រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ប្រាប់មន្ត្រីអង្គទូតនានាថា ការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី របស់តុលាការ មិនមែនជាបញ្ហារបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នោះទេ។ ចំណែកគណបក្សប្រឆាំង រួមទាំងអង្គការជាតិ និងអន្តរជាតិ នៅតែចាត់ទុកសាលដីកានេះថាជារឿងនយោបាយ។
បញ្ហានយោបាយឡើងកម្ដៅថ្មីៗនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង ពន្យល់ប្រាប់ដល់ប្រធានបេសកកម្មការទូត និងការិយាល័យតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា នាទីស្តីការក្រសួង។
ក្នុងជំនួបនោះ លោក ហោ ណាំហុង ពន្យល់ឡើងវិញអំពីហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូប និងមូលហេតុនៃការដកតំណែងលោក កឹម សុខា ចេញពីតួនាទីអនុប្រធានរដ្ឋសភា ព្រមទាំងផ្ដោតសំខាន់លើការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី។
នៅចំពោះមុនមន្ត្រីអង្គទូតនានា លោករដ្ឋមន្ត្រីក្រសួងការបរទេសសង្កត់ធ្ងន់ថា ការចេញដីកាចាប់ខ្លួនប្រមុខដឹកនាំគណបក្សប្រឆាំងរបស់តុលាការនោះ គឺជាបញ្ហាក្ដីក្ដាំរវាងលោក និងលោក សម រង្ស៊ី ពោលគឺមិនមែនជារឿងនយោបាយឡើយ។
លោក ហោ ណាំហុង៖ «ទាំងសម្ដេចតេជោ ហ៊ុន សែន និងខ្ញុំ យើងអត់ដឹងសោះអំពីអ្វីដែលមេធាវីរបស់ខ្ញុំធ្វើ ដូច្នេះអត់មានការគាបសង្កត់នយោបាយ អត់មានការជ្រៀតជ្រែក ហើយមិនមែនជម្លោះគណបក្សនិងគណបក្សទេ ហើយខ្ញុំបានជម្រាបអង្គទូតទៀតថា សូមមើលពាក្យសម្ដីរបស់ សម រង្ស៊ី កន្លងមក។ គាត់មិនបានទទួលខុសត្រូវនឹងពាក្យសម្ដីរបស់គាត់ទេ គាត់ចង់និយាយអីនិយាយ និងចង់ចោទអ្នកណាចោទ»។
មេបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវបានលោក ហោ ណាំហុង ប្ដឹង ក្រោយពីលោកបានថ្លែងជាសាធារណៈថា លោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែក ក្នុងសម័យខ្មែរក្រហម នៅពេលប្រារព្ធពិធីរំលឹកខួបនៃការកាប់សម្លាប់ពលរដ្ឋខ្មែរក្នុងសម័យខ្មែរក្រហម នៅឯមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក កាលពីថ្ងៃទី១៧ មេសា ឆ្នាំ២០០៨។
សំណុំរឿងនេះដែរ លោក ហោ ណាំហុង អះអាងថា លោក សម រង្ស៊ី ធ្លាប់ចាញ់ក្តីរួចហើយនៅតុលាការប្រទេសបារាំង។
ផ្ទុយពីការលើកឡើងនេះ មេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី លោក ជូង ជូងី មានប្រសាសន៍ថា តាមពិតនៅប្រទេសបារាំង លោក ហោ ណាំហុង ឈ្នះក្ដីនៅតែសាលាដំបូង និងសាលាឧទ្ធរណ៍ ប៉ុន្តែនៅតុលាការកំពូល គឺលោក សម រង្ស៊ី ជាអ្នកឈ្នះក្ដីវិញ៖ «ក្នុងខ្លឹមសារនៃសាលក្រមតុលាការកំពូលហ្នឹង គឺគេបដិសេធ ឬកាច់បំបាក់ចោលនូវសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ចោលដែលយកជាការមិនបាន។ អ៊ីចឹងសាលក្រមហ្នឹង គឺឯកឧត្ដម សម រង្ស៊ី ឈ្នះវិញ»។
ទន្ទឹមគ្នានេះដែរ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង អះអាងថា រឿងនេះជារឿងនយោបាយសុទ្ធសាធ ហើយធ្វើអោយប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រ រដ្ឋសភា និងស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា គ.ជ.ប៖ «ប្រសិនបើរឿងមិនពាក់ព័ន្ធនយោបាយ មិនមែនគាត់ប្រឹងប្រាប់អង្គទូតទេ ព្រោះអង្គទូតក៏គេចេះគិត គេចេះមើល គេចេះតាមដានពីសភាពការណ៍ និងនយោបាយស្រុកខ្មែរដែរ»។
ជាមួយគ្នានេះ សហរដ្ឋអាមេរិក និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួន អំពាវនាវអោយរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលបទចោទប្រកាន់លើលោក សម រង្ស៊ី ដោយចាត់ទុកជាដីកានយោបាយ។
មួយរយៈចុងក្រោយនេះ គណបក្សសង្គ្រោះជាតិ ជួបជោគវាសនាអាក្រក់ផ្ទួនៗ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខព្រមានម្តងៗ។ កាលពីថ្ងៃទី១៦ ខែតុលា តំណាងរាស្ត្រពីររូប ត្រូវបានក្រុមបាតុករគាំទ្របក្សកាន់អំណាច ព្រួតវាយឲ្យរងបួសធ្ងន់នៅមុខរដ្ឋសភា។ ចំណែកលោក កឹម សុខា ត្រូវបានសមាជិករដ្ឋសភាបក្សកាន់អំណាច បោះឆ្នោតទម្លាក់ពីតួនាទីអនុប្រធានទី១ រដ្ឋសភា ដោយសំឡេង ៦៨ លើ ៦៨សំឡេង នៅព្រឹកថ្ងៃទី៣០ ខែតុលា។ ចុងក្រោយនេះ ដល់វេនលោក សម រង្ស៊ី ដែលត្រូវបានតុលាការកម្ពុជា ចេញដីកាចាប់ខ្លួនលោកកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីយកមកអនុវត្តទោស ២ឆ្នាំក្នុងពន្ធនាគារ ទាក់ទងនឹងបទបរិហារកេរ្តិ៍កាលពីជាង ៧ឆ្នាំមុនទៅលើលោក ហោ ណាំហុង។
ទោះជាយ៉ាងណា មកទល់ពេលនេះ លោក សម រង្ស៊ី មិនទាន់វិលត្រឡប់ចូលប្រទេសកម្ពុជា វិញឡើយ។ នៅថ្ងៃទី១៩ ខែវិច្ឆិកា លោក សម រង្ស៊ី ឲ្យដឹងតាមទំព័រហ្វេសប៊ុកលោកថា លោកកំពុងឋិតនៅប្រទេសហ្វីលីពីន ដើម្បីជួបជាមួយនឹងតំណាងប្រទេសមួយចំនួនដែលកំពុងចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឬហៅថា អេប៉ិច (APEC)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។