លោក ញឹក ប៊ុនឆៃ ប្រកាស​បង្កើត​គណបក្ស​ថ្មី

0:00 / 0:00

0:00 / 0:00

អតីត​អនុ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ គ្រោង​បង្កើត​គណបក្ស​ថ្មី​មួយ​មាន​ឈ្មោះ​ថា «គណបក្ស​ខ្មែ​រួបរួម​ជាតិ»។ លោក ញឹក ប៊ុនឆៃ ថ្លែង​ថា គណបក្ស​ថ្មី​របស់​លោក​នេះ នឹង​នៅ​តែ​មាន​និន្នាការ​រាជា​និយម។

លោក ញឹក ប៊ុនឆៃ សម្រេច​បង្កើត​គណបក្ស​ថ្មី ក្រោយ​លោក​មើល​ឃើញ​ថា ការដឹកនាំ​នៅ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដោយ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ មាន​អំពើ​ពុករលួយ បក្សពួកនិយម និង​មិន​ស្មោះត្រង់​នឹង​គ្នា។ លោក​អះអាង​ថា គណបក្ស​ថ្មី​លោក​គ្រោង​បង្កើត​នឹង​មាន​លក្ខណៈ​ពិសេស​ជាង​គណបក្ស​ផ្សេងៗ​ទៀត ត្រង់​ថា គណបក្ស​នេះ​នឹង​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ មិន​ពុករលួយ និង​មិន​បក្សពួកនិយម៖ «របៀប​ដឹក​នាំ​របស់​គណបក្ស (ហ៊្វុនស៊ិនប៉ិច) សព្វថ្ងៃ​ហ្នឹង ខ្ញុំ​មិន​ពេញ​ចិត្ត ព្រោះ​ការ​ដឹក​នាំ​បែប​អន្តោម័ត ការ​សម្រេច​ដោយ​ប្រធាន​មួយ​អ៊ីចឹង​ទៅ ចំណុច​មួយ។ ចំណុច​ពីរ ខ្ញុំ​កំពុង​តែ​ឃើញ​ថា អាច​នឹង​ឈាន​ទៅ​មាន​អំពើ​ពុក​រលួយ។ ខ្ញុំ​យល់​ថា ប្រសិន​បើ​គណបក្ស​នយោបាយ​មាន​អំពើ​ពុក​រលួយ បើ​ឈាន​ទៅ​ដឹក​នាំ​ជាតិ ក៏​ធ្វើ​ឲ្យ​ជាតិ​ខ្ទេចខ្ទី​ដែរ។ ខ្ញុំ​មិន​ពេញ​ចិត្ត​ទេ បក្ស​ពួក​និយម ហើយ​គ្រួសារ​និយម​ថែម​ទៀត»

​ការ​បង្កើត​គណបក្ស​ថ្មី​នេះ បន្ទាប់​ពី​មាន​ភាព​មិន​ចុះសម្រុង​គ្នា​រវាង​លោក ញឹក ប៊ុនឆៃ និង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ។ កាល​ពី​ចុង​ខែ​មករា សម្ដេច​ក្រុមព្រះ​មាន​បន្ទូល​ថា «គណបក្ស​ហ៊្វុនស៊ិនប៉ិច រលាយ​ដោយសារ​អ្នក​ស៊ី​បាយ​បោក​ឆ្នាំង» ហើយ​ថា បើ​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច ណា​ម្នាក់ មិន​ពេញ​ចិត្ត​ការ​ដឹក​នាំ​របស់​ព្រះអង្គ ពួកគេ​អាច​ដើរ​ចេញ​ពី​គណបក្ស​នេះ​បាន។ ប៉ុន្តែ​ព្រះអង្គ​បញ្ជាក់​ថា មិន​បណ្ដេញ​អ្នក​ណា​ម្នាក់​ចេញ​ពី​បក្ស​ទេ។

ភ្លាមៗ​បន្ទាប់​ពី​ការ​លើក​ឡើង​នេះ លោក ញឹក ប៊ុនឆៃ រិះគន់​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​ក្រុមព្រះ គណបក្ស​ហ៊្វុនស៊ិនប៉ិច នឹង​បន្ត​ធ្លាក់​ចុះ​ប្រជាប្រិយភាព តែ​យ៉ាង​ណា លោក​ប្ដេជ្ញា​មិន​ដើរ​ចេញ​ពី​ហ៊្វុនស៊ិនប៉ិច ជា​ដាច់​ខាត។

លោក ញឹក ប៊ុនឆៃ បញ្ជាក់​ថា គណបក្ស​រួបរួម​ជាតិ ដែល​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ​នេះ មាន​គោលនយោបាយ​ដោះស្រាយ​បញ្ហា​ដីធ្លី អំពើ​ពុករលួយ និង​ភាព​អយុត្តិធម៌​សង្គម​ជាដើម។

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដើម្បី​ឆ្លើយតប​ទៅ​នឹង​គម្រោង​បង្កើត​បក្ស​ថ្មី​នេះ​បាន​ទេ។

នៅ​ពេល​មាន​ការ​លើក​ឡើង​ថា ការ​បង្កើត​គណបក្ស​ថ្មី​នេះ​ក្រោម​ជំនួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ញឹក ប៊ុនឆៃ បដិសេធ​ថា គណបក្ស​នេះ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។ លោក​ថា ថវិកា​ទ្រទ្រង់​បក្ស​នេះ បាន​មក​ពី​ការ​បរិច្ចាគ​របស់​សមាជិក​បក្ស។ លោក​ក៏​ប្រកាស​ដែរ​ថា គណបក្ស​របស់​លោក​មិន​មាន​គោលជំហរ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល និង​គណបក្ស​ណា​នោះ​ទេ៖ «ខ្ញុំ​ចង់​ឃើញ​ស្ថានការណ៍​​នយោបាយ​នៅ​កម្ពុជា អ្នក​នយោបាយ​ចេះ​ធ្វើ​ការ​ជាមួយ​គ្នា កុំ​ឲ្យ​កន្លង​មក​ប្រឈម​ដាក់​គ្នា។ ប្រឈម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក អត់​ចប់​ទេ។ យើង​ចង់​ធ្វើ​ម៉េច​ អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន»

លោកស្រី កែវ សុខណា ដែល​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ពោធិ៍សាត់ ដើម្បី​ចូលរួម​ការ​ផ្សព្វផ្សាយ​ពី​ការ​បង្កើត​បក្ស​ថ្មី​នេះ និយាយ​ថា លោកស្រី​គាំទ្រ​អ្នក​ដឹក​នាំ​បក្ស​ថ្មី​នេះ ព្រោះ​ពួកគាត់​ធ្លាប់​ជួយ​ដោះស្រាយ​បញ្ហា​ស្ត្រី​នៅ​តាម​មូលដ្ឋាន​បាន​ទាន់​ពេល​វេលា។

លោក ញឹក ប៊ុនឆៃ កាល​ពី​ឆ្នាំ​២០០៦ បាន​ដឹកនាំ​ធ្វើ​បក្ស​ប្រហារ​ទម្លាក់​សម្ដេច​ក្រុមព្រះ​ចេញ​ពី​ប្រធាន​គណបក្ស ដោយ​ចោទ​ប្រកាន់​ថា សម្ដេច​ក្រុមព្រះ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​លក់​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​នៅ​ក្បែរ​ស្ពាន​ជ្រោយចង្វារ ក៏ប៉ុន្តែ​សម្ដេច​ក្រុម​ព្រះ​បាន​វិល​ត្រឡប់​មក​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​ថ្មី​ឡើង​វិញ កាល​ពី​ដើម​ឆ្នាំ​២០១៥ ក្រោយ​ពី​មាន​ការ​អំពាវនាវ​ពី​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ យ៉ាង​ណា ការ​បង្រួបបង្រួម​បក្ស​រាជា​និយម​នេះ មិន​ទាន់​ទាំង​បាន​ដំណើរ​ការ​ស្រួលបួល​ផង ការ​បែកបាក់​ក៏​កំពុង​កើត​ឡើង​ជា​ថ្មី​ទៀត។

សូម​ស្ដាប់​បទសម្ភាសន៍​បន្ថែម​រវាង​លោក ជុន ច័ន្ទបុត្រ និង​លោក ញឹក ប៊ុនឆៃ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។