គណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភា គ្រោងធ្វើរបាយការណ៍ពីអវត្តមានបេក្ខជនសភារបស់គណបក្សសង្គ្រោះជាតិ ៥៥រូប ថ្វាយព្រះមហាក្សត្រ និងស្ថាប័នដែលជាប់ពាក់ព័ន្ធ។
គេហទំព័ររបស់គណបក្សប្រជាជនកម្ពុជា ចេញផ្សាយនៅថ្ងៃទី៣១ ធ្នូ បានដកស្រង់សម្ដី លោក ងួន ញិល អនុប្រធានរដ្ឋសភាថា គណៈកម្មការអចិន្ត្រៃយ៍សភានឹងផ្ញើរបាយការណ៍អវត្តមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថ្វាយព្រះមហាក្សត្រ ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញ។
លោកបានពន្យល់ថា យោងតាមលទ្ធផលនៃការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ អ្នកតំណាងរាស្ត្រដែលបានទទួលការទុកចិត្តពីពលរដ្ឋតាមរយៈការបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ៦៨កៅអី ចំណែកគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៥កៅអី។ ប៉ុន្តែ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលមានឈ្មោះក្នុងរដ្ឋសភា មិនដែលឃើញទៅធ្វើការដូចតាមបំណងម្ចាស់ឆ្នោតបានបោះឲ្យនោះទេ។ គណបក្សសង្គ្រោះជាតិ មិនត្រឹមតែមិនចូលធ្វើការបម្រើពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កការញុះញង់បាតុកម្មប៉ុនប៉ងទម្លាក់ការដឹកនាំរដ្ឋាភិបាលស្របច្បាប់ចេញទៀត។
លោក ងួន ញិល មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការបញ្ជូនរបាយការណ៍អវត្តមានរបស់បេក្ខជនសភារបស់គណបក្សសង្គ្រោះជាតិ នៅពេលណាច្បាស់លាស់ទេ ហើយក្នុងគោលបំណងអ្វីឲ្យជាក់លាក់ដែរ។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា បញ្ជាក់ថា គិតត្រឹមថ្ងៃទី១ មករា នេះ គ.ជ.ប នៅមិនទាន់បានទទួលរបាយការណ៍ពីអវត្តមានការងារតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលខាងរដ្ឋសភាផ្ញើឲ្យនៅឡើយទេ។
«សំឡេង»
នាយកប្រតិបត្តិអង្គការ និកហ្វិក (Nicfec) លោក ហង្ស ពុទ្ធា យល់ឃើញថា ការបញ្ជូនរបាយការណ៍ស្ដីពីអវត្តមានការងាររបស់តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ជាការត្រឹមត្រូវ។ ប៉ុន្តែ សូមឲ្យរបាយការណ៍នោះមានទិសដៅរកដំណោះស្រាយណាមួយ ជំរុញឲ្យតំណាងរាស្ត្រគណបក្សប្រឆាំងចូលធ្វើការវិញ មិនមែនជារបាយការណ៍ដែលថ្វាយព្រះមហាក្សត្រ និងស្ថាប័នពាក់ព័ន្ធ ដើម្បីបណ្ដេញ ឬបញ្ឈប់តំណាងរាស្ត្រគណបក្សប្រឆាំងចេញពីរដ្ឋសភាទេ។
«សំឡេង»
ថ្នាក់ដឹកនាំគណបក្សប្រឆាំងធ្លាប់រិះគន់រដ្ឋសភានៅពេលនេះថា ជាសភាឯកបក្ស ឬសភាមិនគ្រប់ទឹក និងទាមទារឲ្យមានការស៊ើបអង្កេតដោយតម្លាភាព ចំពោះភាពមិនប្រក្រតីធ្ងន់ធ្ងរនៃការបោះឆ្នោត។
បេក្ខជនជាប់ឆ្នោតគណបក្សប្រឆាំង បដិសេធមិនចូលរដ្ឋសភា និងបានធ្វើបាតុកម្មអហិង្សា ដោយមានពលរដ្ឋច្រើនម៉ឺននាក់ចូលរួមដង្ហែក្បួនបាតុកម្មនៅតាមវិថីនានា ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងទាមទារទម្លាក់នាយករដ្ឋមន្ត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។