ក្រុម​អង្គការ​សង្គម​ស៊ីវិល​ព្រមាន​មិន​បោះ​ឆ្នោត​ឲ្យ​បក្ស​ដែល​អនុម័ត​ច្បាប់​សមាគម-អង្គការ

0:00 / 0:00

គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា បន្ត​ខ្វែង​គំនិត​គ្នា​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ និង​សមាគម។ ភាព​ផ្ទុយ​គ្នា​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​អង្គការ សមាគម សហជីព និង​សហគមន៍​ដែល​មាន​ទំនាស់​ដីធ្លី បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​វិមាន​រដ្ឋសភា ទាមទារ​ឲ្យ​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​នយោបាយ​ទាំង​ពីរ​បក្ស ទម្លាក់​ចោល​បំណង​ដែល​ចង់​អនុម័ត​ច្បាប់​នេះ។

ក្រុម​បាតុករ​បន្ត​ថា «យើង​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា​ដែល​ព្យាយាម​អនុម័ត​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មែន​ទេ»។

បើ​ទោះ​ជា​មាន​ការ​ព្រមាន​បែប​នេះ​ពី​ក្រុម​អ្នក​តវ៉ា​ថា នឹង​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ ដែល​នៅ​តែ​ជំទាស់​ក្នុង​ការ​អនុម័ត​ច្បាប់​ស្ដីពី​អង្គការ និង​សមាគម​ក៏ដោយ ក៏​សម្ពាធ​នេះ​ហាក់​មិន​បាន​ធ្វើ​ឲ្យ​គម្រោង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ភ័យ​ព្រួយ និង​រន្ធត់​អ្វី​នោះ​ឡើយ។

លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង ឆ្លើយ​តប​ភ្លាមៗ​ថា ជំហរ​រដ្ឋាភិបាល គឺ​ពុំ​មែន​ធ្វើ​ដើម្បី​ផ្គាប់​ចិត្ត​សម្រាប់​ហេតុផល​អ្វី​មួយ​ឡើយ។ ផ្ទុយ​ទៅ​វិញ កិច្ច​ផ្ដួចផ្ដើម​ដែល​នាំ​ឲ្យ​មាន​ច្បាប់​នេះ​ឡើង គឺ​ស្រប​ទៅ​តាម​កាលៈទេសៈ និង​ទទូច​ចង់​បាន​ពី​អង្គការ និង​សមាគម​ដ៏​ច្រើន​លើសលប់​ដទៃ​ទៀត។ លោក​បន្ថែម​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​ជំរុញ​ឲ្យ​មាន​ច្បាប់​គ្រប់គ្រង​អង្គការ និង​សមាគម​នេះ គឺ​ជា​ដំណើរ​នៃ​ការ​កសាង​នីតិរដ្ឋ​មួយ​ដ៏​ពិត​ប្រាកដ។ ជាង​នេះ​ទៀត ប្រសិន​បើ​ច្បាប់​នេះ​ពិត​ជា​ត្រូវ​បាន​អនុម័ត​ពិត​មែន វា​នឹង​ជួយ​ធ្វើ​ឲ្យ​ការ​បំពេញ​កិច្ចការ​របស់​អង្គការ និង​សមាគម ងាយ​ស្រួល​ក្នុង​ប្រតិបត្តិការ​ទៅ​វិញ​ទេ។ លោក​បន្ត​ថា «អនុម័ត​ច្បាប់​នេះ​ឲ្យ​ចេញ​ដើម្បី​គ្រប់គ្រង​ទាំងអស់​នោះ ធ្វើ​ម៉េច​បង្ក​លក្ខណៈ​ឲ្យ​អង្គការ​នោះ​ស្ថិត​នៅ​ក្រោម​ច្បាប់ កុំ​ឲ្យ​នៅ​ក្រៅ​ច្បាប់​ដូច​ពួក​ខ្មែរ​ក្រហម ដូច​កាល​ពី​ទសវត្សរ៍​មុន»

ការ​ថ្លែង​របស់​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នេះ ធ្វើ​ឡើង​ភ្លាមៗ​ឆ្លើយ​តប​ទៅ​នឹង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​ច្បាប់​ស្ដីពី​អង្គការ និង​សមាគម កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មិថុនា នៅ​វិមាន​រដ្ឋសភា។ ការ​តវ៉ា​នោះ មាន​អង្គការ សមាគម សហជីព ប្រមាណ ៤០​ស្ថាប័ន​ផ្សេងៗ​គ្នា និង​គ្រប់​វិស័យ រួម​ទាំង​សហគមន៍ ២​បន្ថែម​ទៀត​មក​ពី​ខេត្ត​តាកែវ និង ខេត្ត​កណ្ដាល គឺ​មាន​អ្នក​ចូលរួម​ប្រមាណ ២០០​នាក់។ ជា​ញឹកញយ មន្ត្រី​រដ្ឋាភិបាល​តែង​ចាត់​ទុក​ថា អង្គការ​សង្គម​ស៊ីវិល​ដែល​តែង​តវ៉ា​ទាំង​នេះ គឺ​មាន​និន្នាការ​បម្រើ​ឲ្យ​បក្ស​នយោបាយ ច្រើន​ជាង​ការ​បំពេញ​កិច្ចការ​បែប​មនុស្សធម៌ និង​ការពារ​សិទ្ធិ​មនុស្ស​ទៅ​វិញ​ទេ។

ក្រុម​អង្គការ សមាគម និង​សហជីព ចាត់​ទុក​ថា ប្រសិន​បើ​ច្បាប់​នេះ​ពិត​ជា​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​មែន​នោះ វា​គឺ​ជា​ច្បាប់​ដែល​រឹតត្បិត​សិទ្ធិ​សេរីភាព​ដ៏​ធ្ងន់ធ្ងរ​មួយ ក្នុង​ការ​បំពេញ​កិច្ចការ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល។ លើស​ពី​នេះ​ទៀត ក្រុម​អង្គការ និង​សមាគម​ទាំង​នេះ នឹង​ពុំ​មែន​ជា​ស្ថាប័ន​ដែល​ធ្វើ​កិច្ចការ​ដោយ​ឯករាជ្យ​ទៀត​ឡើយ ប្រសិន​បើ​របាយការណ៍​ធ្វើ​ជូន​រដ្ឋាភិបាល​ជា​ប្រចាំ​របស់​ខ្លួន​ទៅ​វិញ​នោះ។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (Licadho) ដែល​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​អនុម័ត​ច្បាប់​នេះ​ដែរ​ថ្លែង​ថា ខ្លឹមសារ​នៃ​ច្បាប់​គ្រប់គ្រង​អង្គការ និង​សមាគម​នេះ គឺ​ពុំ​បាន​ធានា​ពី​ការ​បំពេញ​កិច្ចការ​ដោយ​ឯករាជ្យ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឡើយ។ ជាង​នេះ​ទៀត វា​គឺ​ជា​ការ​អនុវត្ត​ដែល​ផ្ទុយ​ពី​បណ្ដា​ប្រទេស​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទៅ​វិញ។ លោក​បន្ត​ថា «នៅ​ប្រទេស​ផ្សេងៗ​ទៀត​គេ​មាន ប៉ុន្តែ​ច្បាប់​ហ្នឹង​ចេញ​មក​គេ​មាន​ទី​មួយ គឺ​ដើម្បី​ការពារ​លើក​ស្ទួយ និង​ជំរុញ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សមាគម​ហ្នឹង​ចូលរួម ឬ​ងាយ​ស្រួល​ក្នុង​ការ​បង្កើត​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ​គេ។ ទី​ពីរ គឺ​សម្រួល​ទៅ​ដល់​បន្ទុក​នៃ​ការ​បង់​ពន្ធ ឬ​ក៏​ការ​អនុគ្រោះ​ពន្ធ»

យ៉ាង​ណា​ក៏ដោយ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អះអាង​ថា ប្រសិន​បើ​ច្បាប់​នេះ​ពិត​ជា​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ពិត​មែន នោះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹង​បន្ត​យុទ្ធនាការ​តវ៉ា​បន្ត​ទៀត ប្រឆាំង​សេចក្ដី​សម្រេច​នេះ។

ការ​រង់ចាំ​ស្ទើរ​ពេញ​មួយ​ព្រឹក​របស់​ក្រុម​អ្នក​តវ៉ា​នៅ​មុខ​វិមាន​រដ្ឋសភា ដោយ​រំពឹង​ថា អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ​គណបក្ស​នយោបាយ នឹង​មក​ទទួល​ញត្តិ​នោះ ក៏ប៉ុន្តែ​នៅ​ទីបំផុត​ឃើញ​តែ​អ្នក​តំណាង​រាស្ត្រ​មក​ពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុណ្ណោះ​ដែល​បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ក្រុម​អ្នក​តវ៉ា។ ដោយ​ឡែក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា វិញ ពុំ​បាន​បង្ហាញ​វត្តមាន​ឡើយ។

លោក សុន ឆ័យ និង​ក្រុម​តំណាង​រាស្ត្រ​មួយ​ចំនួន​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចេញ​មក​ទទួល​ញត្តិ​ដោយ​ផ្ទាល់ ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​តវ៉ា​ដោយ​ប្ដេជ្ញា​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​ប្រឆាំង​ការ​អនុម័ត​ច្បាប់​នេះ។ លោក​បន្ថែម​ថា អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​នេះ គឺ​ពុំ​មែន​ចង់​ចំណេញ​នយោបាយ​ទេ ក៏ប៉ុន្តែ​នេះ​ជា​ការ​បំពេញ​កាតព្វកិច្ច​របស់​អ្នក​តំណាង​រាស្ត្រ ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ម្ចាស់​ឆ្នោត​ប៉ុណ្ណោះ។ លោក​បន្ត​ថា «ខ្ញុំ​សូម​ធានា និង​សូម​ជម្រាប​ជា​ថ្មី​ម្ដង​ទៀត ក្រោយ​ពី​លោក​ប្រធាន សម រង្ស៊ី បាន​ប្រកាស​ហើយ គឺ​យើង​នឹង​បន្ត​ការ​ទាមទារ​នេះ ហើយ​គណៈកម្មការ​ដែល​ពាក់ព័ន្ធ​ក្នុង​នោះ​មាន​សមាសភាព​ដែល​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​នោះ​ដែរ នឹង​ជំរុញ​ឲ្យ​មាន​ការ ទី​មួយ បើ​យើង​ទប់ស្កាត់​កុំ​ទាន់​ឲ្យ​មាន​ការ​ពិនិត្យ និង​អនុម័ត វា​ជា​ជម្រើស​ទី​មួយ។ ទី​ពីរ បើ​ទប់ទល់​មិន​បាន យើង​នឹង​ធ្វើ​ការងារ​ទៅ​តាម​នីតិវិធី​សភា»

ពាក់ព័ន្ធ​រឿង​នេះ អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​សហជីព​កម្មករ​ដើម្បី​ការងារ គឺ​លោក អ៊ុំ វិសាល ចាត់​ទុក​ថា ច្បាប់​គ្រប់គ្រង​អង្គការ និង​សមាគម​នេះ គឺ​ជា​ផ្នែក​មួយ​មាន​ចរិត​រឹតត្បិត គាប​សង្កត់ និង​បាន​បិទ​ផ្លូវ​នៃ​សកម្មភាព​តវ៉ា​ដោយ​សន្តិវិធី​រួច​ជា​ស្រេច​ទៅ​ហើយ ប្រសិន​បើ​ច្បាប់​នេះ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ពិត​មែន​នោះ ជាពិសេស​ជា​ច្បាប់​ដែល​ប្រឆាំង​រាល់​ការ​បំពេញ​កិច្ចការ ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស និង​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​សេរីភាព។

ច្បាប់​គ្រប់គ្រង​អង្គការ និង​សមាគម​មាន ៩​ជំពូក និង ៣៩​មាត្រា។ ជំពូក​ទី​៥ ត្រង់​មាត្រា​២៥ ចែង​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក ត្រូវ​ផ្ញើ​ទៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នូវ​របាយការណ៍​បូក​សរុប​សកម្មភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​មួយ​ច្បាប់ មិន​ឲ្យ​ហួស​ពី​ដំណាច់​ខែ​កុម្ភៈ នៃ​ឆ្នាំ​បន្ទាប់។ ស្ថិត​ក្រោម​ហេតុផល​នេះ​ហើយ ដែល​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សមាគម ចាត់​ទុក​ថា ជា​ច្បាប់​ដែល​ពុំ​បាន​បម្រើ​ឲ្យ​ប្រយោជន៍​សាធារណៈ​ទេ។

ស្រប​ពេល​ភាព​ចម្រូងចម្រាស​នៃ​ច្បាប់​នេះ​កំពុង​ស្ថិត​ក្នុង​ភាព​ប្រទង់ប្រទាញ​គ្នា​នៅ​ឡើយ ដោយ​ឡែក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ បាន​សម្រេច​អនុម័ត​យល់​ច្បាប់​នេះ​ដំណាល​គ្នា​នឹង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ខាង​ក្រៅ​របង​នៃ​វិមាន​រដ្ឋសភា​ដែរ។

ការ​សម្រេច​នេះ ដោយ​មាន​សំឡេង​គាំទ្រ ៩ លើ ១៣​សំឡេង​នៃ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បាន​យល់ព្រម ហើយ​គេ​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឲ្យ​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ អន្តរជាតិ និង​ឃោសនាការ ពិនិត្យ និង​សិក្សា ដោយ​សហការ​ជាមួយ​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារ​សាធារណៈ មុន​នឹង​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។