយដែលបង្ហាញពីការប្រើប្រាស់សិទ្ធិបែបប្រជាធិបតេយ្យ និងការចូលរួមដោយអហិង្សាដូចដែលបានធានាដោយរដ្ឋធម្មនុញ្ញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
