មន្ត្រីសង្គមស៊ីវិល បន្តរិះគន់គម្រោងការបង្កើតច្បាប់រក្សាការសម្ងាត់ជាតិ។ ការរិះគន់នេះ គឺបន្ទាប់ពីមន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិនៅសប្ដាហ៍នេះ បញ្ជាក់ថា សេចក្តីព្រាងច្បាប់រក្សាការសម្ងាត់ជាតិ នឹងត្រូវចងក្រងឡើងដោយក្រសួងមហាផ្ទៃ ក្រោមជំនួយឧបត្ថម្ភពីប្រទេសវៀតណាម ហើយគ្រោងនឹងដាក់ឲ្យគណៈមន្ត្រីអនុម័តនាពេលដ៏ខ្លីខាងមុខ។
មន្ត្រីសង្គមស៊ីវិលបង្ហាញក្តីបារម្ភថា ច្បាប់រក្សាការសម្ងាត់ជាតិអាចនឹងក្លាយជាឧបករណ៍បន្ថែម ដើម្បីរឹតត្បិតសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។ ពួកគេគិតថា ព័ត៌មានស្ដីពីភាពមិនប្រក្រតីមួយចំនួនក្នុងស្ថាប័នរដ្ឋ អាចនឹងត្រូវបានគេលាក់បាំង ហើយអ្នកដែលហ៊ានទម្លាយព័ត៌មាននេះចេញជាសាធារណៈ អាចនឹងត្រូវមានទោស។
នាយកវិទ្យាស្ថានសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធិ មានប្រសាសន៍ថា លោកគាំទ្រច្បាប់រក្សាការសម្ងាត់ជាតិ បើសិនណាច្បាប់ថ្មីនេះតាក់តែងឡើងស្របតាមរដ្ឋធម្មនុញ្ញ។ ប៉ុន្តែ បើសិនជាច្បាប់ថ្មីនេះចែងឡើងមិនច្បាស់លាស់ នឹងបណ្ដាលឲ្យសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា កាន់តែធ្លាក់ដុនដាប។
កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់ព្រមានចាប់អ្នកកាសែតដាក់គុកផង បើសិនហ៊ានផ្សាយព័ត៌មានណាដែលទាក់ទងនឹងសន្តិសុខជាតិ ឬការសម្ងាត់របស់ជាតិនោះ។ កាលពីឆ្នាំ២០១៣ អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរី ត្រូវបានមន្ត្រីរាជរដ្ឋាភិបាលព្រមានប្ដឹងទៅតុលាការ បន្ទាប់ពីផ្សាយព័ត៌មានមួយនិយាយពីស្ថានភាពខ្វះទឹករបស់ទាហាននៅតំបន់ប្រាសាទព្រះវិហារ។ មន្ត្រីរដ្ឋាភិបាលចាត់ទុកថា ការផ្សាយពីស្ថានភាពអត់ទឹកផឹកនេះ ធ្វើឲ្យទាហានបាក់ទឹកចិត្ត និងប៉ះពាល់ដល់សន្តិសុខជាតិ។
ច្បាប់របបសារព័ត៌មានកម្ពុជា មាត្រា១២ ចែងថា អ្នកសារព័ត៌មានមិនត្រូវរាយការណ៍ព័ត៌មានដែលទាក់ទងនឹងសន្តិសុខជាតិ និងនយោបាយ។ ច្បាប់ដែលមានអាយុកាលជាង ១០ឆ្នាំមកហើយនេះ មិនបានចែងច្បាស់ថា រឿងអ្វីខ្លះដែលទាក់ទងនឹងបញ្ហាសន្តិសុខជាតិនោះទេ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា គំនិតដែលចង់បង្កើតច្បាប់ស្ដីពីការរក្សាការសម្ងាត់របស់ជាតិ ជាបំណងមិនល្អរបស់គណបក្សប្រជាជនកម្ពុជា។ លោកសង្ស័យថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បារម្ភពីការបែកខ្ចាយការសម្ងាត់ក្នុងពេលប្រជុំគណៈរដ្ឋមន្ត្រី។
កិច្ចប្រជុំនោះ ច្រើនតែសម្រេចពីគម្រោងការអភិវឌ្ឍន៍នានាដែលបំផ្លាញទ្រព្យសម្បត្តិជាតិ។ លោករំឭកថា កាលពីឆ្នាំ២០០៦ លោកបានទទួលឯកសារមួយច្បាប់ពីមន្ត្រីនៅទីស្ដីការគណៈរដ្ឋមន្ត្រីស្ដីពីការសម្រេចផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅខេត្តក្រចេះ ហើយដីនោះត្រូវបានគេលក់បន្តទៅឲ្យឈ្មួញឯកជនបន្តទៀត។ លោកបញ្ជាក់ថា ច្បាប់ថ្មីនោះនឹងរារាំងដល់ការធ្វើការងារប្រកបដោយតម្លាភាព។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥។
ប្រធានផ្នែកអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត គិតថា ច្បាប់រក្សាការសម្ងាត់ជាតិ នឹងអាចត្រូវបានគណបក្សកាន់អំណាចប្រើប្រាស់ចាត់ការចំពោះអ្នកប្រឆាំង និងរំលោភបំពានសិទ្ធិមនុស្ស។ លោកបន្តថា បើច្បាប់នោះបម្រើប្រយោជន៍ជាតិ ច្បាស់ជាទទួលបានការគាំទ្រមិនខាន។
ច្បាប់រក្សាការសម្ងាត់ជាតិ ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកយកទៅជជែកជាមួយមន្ត្រីជាន់ខ្ពស់របស់ក្រសួងសន្តិសុខវៀតណាម កាលពីថ្ងៃទី២៨ ខែមករា។ ក្រៅពីច្បាប់រក្សាការសម្ងាត់ជាតិ ក្រសួងមហាផ្ទៃ ក៏មានគម្រោងបង្កើតសេចក្តីព្រាងច្បាប់មួយទៀត ស្ដីពីវិន័យពាក់ព័ន្ធនឹងសន្តិសុខនៃការប្រាស្រ័យទាក់ទងលើកុំព្យូទ័រថែមទៀត។ ក្រសួងមហាផ្ទៃ នឹងបញ្ជូនមន្ត្រីនគរបាលជាង ១០០នាក់ ទៅរៀនសូត្រពីជំនាញគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រនៅប្រទេសវៀតណាម ក្នុងរយៈពេលពីបីឆ្នាំទៅប្រាំឆ្នាំ។
ព័ត៌មានសម្ងាត់ជាតិដែលសារព័ត៌មានកម្រនឹងផ្សាយសោះនោះ រួមមាន ចំនួនកងទ័ព ការចល័តទ័ព ចំនួនអាវុធ ទីតាំងឃ្លាំងអាវុធ ផែនទីយោធា និងយុទ្ធសាស្ត្រការបរទេស។ ទោះជាបែបណាក្តី ក្រុមអ្នកតាមដានបញ្ហានយោបាយបារម្ភថា ការសម្ងាត់ជាតិនឹងអាចពិបាករក្សា ខណៈដែលកម្ពុជា ព្រមឲ្យបរទេសចូលជួយរៀបចំគ្រប់គ្រងប្រព័ន្ធរដ្ឋនោះ។ សព្វថ្ងៃតាំងពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល រហូតដល់មេឃុំ មេប៉ុស្តិ៍ មេប៉ូលិស មេទាហាន សុទ្ធតែប្រើប្រាស់ប្រព័ន្ធទូរស័ព្ទក្រុមហ៊ុនវៀតណាម ០៩៧ ដែលបំពាក់ជូនជាកាដូស្រាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។